Thursday, March 7, 2013

បទអត្ថា​ធិប្បាយ៖ ទិវា​អន្តរ​ជាតិ​នា​រី និងការ​វិវត្តន៍​នារី​កម្ពុជា​ក្នុងឆាក​នយោបាយ

ថ្ងៃ ០៨ មីនា នេះ បណ្តាប្រទេសនានាជុំវិញពិភពលោក បានប្រារព្ធទិវាអន្តរជាតិនារី ។ ពិភពលោក កំពុងតែប្រារព្ធពិធី និង​ផ្តល់​កិត្តិយស​ដល់​សមិទ្ធផលរបស់នារី ។ ប្រជាជនទាំងឡាយ​ក៏បានប្រារព្ធពិធីនៃការគោរព ការកោតសរសើរ និងសេចក្តីស្រឡាញ់ចំពោះនារី និង​សមិទ្ធ​ផល​នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់នារី ។
 
ប្រធានបទឆ្នាំនេះរបស់ អ.ស.ប សំរាប់ទិវាអន្តរជាតិនារីគឺ «ការសន្យា គឺជាការសន្យា ៖ ពេល​វេលា​សំរាប់​សកម្មភាព​បញ្ចប់​អំពើ​ហិង្សា​ទៅលើ​នារី» ហើយបានប្រកាសប្រធានបទឆ្នាំនេះ​ថា ជាកម្មវិធីចិនឌ័រ ៖ ទទួលបានសន្ទុះទៅមុខ ។
 
ថ្ងៃនេះ កម្ពុជាក៏បានចូលរួមជាមួយពិភពលោកក្នុងការប្រារព្ធសិទ្ធិនារី និងបញ្ជ្រាបចិនឌ័រ ។ យើងនាំគ្នាប្រារព្ធសមិទ្ធផលទាំងឡាយរបស់នារី យើង​នាំគ្នាចូលរួមសន្ទុះជាសកល ដើម្បីសម​ភាពនារី ។ ជាច្រើនថ្ងៃកន្លងទៅនេះ មន្រ្តី និងសហគមខ្មែរនានាទូទាំងប្រទេស ក៏បានប្រារព្ធពិធី​អបអរសាទរ​សមិទ្ធផលនានា ដែលនារីកម្ពុជានឹងប្រារព្ធខួបទី ១០២ ទិវាអន្តរជាតិនារី ។ ថ្នាក់ដឹក​នាំខ្មែរ ក៏កំពុងតែ​អបអរ​សាទរ​សមិទ្ធ​ផល​សង្គម​នយោបាយ សេដ្ឋកិច្ចរបស់នារីកម្ពុជា ។
 
នេះគឺជាសន្ទុះដ៏ពិតប្រាកដមួយ ។ បើសិនជាយើងក្រឡេកមើកក្រោយនៅសម័យកាល​នៃការបោះឆ្នោតសកល ដែលរៀបចំដោយ អ.ស.ប និង​ការ​បង្កើតនូវរដ្ឋាភិបាលចំរុះកម្ពុជាមួយ​ក្នុងឆ្នាំ ១៩៩៣ កម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុនពីថ្នាក់រដ្ឋលេខាធិការដ្ឋានក្នុងកិច្ចការនារី ដែល​ជា​បុរស ដល់ការបង្កើតឡើងនូវក្រសួងកិច្ចការនារី ដែលដឹកនាំដោយរដ្ឋមន្រ្តីដែលជានារី ។ បច្ចុ​ប្បន្ន កម្ពុជា​មាន​ឧបនាយក​រដ្ឋមន្រ្តី​មួយ​រូប​ដែល​ជា​នារី និងសមាជិករដ្ឋាភិបាលជានារីមួយចំនួន​ថៃមទៀត ។
 
ការលើកកម្ពស់សមភាពចិនឌ័រ និងផ្តល់អំណាចដល់នារី កឺជាគោលដៅសហសវត្ស នៅ​កម្ពុជា ។ នៅក្នុងអង្គការនីតិបញ្ញត្តិ មាន​ការ​កើន​ឡើង​​គួរ​ឲ្យកត់សំគាល់នូវតំណាងជានារីភេទនៅ​ក្នុងរដ្ឋសភា ដែលស្មើនឹង ២១% នៃអសនៈ ហើយនិង ១៣% នៅក្នុងព្រឹទ្ធសភា ។

ថ្មីៗនេះ រដ្ឋសភាបានជ្រើសតាំងសមាជិករដ្ឋសភាជានារីមួយរូប ជាអនុប្រធានទី ០២ របស់សភា ។ មាននារីមួយចំនួនទៀត និង​តំណាង​រាស្រ្ត​ជានារីមួយចំនួនទៀត ក៏ត្រូវបានជ្រើស​តាំងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាទាំងពីរ ។
 
នៅឯកំរិតមូលដ្ឋាន ចាប់តាំងពីការបោះឆ្នោតឃុំ-សង្កាត់លើកទីមួយក្នុងឆ្នាំ ២០០២ រហូត​ដល់ឆ្នាំកន្លងទៅនេះ ដែលការបោះឆ្នោតលើកទី ០៣ មានភស្តុតាងយ៉ាងច្បាស់ពីបញ្ជ្រាបចិនឌ័រ និងសមភាព ហើយភាគរយនៃនារីដែលជាក្រុមប្រឹក្សាឃុំ-សង្កាត់ បានកើនឡើងនៅឆ្នាំ ២០០២-២០០៧ និង ២០១២ ដែលជាភាគរយ ៨,៤៥% ដល់ ១៤,១៦% ហើយ ១៧,៧៨% ជាបន្តបន្ទាប់ ។
 
ជាការពិតណាស់ ការលើកឡើងនូវចំនួននារីក្នុងការចូលរួមនៅថ្នាក់ឃុំ-សង្កាត់ បង្ហាញឲ្យ​ឃើញនូវសមភាពចិនឌ័រ កំពុងមានសន្ទុះ ហើយ​ប្រជាពល​រដ្ឋក៏បានបញ្ចេញមតិក្នុងការជ្រើស​តាំងតំណាងរបស់ខ្លួនជានារី ដែលមានឥទ្ធិពលយ៉ាងធំទៅលើជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ជាការ​​ពិតណាស់ ហើយក៏ជាគោលការណ៍ប្រជាធិបតេយ្យដ៏ពិតមួយ គឺចេញបានមកតាមរយៈប្រជាជន​ដែលអ្នកបោះឆ្នោតទាំងឡាយ អាច​នឹង​បញ្ចេញ​មតិ​រ​បស់គេដោយសេរី និងជ្រើសតាំងតំណាង​ ដែលពួកគេពេញចិត្តតាមរយៈការបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ។ ​ចំនួន​កើន​​ឡើង​នៃ​នារី​ក្នុង​ការ​ចូលទៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ មានន័យថា នារីកម្ពុជាកាន់តែច្រើនឡើង​អាច​នឹង​ឈាន​ចូល​ទៅ​ក្នុង​ឆាក​នយោបាយ ក្នុងកំរិតថ្នាក់ស្រុក ក៏ដូចជាថ្នាក់ខេត្តដែរ ។ តាមពិត វាពុំជាបញ្ហានៃការកំរិតនៅកូតានោះទេ ក៏ប៉ុន្តែ​ជាបញ្ហា​អាជីព​អភិបាល​កិច្ច​ល្អ និងប្រជាធិបតេយ្យ ។
 
បើយើងឆ្លុះកញ្ចក់ ខ្លួនយើងប្រៀបទៅនឹងការវិវឌ្ឍន៍នារីលើឆាកនយោបាយនៅបច្ចឹម​ប្រទេស​ ពិសេសសិទ្ធិរបស់នារីចូលក្នុងការឆោះឆ្នោត និងសិទ្ធិរបស់នារីក្នុងការឈរឈ្មោះឲ្យគេ​បោះឆ្នោត ។ ប្រទេសមួយចំនួនដូចជាច្រកភពអង់គ្លេស សិទ្ធិដែលអនុញ្ញាតិឲ្យនារីបោះឆ្នោតបាន​នោះ កឺទើបតែនឹងចាប់ផ្តើមនៅឆ្នាំ ១៩២៨ ប្រទេសអ៊ីតាលីនៅឆ្នាំ ១៩៤៦ ប្រទេសបែលហ្សិចនៅ​ឆ្នាំ ១៩៤៨ ប្រទេសស្វីសនៅឆ្នាំ ១៩៧១ ។ ទន្ទឹមនឹងនេះដែរ រដ្ឋនៅក្នុងសហរដ្ឋអាមេរិកស្ទើរតែ​ទាំងអស់ បានផ្តល់សិទ្ធិបោះឆ្នោតដល់នារីនៅឆ្នាំ ១៩១៩ ប៉ុណ្ណោះ ។
 
ចាប់ពីឆ្នាំ ១៩៨០ រហូតដល់ឆ្នាំ ២០០០ ចំនួនភាគរយរបស់អាមេរិកាំងភេទស្រី ដែលជាប់​ឆ្នោតក្នុងសភាមានចំនួនតិចតួចណាស់ ។ នៅឆ្នាំ ១៩៨០ សមាជិកតំណាងរាស្រ្តជាភេទស្រី មាន​ចំនួន ៦,៧% និង ២% នៅក្នុងព្រឹទ្ធសភា (បានន័យថា ស្រ្តី ០២ រូប ទល់នឹងបុរស ៩៨ រូប) ។ ទសវត្សក្រោយមកទៀត ចំនួនតំណាងរាស្រ្តដែលមានភេទជាស្រ្តី បានឡើងដល់ត្រឹមតែ ១៣,៣% ប៉ុណ្ណោះ និង ៩% នៅក្នុងព្រឹទ្ធសភា ។ សហរដ្ឋអាមេរិក ត្រូវការពេលវេលាជាងកន្លះ​សតវត្ស ដើម្បីរុញចលនាបញ្ជ្រាបចេនឌ័រ ត្រូវកើនពី ២% នៅឆ្នាំ ១៩៤៣ ដល់ ១៣,៣% នៅឆ្នាំ ២០០០ ។
 
នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវគតិព្រឹទ្ធបណ្ឌិតស្រ្តីទីមួយ លោក​ទាំង​ពីរ​បាន​ខិត​ខំ​ប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយ​ចិត្ត ដើម្បីលើកកម្ពស់ការបញ្ជ្រាបចេនឌ័រ និងការបំបាត់ចោលនូវគ្រប់រូបភាពនៃការើសអើង​ចំពោះ​ស្រ្តី ។
 
ដើម្បីអនុវត្តនូវគម្រោងផែនការជាតិខាងលើ រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាមួយ​ដែលមានឈ្មោះថា «ក្រុមប្រឹក្សាជាតិកម្ពុជាផ្នែកនារី» ដេលបច្ចុប្បន្នកំពុងមានតួនាទីយ៉ាងសំខាន់​ជាយន្តការជាតិដើម្បីពិនិត្យ និងតាមដានការអនុវត្តអនុសញ្ញាអន្តរជាតិ «អនុសញ្ញាស្តីពីការលុប​បំបាត់ចោលគ្រប់រូបភាពនៃការរើសអើងចំពោះស្រ្តី» (CEDAW) ។
 
កាលពីខែកន្លងទៅនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​មហាសន្និបាតក្រុមប្រឹក្សាជាតិនេះ ដើម្បី​ស្តាប់​នូវ​របាយការណ៍​សកម្មភាពរបស់ក្រុមប្រឹក្សានៅឆ្នាំ ២០១២ និងគម្រោងកម្មវិធីនានាសម្រាប់ឆ្នាំ ២០១៣ ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បាន​លើក​​នូវអនុសាសន៍ចំនួន ១៤ ចំណុច ក្នុងនោះមានការផ្តល់នូវធនធានហិរញ្ញវត្ថុដល់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដែល​បច្ចុប្បន្ន​កំពុង​ធ្វើកិ​ច្ច​ការ​លើ​កម្មវិធីនារី ផ្តល់ការការពារផ្នែកផ្លូវច្បាប់លើជនរងគ្រោះ​ដែលគេរំលោភផ្លូវភេទ អំពីហិង្សាក្នុងគ្រួសារ ការជួញដូរ និង​ការ​កេង​ចំណេញ​លើនារី សុខភាព​និងការបំប៉ន ការជ្រោមជ្រែងដល់នារីដែលជាថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពិសេស​ទៅទៀត សម្តេចតេជោ បាន​សង្កត់ធ្ងន់លើការអនុវត្តតាមខ្លឹមសារអនុសញ្ញា CEDAW រួមមាន​សិក្ខាសាលា ការបំពាក់បំប៉ន និងការយល់ដឹងដល់សមាជិកនគរបាល​ ចៅ​ក្រម មន្រ្តីតុលាការ និងមន្រ្តីក្រសួងពាក់ព័ន្ធ ឲ្យយល់ពីខ្លឹមសារអនុសញ្ញានេះ និងទន្ទឹមនឹងនេះ ការផ្សព្វផ្សាយឲ្យបាន​ទូលំ​ទូលាយ​ជូន​ដល់​សាធារ​ណៈជន ។
 
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី លោកជំទាវគតិព្រឹទ្ធ​បណ្ឌិត ស្រ្តីទីមួយរបស់កម្ពុជា ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​បញ្ហា​នេះដែរ ។ ក្រៅពីតួនាទី និងការ​ទទួលខុសត្រូវរបស់លោកជំទាវជាប្រធានកាកបាទក្រហមកម្ពុជា ដែលមានភារកិច្ចផ្តល់ជំនួយ​មនុស្ស​ធម៌ដល់ជនរងគ្រោះ និងជនពិការ ក្នុងនោះមាននារី កុមារី កុមារា លោកជំទាវស្រ្តីទីមួយ បាន​ធ្វើ​សកម្មភាព​កំពូលៗ​យ៉ាង​មមា​ញឹក​ក្នុង​ប្រទេស និងលើឆាកអន្តរជាតិ ដើម្បីលើកកម្ពស់​ការយល់ដឹងការជួយសង្រ្គោះ តម្លៃសីលធម៌ សេវាសង្គម សុខភាព ជំងឺអេដស៍ ។ល។ ដែល​សេវា​​ទាំងនេះ ត្រូវបានផ្តល់ជូនដល់នារីមាតា កុមារីទូទាំងប្រទេស បានកាត់បន្ថយនូវអត្រាគ្រោះថ្នាក់​ដល់ជីវិតរបស់មាតា និងទារក ។ ដោយ​អាស្រ័យទៅលើការខិតខំប្រឹងប្រែង និងការដឹកនាំដោយ​គ្មានការនឿយហត់ លោកជំទាវស្រ្តីទីមួយកម្ពុជា ត្រូវបានទទួលស្គាល់ និង​ផ្តល់​គោរ​មងារ​ជា​ ឥស្សរៈជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍​នៅកម្ពុជា ។
 
ដូច្នេះ ពួកអ្នកទិតៀនក្នុងស្រុក និងក្រៅប្រទេស ទៅលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហា​សិទ្ធិស្មើភាពរបស់នារីនេះ ត្រូវ​តែ​បញ្ឈប់​ធ្វើ​ខ្វាក់​បន្ត​ទៅ​ទៀត​ទៅលើសមិទ្ធផលដ៏គួរឲ្យកោតសរ​ សើរនេះរបស់រាជរដ្ឋាភិបាល និងរបស់សង្គម ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង​ប្រទេស​ជឿន​ លឿនលោកខាងលិចខ្លះដែលចំណាយពេលរាប់រយឆ្នាំក្នុងការដោះស្រាយបញ្ហា​នេះ ហើយ​ពួក​គេ​នៅ​តែ​មិន​ទាន់​សុក្រិត​ដូច​ដែល​គេ​បានគិតនោះឡើយ។
 
ដោយ សម សុត្ថា
 
“ ការវិភាគក្នុងអត្ថបទនេះ  គឺជាទស្សនៈរបស់អ្នកនិពន្ធសុទ្ធសាធ ”