Thursday, April 4, 2013

សម្តេច​​តេជោ​​និង​​លោក​​ជំទាវ​​ចូល​​រួម​​សប្បាយ​​ រីក​រាយ​​ជាមួ​យ​កុមារ​​គថ្លង់​នៅ​​សាលា​​ពិការ​​ភ្នែក និង​កុមារ​​គថ្លង់​​ភ្នំពេញ​​ថ្មី

សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បង្ហាញ​នូវ​ភាព​រីក​រាយ​ក្រៃលែងក្នុង​ពិធី​ជួបជុំ​ប្រចាំឆ្នាំ ក៏​ជា​ការ​ប្រារព្ធ​បុណ្យ​ប្រជុំញាតិ​លើក​ទី៨ និង​ខួប ២២ឆ្នាំ​ នៃ​អង្គការ​គ្រួសារ​ថ្មី​ ជា​មួយ​កុមារ​ពិការ និង​កុមារគថ្លង់ នៅ​ឯ​សាលា​កុមារ​ពិការ​ភ្នែក និង​កុមា​រគថ្លង់​ភ្នំពេញ​ថ្មី ក្នុងខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣។
 
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក្នុង​នាម​ជា​ ជន​ពិការ​ ដើម្បី​បុព្វ​ហេតុ​ប្រទេសជាតិមួយ​រូប ​បាន​ថ្លែង​អំណរគុណ ចំពោះ​សប្បុរសជន ដែល​បាន​ជួយ​គាំទ្រ​ដល់​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគ​ថ្លង់​ភ្នំពេញ​ថ្មី សាលា​កុមា​រគថ្លង់​ច្បារ​អំពៅ និង​បុរី​កុមារកំព្រា ASPECA និង​សាលារៀន​កុមារ​ពិការ​នានា​នៅ​ទូទាំង​កម្ពុជា ក៏​ដូច​ជា​ចំពោះ​សកម្មភាព​របស់​គណៈគ្រប់គ្រង និង​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដែល​ធ្វើ​ឱ្យ​ស្ថាន​ភាព​របស់​កុមារ​ពិការភ្នែក និង​គ​ថ្លង់ មាន​ភាព​កក់ក្តៅ​ដោយសារ​តែមាន​ការយក​ចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំគ្រប់​ គ្រង​ទាំង​ខ្មែរ និង​បរទេស។ សម្តេច​តេ​ជោ​សែន​មាន​ប្រសាសន៍​ថា ខ្ញុំ​សប្បា​យ​រីករាយ​ជាមួយ​នឹង​អ្វីដែល​អស់​លោក​អ្នក​បាន​ជួយ​ចំពោះ​ចៅៗ​ ទាំង​ឡាយ ដែល​បានធ្វើ​ឲ្យ​ស្ថាន​ភាព​របស់​កុមារពិការ​ទាំងឡាយ​របស់​យើង​មាន​សភាព​ល្អ​ ប្រសើរ ដោយ​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​សុ​វ​ត្ដិ​ភាព​ក្នុងការ​ស្នាក់អាស្រ័យ ​និង​ការរៀនសូត្រ។
 
សម្តេច​តេ​ជោក៏​បាន​ថ្លែង​អំណរគុណ​ដល់​ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដែ​ល​បាន​យក​ចិត្ត​ទុកដាក់​លើ​ការ​គ្រប់គ្រង​ស្ថានភាព​ កុមារ ​មិន​ត្រឹមតែ​នៅ​អង្គការ​គ្រួសារ​ថ្មី​នេះ​ទេ គឺ​នៅមាន​អង្គការ​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះដែរ។ ជាមួយ​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​ទីកន្លែង​ទាំងអស់​ដែល​បាន​ យកចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​ទាំងឡាយ ដូចជា​សន្តិសុខ សណ្តាប់​ធ្នាប់ ដើម្បី​ឱ្យ​កុមារ​ទាំងអស់​អាច​ទទួល​បាន​នូវ​ការថែទាំ​មួយ​ត្រឹមត្រូវ។ សម្តេច​បាន​អរគុណ​ផងដែរ ​ចំពោះ​មន្ត្រី​ថ្នាក់​ដឹកនាំ​ស្ថាប័ន​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល រួមមាន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង ,ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និង​លោកជំទាវ, ឯកឧត្តម ខៀវ កញ្ញា​រី​ទ្ធ និង​លោកជំទាវ, ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ទទួល​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​នៅ​មជ្ឈមណ្ឌល​របស់​ អង្គការ​គ្រួសារ​ថ្មីនៅ​ខេត្ត​បាត់ដំបង សៀមរាប និង​ខេត្ត​កំពង់ចាម។ ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ សម្តេចតេជោ​ ​និង​លោកជំទាវ​ បានទទួល​ឧបត្ថម្ភ​សាលា​ចំនួន២ ទី១, គឺ​សាលា​កុមារ​ពិការ​ភ្នែក និង​កុមា​រគ​ថ្លង់​ភ្នំពេញ​ថ្មី និង​សាលា​កុមារ​គ​ថ្លង់​ច្បារអំពៅ។
 
ភាព​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល​រាក់ទាក់ប្រៀ​ប​បាន​នឹងឪពុក​ម្តាយ​ធ្វើ​ចំពោះ​កូន ​បាន​កើត​ឡើង​នៅពេល​ទទួលទានអា​ហារ​​ ដោយ​សម្តេច​តេ​ជោ និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ និង​លោក​ជំទាវ ដែល​អមដំណើរ​បានចាប់​ម្ហូប​អាហារ​ឆ្ងាញ់ៗដាក់​ចាន និង​បញ្ចុក​ពួកគេ​។ វត្តមាន​របស់​សម្តេច​តេ​ជោ និង​លោកជំទាវ​ ក្រៅ​ពី​បាន​បង្ហាញ​ពី​សេចក្តី​អាណិត​ស្រលាញ់ និង​ភាពស្និទ្ធស្នាល និង​សេចក្ដី​នឹករលឹក​ដល់​បងប្អូន​ជន​ពិការ​ទាំងអស់ គឺ​ជា​សកម្ម​ភាព​លើក​ទឹក​ចិត្ត​ចំពោះ​ការតស៊ូ​ និង​ការប្ដេជ្ញា​ចិ​ត្ដរបស់ក្មួយ​ៗ​កុមារ ​ក៏ដូចជា​បងប្អូន​ជនពិការ​ទូទាំង​ប្រទេស​ក្នុងការ​រស់​នៅរៀន​សូត្រ​ និង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និង​វប្បធម៌ បើ​ទោះជា​ខ្លួន​ជា​ជន​ពិការ​ក៏ដោយ។
 
មាន​កុមារ​ពិការភ្នែក និង​កុមា​រគថ្លង់ ចំនួន ១.២១៥នាក់ រួមទាំង​បុគ្គលិក​គ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ចំនួន ៣១១នាក់ ​មកពី​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគថ្លង់ភ្នំពេញ​ថ្មី សាលា​កុមា​រគថ្លង់ ច្បារ​អំពៅ និង​បុរី​កុមារកំព្រា ASPECA បានមក​ចូលរួម​ក្នុង​ពិធី​អាហារ​ថ្ងៃ​ត្រង់នេះ ដែល​រៀងចំឡើង​ដើម្បី​ចូលរួម​អបអរសាទ​ទិវា​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំម្សាញ់ បញ្ច​ស័ក ពុទ្ធ សករាជ ២៥៥៧ ដែល​នឹង​ឈានចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។
 
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ និង​លោក​ជំទាវ នា​ឱកាស​នោះបានផ្តល់​​អំណោយ​សំរាប់​កុមារ​ពិការភ្នែក និង​កុមា​រគថ្លង់ ដែល​ចូលរួម​ផងដែរ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា ៥ម៉ឺន​រៀល។ លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​ក្នុងម្នាក់ៗ​ទទួល​បាន​ថវិកា ១០ម៉ឺន​រៀល។ ជូន​សាលា​កុមា​រគថ្លង់ ច្បារ​អំពៅថវិកា ៣លាន​រៀល។ ជូន​បុរី​កុមារកំព្រា​អេស​ប៉េ​កាថវិកា​ចំនួន ៣លាន​រៀល។ ជូន​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគថ្លង់​ភ្នំពេញ​ថ្មីថវិកា​ចំនួន ៥លាន​រៀល​ផងដែរ៕