Thursday, April 4, 2013

សម្តេច​​តេ​ជោ​ដាក់​​ចេញ​​អនុសាសន៍​​ដើម្បី​​បង្កើន​​វឌ្ឍន​ភាព​​វិស័យ​មីន​​នៅ​​កម្ពុជា

      
សម្តេច​អគ្គមហា​ សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​ ៥ចំណុច​ សំខា​ន់ៗ ដើម្បី​បង្កើនល្បឿន​វឌ្ឍនភាព និ​ង​ឈាន​ទៅ​សម្រេច​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​បន្ថែម ទៀត​ក្នុងការ​អនុវត្ដ​សកម្មភាព​បោសសម្អាត​គ្រាប់​មីន និងយុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា។
 
អនុសាសន៍​ដែល​សម្តេច​តេជោ បាន​ដាក់​ចេញ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និ​បាត​ជាតិ ​វិស័យ​សកម្មភាព​មីន ​នៅ​វិមាន​សន្ដិភាព នា​ល្ងាច​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៣ រួម​មាន​៖
 
ទី១, ក្រសួង​ស្ថាប័ន អាជ្ញាធរ អង្គភាព និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ត្រូវ​បន្ដ​កិច្ច​ សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា ដើម្បី​ជំរុញ​ការ​អនុវត្ដ​ផែនការ​សកម្មភាព នៃ​ការ​បោស​សម្អាត​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ នៅតាម​តំបន់​គោលដៅ​ទាំង​អស់ ឱ្យ​សម្រេច​បាន​ជោគជ័យ​តាម​កាលវិភាគ និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា ​ដែល​បាន​គ្រោង​ទុក។ ក្នុង​នោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​បន្ដ​សហការ និង​វិភាជ​ថវិការដ្ឋ​ដល់​អាជ្ញាធរ​មី​ន​កម្ពុជា​ឱ្យបាន​សមស្រប និង​ទាន់​ពេលវេលា ទៅ​តាម​ដំណាក់​កាល​នីមួយៗ ដើម្បី​គាំទ្រ​រាល់​សកម្មភាព​អនុវត្ដ​ការងារ​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ឱ្យ​ប្រ​ព្រឹ​ត្ដ​ទៅ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​មាន​និរន្ដរ​ភាព​។
 
ទី២, គ្រប់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍន៍​ដែល​តម្រូវ​ឱ្យ​មាន​ការ​បោស​សម្អាត​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ​ត្រូវ​សហការ​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា ដើម្បី​កំណត់​នូវ​វិធានការ​ចាំបាច់ និង​វិធីសាស្ដ្រ​ប្រសើរ​បំផុត​សម្រាប់​ដោះ​ស្រាយ​បញ្ហា និងដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​នានា ដែល​អាច​កើត​មាន​ឡើង ដោយ​សារ​គ្រាប់មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។ ក្នុងនោះ​ការចុះ​កិច្ចសន្យា​ត្រូវធ្វើ​ឡើង​តែ​ជា​មួយ​ប្រតិ​ប​ត្ដិករ​ដោះមីន ​ដែលមាន​អាជ្ញាប័ណ្ណ ពី​អាជ្ញាធរ​មីន​កម្ពុជា​តែ​ប៉ុណ្ណោះ ដើម្បី​ធានា​ឱ្យ​ប្រាកដ​ថា​គ្រប់ប្រតិ​ប​ត្ដិ ការដោះមីន​ក្នុង​គម្រោង​របស់ខ្លួន​ពិតជា​បាន​គោរព​ទៅតាម​បទ​ប្ប​ញ្ញ​ត្ដិ គុណភាព សុវត្ថិភាព និង​ស្ដង់ដារ​នៃការបោស​សម្អាត​គ្រាប់មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។ ទន្ទឹម​នេះ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និងយុវ​នីតិសម្បទា ត្រូវ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា ដើម្បី​ញែក​ទិន្នន័យ​ស្ដីពី​ការគាំទ្រ និង​ការផ្ដល់​សេវា​ដល់​ជនរងគ្រោះ ដោយ​សារ​គ្រាប់មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចេញពី​កំណត់ត្រា​ទូទៅ​នៃ​វិស័យ​ពិការភាព​ទាំងមូល។
 
ទី៣, អាជ្ញាធរ​មីន​កម្ពុជា ​ត្រូវ​បន្ដ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​បន្ដ​ជំរុញ​ល្បឿន​នៃ​វឌ្ឍនភាព​ក្នុង​ការដឹកនាំ​ការ​អនុវត្ដ​ យុទ្ធសាស្ដ្រ​ជាតិសកម្មភាព​មីន ​ឱ្យសម្រេច​បាន​ជោគជ័យ​តាម​គោលដៅ​អភិវឌ្ឍន៍សហស្ស​វត្ស​កម្ពុជា និង​ត្រូវ​ដាក់​ចេញនូវ​យន្ដការ​តាម​ដាន​ត្រួតពិនិត្យ ​ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ជាតិសកម្មភាព​មីន​ នៅ​កម្ពុជា​។ ទន្ទឹមនេះ អាជ្ញាធរ​មីន​កម្ពុជា ត្រូវ​បន្ដ​ផ្ដល់​ជា​ត្រីវិស័យ​ដល់​បណ្ដា​ប្រតិ​ប​ត្ដិករ​ដោះមីន ទាំង អស់​ដើម្បីឱ្យ​ប្រតិ​ប​ត្ដិករ​ទាំងនោះ​អាច​យល់​ដឹង និង​គោរព​បាន​ដោយ​ត្រឹមត្រូវ​តាម​គោល​ការ​ណ៍​ណែនាំ​ក្នុង​ការរៀបចំ​ផែនការ​ បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ព្រមទាំង​ធានា​ថា គោលដៅ​ជា​យុទ្ធសាស្ដ្រ​ទាំង​អស់​អាចអនុវត្ដ និង​សម្រេច​ទៅបាន​ដោយ​ជោគជ័យ។
 
ទី៤, សម្រាប់​ដៃគូ​អភិវឌ្ឍន៍​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្ដរជាតិ​សប្បុរសជន និង វិស័យ​ឯកជន​នានា ​សូម​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មីន នៅ​ពេល​ជ្រើសរើស​ប្រតិ​ប​ត្ដិករ​ និង ទីតាំង​ដែល​នឹងត្រូវ​បោស​សម្អាត​ដែល​ការធ្វើ​ដូច្នេះ មិន​ត្រឹមតែ​នាំឱ្យ​គម្រោង​នានា​របស់​ខ្លួន ដើរ​ស្រប​ទៅ​តាម​ផែនការ​អាទិភាព​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ប្រើប្រាស់​ថវិកា​បាន​ចំ​ទិស​ដៅ​ និងមាន​ស្រិ​ទ្ធ​ភាព​ទៀតផង​។
 
ទី៥, បណ្ដា​វិនិយោគិន​ក្រុមហ៊ុន​អាជីវកម្ម និង​អ្នក​សាងសង់​គម្រោង​ឯកជន​ទាំង​អស់ ដែល​ទី​តាំង​វិនិយោគ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​មាន​ការ​គំរាម​ ឬសង្ស័យ​ថា មាន​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ត្រូវខិតខំ​ស្វះស្វែងរក​កិច្ចសហការ​ និង​ពិភាក្សា​ជាមួយ​អាជ្ញាធរមីន​កម្ពុ​ជា អាជ្ញាធរ​ខេត្ដ ឬអង្គភាព​ធ្វើ​ផែនការ​សកម្មភាព​មីន នៅតាម​ខេត្ដ​ជាដើម​ដើម្បី​កំណត់​អត្ដ​សញ្ញា​ណ​ពិតប្រាកដ​នៃ​ទីតាំង​ដែល​ មានការ​គំរាម និងចាំបាច់​ត្រូវ​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាមុន មុននឹង​ចាប់ផ្ដើម​អនុវត្ដ​ការសាងសង់ ឬធ្វើ​សកម្មភាព​នានា​របស់​ខ្លួន ដោយ​ត្រូវ​ជ្រើសរើស​ប្រតិ​ប​ត្ដិករ​បោសសម្អាត​ ដែលមាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​មីន​កម្ពុជា​។
 
ជាមួយ​នឹង​ការ​ប្រកាស​ដាក់​ចេញ​នូវ​ អនុសាសន៍​ទាំង​ ៥ចំណុច​ខាង​លើ​នេះ សម្តេច​តេ​ជោ​នាយ​ក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្ដរជាតិ សប្បុរសជន និង​បណ្ដា​ប្រទេស​ជា​មិ​ត្ដ​ទាំងអស់ សូម​បន្ដ​ផ្ដល់​កិច្ចសហការ​ល្អ និង​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារៈ និងថវិកា​បន្ថែមទៀត ចំពោះ​សកម្មភាព​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​យើង​អាច​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ​ទាំងស្រុង និង​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​យើង នូវ​សេចក្ដី​សុខសាន្ដ សន្ដិសុខ និង​សុវត្ថិភាព​ជានិច្ច​និរន្ដរ៍។
 
ថ្លែង​នៅ​ក្នុង​ពិធី​បិទសន្និបាត​ជាតិ​ វិស័យ​សកម្មភាព​មីននេះ​ដែរ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី​ករណី ដែល​រាជ​រដ្ឋាភិបាល​បាន​បញ្ជូន​កង​យោធ​ពលខេមរៈ​ភូមិន្ទ ចូល​រួម​ក្នុង​បេសកកម្ម​កំចាត់​មីន​នៅ​បរទេស​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជា​ ជាតិ​ថា ការ​ចេញ​ទៅ​ដោះមីន​របស់​កងកម្លាំង​កម្ពុជា​នៅ​ក្រៅប្រទេស​ មិនមែន​ជា​ការ​ស៊ីឈ្នួល ហើយក៏​មិន​មែន​ដើម្បី​ទៅ​រក​ប្រាក់​ចំណេញ​ដែរ​។​
 
សម្ដេច​តេជោសែនមាន​ប្រសាសន៍​បញ្ជាក់ថា «​យើង​មិន​បាន​គិតថា យើង​បញ្ជូន​កម្លាំង​ដោះ​មីន​ទៅ​ក្រៅប្រទេស​ ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​ទេ ប៉ុន្តែ​បញ្ហា​វា​ស្ថិត​នៅ​ត្រង់​ថា អង្គការ​សហ​ប្រជា​ជាតិ​បាន​តម្រូវឱ្យ​យើង​បំពាក់​បរិក្ខារ​មុន​ជូន​ទៅ​ដល់​ អង្គភាព​ដោះ​មីន ​ហើយ​ទើប​អង្គការ​សហ​ប្រជាជាតិ​ទូទាត់​មក​ឱ្យ​វិញ​តាម​ក្រោយ​ ដែល​តម្លៃ​នៃ​ការទូទាត់​នោះ វា​មាន​ចំណែក​លើស​ពី​ចំនួន​ដែល​កម្ពុជា​បាន​ទិញ​ទៅ​ប៉ុណ្ណោះ​»​។ «​មិន​មាន​ប្រាក់​ចំណេញ​ទេ ហើយ​យើង​ក៏​មិន​ចង់​ប្រើប្រាស់​នូវ​ការបញ្ជូន​កងកម្លាំងរ​បស់​យើង​ទៅ​ ក្រៅប្រទេស​ដើម្បី​នឹង​យក​ប្រាក់​កម្រៃ​នោះទេ​កុំ​គិត​ថា កម្ពុជា​ទៅ​ធ្វើ​ទាហាន​ស៊ីឈ្នួល ដើម្បី​យក​ប្រាក់​ចំណេញ​នោះ»។
 
សម្តេច​តេជោមាន​ប្រសាសន៍​ឱ្យដឹង​ដែរថា កងទ័ព​ដែល​ទៅ​ធ្វើ​ប្រតិបត្តិការ​នោះ​ទៀតសោត​រដ្ឋ​មិន​បាន​កាត់​ប្រាក់​ពី​ ប្រាក់​ខែ​ពួកគេ​១​កាក់​មួយ​សេន​ណា​ទាំងអស់​។ ក្នុងនោះ​ទី​មួយ​.ប្រាក់​ដែល​កងទ័ព​ទាំងនោះ​មាន​នៅក្នុង​ស្រុក​គឺ​ត្រូវបាន​ បើក​ឱ្យ​ក្រុមគ្រួសារ​នៅ​ក្នុងស្រុក​, ទី​ពីរ​.មុន​នឹង​ចេញ​ដំណើរ​ទៅ​រាជរដ្ឋាភិបាល​តែង​ចេញ​ប្រាក់​ឧបត្ថម្ភ​ សម្រាប់​ដាក់​ហោប៉ៅ​ឱ្យ​ពួកគេ​, ហើយ​ទី​បី​.ប្រាក់​ដែល​គេ​សន្សំ​បាន​គឺ​ឱ្យ​គេ​ទាំង​អស់​រដ្ឋ​អត់​ចង់​យក​ ផលចំណេញ​នោះ​អ្វី​ទេ​។​
 
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ គូសបញ្ជាក់​បន្ថែមថា «​យើង​ចង់​ធ្វើ​កិច្ចការ​នេះ​ថែម​ទៀត​យើង​បាន​ត្រៀម​កម្លាំង​របស់​យើង​ច្រើន ​ណាស់​ដែរ ​ដើម្បី​ធ្វើ​ការដោះមីន​ទៅតាម​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ​ ក៏ប៉ុន្តែ​យើង​ក៏​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ថា មាន​អ្វី​កើតឡើងដោយ​ត្រូវ​តាមដាន​ឱ្យ​ជាប់​ដូច​ករណី​នៅ​ស៊ូដង់​ដែលមាន​ ជម្លោះ​រវាង​ស៊ូដង់​ខាងត្បូង និង​ស៊ូដង់​ហើយ​និ​ង​ករណី​នៅ​លី​បង់​ជា​ដើម​។​
 
ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​បានមាន​ប្រសាសន៍​ដោយ​ធ្វើ​ការ​សន្និដ្ឋាន​ ចំពោះ​ការ​ងារ​កំចាត់​មីន​ថា ទោះបីជា​យើង​ទទួលបាន​ជោគ​ជ័យ​ជាច្រើន​កន្លងមក ក៏​ប៉ុន្ដែ​យើង​ក៏​នៅមាន​កំណាត់​ផ្លូវ​ដ៏​វែងឆ្ងាយ​ទៀត ដែល​ត្រូវ​បន្ដធ្វើ ដំណើរ​លើ​វិថី​ឆ្ពោះទៅ​សម្រេច​គោលដៅ​ចុងក្រោយនៃ​ការងារ​បោសសម្អាត​គ្រាប់​ មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និងការជួយ​សង្គ្រោះ​ជនរងគ្រោះ​នៅ​កម្ពុជា។ ឯកឧត្តម ប្រាក់​ សុខុន បាន​មាន​ប្រសាសន៍​ថា ជាការ​ពិតយើង​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​កង្វះ​ធនធាន​ហិរញ្ញវត្ថុ សម្រាប់ ផ្ដល់​ហិរញ្ញប្បទាន​ចំពោះ​ការ​អនុវត្ដ​សកម្មភាពនៅក្នុង​វិស័យនេះ ពីព្រោះថា ប្រភព​ហិរញ្ញប្ប​ទាន​ដែលមាន​កន្លងមក កំពុង​មាន​ការប្រែប្រួល​ថមថយ​គួរឱ្យកត់សម្គាល់​។
 
លើស​ពីនេះ​ទៀត តាម​ការស្រាវជ្រាវ​ជា​មូលដ្ឋាន​របស់​អាជ្ញាធរ​មីនកម្ពុជា​ ដែល​ទើបបាន​បញ្ចប់​នា​ពេល​ថ្មីៗ​នេះ បានបង្ហាញ​ឱ្យឃើញនូវ​រូបភាពកាន់តែច្បាស់អំពី​ទំហំ​នៃ​បញ្ហា ដែល​ត្រូវដោះ​បន្ដ​ស្រាយ ក្នុងនោះ មាន​ផ្ទៃដី​ចំនួន ១៧០០គីឡូម៉ែត្រ​ក្រឡា កំពុង​រង​ការ​គំរាម​ដោយសារ​គ្រាប់​មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និងត្រូវ​បន្ដ​ធ្វើការ​បោសសម្អាត​។
 
ចំនួន​នេះនៅ​ពុំទាន់​រាប់បញ្ចូល​ផ្ទៃដី​ នៅក្នុង​ស្រុក​ចំនួន ២០ទៀត ស្ថិតនៅ​ភាគ​ខាងកើត​ទន្លេ​មេគង្គដែល​ត្រូវបាន​សង្ស័យថា មានការ​គំរាម​ពី​គ្រាប់មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែលជា​កេរដំណែល​នៃ​ការទម្លាក់​គ្រាប់បែក​មកលើ​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​នៃ​សង្គ្រាម​នៅ​ឥណ្ឌូ​ចិន ហើយ​ដែលយើង​ពុំទាន់​បានធ្វើការ​ស្រាវជ្រាវ​នៅឡើយ៕
 
ទាក់​ទង​នឹងសមត្ថ​ភាព​របស់​កង​កម្លាំង​បោស​ សម្អាត​មីន​កម្ពុជា​នៅ​បរទេសឯកឧត្តម​ ប្រាក់ សុខុន បាន​ឱ្យដឹងថា ​អង្គភាព​ដោះមីន​របស់​កម្ពុជានៅ​ស៊ូដង់ បាន​ឈរ​នៅ​លំដាប់​លើ​គេ​ក្នុង​រយៈពេល ៦​ឆ្នាំ​នេះ​ជាប់​៕