Thursday, April 4, 2013

ឯកអគ្គ​​រាជ​ទូត​អូស្ត្រាលី​​កត់​សម្គាល់​​លើ​​ចំណុច​​វិជ្ជមាន​​នៃទំនាក់​​ទំនង​​ទ្វេភាគី​​កម្ពុជា-​អូស្ត្រាលី



លោក​ជំទាវ ផេនី រីឆាត (Penny Rechards) ឯកអគ្គរាជទូត​អូស្រ្តាលី ដែលត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការ​ទូតនៅ​កម្ពុជា​បាន​ជម្រាប​ជូន​ម្តេច​ អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នា​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៣​ ថា នៅ​ក្នុង​អណត្តិ​រយៈ​ពេល ២ឆ្នាំ ៦ខែ នៃ​បេសក​កម្ម​ការទូត​នៅ​កម្ពុជា លោក​ជំទាវ​បាន​កត់សម្គាល់នៅការ​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ ប្រទេស​ទាំង​ពីរ (អូស្ត្រា​លី-កម្ពុជា)។ លោក​ជំទាវ ផេនី រីឆាត បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ នៅ​ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជម្រាប​លា​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​ នៅ​វិមាន​សន្តិភាព រាជធានីភ្នំពេញ។
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោនាយករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា ចំណុច​វិជ្ជ​មាន​ដែល​លោក​ជំទាវ ផេនី រីឆាត កត់សម្គាល់​រួម​មាន៖ ទី១, នៅ​ក្នុង​អំឡុង​នៃ​បេសកកម្ម​របស់​លោកជំទាវ គឺ​ទំនាក់ទំនង​កិច្ច​ពិភា​ក្សា​ទ្វេភាគី​លើបញ្ហា​នយោបាយ​បាន​ប្រព្រឹត្ត​ទៅ​ យ៉ាង​សកម្ម និង​ល្អ​ប្រសើរ។ ទី២, កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការ​រីក​ចម្រើន បើ​គិត​ពីជំនួយ​របស់​អូស្រ្តាលី​មក​កាន់​កម្ពុជា បាន​កើន​ឡើង​ពី​ប្រមាណ ៦០​លាន​ដុល្លារ​អាមេរិក រហូត​ដល់ ៨០លានដុល្លារ​អាមេរិក​ដែលសុទ្ធ​សឹង​តែជា​ជំនួយ​ឥត​សំណង ដែល​ផ្តោតការ​យក​ចិត្ត​ទុកដាក់​ទៅ​ដល់​វិស័យ​កសិកម្ម វិស័យ​សុខមាល​ភាព ជាពិសេស​សុខមាលភាព​កុមារ ហេដ្ឋា​រចនាសម័្ពន្ធ និង​ប្រព័ន្ធ​យុត្តិធម៌។ ទី៣, វិស័យ​វិនិយោគ និង​ពាណិជ្ជកម្ម ដោយ​លោក​ជំទាវ​ឯកអគ្គរាជទូត បានមាន​ប្រសាសន៍​ថា ទោះ​បីមា​ន​ការ​រីក​ចម្រើនមែន ក៏​ប៉ុន្តែ​ស​ក្តានុពល​ក្នុង​ការ​ពង្រីក​ទៅលើ​វិស័យ​ពាណិជ្ជ​កម្ម និងវិនិ​យោគ​នេះនៅ​មាន​ច្រើន​ណាស់ និង​ទី៤, លោក​ជំទាវ​ឯកអគ្គរាជទូត បាន​សំដែង​នូវការ​រីក​រាយ​ចំពោះ​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជា​ជន ដែល​សព្វថ្ងៃ​នេះ មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​​អូស្រ្តាលី​មកកាន់​កម្ពុជា ​ដែលមាន​ប្រមាណ​ពី ៨០នាក់ទៅ ១០០នាក់ ហើយក៏​មាន​ការ​គាំទ្រ​ពីរាជរដ្ឋា​ភិបាល​កម្ពុជា​ទៅ​ដល់ជន​ស្ម័គ្រ​ ចិត្តអូស្រ្តាលី​ផង​ដែរ។ ជាមួយ​គ្នា​នេះ អូស្រ្តាលី​នឹង​ផ្តល់​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត​ប្រមាណ ៥០​នាក់​ទៅ ៥៥​នាក់​ផងដែរ។

លោក ​ជំទាវ ផេនី រីឆាត ឯកអគ្គ​រាជទូត​អូស្ត្រាលី ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ជូន​ចំពោះ​មន្រ្តី​រាជការ​ទាំង​អស់ ដែល​បានផ្តល់​នូវ​ការគាំទ្រ​ធ្វើ​ឲ្យ​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ​នៅ​ កម្ពុជា​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់។ “ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លះ​កន្លង​មក​នេះ ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេសទាំង​ពីរ​កម្ពុជា-អូស្រ្តាលី​ មាន​ការរីក​ចម្រើន ហើយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក៏​កាន់​តែ​មាន​ភាពជិតស្និទ្ធ​ថែម​ទៀត”។

សម្តេច ​តេជោ​នាយក​រដ្ឋមន្រ្តី ​បាន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ប្រទេស​អូស្រ្តាលី ដែល​តែងតែ​បាន​​ផ្តល់​ជំនួយ​ដល់​កម្ពុជា ជាពិសេ​ស​ការផ្តល់​ជំនួយ​សង្រ្គោះ​នៅ​ពេល​កម្ពុជា​ជួបប្រទះ​ទឹក​ជំនន់​កាល​ ពី​ឆ្នាំ២០១១ កន្លងទៅ​នេះ។

សម្តេច ​តេជោ​ក៏បានឯកភាព​ជាមួយ​លោក​ជំទាវ ផេនី រីឆាត ពាក់ព័ន្ធ​នឹង​សក្តានុពល​លើ​បញ្ហា​វិនិយោគ និងការ​ធ្វើ​ពាណិជ្ជកម្មនៅ​កម្ពុជា​ ដោយ​សម្តេច​មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​ពីរ (កម្ពុជា-អូស្ត្រាលី) គប្បី​ស្វែងរក​សក្តា​នុពល​នេះ​ ឲ្យ​បាន​កាន់តែ​រីក​ធំធាត់​ឡើង​ថែម​ទៀត ជា​ពិសេស​ទៅ​លើបញ្ហា​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាដើម៕