Wednesday, December 4, 2013

បទអត្ថាធិប្បាយ៖ ខ្លួន​ឯង​ជាចោរ​ បែរ​ជា​ស្រែក​ឲ្យ​គេ​ជួយ​ចាប់ចោរ​

ដោយ ពង្ស សុក្រឹត្យ

ថ្មីៗនេះ​ រឿងរ៉ាវ​​ពុករលួយ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បែក​ធ្លាយ​ ដោយ​សារ​ទំនាស់​ផល​ប្រយោជន៍​ របស់​ក្រុម​មន្ត្រី​​ដែល​ទទួល​បន្ទុក​ ទុក​ដាក់​លុយ​របស់​គណបក្ស​ ក្នុង​ការ​​ចាយ​វាយ​ ឬយក​ទៅ​ប្រើ​ប្រាស់​ជាប្រយោជន៍​បុគ្គល​​។​

កន្លង​មក​ លុយ​ដែល​ទទួល​បាន​ពី​ប្រភព​នានា ដូច​ជាការ​រៃ​អង្គាស​ ពី​ប្រជាពលរដ្ឋ​ ក្រី​ក្រ​ ពីតំណាង​រាស្ត្រ​ដែល​បាន​ជាប់​ឆ្នោត​ តែ​អត់​ទាន់​មាន​ប្រាក់​ខែ​​ ឬ​លុយ​ដែល​បាន​ដើរ​សុំ​គេ​ពី​ក្រៅ​ប្រទេស​ ត្រូវ​បាន​គណបក្ស​​​​​ប្រឆាំង​មួយនេះ​ បន្លំ​​ភ្នែក​​ប្រជាពលរដ្ឋ​ និង​សកម្មជន​នៅ​ក្នុង​បក្ស​​ ថា​ជា​មូលនិធិ​សង្គ្រោះជាតិ​ ហើយ​ថា​យក​មក​ដើម្បី​ជួយបាតុកម្ម​ ឬ​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ជាដើម​នោះ​ គឺ​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅក្នុង​គណបក្ស​មាន​ការ​តូច​ចិត្ត​ និង​លួច​បង្ហើប​ប្រាប់​ថា​ មនុស្ស​មួយ​ចំនួន​ដែល​កាន់​លុយ​ មូលនិធិ​សង្គ្រោះ​ជាតិ​ បាន​យក​ទៅ​ចាយ​វាយ​ និង​ប្រើប្រាស់​សម្រាប់​តែ​ក្រុម​ខ្លួន​មួយ​ចំនួន​តូច​ដែល​ស្និត​នឹង​មេបក្ស និង​មេបក្ស​ទាំងពីរ ​ប៉ុណ្ណោះ​។ ជាក់​ស្តែង​ លុយ​មួយភាគ​ធំរបស់​មូលនិធិ​​ ត្រូវ​បាន​មេបក្ស​ទាំង​ពីរ​​ចែក​គ្នា​ទិញ​ឡាន​ទំនើប​​ជិៈ​ផ្ទាល់​​​ខ្លួន​ម្នាក់​មួយ​ ដែល​ពាក្យ​សាមញ្ញ​ ហៅ​ថាជា​ « ដង្ខៅ​បាតុកម្ម​ »​ ។​

ជាការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ខាង​លើ​ ​ យើង​​ក៏​បាន​ឃើញព័ត៌មាន​ ដែល​ចុះ​ក្នុង​​​ទំព័រ​ខាង​មុខ​​​នៃ​​សារព័ត៌មាន​ រស្មីកម្ពុជា​ ថ្ងៃ​អង្គារ ទី០៣ ខែធ្នូ ឆ្នាំ​២០១៣​​ ​​មាន​ចំណង​ជើង​ធំៗ​ថា​       « មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​សង្គ្រោះ​ជាតិ​ទម្លាយ​អំពើ​ពុក​រលួយ​ លុយ​មូលនិធិ​សង្គ្រោះ​ជាតិ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​ » ផង​ដែរ​។ នៅក្នុង​អត្ថបទ​ បាន​បញ្ជាក់​ច្បាស់​ថា​​ ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុងតែ​មាន​ការ​រង្គោះរង្គើ​ ​និង​បែក​បាក់​ ដោយ​សារ​តែ​​ថវិកា​​មូល​និធិ​សង្គ្រោះ​ជាតិ​របស់​គណប​ក្ស ដែល​បាន​មក​ពី​សប្បុរស​ជន​នាពេល​កន្លង​មក​ ត្រូវ​បាន​ចាយ​វាយ​ និង​យក​ទៅ​ប្រើ​ប្រាស់​មិនចំ​គោល​ដៅ​ ជាពិសេស​ថវិកា​ ប្រមាណ​១០​ម៉ឺន​​ដុល្លារ​អាមេរិក​ បាន​បាត់​ រកមុខ​មិនឃើញ​ទៀត​ផង​។​​​

បន្ថែម​លើ​នេះ​ទៀត​ វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​ បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ដែល​​​មាន​​លោក ហ្គារី ជាប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ែកខាងជើង​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​​​​ ប្រកាសថា ​​ឈប់ទទួលជំនួយ​ឲ្យគណបក្សសង្រ្គោះជាតិ តាមរយ:វិទ្យុ​ខ្មែរប៉ុស្ដិ៍ ហើយ​ ដោយ​សារ​តែ​ការ​មិន​ទុក​ចិត្ត​គ្នា​​ នៅក្នុងរឿង​ថវិកា​ជំនួយពី​ប្រជាពលរដ្ឋ​នៅអាមេរិក​​នេះ​ឯង​​​។​

ដូច្នេះ​ ​​ការដែល​គណបក្ស​សង្គ្រោះ​ជាតិ​​លើក​ថា ​គណបក្ស​ ​គ្រោង​នឹង​លើក​ឡើង​​ពី​​អំពើ​ពុករលួយ និង​អត្រា​ការប្រាក់​ខ្ពស់​ក្នុង​ការប្រើប្រាស់​ជំនួយ​របស់​អង្គការ មូលនិធិ​​រូបិយវត្ថុ​អន្ដរជាតិ​ (IMF) នៅ​កម្ពុជា​ប្រាប់​ដល់​ប្រធាន IMF ដែល​កំពុង តែ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ គឺ​ជារឿង​មួយ​ដែល​ចម្លែក​ ពី​ព្រោះ​សូម្បី​តែ​ការ​គ្រប់​គ្រង​​ថវិកា​នៅក្នុង​គណបក្ស​តូច​មួយ​របស់​ខ្លួន​ ក៏​មាន​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទៅ​ហើយ​​។ វាមិន​ខុស​ពីពាក្យ​ចាស់​ពោល​ថា​​ ខ្លួន​ឯង​ជាចោរ​ បែរ​ជា​ស្រែក​ឲ្យ​គេ​ជួយ​ចាប់ចោរ​ ទៅ​វិញ​នោះ​ទេ​។

 ប្រជាពលរដ្ឋ​ និង​​សកម្មជន​​ទាំង​អស់​​ ដែល​បាន​លះបង់​ថវិកា​ផ្ទាល់​ខ្លួន​ប្រចាំខែ​ ជូន​គណប​ក្ស​​​​ស្នើ​សុំ​ ឲ្យ​មាន​ការ​បំភ្លឺ​ពី​ប្រធាន​គណបក្ស​ទាំង​ពីរ។​​ ​​យើងក៏​​ស្នើ​​សុំ​ឲ្យ​​បង​ប្អូន​ប្រជាពលរដ្ឋ​​​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​​អស់​ ទាំង​ក្នុង​ និង​ក្រៅ ប្រទេស​ដែល​បាន លះបង់​​ថវិកា​របស់​ខ្លួនមេត្តា​ចូលរួម​ដាក់​ញត្តិប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​​វែក​​មុខ​ជន​​ដែល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។​​​​​​​

ម្យ៉ាង​វិញទៀត​ លុយ​មូលនិធិ​ ដែល​ជាញើស​ ឈាម​ របស់​ប្រជាពលរដ្ឋ​ និង​សកម្មជន​​របស់​ខ្លួន​បាន​ប្រមែ​​ប្រមូល​ បែរ​ជាបាត់ មិន​ដឹង​មុខ​បែប​នេះ​បាន​ធ្វើ​ឲ្យ​សកម្មជន​គាំ​ទ្រ​​ទាំង​អស់ បាត់​បង់​នូវ​ជំនឿទាំងស្រុង​ ​ដែល​បក្ស​សង្គ្រោះ​ជាតិ​តែង​តែ​ស្រែក​ ក្តែង​ៗ​ថា​ បក្ស​ខ្លួន​នឹង​បំបាត់​អំពើពុករលួយ​​​​ក្នុង​សង្គម​ នៅពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​។​

ជារួម​ ការ​ដឹក​នាំ​ប្រទេស​ គឺ​ដូច​គ្នា​ ទៅ​នឹង​ការ​គ្រប់​គ្រង​គ្រួសារ​មួយ ឬគណបក្ស​មួយ​ផង​ដែរ​​។ ប្រទេស​ជាតិ​មួយ​រុងរឿង រឹងមាំ​ទៅ​បាន សង្គម​មួយ​ទទួល​បាន​ការ​អភិវឌ្ឍ​ន៍​​ លុះ​ត្រា​​តែ​មេដឹក​នាំ​ប្រទេស​នោះ​​​មាន​បទ​ពិសោធន៍ មាន​​សមត្ថភាព​ពេញ​លេញ​ ក្នុង​​ការ​កសាង​​ប្រជាធិបតេយ្យ​ និងអភិវឌ្ឍ​ប្រទេស​ជាតិ​។​ ផ្ទុយ​ទៅ​វិញ​ ​វាជារឿង​មួយ​ដែល​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ប្រសិន​បើ​គណបក្ស​​សង្គ្រោះ​​ជាតិ​មក​ដឹក​នាំ​ប្រទេស​ ព្រោះ​បក្ស​ដែល​គ្មាន​ប្រវត្តិ​ក្នុង​ដឹក​នាំតែងតែ​មាន​ការ​បែក​បាក់​ផ្ទៃក្នុង​ជាប្រចាំ​ ជាពិសេស​​​គឺ​គ្រាន់​តែ គណបក្ស​តូច​មួយគ្រប់​គ្រង​​មូលនិធិ​របស់​ខ្លួន​មិនបាន​​ និង​មាន​​អំពើ​ពុករលួយ​រាប់​ម៉ឺន​ដុល្លារ​ទៅ​ហើយ​ ដូច្នេះ​គណបក្ស​​សង្គ្រោះ​ជាតិ​មិន​អាច​មក​ដឹក​នាំ​ប្រទេសជាតិ​​​បាន​ទេ​៕​ ​​