Friday, February 28, 2014

ឯកឧត្តម​សុខ អាន៖ វិស័យ​​ទេស​ចរណ៍​​គឺ​ជា​​មាស​បៃតង និង​​អំពាវ​នាវ​​ឲ្យ​​ចូល​រួម​​ក្នុង​​យុទ្ធ​នាការ​​ប្រឡង​​ប្រណាំង​ “ទីក្រុង​ស្អាត​ រមណីយ​ដ្ឋាន​​ស្អាត​ សេវា​ល្អ”

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ថ្លែងនា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ដោយ​ចាត់​ទុកវិស័យ​ទេសចរណ៍ គឺ​ជាមាស​បៃតង ដែល​បាន និង​កំពុង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ ដោយ​បង្កើត​បាន​ប្រាក់​ចំណូល​ប្រមាណ​ជាង ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៣។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍កត់​សំគាល់​ថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ-ឈ្នះ​របស់​​សម្តេច​អគ្គ​មហា​​សេនាបតី​តេជោហ៊ុនសែនកម្ពុជា​ទទួលបាន​សុខសន្តិភាពយ៉ាង​ពេញលេញ ដែល​ពុំ​ធ្លាប់​មាន​ក្នុង​រយៈ​កាលជិត៥០០ឆ្នាំ​ចុង​ក្រោយ​នេះ​។ សុខសន្តិភាពនិង​ស្ថិរភាព​នយោបាយ​គឺ​ជាមូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់​​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ជាក់ស្តែង​ ក្នុងឆ្នាំ២០១២កម្ពុជា​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច៧,៣% ហើយ​កំណើននេះ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ស្ថិតក្នុង​រង្វង់​ពី​ ៧% ទៅ៨% នៅឆ្នាំបន្ត​បន្ទាប់។ ផ្អែក​លើ​កំណើន​ដ៏ខ្ពស់នេះ  កម្ពុជា​ជាប់ចំណាត់ថ្នាក់ទី១១ ក្នុងចំណោមប្រទេសដែលសម្រេចបាន​កំណើន​​សេដ្ឋកិច្ច​ខ្ពស់លើ​​ពិភពលោកក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ និងជាប់​ចំណាត់​ថ្នាក់​ទី៥ក្នុង​ចំណោម​ប្រទេស​​​កំពុង​​អភិវឌ្ឍន៍ ដែលអាច​សម្រេច​បានគោលដៅអភិវឌ្ឍ​សហស្ស​វត្សរ៍។ លើសពីនេះទៀត កម្ពុជា​នឹងក្លាយជា​ប្រទេសដែលមាន​ប្រាក់ចំណូលមធ្យម​​កម្រិត​​​ទាប​ក្នុង​ពេលអនាគត​ដ៏ខ្លីខាងមុខនេះ និង​ឈាន​ទៅជាប្រទេស​ដែលមានប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ២០៣០។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ទេសចរណ៍​ឆ្នាំ​២០១២-២០១៣​ និង​ទិស​ ដៅ​អនុវត្ដ​បន្ដ​ទេសចរណ៍​កម្ពុជា​ឆ្ពោះ​ ទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥​ និង​ការ​ប្រកាស​លទ្ធផល​វាយតម្លៃ​ដំណាក់​ កាល​ដំបូង​នៃ​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដែល​ប្រារព្ធ​ធ្វើ​ឡើង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​នាម​ជា​តំណាង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា​ ឯក​ឧត្តម​បណ្ឌិត​​សភា​​ចារ្យ សុខ អាន ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា កម្ពុជា​ទទួល​បានភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង ៤,២ លាន​នា​ក់ក្នុង​ឆ្នាំ២០១៣ បើធៀប​ទៅនឹង​ឆ្នាំ​២០១២ មាន​ការកើន​ឡើង​ជាង ១៧,៥% ហើយ​បើ​ធៀប​នឹងតួលេខ​ឆ្នាំ ១៩៩៣ គឺមាន​ការ​ហក់​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ពេល​នោះ​ភ្ញៀវទេសចរ​អន្តរ​ជាតិ​មាន​តែ​ប្រមាណ ១២​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ មូល​ហេតុ​ដែល​កម្ពុជា​ទទួល​កំណើន​ភ្ញៀវទេសចរ​នេះ​ ត្រូវបានឯកឧត្តម​បណ្ឌិត​សភាចារ្យ​បញ្ជាក់​ថា គឺ​​ដោយ​សារ កម្ពុជា មាន​មរតក​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ជាច្រើន គួបផ្សំ​ជាមួយ​នឹងស្ថិរភាព​នយោបាយ និង​សន្តិភាព​ពេញ​លេញ ដែល​យើងទទួល​បាន​តាំង​ពី​ឆ្នាំ​១៩៩៨ មកម្ល៉េះ។ ក្រៅ​ពីរមណីយដ្ឋាន​អង្គរ កម្ពុជា​មាន​រមណីយដ្ឋាន​ជាច្រើនទៀត​ដែល​ជាគោល​ដៅដ៏មាន​សក្ដា នុ​ពល​​សម្រាប់​ទេសចរ​វប្បធម៌។ លើសពីនេះ​ទៀត​យើងក៏មាន​បរិស្ថាន​ធម្មជាតិ​ដ៏ស្រស់ត្រ​កាល រួម​មាន​ព្រៃ ស្ទឹង​ ទន្លេ បឹង​បួរ ឆ្នេរ​សមុទ្រ​ដ៏ល្អខ្នាត​អន្តរជាតិ កោះ និង​សត្វ​ព្រៃ ជា​ពិសេស​សត្វ​ផ្សោត​មេគង្គ​ដ៏កម្រ ដែល​ទាំងនេះ​ជាកត្តា​ទាក់ទាញ​ដល់​អេកូ​ទេស​ចរណ៍​នៅ​កម្ពុជា។ ប្រទេស​យើង​មាន​ប្រវត្តិ​យូរអង្វែង​ប្រកប​ដោយ​វប្បធម៌ និង​អរិយធម៌ដ៏មហស្ចារ្យ។ បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​ឲ្យយើង​នូវ​បេតិកភណ្ឌ​រូបិយ និង​អរូបយ ជា​ច្រើន​ជាអាទិ៍​ប្រាង្គ​ប្រាសាទ សិល្បៈ និង​​របាំ​បុរាណ​ផងដែរ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បញ្ជាក់​ឲ្យដឹងផងដែរ​ថា វិស័យ​ទេសចរណ៍​កម្ពុជាក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួនជា​អាទិ៍ ការ​បន្ត​បង្កើន​ការ​តភ្ជាប់​ ការ​ពង្រឹង​ក្រប​ខណ្ឌ​ច្បាប់ និង​យន្តការ​ស្ថាប័ន និង​ការធានា គុណ​ភាព​នៃផលិត​ផល​ទេសចរ ដើម្បី​លើក​កម្ពស់​ឧត្តម​ភាព​ថែម​ទៀត ក្នុង​វិស័យ​ទេសចរណ៍ ជា​ពិសេស​នៅពេល​ដែល​សហគមន៍​អាស៊ាន​ត្រូវបាន​បង្កើត​ឡើង​នៅឆ្នាំ ២០១៥ ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​នូវ​អនុសាសន៍​​ចំនួន ៨ចំណុច សម្រាប់​អនុវត្ត​នា​ពេល​ខាង​មុខ៖​

ទី១-ឈរ​លើ​សក្តានុពល​នៃធន​ធាន​ធម្មជាតិ និង​វប្បធម៌​ដ៏សម្បូរ​បែប​របស់​កម្ពុជា ក្រសួង​ទេសចរណ៍​គួរពង្រឹង​ថែម​ទៀត​នូវ​ប្រសិទ្ធភាព​យុទ្ធ​សាស្ដ្រ​ធ្វើពិពិធ​កម្មផលិត​ផល​​ទេស​ចរណ៍ ជាពិសេស​ការ​បង្កើត​ផលិត​ផល​ទេសចរណ៍​ថ្មីៗ ប្រកបដោយ​ភាព​ទាក់​ទាញច្នៃ​ប្រឌិត និងផ្តល់​នូវ​បទពិ​សោធន៍​ដ៏ល្អ​ដល់​ភ្ញៀវ​ទេសចរ។

ទី២-ជាមួយ នឹង​ការ​ដាក់​ចេញនូវ​ចលនា​ប្រឡង​ប្រណាំង​“ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវា​​ល្អ” ក្រសួង​ទេសចរណ៍​គួរពង្រឹង​គុណភាព​ផលិត​ផលទេសចរ​ឲ្យ​បាន​ប្រសើរ​ឡើង​ថែម​ទៀត​ ដោយ​មាន​ការចូលរួម​ពីប្រជា​ពលរដ្ឋប្រតិបត្តិករ​ទេសចរណ៍ និង​អ្នកពាក់​ព័ន្ធ​ដទៃ​ទៀត។

ទី៣-ក្រសួង​ទេសចរណ៍​គួរ​បង្កើន​កម្មវិធី​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ថែមទៀត ជាពិសេស​ជំនាញ​វិជ្ជាជីវៈក្នុង​វិស័យទេស​ចរណ៍ ដើម្បី​ផ្ដល់​សេវា​ក្នុងវិស័យនេះ​ឲ្យមាន​ប្រសិទ្ធភាពខ្ពស់ ប្រកប​ដោយ​វិជ្ជាជីវៈពិតប្រាកដ។ លើសពីនេះទៀត ក្រសួង​ទេសចរណ៍​គួរសហការ​ជាមួយ​សាកល​​វិទ្យាល័យ​នានា ដើម្បី​ជំរុញឲ្យមាន​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ទាំង​ផ្នែកទ្រឹស្តី ទាំង​​ការ​អនុវត្ត ព្រម​ទាំង​ការវិវត្ត​នៃវិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​ក្នុងតំបន់​អាស៊ាន​អាស៊ី​ប៉ា​ស៊ី​ហ្វិក និង​ក្នុង​ពិភព​លោក។

ទី៤-ក្រសួង​ទេសចរណ៍​គួរពង្រឹង​ការងារ​សិក្សា​ទីផ្សារ និង​ផ្សព្វ​ផ្សាយ​ទេស​ចរ​កម្ពុជា​ឲ្យ​បាន​ទូលំ​ទូលាយ​ថែម​ទៀត។

ទី៥-ក្រសួង​ទេសចរណ៍​គួរ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​ទេសចរណ៍ និង​ការ​ពង្រឹង​សមាគម​ទេស​ច​រ​ដែល​ជា​ដៃគូដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្ដរភាព។

ទី៦-​ក្រសួង​ទេស​ចរណ៍​គួរ​ពង្រឹង​ការផ្តល់​សេវាសាធារណៈ ក្នុង​ឧស្សាហ​កម្មទេសចរ​ឲ្យកាន់​តែប្រសើរ​ថែមទៀត។ ក្នុង​ន័យ​នេះ ក្រសួង​គួរ​បន្ត​ជំរុញ​វិធី​សាស្រ្ត​គ្រប់គ្រង និង​ផ្ដល់​សេវា​សាធារណៈ​​ក្នុង​វិស័យ​ទេស​ចរណ៍​តាម​ប្រព័ន្ធ​បចេ្ចកវិទ្យា។

ទី៧-ក្រសួង​ទេសចរណ៍​គួរ​បន្ត​លើក​កម្ពស់​ការតភ្ជាប់ ការ​សម្រួល​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ភ្ញៀវទេសចរ​ ក្នុង​បរិបទ​នៃ​ការធ្វើ​សមាហរណកម្ម​អាស៊ាន​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត

ទី៨-ក្រសួង​ទេសចរណ៍​គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ទទួល​បានផល​ប្រ​យោជន៍​​ឲ្យកាន់​តែច្រើន​ថែម​ទៀតពី​វិស័យ​ទេសចរណ៍ សំដៅចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់ប្រជាជន។

ទាក់​ទង​នឹង​ការ​ធ្វើ​យុទ្ធ​នាការ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​នេះ​ដែរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​​​អំពាវនាវផង ដែរដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្ស-និសិ្សត ព្រះសង្ឃ វិស័យ​ឯកជន ជាពិសេសក្មួយៗយុវជនឲ្យ បន្តរួមចំណែកក្នុង​យុទ្ធនាការ​ប្រឡង​ប្រណាំង​ “ទីក្រុងស្អាត​ រមណីយដ្ឋានស្អាត​ សេវា​ល្អ” ដើម្បីធ្វើឱ្យវិស័យ​ទេសចរ​ណ៍​​កម្ពុជា​កាន់​តែ​មាន​ភាពទាក់ទាញបន្ថែមទៀតដល់ភ្ញៀវជាតិនិងអន្តរជាតិ។

​ឯកឧត្តម ថោង ខុន ​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ ​បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា ​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ និង​ឈ្លាសវៃ​ប្រកបដោយ​គិ​តិ​បណ្ឌិត​របស់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពុ​ជា​វិស័យ​ទេសចរ​ណ៏​កម្ពុជា​មានការ​រីក​ចម្រើន​​គួរ​ឱ្យ​កត់សម្គាល់​និង​ទទួល​ បាន​សមិទ្ធិ​ផល​ធំៗ​ ហើយ​វិស័យ​ទេស​ចរណ៍​ត្រូវ​បាន​ទុក​ជា​​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ សង្គម​ ដោយ​បាន​នាំ​នូវ​ចំណូល​ជូន​ជាតិ​ផ្ដល់​ឱកាស​ការងារ ​និង​ចូលរួម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ប្រកប​ ដោយ​ប្រសិទ្ធភាព​ពិសេស​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់​ ស្ពាន​ កំពង់​ផែ​ អាកាស​យាន្ដ​ដ្ឋា​ន​ការ​ផ្គត់ផ្គង់​ អគ្គី​ស​នី​ ទឹក​ស្អាត​ នៅ​តំបន់​ទេសចរណ៍​អាទិភាព​ ការ​ពង្រឹង​សន្ដិភាព​ សន្ដិសុខ​ ស្ថិរភាព​នយោបាយ​ សណ្ដាប់ធ្នាប់​សង្គម​ និង​សុ​ត្ថិ​ភាព​របស់​ទេសចរ​ ព្រមទាំង​ការ​ ដាក់​ចេញ​គោល​នយោបាយ​ដ៏​រស់​រវើក​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ។​ល​។​

ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ តាម​ព្យាករណ៍​ឆ្នាំ​២០១៤​កម្ពុជា​នឹង​ទទួល​ បាន​ទេសចរ​អន្ដរជាតិ​៤,៧​លាន​នាក់​ ហើយ​ឆ្នាំ​២០១៥​ប្រមាណ​៥​លាន​នាក់​ ឆ្នាំ​២០២០​កម្ពុជា​អាច​ទទួលភ្ញៀវ​ទេស​ ចរ​អន្ដរ​ជាតិប្រមាណ​៧,៥​ទៅ​៨​លាន​ នាក់​ជាមួយនឹង​ចំណូល​ជាតិ​សរុប​ប្រមាណ​ ៥​ពាន់​លាន​ដុល្លារ​និង​បង្កើត​ការងារ​ ដោយ​ផ្ទាល់​ប្រមាណ​ ​៨៥​លាន​នាក់​ ។​

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៣​កម្ពុជា​ទទួល​ បាន​ទេសចរ​អន្ដរជាតិ​៤.២១០.១៦៥​ នាក់​ក្នុង​កំណើន​១៧,៥​ភាគរយ​ (​បើ​ប្រៀប​ ធៀប​នឹង​ឆ្នាំ​២០១២)​ ក្នុង​នោះ​មក​ពី​ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​៧៦​ភាគរយ​មក​ពី​អឺរ៉ុប​១៦​ភាគរយ​មក​ពី​អា​មេ​រិ ​ក​ ។​ ក្នុង​ ចំណោម​ទីផ្សារ​សំខាន់​ទាំង​១០​របស់​កម្ពុជា​ មាន​វៀតណាម​ ចិន​ កូរ៉េ​ ឡាវ​ ថៃ​ ជប៉ុន​ អា​មេ​រិ​ក​ អូស្ដ្រាលី​ រុ​ស្សី​ បារាំង​ ជាមួយ​ នឹង​កំណើន​ទេសចរ​ក្នុងស្រុក​ប្រមាណ​៧​លាន​នាក់​(​ដែល​មាន​កំណើន​ប្រមាណ​៣​ ភាគរយ​)​ដោយ​បាន​នាំ​ចំណូល​ប្រមាណ​ ២.៥៤៧​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​ សេដ្ឋកិច្ច​កម្ពុជា​ (​ស្មើនឹង​១៥,៥​ភាគយ​ នៃ​GDP)​ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ ប្រមាណ​៦២​ម៉ឺន​នាក់​និង​ដោយ​ប្រយោល​ រាប់​ម៉ឺន​នាក់​ទៀត​៕