Friday, February 28, 2014

បទ​អត្ថា​ធិប្បាយ៖ ការ​ប្រៀប​ធៀប​សភាព​ការណ៍​បច្ចុប្បន្ន​នៅ​អ៊ុយ​ក្រែន និង កម្ពុជា​គឺជា​ការ​ស្រមើ​ស្រមៃ និង ជាការ​ប៉ុន​ប៉ង​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​

ការលើក​យក​នូវ​បទ​ពិសោធន៍នៃ​ការ​ទម្លាក់​ប្រធានាធិបតី​ប្រទេសអ៊ុយ​ក្រែន ចេញ​ពី​តំ​ណែង មក​ប្រៀប​ធៀប​​ជា​មួយនឹង​កម្ពុជាសព្វថ្ងៃ​ គឺជា​ការប្រៀប​ធៀបដ៏ខុសឆ្គងបំ​ផុត និង​ប្រាស់ចាក​អំពី​ស្ថាន​ការណ៍​នយោ​បាយ​​​ពិត​នៅ​​កម្ពុជា​ និង​អាច​ចាត់​ទុកថា ជា​ចេតនាបំ​ភ័ន្ត​ បំ​ភ្លើស បំ​ភ្លៃ ញុះ​ញង់​​សាធារណ​មតិ​ ក្នុង​គោល​ដៅ​បង្ក​ភាពចលា​ចល​វឹក​វក្នុង​សង្គម​។
 
លោក សម រង្ស៊ី និងលោក ​កឹម សុខា កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤ បាន​ថ្លែង​ទៅកាន់អ្នក​គាំ​ទ្រ​របស់​​​ខ្លួន​​ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​ថា ភាព​ជ្រួល​ច្របល់​របស់​ប្រជាជន​ស៊ី​វិល​អស់​រយៈពេល​ជា​ច្រើន​ខែ បាន​​​ជំ​រុញ​​ឱ្យ​លោក វិកទ័រ អ៊ីយ៉ាណូកូវិច មេដឹក​នាំ​នៃ​ប្រទេស​អ៊ុយ​ក្រែន​ធ្លាក់​ចេញ​ពី​តំ​ណែង​ និង​បាន​ហៅ​ជ័យ​​ជំ​នះនោះថា កើត​ចេញ​ពី​សមាជិក​កម្លាំង​ប្រដាប់​អាវុធ លែង​ធ្វើ​តាម​បញ្ជាឱ្យ​សម្លាប់​ប្រជាជន​ខ្លួន​ឯង និង​បាន​​និយាយទៀត​ថា នៅ​ពេល​ឆាប់​ៗនេះ នឹង​ដល់​វេន​ជន​ផ្តាច់​ការ​នៅ​ប្រទេសកម្ពុជា​ម្តង​ហើយ​។
 
ក្រៅ​ពី​នេះ មេបក្សប្រឆាំង​ទាំង​ពីររូប បានប្រើពាក្យ​សម្តី​ញុះញង់​ ​ ​ដុត​បញ្ឆេះកំ​ហឹង​ប្រជាពលរដ្ឋ​​ឱ្យ​ងើប​ឡើង​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា ធ្វើ​បាតុកម្ម​ ដែល​រៀប​ចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថា កម្លាំង​ប្រដាប់​អាវុធ​នឹង​ចូល​រួមជា​មួយអ្នក​​តវ៉ា ​​​ ​ ហើយ​ស្ថានភាព​ នឹង​ដូច​នៅ​ប្រទេស​អ៊ុយក្រែន​ដែរ។
 
តើមូល​ហេតុ​ពិត​ប្រាកដដែល​បាន​ផ្ទុះ​នៅ​ប្រទេស​អ៊ុយ​ក្រែន ដូច​គ្នា​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរឬទេ?
 
ការពិត​ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច និង​សង្គម នៅ​ក្នុង​ប្រទេសអ៊ុយ​ក្រែន​ គឺមាន​ភាព​ផ្ទុយគ្នា​ស្រឡះ​ពីប្រទេស​កម្ពុជា ដោយ​សារ​ថា៖
 
នៅ​ពេល​​បោះ​ឆ្នោត​ជ្រើសរើសប្រធានាធិបតី​ឆ្នាំ​២០១០ ក្នុង​ជុំ​ទី​ពីរ មាន​បេក្ខជន​ប្រកួត​ប្រជែង​២រូប​ គឺ​លោក​ស្រី​ យូលីយ៉ាទី​ម៉ូ​ឆិន​កូ​ បាន​ទទួល​សន្លឹក​​ឆ្នោត​ចំ​នួន​ ១១.៥៩៣.០០០ ​សម្លេង​ និងលោក​ អ៊ី​យ៉ា​ណូ​កូវិច បាន​ទទួល​សន្លឹក​ឆ្នោត​ ១២.៤៨១.០០០ ​សម្លេង​ គឺ​ខុសគ្នា​ប្រមាណ​៩ សែន​សម្លេង​ប៉ុណ្ណោះ​។
 
ពេល​នោះ​ លោកស្រី ​ទីម៉ូឆិន​កូ មិន​សុខចិត្ត​នឹង​លទ្ធផល​ក៏បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​រដ្ឋ​បាល។ ជា​ចុង​ក្រោយ​​តុលាការ​រដ្ឋបាល​ជាន់​ខ្ពស់​ បាន​សម្រេច​ទាត់​ចោល​ពាក្យ​បណ្តឹ​​​ង​​របស់​លោកស្រី​។
 
ដើម្បី​ចៀសវាង​ភាព​​វឹក​វរក្នុង​ប្រទេស​ លោកស្រី​ក៏​បាន​ដក​ពាក្យ​បណ្តឹង​ចេញ ហើយ​លោក អ៊ី​យ៉ា​ណូ​កូ​វិច ក៏​បាន​ក្លាយ​ជា​ប្រធានាធិតី​តាំង​ពី​ពេលនោះ​មក​។
 
ក្រោយ​ពី​បានកាន់​តំ​ណែង​ជា​ប្រធានាធិបតី​ លោក ​អ៊ី​យ៉ាណូកូវិច ក៏បាន​ប្តឹង​លោកស្រី​ ទីម៉ូឆិន​កូ ពី​បទ​​រំ​លោភ​អំ​ណាច​ កាលដែល​លោកស្រី​នៅ​ជា​នាយក​រដ្ឋមន្ត្រី បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឧស្ម័ន​ជា​មួយ​ប្រទេស​រុស្សី​​បង្កប់​នូវ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​។ តុលាការ​ ក៏​បាន​សម្រេច​ផ្តន្ទា​ទោ​ស​ឱ្យ​លោកស្រី ទី​ម៉ូឆិន​កូ ជាប់​ពន្ធ​នាគារ​ចំ​នួន​៧ ឆ្នាំ​។
 
បើ​និយាយ​ពីស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​អ៊ុយ​ក្រែន​វិញ​ គឺបាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​ជី​វភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ ជា​ហេតុ​ធ្វើ​ឱ្យលោក​ប្រធានាធិបតី អ៊ី​យ៉ាណូកូវិច ស្វះ​​ស្វែង​រក​ដៃ​គូសម្រាប់​ជា​បង្អែក​ រវាង​ប្រទេស​រស្ស៊ី និង​សហគមន៍​​​អឺរ៉ុប​​។ លក្ខខណ្ឌមួយក្នុងចំណោម​លក្ខ​ខណ្ឌ​ទាំងឡាយរបស់សហគមន៍អ៊ឺរ៉ុបនោះ គឺ​លោក​ប្រធានាធិបតី​ ត្រូវ​ដោះ​លែង​លោកស្រី​ ទី​ម៉ូឆិន​កូ សិន។  ប៉ុន្តែ ចំ​ពោះ​​ប្រទេស​រុស្សី​វិញ​ មិន​តម្រូវ​ឱ្យ​មាន​ការ​ដោះ​លែង​ លោកស្រី​ ទី​ម៉ូឆិន​កូ ទេ ហើយបានសន្យា​ផ្តល់​ប្រាក់​កម្ចី​១៥ ពាន់​លាន​​ដុល្លារ​បន្ថែម​ទៀត​។
 
នៅ​ទី​បំ​ផុត​ លោក​ប្រធានាធិបតី អ៊ីយ៉ាណូកូ​វិច បាន​សម្រេច​ចិត្ត​ចុះ​កិច្ចព្រម​ព្រៀង​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​​​រុស្សី ដែល​ផ្ទុយ​ពី​គោល​បំ​ណង​របស់អ៊ុយ​ក្រែន។​
 
ដោយ​សារការ​មិន​ចុះ​សម្រុង​គ្នា​នេះ​ហើយ ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ប្រធានាធិបតី​ ពី​សំ​ណាក់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ទីក្រុង​គាវ។
 
ផ្តើម​ចេញ​ពី​ការ​ធ្វើ​បាតុកម្ម​នេះ លោកប្រធានាធិបតី​បាន​បង្កើត​ច្បាប់​ថ្មី​មួយ ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​បាតុ​កម្ម​​​របស់​ប្រជា​ពល​រដ្ឋ​ ដែល​ជា​ចំ​នុចចាប់​ផ្តើម​នៃ​ការ​ដុត​បញ្ឆេះ​កំ​ហឹង​ប្រជា​ពល​រដ្ឋ​ឱ្យ​ងើប​ឡើង​ប្រឆាំងកាន់​តែ​មាន​​​ទ្រង់​ទ្រាយ​ធំ​ឡើង​ៗ ហើយ​បាន​នាំ​ឱ្យ​មាន​ការ​បង្ក្រាប​ បណ្តាល​ឱ្យ​​មានអ្នក​​ស្លាប់​ប្រមាណ​ជាង​៨០ នាក់ និង​របួស​ជាង​៨០០ នាក់​ ។
 
​ក្នុង​ចំ​ណាត់​ការ​ដោយ​​តឹង​តែង​បំ​​ផុត​របស់​លោកប្រធានាធិបតី អ៊ីយ៉ាណូកូ​វិច ​នេះ​ហើយ ទើប​រដ្ឋសភា​របស់​ប្រទេស​អ៊ុយ​ក្រែន​ ដោយ​រួម​ទាំង​សមាជិក​សភាជាច្រើនរូបក្នុង​គណបក្សរបស់​លោកផ្ទាល់ផង ក៏បាន​ចូលរួមបោះ​ឆ្នោត​ទម្លាក់រូបលោកដែរ ក្នុងសម្លេង ៣២៨ ដោយគ្មានអ្នកជំទាស់ (ចំនួនសមាជិក​សភា​​ទាំង ៣២៨ រូប ដែលបានចូល រួមប្រជុំនោះ គឺមានចំនួនលើសពី ២ ភាគ ៣ នៃសមាជិកសភា​ទាំង​អស់ ៤៤៥រូប)។
 
បញ្ហា​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ដូច​បាន​រៀប​រាប់​មក​នេះ បើ​ប្រៀបធៀប​នឹង​កម្ពុជា​ គឺកម្ពុជា​បាន​ប្រកាន់ យក​​​​របបលទ្ធិប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស ដូចមាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញយ៉ាងច្បាស់លាស់។
 
លើសពីនេះទៅទៀត រាជរដ្ឋាភិបាល​ បាន​បើក​ទូ​លាយ​នូវ​សិទ្ធិ​សេរី​ភាព​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ រួម​ទាំង​មេដឹក​នាំ​​គណបក្ស​នយោបាយទាំង​អស់​ ឱ្យ​ធ្វើ​សកម្ម​ភាព​ និង បញ្ចេញមតិ ដោយ​សេរី​ តាមគ្រប់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​។
 
ដោយ​ឡែក​ និយាយអំ​ពី​បញ្ហា​សេដ្ឋកិច្ចវិញ នៅ​កម្ពុជាមាន​ការរីក​ចំ​រើន​ជា​លំ​ដាប់​ ដែល​កំ​ណើន​សេដ្ឋ​កិច្ច​​ក្នុង​មួយឆ្នាំ​ៗ កើន​ឡើង​ក្នុង​រង្វង់​ ៧,៥ ភាគ​រយ​ រី​ឯអត្រា​ភាព​ក្រី​ក្របាន​ធ្លាក់​ចុះ​ពី៥៣ ភាគ​រយ មក​នៅ​ត្រឹម​២០,៥​ភាគ​រយ​នៅ​ឆ្នាំ​២០១១​ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយកាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ​​ដោយ​ធនាគារពិភព​លោក។​
 
ស្ថានភាព​សេដ្ឋកិច្ច សង្គម ​បច្ចុប្បន្ននៅ​កម្ពុជា​ បាន​ និង​កំ​ពុងតែវិវត្តទៅ​ជាប្រក្រតី​ ហើយ​ស្ថាប័នរដ្ឋ និង​ឯកជន កំ​ពុង​ដំ​ណើរការ​ ដោយ​មិន​មាន​ផល​ប៉ះ​ពាល់ពី​ស្ថានភាព​នយោបាយ​ដែល​បង្ក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះឡើយ។
 
ការ​ធានាបាននូវ​ស្ថាន​ភាព​ដ៏​ល្អ​ប្រសើរនេះ គឺផ្ទុយ​ពីអ្វី​ដែល​លោក សម រង្ស៊ី និង​ កឹម សុខា មេបក្ស​ប្រឆាំង​​​នៅ​កម្ពុជា​ បាន​ដើរញុះញង់​ បំ​ភ្លើស បំ​ភ្លៃ​ដល់សាធារណជន ​ជាតិ និង​អន្តរជាតិ ហើយ​ថែម​ទាំង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ មិនស្បថចូលកាន់តំណែងជាតំណាងរាស្ត្រ មិន​ចូល​ប្រជុំ​សភា  គឺបាន​រំ​លោភ​រដ្ឋ​ធម្មនុញ្ញដែល​ជា​ច្បាប់​កំ​ពូល​របស់​ជាតិយ៉ាងជាក់ស្តែង ខុសពី​អ្នក​នយោបាយ​ អ្នកតំណាងរាស្ត្រនៅ​ប្រទេស​អ៊ុយ​ក្រែន​ ដែល​ប្រទេស​របស់​គេ បាន​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​តាម​រយៈការ​ប្រជុំ​សម្រេចក្នុងរង្វង់​ រដ្ឋសភាជាតិរបស់គេ។
 
អ្វី​ដែល​ជា​ការ​ខុសឆ្គង​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ លោក សម រង្ស៊ី តែង​តែ​អំ​ពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធចូល​រួម​ក្នុង​សកម្ម​ភាព​ ប្រឆាំង​ដើម្បី​បំ​រើ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​ដែល​នៅ​កម្ពុជា​ «កង​កម្លាំង​ប្រដាប់​​អាវុធ យោធា នគរបាល»​ ​ស្ថិត​នៅអព្យាក្រិត​​ ហើយ​រាជ​រដ្ឋាភិបាល​តែង​តែ​ប្រកាន់​នូវ​គោល​ជំ​ហរច្បាស់​លាស់ ចៀសវាង​ឱ្យ​បាន​ជា​ដាច់​ខាត​នូវ​អំ​ពើ​ហិង្សា​គ្រប់​រូប​ភាព​ ដើម្បី​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​។
 
អ្វី​ដែលលោក សម រង្ស៊ី និង​ កឹម សុខា ត្រូវ​តែ​យល់​នោះ ​គឺ​​នៅ​ប្រទេស​អ៊ុយ​ក្រែន បើ​ទោះ​ជា​ប្រធានា​ធិបតី​របស់​គេត្រូវ​បាន​ទម្លាក់​ពី​តំ​ណែង​ក៏ពិត​មែន ប៉ុន្តែ គេធ្វើ​ឡើង​តាម​ការ​សម្រេចក្នុងរង្វង់រដ្ឋសភា​ជាតិ ស្រប​តាម​​គោល​ការណ៍​នីតិរដ្ឋ​របស់​ប្រទេស​គេ។ ចំ​ណែក​ឯនៅ​កម្ពុជា​​វិញ បក្សប្រឆាំងបានដើរលើ​គន្លង​ផ្ទុយស្រឡះ​ពីប្រទេសអ៊ុយក្រែន​ បាន​ព្យា​យាម​ទម្លាក់​រដ្ឋាភិបាល ​ពិសេស​ ប៉ុនប៉ង​ទម្លាក់​សម្តេច​តេជោ ហ៊ុន សែន ចេញ​ពី​ដំ​ណែង​​ម្តង​ហើយ​ម្តង​ទៀត គឺធ្វើ​ឡើង​នៅ​តាម​ចិញ្ចើម​ផ្លូវ​បែប​អាណា​ធិបតេយ្យ​ មិន​គោរព​រដ្ឋ​ធម្មនុញ្ញ និង​គោល​ការណ៍​​នីតិរដ្ឋ​របស់​ប្រទេស​ជាតិ​ឡើយ​។
 
គេនៅ​ចាំ​បាន​ថា ក្នុង​កំ​ឡុង​ឆ្នាំ​២០០៣ លោក សម ​រង្ស៊ី ធ្លាប់បាន​អំ​ពាវ​នាវ​ឱ្យ​សហរដ្ឋ​អាមេរិក​បាញ់​មី​ស៊ីល​​​ឆ្លងទ្វីប​មក​កំ​ទេចគេហដ្ឋាន​របស់​ សម្តេច​តេជោ ផង​ដែរ ដែល​នេះ​ជាអំ​ពើ​ឧក្រិដ្ឋ​ដ៏​ធ្ងន់​ធ្ងរមិន​អាច​អត់​ឱន​ឱ្យ​​បាន​ឡើយ​ បន្ទាប់​គណបក្ស​ប្រឆាំង​ចាញ់​ឆ្នោត​ និង​មិន​ព្រម​ចូល​ប្រជុំ​សភា បណ្តាល​ឱ្យ​មាន​ការ​ជាប់​គាំ​ង​​នយោ​បាយ​មួយ​រយៈជាងមួយឆ្នាំ។
 
យ៉ាង​ណា​មិញ​ ​ការ​ចាញ់​ឆ្នោត​ជា​ថ្មីក្នុង​​អាណត្តិ​ទី​៥នេះរបស់​គណបក្ស​ប្រឆាំង​ និងការ​បដិ​សេធ​លទ្ធ​ផល​​ឆ្នោត ថែម​ទាំង​ធ្វើ​ពហិកាមិន​ចូល​សភា​ គឺ​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​​​ដ៏​ចាស់​គំ​រិល ​​ ដែល​មេ​ដឹក​នាំ​​គណ​បក្ស​​ប្រឆាំង ក្រុម​អ្នក​គាំ​ទ្រមួយ​ចំ​នួន​តូច ធ្វើ​សកម្មភាព​តវ៉ា​ដោយ​​គ្មាន​ហេតុ​ផល​ ផ្ទុយ​ពី​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ។
 
សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺពុំគួរ​គប្បី​បង្វែរបញ្ហានៃ​ការចាញ់​បោះឆ្នោតរបស់​ខ្លួន​​ ឱ្យ​ទៅ​ជា​កំ​ហឹង​ និង​ការ​សងសឹក​ ដែល​​នាំ​ឱ្យ​សង្គម​អាប់​អួរដោយ​សារ​មហិច្ឆតាដ៏​គ្មាន​ព្រំ​ដែន​នោះ​ទេ។
 
​ដូច្នេះ ការ​ប៉ុនប៉ង​ណា​មួយ​របស់ ​សម​ រង្ស៊ី និង ​កឹម សុខា ក្នុង​ការ​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​ដោយ​យកបទ​ពិសោធន៍​តាម​​​បណ្តា​ប្រទេស​ផ្សេង​ៗ ជា​ពិសេសប្រទេស ​អ៊ុយ​ក្រែន​ គឺមាន​តម្លៃ​ស្មើ​នឹង​ការធ្វើ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្ម​នុញ្ញ ដែល​ជា​វិធី​មិន​ប្រជា​ធិបតេយ្យ ហើយ​ក៏​ជា​ការមាក់​ងាយ​ទៅ​លើ​ឆន្ទៈរបស់​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ដែល​បាន​បោះ​​ឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជាផង​ដែរ​។ ​ទង្វើបំ​ពាន​ច្បាប់នានា​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ នឹ​ង​​ត្រូវ​បានទទួល​​ការ​ថ្កោល​ទោសពី​​ប្រជា​ពល​រដ្ឋខ្មែរ ហើយ​​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រសូត្រចេញ​ពី​ការ​បោះ​ឆ្នោត​តាម​លទ្ធិប្រជា​ធិបតេយ្យ សេរី​ពហុបក្ស​ ​មាន​កាតព្វ​កិច្ច​ការពារ​​ជាតិ ហើយ​នឹង​ប្រកាន់​យក​គ្រប់​វិធាន​ការ​ទាំង​អស់​ ដើម្បី​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​បាវចនា​ជាតិ សាសនា ព្រះ​មហាក្សត្រ​ និង​ជា​ពិ​សេស​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ ក៏​ដូច​ជា​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ដំ​ណើរការ​សង្គម និងសេដ្ឋកិច្ច​ ជាពិសេស​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​នៅ​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​៕​
 
អត្ថបទ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​