Friday, February 28, 2014

​សម្ដេច​តេជោ៖ការ​កសាង​ធន​ធាន​មនុស្ស និង​ការប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ជា​សកម្ម​ភាព​ប្រចាំ​របស់​រាជរដ្ឋាភិបាល​

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា បាន​ថ្លែងនា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ដោយ​កត់​សម្គាល់ថា​​ ការកសាង​ធន​ធាន​មនុស្ស​  ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ និង​ជំរុញកា​រ​ប្រយុទ្ធប្រឆាំង នឹង​អំពើ​ពុករលួយ គឺជា​គោលដៅ និង​ជា​សកម្មភាព​សំខាន់​ជា​ប្រចាំ​របស់​រាជរដ្ឋាភិបាល​។ ​

សម្ដេច​តេជោតេជោ​នាយករដ្ឋមន្ត្រី​លើកឡើងបញ្ហា​នេះ នៅសណ្ឋាគារ​អាំងទែរ​កុងទីណង់​តាល់​តាមរយៈ​សុន្ទរកថា ក្នុង​ពិធី​បើក​សន្និ​សី​ទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៤ ដែល​មាន​ប្រធាន​បទ «​កម្ពុជា​ក្នុង ប្រាំ​ឆ្នាំ​ទៅមុខៈ​កំណែ​ទម្រង់​ ​និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់​ក្រោយ​ ធ្វើ​សមា​ហរណកម្ម​»។ សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​នៅ​ក្នុងឤណ​ត្តិ​នេះ ការ​ប្រយុទ្ធ​ប្រឆាំងអំពើ​ពុក​រលួយ នឹង​ត្រូវ​ធ្វើឱ្យ​កាន់តែ​រន្ថាន់​ថែម​ទៀត ដើម្បី​កសាងជំហានឆ្ពោះ​ទៅ​ពង្រឹងអភិបាលកិច្ច​ល្អ និង​ការលើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​សុក្រឹត​»​

ពាក់ព័ន្ធ​នឹង​ប្រធានបទ​នៃ​សន្និសីទ​នេះ សម្តេច​តេជោនាយករដ្ឋមន្ត្រី​បានបាន​លើក​ឡើង​នូវ​បញ្ហា​សំខាន់​បី ក្នុងនោះ​រួមមាន​៖ ទី​១, ​កិច្ច​ប្រឹងប្រែង​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​លើការដ្ឋាន​កែ​ទម្រង់​សំ​ខាន់ៗ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នេះ ឈាន​ទៅ​ពង្រឹងសមត្ថភាពប្រកួត​ប្រ​ជែង​ផ្នែក​សេដ្ឋកិច្ចក្នុង​កម្រិត​តំបន់ និង​ពិភពលោក ​ព្រមទាំង​ការកែលម្អ​បរិយាកាស​ពាណិជ្ជ​កម្ម និងឤ​ជីវ​កម្ម។ ​ទី​២, ​ការកសាង​ធនធាន​មនុស្ស ពិសេស​យុវជន​វ័យក្មេង​របស់​យើង ឱ្យ​មាន​សមត្ថភាព​ជំនាញ​កាន់តែ​ខ្ពស់ ដែលឤ​ចឆ្លើយ​តប​នឹង​តម្រូវការរ​បស់​វិស័យ​ឯកជន និង ការផ្តល់​កាលានុវត្តភាព​ឱ្យ​ពួកគេ​ទទួលបានការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ និងទី​៣, ការ​ចូល​រួម​សហការ​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ ក្នុងចំណោម​តួអង្គ​វិស័យសាធារណៈ វិស័យឯកជន និង សហគមន៍​ស្រាវជ្រាវ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន និងចាប់​យក​ឱកាស​ល្អៗ ដែល​កើតមាន​ក្នុងដំណើរ​ឆ្ពោះ​ទៅ​សហគមន៍​សេដ្ឋកិច្ចឤ​ស៊ាន​នៅ​ឆ្នាំ​២០១៥ និង​សមា​ហ​រណ​កម្ម​នៅក្នុង​តំបន់​កាន់តែ​ធំ​ទូលាយ​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ពន្យល់​ថា អាទិភាព​ចម្បង​មួយ​សម្រាប់​រាជ​រដ្ឋាភិបាល​ក្នុង ៥ឆ្នាំទៅមុខ ​គឺ​ការ​ដោះស្រាយ​បញ្ហា​មិន​ស៊ីគ្នា ឬ​គម្លាត​រវាង​ជំនាញ​ដែល​ផ្នែក​ឧស្សាហកម្ម និង​អាជីវកម្ម​ចង់បាន ហើយនឹង​ជំនាញ​ដែល​ស្ថាប័ន​អប់រំ​កំពុង​ផលិត​ នេះ​ជា​ឧបសគ្គ​ចម្បង​មួយដែរ ដែល​កាត់បន្ថយ​កម្លាំង​ទាក់ទាញ​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា និងលទ្ធ​ភាព​របស់​យុវជន​កម្ពុជា​​ ក្នុង​ការ​ទទួល​បានការ​ងារ និង​ជីវភាព​រស់នៅ​យ៉ាង​ល្អ។

សម្តេច​តេ​ជោ​ថ្លែង​ថា យើង​ខ្វះខាត​ជា​ខ្លាំង​នូវ​កម្លាំង​ពលកម្ម​ជំនាញ​សម្រាប់​វិស័យ​ទេសចរណ៍ និងការ​ទទួល​ភ្ញៀវ ​ដែល​បច្ចុប្បន្ន​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​អាជីវកម្ម និង​ការគ្រប់គ្រង​ទូទៅ​មាន​​ចំនួន​ច្រើន​លើសលប់ រីឯ​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិស្វកម្ម​មាន​ចំនួន​តិចតួច​ពេក។ យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​យុវជន​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា​ពី​ស្ថាប័ន​ អប់រំ​ជំនាញ គឺ​មាន​ជំនាញ និង​សមត្ថភាព​អាច​បំពេញ​ការងារ​បាន និង​មានការ​ទទួលស្គាល់​នៅ​​ក្នុង​តំបន់​យើង។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ រាជរដ្ឋាភិបាល​ដោយ​រួម​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ​នានា​នឹង​ផ្តោត​លើ​ការ​លើក​កម្ពស់​អភិ​បាល​កិច្ចការ​គ្រប់គ្រងគុណភាព​ការ​បង្រៀន និង​ធនធាន​ក្នុង​ការ​អប់រំ​ថ្នាក់​ឧ​ត្ត​ម​របស់​រដ្ឋា​ភិ​បាល និង​​ស្ថាប័ន​​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ យើង​ក៏​យកចិត្តទុកដាក់​ផង​ដែរ​ទៅលើ​ការ​​លើកកម្ពស់​ការ​ត្រួត​ពិនិត្យ និង​ទទួលស្គាល់​គុណភាព​ស្ថាប័ន​អប់រំ​ថ្នាក់​ឧ​ត្ត​ម ក៏ដូចជា ភាព ទាក់​ទង​ល្អ​នៃ​កម្មវិធីសិក្សា​របស់​ស្ថាប័ន​ទាំងនោះ​ ទៅ​នឹង​តម្រូវការ​របស់​ប្រទេស ព្រមទាំង​ការ​ជំរុញ​ឲ្យ​មានការ​អប់រំ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​តាម​សហគ្រាស និង​ភាពជា​ដៃគូ​រវាង​រដ្ឋ​ វិស័យ​ឯកជន​ក្នុង​ផ្នែក​អប់រំ​ថ្នាក់​ឧ​ត្ត​ម និង​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្នុង​វិស័យ​អាទិ ភាព ដូចជា វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​វិស្វកម្ម​ផង​ដែរ​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បញ្ជាក់​ថា ធនធាន​សំខាន់​បំផុត​របស់​កម្ពុ​ជា​គឺ​ប្រជា​ពលរដ្ឋ​ដែល​បាន​បង្ហាញ​នូវ​កម្លាំង​រឹងមាំ និង​ភាព​ធន់​ទ្រាំ​ក្នុង​ការ​កសាង​ប្រទេសជាតិ​ឡើង​វិញ​ក្រោយពេល​បញ្ចប់​ទំនាស់ និង​ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ដែល​បាន​នឹង​កំពុង​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ក៏​កំពុង​មាន​ការ​រំពឹង​សង្ឃឹម​ជា​ខ្លាំង​ទៅលើ​ឱកាសល្អ​ ដែល​ប្រទេសជាតិ​នឹង​មាន​ផ្តល់​ឲ្យ​នា​ថ្ងៃ​នាគ​ត។ ការ​វិនិយោគ​របស់​យើង​ទៅលើ​យុវ​ជន​​ជំនាន់​ក្រោយ ព្រមទាំង​ចម្លើយ​តប​របស់​យើង​ចំពោះ​តម្រូវការ​របស់​អ្នក​ទាំងនេះ​មាន​ សារ​សំ​ខាន់​ណាស់​សម្រាប់​ជោគជ័យ​ទៅ​ថ្ងៃមុខ​របស់​ប្រទេសជាតិ ជាពិសេស​នៅ​ពេល​ដែល​តំបន់​អាស៊ី​កាន់​តែ​មាន​លក្ខណៈ​ប្រកួតប្រជែង និង​សមាហរណកម្ម​ខ្លាំង​ឡើងៗ​នោះ​។

ទាក់​ទង​ទៅនឹង​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នៃ​រដ្ឋ​សភា សម្ដេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល និង គណៈរដ្ឋមន្ត្រី​ថ្មី ​បាន​ចូល​កាន់តំណែង​ក្នុងនីតិកាល​ទី​៥ ដោយ​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់ជាង​ពេល​ណាៗ​ទាំងអស់ ដើម្បីអនុវត្ត​នូវ​ការកែទម្រង់​កាន់តែ​ស៊ីជម្រៅ និងមាន​ប្រសិទ្ធភាព​, កិច្ច​ការ​កែ​ទម្រង់​​ជាកិច្ចការ​បន្ទាន់​ចាំបាច់ ដែល​ត្រូវ​បន្ត​ធ្វើ​ទាំងបច្ចុប្បន្ន និង​អនាគត។ ចំពោះមុខ​រាជ​រដ្ឋា ភិ​បាលបាន​ប្តេជ្ញាចិត្ត​ដ៏​មោះមុត និង​ផ្តល់ឤ​ទិ​ភាព​ខ្ពស់​ក្នុង​ការដ្ឋាន​កែទម្រង់​ដីធ្លី​ដើម្បី​គ្រប់គ្រង​ដីធ្លី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ពិសេស​លើ​សម្បទាន​ដីសេដ្ឋកិច្ច និង​សម្បទាន​ដី​សង្គមកិច្ច​សំខាន់បំ​ផុត គឺ​ធានា​ឱ្យប្រាកដថា ធនធាន​ដីធ្លី​នៅ​កម្ពុជា​ត្រូវបានគ្រប់គ្រង និង​ប្រើប្រាស់​យ៉ាង​ល្អ​ដើម្បី​សម្រេចគោលដៅ​សង្គម​សេដ្ឋកិច្ច​របស់​ជាតិ, ជំរុញពិពិធ​កម្ម និង​ផលិតភាព​សេដ្ឋកិច្ច​ឱ្យមាន​ចីរភាព, ធានា​សុវត្ថិភាពកម្មសិទ្ធិ​ដីធ្លី និងជីវភាព​រស់នៅ​របស់​សហគមន៍​ជនបទ និង កាត់បន្ថយ​ជា​អតិបរមា​នូវ​ការ​រេ​ចរិល, ការថយ​ចុះ​ធនធានធម្មជាតិ និង​បរិស្ថាន​, ត្រង់ចំណុ​ច​​នេះ​សម្ដេច​បន្ថែមថា​៖ ជារួម​រាជរដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​លើ​ការដ្ឋាន​កែទម្រង់ ក្នុង​គោល​ដៅ​បង្កើន​បរិយាកាសវិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​។ ក្នុងនោះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ គោល​នយោបាយ​ផ្សេងៗ ដើម្បី​ធ្វើឱ្យ​របបវិនិយោគ និង​ពាណិជ្ជកម្ម​មាន​​ភាពរលូន ស៊ីសង្វាក់​គ្នា​ជាមួយនឹង​ស្តង់ដារ​នៃ​បទបញ្ញត្តិ​អន្តរជាតិ​។ លើសពី​នេះ​រាជរ​ដ្ឋា​ភិ​បាល​​នឹង​ប្រឹងប្រែង​ថែម​ទៀត ក្នុង​ការកាត់បន្ថយរ​បាំង​មិនមែន​ពន្ធគយ​ដែល​រារាំង​ដល់ពា​ណិ​ជ្ជ​​កម្ម, ការបំពេញ​តាម​លក្ខខណ្ឌ​នានា​ ដើម្បី​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដែល​តម្រូវ​ឡើង​ដោយ​សហគមន៍​សេដ្ឋកិច្ចឤ​ស៊ាន, ការពង្រីក​ចំនួនសេវាកម្ម​ច្រកចេញ-ចូល​តែ​មួយ, ការកាត់បន្ថយ​បែបបទ​រដ្ឋបាល​សម្រាប់​ធុរកិច្ច​ក្នុងស្រុក និង​ឆ្លងកាត់​ព្រំដែន ​ហើយ​ជួយ​សម្រួលដល់​លំហូរ​ទំនិញ សេវា និង​មនុស្ស, ការលុបបំបាត់​ចំណាយ​ក្រៅផ្លូវការ​ទាក់ទង នឹង​ធុរកិច្ច និង​ការអភិវឌ្ឍ​ធនធានមនុស្សជាដើម​, រាជរដ្ឋាភិបាល​នឹង​បង្កើន​កិច្ចប្រឹងប្រែង​កែលម្អ ការសម្រួល​ពាណិជ្ជកម្ម ជាពិសេស​ការប្រើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់ការ​ចេញ​វិញ្ញាបនបត្រ​ពន្ធ​គយ និងឤ​ជ្ញាប័​ណ្ណ នាំចេញ​ជា​ដើម​។​

សម្ដេច​តេជោនាយករដ្ឋមន្ត្រី​ បាន​បង្ហាញនូវ​ជំនឿជឿជាក់​ថា កិច្ច​ខំប្រឹងប្រែងខាងលើ​​នេះ នឹង​បង្កើត​ជា​កុសល​ល្អ សម្រាប់​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ​ឱ្យមាន​សន្ទុះលឿន​ទៅ​មុខ។

សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ២០១៤ ជា​សន្និសីទ​លើក​ទី​៨ ដែល​ត្រូវបានសហការ​រៀប​ចំ​ឡើង​ជា​រៀងរាលឆ្នាំ​ដោយវិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បីអភិវឌ្ឍន៍​កម្ពុជា (CDRI) និង​ធនាគារ ANZ Royal​។ សន្និសីទ​នេះ​បាន​ធ្វើឡើង​នៅ សណ្ឋាគារ​អាំងទែរ​កុង​ទី​ណង់​តាល់​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ ​មាន​តំណាង​ចូលរួម​ជា​ថ្នាក់ ដឹកនាំ​មកពី​រាជរដ្ឋាភិបាល វិស័យ​ឯកជន សហគមន៍​ស្រាវជ្រាវ អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​កម្ពុជាប្រ​មាណ​៣៥០​នាក់​។​


ឯកឧត្តម សុក ស៊ីផាន់ណា ប្រធាន​ក្រុមប្រឹក្សាវិទ្យាស្ថាន​បណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បី​អភិវ​ឌ្ឍន៍​កម្ពុជា​ថ្លែងថា សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជាលើកទី​៨ ឆ្នាំ​២០១៤  ផ្តោត​លើ​បញ្ហា​សំខាន់ៗ ដែល​ជា​កត្តា​កំណត់​សម្រាប់​ឱ្យ​ប្រទេសកម្ពុជា សម្រេច​បាន​អនាគត​ដ៏​រុងរឿង​។ បញ្ហា​ទាំងនោះ​រួមមាន ទី​១, ​កំណែទម្រង់នានា​ដែល​នឹង​ធានា​នូវភាព​ប្រកួតប្រជែងផ្នែក​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នៅ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក, ការកែលម្អ​បរិយាកាសអាជីវកម្ម និង​ពាណិជ្ជ​កម្ម, ការលើក​កម្ពស់​អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ, ការ​ពង្រឹងលទ្ធភាព​របស់​សហគមន៍​ក្នុង​ការ​បានប្រើប្រាស់​សេវា​ផ្សេងៗ​។ ទី២, ​តើ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​កម្ពុជាមាន​ជំនាញកាន់​តែ​​ខ្ពស់​ឡើង អាច​ឆ្លើយតប​ទៅនឹងតម្រូវការរបស់​វិស័យ​ឯកជន, មានការបង្កើត​ឱកាស​អប់រំ ប្រកប​ដោយ​គុណភាព សម្រាប់​យុវជន​យុវនារី​កម្ពុជា​ជំនាន់ក្រោយ​។ ទី៣, តើ​រដ្ឋាភិបាល វិស័យ​​ឯកជន និង​សហគមន៍​នានា​អាច​ធ្វើការ​រួម​គ្នា​យ៉ាងណា​បាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ប្រើប្រាស់​ឱកាសល្អផុសចេញ​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ និង​សមា​ហរ​ណ​កម្ម​ក្នុង​តំបន់កាន់តែ​ធំទូលាយ​ឡើង​៕