Friday, February 28, 2014

សម្តេចតេជោ​​និង​​ប្រធាន​​​អង្គការ​ ​JICA​ ​រីក​រាយ​​នឹង​​កិច្ច​​សហ​ប្រតិ​បត្តិការ​​អភិវឌ្ឍន៍​



​​ដោយ​បាន​រំលឹក​ដល់​ប្រទេស​ជប៉ុន ដែល​បាន​ចូល​រួម​ចំណែក​ ​ក្នុង​ការ​​ស្វែង​​រក​​សន្តិភា​ព​នៅ​កម្ពុជា ​និង​បាន​ជួយ​កម្ពុជា​លើវិស័យក្នុង​ការកសាង​ និង​​អភិវឌ្ឍន៍​ប្រទេស​ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ក្នុង​ឱកាស​ទទួល​សវនាការ ជាមួយលោក​ ​Ak​i​h​i​k​o​ ​T​a​n​a​k​a​ ប្រធាន​អង្គការ​ចាយ​កា​(J​I​C​A​​) នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ បាន​មាន​ប្រសាសន៍កត់​សម្គាល់​​ថា​ ​​ឥឡូវ​​​នេះ​ភាគី​​ទាំង​ពីរ (កម្ពុជា-ជប៉ុន) ​បាន​​លើក​​ស្ទួយ​​ទំនាក់​ទំន​ង​ឱ្យ​ក្លាយ​ទៅ​ជា​ដៃ​គូយុទ្ធសាស្ត្រ​។

​​ឯកឧត្តម​ ​អ៊ាង​ ​សុផល្លែត​ ​ជំនួយ​ការ​សម្តេច​តេ​ជោ​ ​នាយក​រដ្ឋ​ មន្ត្រី​​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ក្នុង​ជំនួប​សម្តែងការ​គួរ​សម និង​ពិភាក្សា​ការ​ងារ នៅ​វិមាន​សន្តិភាព​ទី​ស្តី​ការ​នាយ​ក​រដ្ឋ​មន្ត្រី​​​ ​លោក​ ​Ak​i​h​i​k​o​ ​T​a​n​a​k​a​ ប្រធាន​អង្គការ​ចាយ​កា​(J​I​C​A​​)​ បា​ន​​គោរព​ជំរា​ប​ជូន​សម្តេចតេ​ជោ​ថា​ ​លោក​មានសេចក្តី​រីករាយ​​​ជា​ទី​បំផុត​ ដែល​បានធ្វើ​ដំណើរ​តាម​រថយន្ត​ពី​ទី​ក្រុង​ហូជីមិញ​ ​មក​កាន់​ទី​ក្រុង​ភ្នំពេញ​​តាម​ផ្លូវ​ជាតិ​លេខ​១​ ហើយលោក​​ បាន​ឈប់​ពិនិត្យ​មើល​ការ​សាង​សង់​​ស្ពាន​​អ្នក​លឿង​ ឃើញ​ក្រុម​វិស្វករ​ បាន​​និង​​កំពុង​​ធ្វើ​ការ​​សាង​សង់​ ​ហើយ​ស្ពាន​នេះ ​នឹង​ត្រូវ​ចប់​សព្វ​គ្រប់​ដាក់​​ឱ្យ​​ដំណើរ​ការ​នៅ​ខែ​មីនា​ ​ឆ្នាំ​២០១​៥​​ខាង​មុខ​។
លោក​ ​Ak​i​h​i​k​o​ ​T​a​n​a​k​a​ ប្រធាន​អង្គការ​ចាយ​កា​(J​I​C​A​​)​ បាន​មាន​ប្រសាសន៍​​ថា​ ​ការ​ធ្វើ​ដំណើ​រនេះ​ បាន​​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​​នូវ​សារៈ​សំខាន់​ ​នៃ​​ការ​​ជួយ​ដល់​កម្ពុជា​ ​ជា​ពិសេស​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​ដែល​មាន​​ផល​​ប្រយោជន៍​មិន​ត្រឹម​តែ​នៅ​កម្ពុជា​ទេ​​ ជា​ពិសេស​​​​ការ​ត​​ភ្ជាប់​ជា​មួយ​នឹង​តំបន់​តាម​​ក្រប​​ខណ្ឌ​អាស៊ាន​ ក៏​ដូច​ជា​តំបន់​មេគង្គ​ផងដែរ​។​

សម្រាប់​ជំនួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា លោក​ ​Ak​i​h​i​k​o​ ​T​a​n​a​k​a​  បាន​​បញ្ជាក់​ថា​ ការ​ជួយ​​របស់​​ជប៉ុន​តាម​រយៈ​​ផ្លូវ​ជាតិ​លេខ​៥​ ក៏​មាន​សារៈ​សំខាន់​ដូច​គ្នា​នេះ​ដែ​រ​ ហើយ​លោក​ ក៏​​បាន​ជំរាប​ជូន​​សម្តេច​ដែរ​ថា​ ជប៉ុន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ និ​ង​ជួយ​ដល់​កម្ពុជា ​នៅ​លើ​​វិស័យ​​សុខុមាលភាព​​សង្គម​ផង​ដែរ​។​

​សម្តេចតេជោ​ ​ហ៊ុន​ ​សែន​ ​មាន​ប្រសាសន៍វាយ​តម្លៃ​អំពីទំនាក់​ទំនង និង​កិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​ថា ​​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ជប៉ុ​ន​ គឺ​បាន​លើក​ស្ទួយ​​ដល់​ភាព​ជា​ដៃ​គូយុទ្ធ​សាស្ត្រ ​ដែល​នេះ​ ​គឺ​ជា​អ្វី​ដែល​​បាន​​បាន​ប្រកាស​ដោយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ​និង​សម្តេច​តេជោ​ផ្ទាល់ នៅ​ពេល​ដែល​​សម្តេច​ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​ ​កាល​ពី​ខែ​​មេសា ឆ្នាំ២០១៣ ​កន្ល​ង​​ទៅ​នេះ។​
សម្តេច​​តេជោ​បញ្ជាក់​ដែរ​ថា​ ​ប្រទេស​ជប៉ុន ​ក៏​បាន​ចូល​រួម​ចំណែក​ ​ក្នុង​ការ​​ស្វែង​​រក​​សន្តិភា​ព​នៅ​កម្ពុជា​និង​បាន​ជួយ​កម្ពុជា​លើវិស័យ​ អភិវឌ្ឍន៍​ ​ហើយ​​ឥឡូវ​​​នេះ​ ​បាន​​លើក​​ស្ទួយ​​ទំនាក់​ទំន​ង​ឱ្យ​ក្លាយ​ទៅ​ជា​ដៃ​គូយុទ្ធសាស្ត្រ​។ ជប៉ុន​បាន​ដើរតួ​យ៉ាង​សំខាន់​ ​ក្នុង​ការ​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​ គ្រប​​ដណ្តប់​ស្ទើរ​គ្រប់​វិស័យ ដូច​ជា​ការ​កសាង​ស្ពាន​អ្នកលឿ​ង​ និង​ស្ពាន​ដទៃទៀត​ ​រួម​ទាំង​ហេដ្ឋា​រចនា​ សម្ព័ន្ធ​ផ្សេង​ៗ​ ​ដែល​មាន​សារៈ​សំខាន់​ណាស់​ ​ក្នុង​ការ​តភ្ជាប់​​កម្ពុជា​ ​និង​ក្នុង​តំបន់​អាស៊ាន​ ក៏​ដូច​ជា​មេគង្គ​​ផង​ដែរ​។​
សម្តេចតេជោ​​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការ​អបអរសាទរ​ ចំពោះ​ជំនួយ​របស់​ជប៉ុន​ រួម​ទាំង​ជំនួយ​ការ​​សាង​សង់​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ស្រុក​កណ្តាលស្ទឹងការ​ជួយក​ម្ពុជា​លើ​វិស័យ​អគ្គិ​សនី​ ទឹក​ស្អាត​ បណ្តា​ញ​លូ​នៅ​ទីក្រុងភ្នំពេញ​​ ​ការ​ជួយ​​ដល់​​មជ្ឈមណ្ឌល​ដោះមី​ន​​ និង​យុទ្ធ​ភណ្ឌ​​មិន​​ទាន់​ផ្ទុះ​ព្រម​ទាំង​ការ​​ជួយ​ដល់​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​​ឱ្យ​កាន់​តែ​​ទំនើប​ និង​​ទាន់​សម័យ​​ ​ជា​មួយ​នេះ​ សម្តេច​បាន​ស្នើ​សុំ​ឱ្យ​​ការ​​ជួយ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ ​និង​​ទេសចរ​ណ៍​ជប៉ុន​ មក​កាន់​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍​រំលឹក​ឡើង​វិញ​ថា​ ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​ ​ផ្សារ​ទំនើប​ដ៏​ធំ​របស់​ជប៉ុន​ គឺផ្សារ​អ៊ីអន នៅ​រាជ​ធានី​ភ្នំពេញ​នឹង​បញ្ចប់​ការ​សាង​សង់​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​៕