Thursday, March 27, 2014

ឯកឧត្តម​បណ្ឌិត​​សភា​ចារ្យ សុខ អាន នាំ​​យក​​ថវិកា​​រាជ​រដ្ឋា​ភិបាល​​ជិត​ ១លាន​​ដុល្លារ​​ជូន​​អត្ថ​​ពលិក​​ជ័យ​លាភី​​ពី​​ព្រឹត្តិ​ការណ៍​​អន្តរ​ជាតិ​​ធំៗ​​ចំនួន​​៦

នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នាព្រឹក​ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ​២០១៤​ ថវិកា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំនួន ៣.៩២៣.៤០០.០០០រៀល គឺ​ប្រមាណ​ជិត ១​លាន​ដុល្លារ​សហរដ្ខ​អាមេរិក ត្រូវ​បាន​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយ​ក​រដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេចអគ្គ​មហា​សេ​នា​បតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា​នាំ​យក ​ក​ប្រគល់​ជូន​កីឡាករ-កីឡាការិនី​កម្ពុជា ដែល​ដណ្ដើម​បានមេដាយ​ក្នុងព្រឹត្ដិការណ៍​ប្រកួតជា​លក្ខ​ណះ​អន្ដរ​ជាតិធំៗ ចំនួន​៦ ដែល​បញ្ចប់​កាល​ពី​ឆ្នាំ២០១៣ កន្លង​មក​នេះ។

ដោយ​ចាត់ទុក​ការជួបជុំ​គ្នាទទួល​កា​រឧបត្ថម្ភថវិកា​ថ្ងៃនេះ គឺ​ជាសក្ខីភាពប​ញ្ជា​ក់​នូវការ​លើក​ទឹក​ចិត្ត និង​ការគាំទ្រ​របស់​រាជ​រដ្ឋាភិបាល​ដល់​វិស័យកីឡា ជាពិសេស​ក្មួយៗ​កីឡាករ កីឡា​កា​រិនី​ទាំង​អស់ ដែលបាន​ចូលរួមប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧ និងការ​ប្រកួត​អន្តរ​ជាតិ​នានា​នាពេល​កន្លង​មក​ក្នុងនាម​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ក្នុងនាម​ផ្ទាល់ខ្លួន​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​សម្តែង​នូវការ​កោត​សរសើរ និង​អបអរ​សាទរ​ដល់ជ័យ​លាភី​ទាំង​អស់ ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែង និងស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់​រហូត​ទទួល​បានជ័យ​ជំនះ​ ដ៏ធំធេង​ជូនជាតិ​មាតុភូមិ​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​សម្តែង​នូវការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ផង​ដែរ​ ដល់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និងកីឡា គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា សហ​ព័ន្ធកីឡា​ជាតិ និងស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ជាពិសេស​គ្រូបង្វឹក ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ធ្វើ​ឱ្យសម្រេច​ឡើង​នូវសមិទ្ធផល​ដ៏ត្រចះត្រចង់​នេះ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ផ្តល់​ជា​នុសាសន៍​ថា “បើទោះ​បី​ជា​ការ​ប្រកួត​ក្នុងព្រឹត្តិការណ៍​អន្ដរជាតិធំៗ​កន្លង​មក កីឡាករ-កីឡាការិនី​កម្ពុជា​យើង​បាន​ខិត​ខំ​ដណ្ដើម​បានជ័យលាភី​ល្អ​ប្រ​សើរ​ក៏ពិត​មែន ប៉ុន្ដែ​យើង​ទាំង​អស់​គ្នាត្រូវ​ដឹង​ថា នៅ​ឆ្នាំ​២០២៣​ខាង​មុខនេះ កម្ពុជា​ត្រូវ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា SEA Games លើក​ទី​៣២។ ដូច្នេះ​ថ្នាក់​ដឹក កីឡា​គ្រប់​កម្រិត​ទាំងអស់​ត្រូវខិតខំ​ប្រមូល​ផ្ដុំ និង​អភិវឌ្ឍន៍​សមត្ថ​ភាព​កីឡាករ-កីឡាការិនី ឲ្យ​មាន​ភាពរីក​ចម្រើនខ្លាំង​ជាងនេះទៀ​ត ដើម្បី​ដណ្ដើម​មេដា​យ​ឲ្យ​បាន​ច្រើន​ជូន​ប្រទេស​ជាតិ​ក្នុងនាម​យើង​ជាម្ចាស់​ផ្ទះ”។ ទន្ទឹម​នឹង​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ គួរ​បន្ត​ជំរុញការ​កសាង​ធនធាន​មនុស្ស​ផ្នែក​កីឡា​ប្រកប​ដោយ​គុណភាព តាម​រយៈ​ការពង្រឹង​អង្គ​ភាព ស្ថាប័ន​ហ្វឹក​ហ្វឺន​កីឡា​ជាតិ និង​ការផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​ក្មួយៗ​យុវជន​ ដែល​មាន​ចំណង់​ចំណូល​ចិត្ត និងទេពកោសល្យ​ផ្នែក​កីឡា​គ្រូបង្វឹក និង​មន្ត្រី​ជំនាញ​កីឡា​ទៅសិក្សា​និង​បណ្តុះ​ប​ណ្តាល​បន្ត​នៅបណ្តា​ប្រទេស​ដែលមាន​ជំនាញ​ខ្ពស់​ផ្នែក​កីឡា​ទាំង​នោះ។

ជាង​នេះ​ទៅ​ទៀត នៅ​តាម​គ្រឹះស្ថាន​សិក្សា ក៏ដូចជា​នៅ​តាមពហុកីឡដ្ឋាន​រាជធានី-ខេត្ត ក្រសួង​អប់រំ យុវជន និងកីឡា ត្រូវ​យកចិត្ត​ទុកដាក់​ជួសជុល កែលម្អ​ទីលាន​កីឡា កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត បំពាក់​ឧបករណ៍ និង​សម្ភារៈ​កីឡា ដើម្បី​បង្ក​លក្ខណៈ និងផ្តល់​ឱកាស​ដល់​យុវជន​យើង​ធ្វើលំហាត់​អប់រំ​កាយ និងកីឡា រួម​ចំណែក​ដល់​ការកាត់​បន្ថយ​ភាព​អសកម្ម នៅ​ក្នុងសង្គម។

ព្រឹត្តិការណ៍​ប្រកួត​ជាលក្ខណះ​អន្តរ​ជាតិធំៗទាំង៦ ដែល​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន នាំ​យក​ប្រាក់​រង្វាន់​រាជរដ្ឋាភិបាល​មក​ប្រគល់​ជូនអត្តពលិក​កម្ពុជា​នោះ រួម​មាន៖

ទី១, ប្រាក់​រង្វាន់​សម្រាប់​មេដាយ​ដណ្ដើម​បាន​ពីការ​ប្រកួតកីឡា SEA Games លើក​ទី​២៧ នៅ​មី​យ៉ាន់ម៉ា​មាន​ចំនួន ២.៤២៩.៦០០.០០០​រៀល។

ទី២, ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី១៧ នៅ​ឥណ្ឌូនេស៊ី​ទឹកប្រាក់​ចំនួន ១៥៧.០០០.០០០​រៀល។

ទី៣, ការ​ប្រកួត​កីឡាវ៉ូវីណាម​ជើងឯ​កអាស៊ី​លើកទី​២ នៅ​ខេត្តសៀម​រាប​ទឹក​ប្រាក់​ចំនួន ២០៩.៦០០.០០០​រៀល។

ទី៤, ការប្រកួត​កីឡា​ប៉េតង់​អាស៊ី​លើក​ទី​១៦ នៅ​វៀត​ណាម​ទឹក​ប្រាក់​ចំនួន ៨៤.០០០.០០០​រៀល។

ទី៥, ការ​ប្រកួត​កីឡា VII Jeux De la Francophonie លើក​ទី៧ នៅ​បារាំង ទឹក​ប្រាក់​ចំនួន ២២.០០០.០០០​រៀល។

ទី៦, ការ​ប្រកួត​កីឡាតេក្វាន់ដូ​ជើង​ឯក​ក្នុងតំបន់​ប្រទេស​និយាយ​ភាសា​បារាំង​លើកទី​៩ ទឹក​ប្រាក់​ចំនួន ២១.០០០ .០០០​រៀល។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​យុវជន និង​កីឡាបាន​ថ្លែង​ឲ្យដឹង​ថា “ជ័យ​លាភី​ដែល​អត្តពលិក​ដណ្ដើម​បាន​ពីការប្រកួត​កីឡា SEA Games សម្រាប់​រង្វាន់​មេដាយ​មាស គឺទទួល​បាន ៤០​លានរៀល, មេដាយ​ប្រាក់ ៣០​លានរៀល និង​មេដាយ​សំរិទ្ធ ១៦​លាន​រៀល។ ប្រាក់​រង្វាន់​ជ័យលាភី​ជើងឯក​អាស៊ី និង​ការប្រកួត​កីឡា Francophonie មេ​ដាយ​មាស ទទួល​បាន ១៦​លានរៀល, មេដាយ​ប្រាក់ ១៣​លានរៀល និង​មេដាយ​សំរិទ្ធ ចំនួន ១១​លានរៀល។ រីឯ​ប្រាក់រង្វាន់​ជើងឯ​កអាស៊ី​អាគ្នេយ៍ និង​ជើងឯក​តេក្វាន់ដូ Francophonie មេដាយ​មាស​ទទួល​បាន ៩​លានរៀល, មេដាយ​ប្រាក់ ៨​លានរៀល និង​មេដាយ​សំរិទ្ធ ទទួល​បាន ៧​លានរៀល។

សូម​បញ្ជាក់ដែរ​ថា ការ​យកចិត្ត​ទុកដាក់​ និងការ​គាំទ្រ​ទាំងនេះ ក្រៅ​ពីការ​ចំណាយ​ថវិការដ្ឋ​ដ៏​ច្រើន​សម្រាប់​វិស័យ​នេះ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន​ សែន ក៏បាន​ផ្តល់ជា​អនុ​សាស​ន៍​ណែ​នាំ​ និង​ការផ្តល់​ថវិកាផ្ទាល់​របស់សម្តេច​តេជោជូន​ដល់គ្រប់​កីឡាករ កីឡា​ការិនី មុនពេល​ចេញ​ទៅ​ប្រកួត​ផង​ដែរ៕