Thursday, March 27, 2014

សម្តេច​តេជោ​៖ វារី​អគ្គិ​សនី​ស្ទឹង​​អា​តៃ​ជា​ធុង​​អាគុយ​​របស់​​កម្ពុជា

ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អាតៃ ដែល​មាន​អានុភាព ១២០​មេហ្កា​វ៉ាត់ ស្ថិតនៅក្នុង​ទឹកដីឃុំ​អូរ​ពាម ស្រុក​ភ្នំ​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​វិនិយោគ​សាង​សង់​ដោយ​ក្រុមហ៊ុន China Datang Corporation (​ឆាយ​ណា​ដា​តាំង​គ្រុប) ​​នឹង​ត្រូវ​សម្ពោធដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការនា​ព្រឹក ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រោយ​ពី​សាងសង់ចប់​មុន​ផែនការ​កំណត់រយៈ​ពេល ៦​ខែ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី។

ដោយ​បាន​ចាត់​ទុក ​តំបន់​អាតៃថា​ ជាធុង​អាគុយ​របស់​កម្ពុជា នៅ​ក្នុង​ឱកាស​ទទួល​ជួប​សវនា​ការ​ជាមួយ​លោក Wang Yeping ​ប្រធាន​ក្រុមហ៊ុន China Datang Corporation នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ទីស្តីការ​គណៈរដ្ឋមន្ត្រី សម្ដេចតេជោ​នា​យក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​ក្រុមហ៊ុន China Datang Corporation ដែល​បាន​រួម​ចំណែក​ដល់​ការអភិវឌ្ឍ នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​វា​រីអគ្គិ​សនី​ស្ទឹង​អាតៃ។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ជា​ការពិត​ណាស់​ក្រុមហ៊ុន China Datang Corporation បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​តាម​រយៈ​ការអភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​អាតៃ​។ សម្ដេច​តេជោបន្តថា ពី​ដើម​មក​មិន​ដែលមានការគិត​ច្រើន​ទេ​ថា តំបន់​អាតៃ​អាចក្លាយទៅជា​ធុងអាគុយ​របស់​កម្ពុជា​ គឺមានតែអ្នកវិទ្យាសាស្ត្រ​តែ​ប៉ុណ្ណោះ​ដែល​អាចគិត​ឃើញ ហើយ​ពេលនេះ​ទៀត​គម្រោង​នេះ ត្រូវបាន​សាងសង់​ចប់​មុន​កាល​កំណត់​។ ព្រមជាមួយ​ការកោតសរសើរ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍​ដល់​ក្រុមហ៊ុន​ដា​តាំង​ឱ្យ​ចូលរួម​អភិវឌ្ឍន៍​លើគម្រោង​ដទៃ​ទៀត​ដែល​ក្រុមហ៊ុន អាចមាន​លទ្ធ​ភាព​​ជា​ពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា លោក Wang Yeping ​​ប្រធាន​ក្រុមហ៊ុន China Datang Corporation បាន​ជម្រាប​សម្ដេច​តេជោ​ថា ក្រុមហ៊ុន​របស់​លោក គឺជា​ក្រុមហ៊ុន​មួយ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ ចំនួន៥០០​ នៅ​ទូទាំង​ពិភព​លោក​។ ក្រុមហ៊ុន China Datang Corporation បាន​ផលិត​អគ្គិសនី​១២០ លាន​គីឡូវ៉ាត់ នៅ​ក្នុង​ប្រទេស​ចិន ដោយឡែកនៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុនមាន​គម្រោង​ចំនួន​២  ក្នុងនោះ​គម្រោង​ទី​១ គឺ​គម្រោងវា​រី​អគ្គិសនី​ស្ទឹង​អាតៃ​។ លោក វ៉ាង យីពីង (Wang Yeping) បន្តថា វត្ត​មាន​របស់​លោកមក​កាន់​កម្ពុជា នៅពេលនេះ គឺ​ដើម្បីចូលរួម​ពិធី​សម្ពោធ​បើក​ប្រើប្រាស់​វា​រី​អគ្គិ​សនី​ស្ទឹង​អាតៃ នៅ​ថ្ងៃទី​២៧​មីនា ដោយ​វា​រី​អគ្គិសនី​ស្ទឹង​អាតៃនេះ បាន​សាងសង់​ចប់​មុន​ផែន​ការ​កំណត់​៦​ខែ​។ លោក​ប្រធាន​ក្រុមហ៊ុន សង្ឃឹមថា តាមរយៈគម្រោងវា​រី​អគ្គិសនី​ស្ទឹង​អាតៃ នឹង​បាន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ព្រះរាជា​ណាចក្រ​កម្ពុជា​៕