Thursday, March 27, 2014

បទអត្ថាធិប្បាយ៖ គេ​មិន​អាច​​​ប្រៀប​​ធៀប​​ស្ថាន​​ការណ៍​​​នយោបាយ​​ប្រទេស​​អ៊ុយ​​ក្រែន មកនឹង​​កម្ពុជា​បាន​ទេ!


​ដោយៈ សម សុត្ថា


ថ្មី​ៗ​នេះមា​នការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ដោយសារ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​អ៊ុ​យ​ក្រែន និង​វិបត្តិ​បូរណ​ភាព​ទឹក​ដី​នៅ​តំបន់​ក្រាយមៀ (Crimea) ដែល​ជា​តំបន់រដ្ឋ​ស្វយ័ត​របស់​អ៊ុយ​ក្រែន។

នៅថ្ងៃ​ទី២២ ខែ​កុម្ភៈ កន្លងទៅនេះ ក្រុម​បក្ស​ប្រឆាំង​ប្រទេស​អ៊ុយ​ក្រែន បាន​ប្រមូល​តំណាង​រាស្ដ្រ​លើស​ពី ២ភាគ៣ បោះ​ឆ្នោត​ទម្លាក់​លោកប្រធានា​ធិប​​​តី Viktor Yanukovick ពី​តំណែង ​បន្ទាប់​ពី​រូបលោករត់ចេញពីទីក្រុងគីវ។ ​​​ព្រឹត្តិ​ការណ៍​នេះ ​បាន​ញ៉ាំង​ឲ្យ​ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​​ធ្វើ​ការ​គាប​សង្កត់​ដោយ​ប្រើ​ប្រាស់​កង​កម្លាំង​យោធា​​ ដែល​​មាន​នៅ​ទីនោះ​ស្រាប់ នៅទីក្រុង​សេវាស្ដូប៉ូល(Seveastopol) ជា​កំពង់​ផែ​ចំណតនាវាចម្បាំងរបស់រុស្ស៊ីផងដែរ​ ដែលមាន​ទីតាំង​នៅ​ទី​នោះ។ កងកម្លាំង​ទ័ព​រុស្ស៊ី​នៅ​ក្រាយមៀបាន​ដ​ណ្ដើម​យកវិមាន​រដ្ឋាភិបាល​ និងវិមាន​សភា​តំណាង​រាស្រ្ដ។ នៅចុង​ខែកុម្ភៈ​ សភា​ក្រាយមៀ​បានតែងតាំង ​លោក​ Sergei Aksyonov ជានាយក​រដ្ឋ​មន្រ្ដី។ ​រូបលោក​នេះឯង​បាន​រៀបចំ​កម្លាំង​ប៉ូលិស ​និងយោ​ធា​ថ្មីទាំងអស់។ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ប្រជាពលរដ្ឋ​នៅ​តំបន់​ស្វយ័ត​​​ក្រាយមៀ បាន​បោះ​ឆ្នោត​ប្រជាមតិសម្រេច​ផ្ដាច់​ខ្លួន​ចេញ​ពី​អធិប​តេយ្យ​​របស់​អ៊ុយ​ក្រែន ដើម្បី​ភ្ជាប់​តំបន់​​ស្វយ័ត​នេះ ទៅ​នៅ​ក្រោម​អធិបតេយ្យ​របស់​រុស្ស៊ីវិញ។

រឿង​រ៉ាវ​នៅ​ប្រទេស​អ៊ុយ​ក្រែន និង​តំបន់​ស្វយ័ត​ក្រាយមៀ បាន​កញ្ឆក់​អារម្មណ៍​ពិភព​លោក​តាម​រយៈ​​ទំព័រ​កាសែត និង​ទូរទស្សន៍​អន្ដរ​ជាតិ​គ្រប់​ទីកន្លែង។ ម្យ៉ាង​វិ​ញទៀត វិបត្តិនេះ​បាន​ឈាន​ដល់​ការ​ប្រឈម​មុខ​គ្នារវាង​រុស្ស៊ី ដែល​ជា​មហា​អំណាច​បរមាណូ និង​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​នៅ​លោក​ខាង​កើត និង​សហរដ្ឋ​អាមេរិក​ដែល​ជា​មេដឹក​នាំ​កម្លាំង​យោធា​អូតង់ (OTANNATO) រួម​ទាំង​ការ​ប្រឈម​មុខ​ជាមួយ​សហភាព​អឺរ៉ុប​​​​ផង​ដែរ។

ដោយទ្បែកនៅកម្ពុជា បក្សប្រឆាំង​តាម​រយៈ​បទ​វិភាគរបស់​ខ្លួន ​បាន​ភ្ជាប់​រឿង​រ៉ាវ​នេះ​ទៅ​នឹង ប្រធាន​បទ​​យ៉ាង​នេះ​ថា «តើ​ជម្លោះ​នៅ​តំបន់​ក្រាយមៀ អាច​ជា​បទ​ពិសោធន៍​សម្រាប់​រដ្ឋាភិបាល និងប្រជាពលរដ្ឋ​កម្ពុជា​ឬទេ? » ។

ឆ្លើយត​ប​ទៅ​នឹង​បទ​វិភាគ ​ដែលពុំបាន​ផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ដ​​​ យើង​យល់​ថា​ បក្ស​ប្រឆាំង​​​​​មិន​បាន​​យល់ច្បាស់​អំពី​ព្រឹតិ្ដការណ៍​នយោបាយ និង​ភូមិ​សាស្ដ្រ​នៃ​តំបន់​នោះ ហើយ​ខិតខំ លើកយក​មក​ប្រៀប​ធៀប​ជាមួយ​ព្រឹត្តិការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​​កម្ពុជា។ ក្នុង​ន័យ​នេះ​ហើយ ដែល​​ចាំបាច់​ឲ្យ​យើង​​​ធ្វើ​ការ​លើក​បង្ហាញ​ ដើម្បី​ជៀស​វាង​ការ​យល់​ច្រឡំ​ពី​សំណាក់​បងប្អូន​​ជន​រួម​ជាតិ​ខ្មែរ​ ដែល​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម៖

ទី១៖ ប្រវត្តិសាស្ដ្រ​បាន​បង្ហាញ​ថា ភូមិ​ភាគ​ក្រាយមៀ ម្ដង​​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​រុស្ស៊ី នៅ​ក្រោម​សហភាព​សូវៀត​ អស់​រយៈ​ពេល​ជាង ២០០ឆ្នាំមក​ហើយ។​ ​នៅ​ឆ្នាំ​១៩៥៤ គណៈ​ដឹកនាំ​ជាន់​ខ្ពស់​​សូវៀត បាន​ផ្ទេរ​ក្រាយមៀឲ្យ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យ​របស់​​អ៊ុយក្រែន។

ក្រោយ​មក ​នៅ​ឆ្នាំ​១៩៩១ បន្ទាប់​ពី​សហភាព​សូវៀត​ត្រូវបាន​​ដួល​រលំ​ ប្រទេស​រុស្ស៊ី​ សហរដ្ឋ​អាមេរិក និង​ប្រទេស​អង់​គ្លេស​ បាន​ឯក​ភាពរៀប​ចំ​ធ្វើ​កិច្ច​​​ព្រម​ព្រៀង​រួមគ្នា​មួយ​ដើម្បី​​​​​​ឲ្យ​ប្រទេស​​អ៊ុយក្រែន​ទទួល​បាន​នូវ​ឯករាជ្យ​បរិបូរណ៍ ​និង​ឲ្យ​ភូមិ​ភាគ​ក្រាយមៀស្ថិតនៅ​ក្រោម​អធិប​តេយ្យ​របស់​អ៊ុយក្រែន។

ទី២៖ ដោយ​ហេតុ​ថា ប្រទេស​អ៊ុយ​ក្រែន​ កាល​ពី​នៅ​​ក្រោម​អធិបតេយ្យ​របស់​​សហភាព​សូវៀត​នោះ ​ជា​សាធារណរដ្ឋ​មួយ​ដែល​មាន​ឥទ្ធិ​ពលយ៉ាង​ខ្លាំង​ក្លា​ជា​ប្រទេស​លេខ៣ ខាង​ផលិត​គ្រាប់​បែក​បរមាណូ។ ប៉ុន្ដែក្រោយ​ពី​សហភាព​សូវៀត​ដួលរលំ មហា​អំណាច​ទាំងអស់មិន​ចង់​ឲ្យ​មាន​​ប្រទេស​មួយ​ទៀត ក្លាយ​​ទៅ​ជា​មហា​អំណាចបរមាណូ​​ទី​៦ ​នោះទេ។ ដូចនេះ កិច្ច​ព្រម​ព្រៀង​ឆ្នាំ​១៩៩៤ ​ត្រូវ​ទទួល​ស្គាល់​ឯក​រាជ្យ​​​ពេញ​លេញ​របស់​អ៊ុយ​ក្រែន​ ​តម្រូវ​ឲ្យ​ប្រទេស​អ៊ុយក្រែន​បំផ្លាញ​ចោល​ឲ្យ​អស់​នូវ​គ្រាប់​បែក​បរមាណូ​របស់​ខ្លួន​ដែល​មាន​​។ បន្ទាប់ពីកិច្ច​ព្រម​ព្រៀងនេះ ប្រទេស​អ៊ុយ​ក្រែន​បាន​បញ្ជូន​គ្រាប់​បែ​ក​ទាំង​អស់​ ប្រមាណ ១៩០០គ្រាប់ ប្រគល់​ឲ្យ​ប្រទេស​រុស្ស៊ី​កម្ទេចចោល​​ទាំង​ស្រុង។

ទី៣៖ បើ​ពិនិត្យ​អំពី​សភាព​ការណ៍​នៃការ​ចាក​​​ចេញនៃជន​ជាតិ​រុស្ស៊ី​ តាំង​ពី​ដើមមក​ ពិសេស​ជំនាន់ប្រទេស​​រុស្ស៊ី​ និងប្រទេស​​អ៊ុយ​ក្រែន ​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​សហភាព​សូវៀត​នោះ បាន​ចាក​ចេញជា​ច្រើន​ម៉ឺន​សែន​នាក់ ​ទៅ​នៅ​ជ្រក​កោន​ប្រទេស​នានា (ហើយ​បាន​ក្លាយ​ទៅ​ជា​ប្រជាពលរដ្ឋយ៉ាង​ស្របច្បាប់របស់​ប្រទេស​ទាំងនោះ)​។​ ឧទារហណ៍​ បច្ចុប្បន្ន​នៅ​ប្រទេស​អ៊ុយ​ក្រែន​មានជន​ជាតិ​រុស្ស៊ី​ចំនួនជាង ៨លាន​នាក់ ប្រទេស​អ៊ីស្រាអែល ១លាននាក់។ល។ ដោយឡែក ​នៅ​តំបន់​ស្វយ័​ត​ក្រាយ​មៀ មាន​ជា​ជន​ជាតិ​រុស្ស៊ី​​ចំនួន​ភាគ​ច្រើន​ដាច់​ខាតលើស​ពី ៥៨% (ឬ​ជាង​ ១លាននាក់​ក្នុង​ចំណោម​តំបន់​ក្រាយមៀ​ ដែល​មានប្រជាជន​​តែ​ ២លាន​នាក់​ប៉ុណ្ណោះ) ។

ដូច្នេះ ការ​រៀប​រាប់​​​ខាង​លើនេះ បើយកមក​ឆ្លុះ​បញ្ចាំង​សភាព​ការណ៍​នៅ​កម្ពុជានោះ​​ គឺ​ខុស​ទាំង​ស្រុងតែ​ម្ដង​។

បក្ស​ប្រឆាំង​តែង​​លើក​ឡើង​ដោយ​ភ្ជាប់​ជន​ជាតិ​វៀត​ណាម ដែល​​​បាន​មក​រស់​នៅ​មួយ​ចំនួន​​នៅ​កម្ពុជាជា​ត្រីមុខ​ក្នុង​របរ​នយោបាយរបស់​ខ្លួន​​​។​ តាម​ធាតុ​ពិត​នេះ គ្រាន់តែជាលេស​របស់​បក្ស​ប្រឆាំង​ដើម្បី​លេង​ល្បែង​នយោបាយប្រជាភិថុតិ​​ ក្នុងន័យបញ្ឆេះកំហឹងជាតិសាសន៍ ដើម្បី​បម្រើ​​ឲ្យ​មហិច្ឆតា​ស្រេក​ឃ្លាន​អំណាច​របស់ខ្លួនតែប៉ុណ្ណោះ។​ ព្រោះថា​ ​ជន​ជាតិ​វៀត​ណាម​ដែល​រស់​នៅ​កម្ពុជា​ទាំង​នោះ ដែល​មាន​សែ​ស្រឡាយ​ជា​វៀត​ណាម​ តែ​ទម្លាប់ ប្រពៃ​ណី​របស់​ពួក​គេ​ជា​ពលរដ្ឋ​ខ្មែរ​ទៅហើយ ដូច​អនិក​ជន​​ខ្មែរ​រាប់​ម៉ឺន​រាប់​សែន​នាក់ ដែលភៀស​ខ្លួន​ពីកម្ពុជា​ តាំង​ពី​ឆ្នាំ​១៩៧៥ ទៅ​រស់​នៅ​ប្រទេស​បារាំង​ សហរដ្ឋ​អាមេរិក អូស្ដ្រាលី កាណាដា។ល។ គេ​បាន​ក្លាយ​ខ្លួន​ជាប្រជាពលរដ្ឋ​របស់​ប្រទេស​នោះនោះ​ទៅហើយ។​

ក្នុងន័យ​ដែល​បក្ស​ប្រឆាំងថា​ ខ្លួន​ភ័យ​បារម្ភ​​ចំពោះ​ជន​ជាតិ​វៀត​ណាមដែល​មាន​​សញ្ជាតិ​ខ្មែរ ​​រស់​នៅ​​លើ​ទឹក​ដី​កម្ពុជា​នោះ គឺជន​ជាតិ​វៀត​ណាម​ទាំង​នោះ​ មិន​អាច​លើក​គ្នា​ទាម​ទារ​​ធ្វើ​ប្រជាមតិ​ដូច​នៅ​ក្រាយមៀ​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​បាន​​ឡើយ។ ម្យ៉ាង​វិញ​ទៀត​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​កន្លងទៅ​ ដែល​បាន​រៀបចំទ្បើង​នៅថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​កម្ពុជា ១០០% បានសម្ដែង​ឆន្ទៈរៀង​ៗ​ខ្លួន ​​បោះ​ឆ្នោត​សម្រេច​ជ្រើស​រើស​តំណាង​របស់​ខ្លួន ដើម្បី​​​ការ​ពារ​សុខមាលភាព​​ និង​​​សុខដុមរមនា​ ពិសេស​សន្ដិភាព និងស្ថេរភាពសង្គម។ នៅ​ក្រាយមៀ​ ការ​បោះឆ្នោត​ប្រជាមតិ​ កាល​ពី​ថ្ងៃទី១៦ ខែ​មីនា កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា រដ្ឋ​បាល​ តំណាង​រាស្ដ្រ និងប្រជាជន​របស់​ក្រាយមៀ​​ដែល​ចេញ​ទៅ​បោះឆ្នោត​ចំនួន ៨៣% បាន​សម្ដែង​មតិ​៩៦,៧% ដើម្បី​ភ្ជាប់​ខ្លួន​ទៅនឹង​អធិបតេយ្យរបស់រុស្ស៊ី។

ដូច្នេះ គេ​ត្រូវ​យល់​ថា ដើម​ចម​នៃការ​បំបែក​ភូមិ​ភាគ​ក្រាយមៀ គឺ​មក​ពី​ប្រជាជន​អ៊ុយ​ក្រែន និង​តំណាង​រាស្ដ្រ​ជាង ២ភាគ៣ របស់​ប្រទេស​អ៊ុយ​ក្រែន​បាន​បោះឆ្នោត​ទម្លាក់​លោក​ប្រធានា​ធិបតី​ Viktor Yanukovick

នៅ​ឆ្នាំ​២០១០ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​កម្លាំង​ប៉ូល​ពីរប្រទាញ​គ្នាគឺ កម្លាំង​ប្រជាពលរដ្ឋ​ដែល​និយាយ​ភាសា​​រុស្ស៊ី ​នៅ​ភូមិ​ភាគ​ខាង​កើត​គាំទ្រ​លោក​ Yanukovick និង​ប្រមាណ​​ពាក់​កណ្ដាល​ទៀត នៅ​ភូមិភាគ​ខាង​លិចនៃ​ប្រទេស​អ៊ុយ​ក្រែន ដែល​និយាយ​ភាសា​អ៊ុយ​ក្រែន និងមាន​ទំនោរ​ទៅ​​សហគមន៍​អឺរ៉ុប ដែល​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ស្រី Yulia Tymoshinko ។ លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​កាលនោះ លោក​ស្រី Tymoshinko ​ទទួលបាន​ប្រមាណជាង​ ៤៩% ​និង​លោក​ Yanukovick បានប្រមាណ​ជាង​ ៥០% ប៉ុណ្ណោះ។ គណបក្ស​របស់​លោក Yanukovick ​ជា​អ្នក​និយម​ប៉ូល​រុស៊្សី​ ត្រូវ​ការ​រំពឹង​លើ​សេដ្ឋ​កិច្ច​ នឹងពាណិជ្ជ​កម្ម​ជាមួយ​ប្រទេសរុស្ស៊ី។ រីឯ​គណបក្ស​សម្ព័ន្ធ​របស់​លោកស្រី Tymoshinko ​ជា​ក្រុម​ដែល​និយម​លោក​ខាង​លិច ហើយ​ខិ​តខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​អ៊ុយ​ក្រែន ​ចូល​ជា​សមាជិក​ក្នុង​​សហគមន៍​អឺរ៉ុប។ ​
ជា​សរុប​ ការ​ប្រៀប​ធៀបស្ថានភាព​នយោបាយ​បច្ចុប្បន្ន​របស់​កម្ពុជា ទៅនឹង​ស្ថានភាព​​នយោបាយ​ សេដ្ឋ​កិច្ច​ ភូមិ​សាស្ដ្រ និង​ប្រវត្តិសាស្ដ្រ​របស់​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយ​ក្រែន និង​តំបន់​ស្វយ័ត​ក្រាយមៀ គឺ​ផ្ទុយ​​ស្រឡះ។

យើង​យល់​ថា បក្ស​ប្រឆាំង​ក្ដី អ្នក​តាំងខ្លួនជា​អ្នកវិភាគ​ឯករាជ្យ​ក្ដី សង្គមស៊ីវិល​ក្ដី គួរ​ខិត​ខំ​ស្រាវ​ជ្រាវ​ស្វែង​យល់​ឲ្យ​ច្បាស់អំពីស្ថានភាព​នយោបាយ ព្រឹត្តិការណ៍​ពិត ដែល​ប្រទេសនានាបាន​ជួប​ប្រទះ ​ដូច​កាល​បក្ស​ប្រឆាំង​បាន​យក​បដិវត្តន៍​ផ្កាម្លិះ​នៅអារ៉ាប់​មក​ប្រៀប​ធៀប​សភាព​ការណ៍​​កម្ពុជា ដើម្បី​ធ្វើ​វិទ្ធង្សនា ប្រជាភិថុតិ អុចអាល បំផុស​បំផុល បំបះបំបោរ​សភាពការណ៍​ដែល​កំពុង​ស្ងប់​ស្ងាត់​នៅ​កម្ពុជា​ឲ្យ​ផ្ទុះ​ឡើងតែ​ប៉ុណ្ណោះ។


ក្នុង​ន័យ​នេះ ក្នុង​ឋានៈខ្លួន​ជា​គណបក្ស​ចាញ់​ឆ្នោតត្រូវចេះ​សម្រប​ស្រួល​ជាមួយ​គណបក្ស​​​ឈ្នះឆ្នោត​ ជា​ជាងចំណាយ​ពេល​ឥត​ប្រយោជន៍​យក​រឿង​រ៉ាវ​ប្រទេស​គេ មក​ប្រៀប​ធៀប​ប្រទេស របស់ខ្លួនក្នុងការកេងចំណេញផ្នែកនយោបាយតទៅទៀត៕