Thursday, March 27, 2014

ទស្សនៈ កម្ពុជា​​បាន​​ឈាន​​ដល់ «រដូវឆ្កួតៗ» ហើយ

នៅ​ប្រទេស​អូស្ដ្រាលី មានកាសែត​ជាច្រើន បាន​ឲ្យ​ឈ្មោះសប្ដាហ៍​ជុំ​វិញបុណ្យ​ណូអែល និង​ជុំវិញ​បុណ្យ​ឆ្នាំ​ថ្មី​សកល ថា​ជា​ «រដូវ​ឆ្កួតៗ» ៖ ព្រោះ​ថា ប្រជាជន​គេ​បាន​រវល់​ណាស់​នៅ​ក្នុង​រដូវ​វិសមកាល​នេះ ហើយ​គេ​ពុំ​រវល់​នូវ​ព័ត៌មាន​សំខាន់​ៗ​ណា​នោះទេ។ គឺ​ជា​រដូវ​ប្រចាំ​ឆ្នាំ ដែល​គេ​រវល់​នឹង​ស៊ីចុក​ និង​ជួប​ជុំ​គ្នា។

បើ​គេ​មើល​ទៅ​ហាក់​ដូច​ឃើញ​ថាកម្ពុជា​កំពុង​តែ​ឈាន​ជើង​ដល់​ «រដូវ​ឆ្កួត​ៗ» ​របស់​​ខ្លួន​ ដែល​គេ​កំពុង​ឆ្ពោះ​ទៅ​រដូវ​ចូល​ឆ្នាំ​ថ្មី។ នេះ​គឺ​បាន​បង្ហាញ​ជាក់​ស្ដែង​យ៉ាង​សាមញ្ញ រឿង​រ៉ាវ​ដែល​លេច​ចេញ​ក្នុង​ទំព័រ​កាសែត Cambodia Daily និង​ទំព័រ​កាសែត Phnom Penh Post ​ចុះ​ផ្សាយ​កាល​ពី​​ថ្ងៃ​សុក្រ​កន្លង​ទៅ។ កាសែត​ទាំង​នេះ បាន​ផ្សាយ​ថា មាន​ “អង្គ​ការ​សិទ្ធិ​មនុស្ស​មួយ​ក្រុម” ដែល​មិន​បញ្ចេញ​ឈ្មោះ  ហើយ​និង​បុគ្គល​មួយ​ចំនួន បាន​ចុះ​ឈ្មោះ​ប្ដឹង​ទៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្ដរ​ជាតិ (ICC) ចោទ​ប្រកាន់​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ពីបទ​ប្រល័យ​​ពូជ​សាសន៍​​ និង​​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​ទៀត។

លោក Morton Sklar ដែល​ជា​មេធាវី​តំណាង​ឲ្យ​ដើម​ចោទ ដែល​គេ​បាន​ដក​ស្រង់​សម្ដី​របស់​គាត់​ និយាយ​ថា៖ “​ដែល​គេ​​បាន​ចោទ​អំពីបទ​​ប្រល័យ​ពូជ​សាសន៍នោះ គឺ​គេ​បាន​ផ្អែក​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ លោក ហ៊ុន សែន ក្នុង​ការ​លូក​ដៃ​ចូល​ទៅ​ក្នុង​ដំណើរ​ការ​ នៃ​ការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ​កាត់​ទោស​មេដឹកនាំ​​ខ្មែរ​ក្រហម​ ហើយ​និង​បំណង​បញ្ឈប់​ការ​ស៊ើប​អង្កេត និង​ការ​​ចោទ​ប្រកាន់​ពី​ទោស​អំពើ​ឃោរ​ឃៅ​នៃ​របប​ខ្មែរក្រហម​កន្លង​មក​ ដើម្បី​ការ​ពារ​សមាជិក​មួយ​ចំនួនក្នុង​រដ្ឋាភិបាល​ លោក ហ៊ុន សែន ពី​ការ​ជាប់​ទោស​ឧក្រិដ្ឋ ។ ”

ក្នុង​ន័យនេះ លោក Sklar និង​ក្រុម​អថិតិជន​របស់​គាត់ជាក់​ស្ដែងកំពុង​​មាន​ជំងឺ​បាត់​ការ​ចង​ចាំ។ វា​ឆ្ងាយ​ពី​ការ​ចោទ​ប្រកាន់ ​ដែល​គេថា​បាន​លូក​លាន់​ទៅ​នឹង​ការ​ស៊ើប​អង្កេត និង​​ការ​កាត់​ទោសពី​បទ​ឧក្រិដ្ឋ​កម្ម​នៃ​របប​ខ្មែរ​ក្រហមនោះ លោក ហ៊ុន សែន ប្រហែល​ជា​បាន​ធ្វើ​អ្វី​ៗ លើស​ពី​នរណា​ៗ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ ដើម្បី​រក​យុត្តិធម៌​ឲ្យ​អ្នក​ទាំង​នោះ។

នៅ​ឆ្នាំ​១៩៩៧ ​សហ​នាយករដ្ឋមន្ដ្រី គឺ​លោក ហ៊ុន សែន និង នរោត្តម រណឫទ្ធិ ​ជា​អ្នក​​ដែល​​បាន​សរសេរ​លិខិត​ទៅ​កាន់​អង្គការ​សហប្រជាជាតិ សុំ​ការជួយ​​យ៉ាង​ណា​​យក​ខ្មែរ​ក្រហម​ទៅ​កាត់​ទោស។

នៅ​ដើម​ឆ្នាំ​២០០២ នៅ​ពេល​ដែល​ការិយាល័យទទួល​បន្ទុក​​ផ្នែក​កិច្ច​ការ​ច្បាប់​របស់​អង្គ​ការ​សហប្រជាជាតិ បានដក​ខ្លួន​ចេញ​​​ពី​កិច្ច​​ចរចា​គ្នា​ដើម្បី​បង្កើត​សាលា​ក្ដី​ខ្មែរ​ក្រហម​នោះ រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន បាន​ប្រឹង​ប្រែង​បន្ដ​ធ្វើកិច្ច​ការ​ទូត ​អស់​រយៈ​ពេល​ប្រមាណ១០​ខែ ដើម្បី​ជំរុញ​​ឲ្យ​មានសេចក្ដី​សម្រេច​នៅ​​មហា​សនិ្នបាត​អង្គ​ការ​សហប្រជា​ជាតិ ដើម្បី​តម្រូវ​ឲ្យ​ការិយាល័យទទួល​បន្ទុក​​ផ្នែក​កិច្ច​ការ​ច្បាប់នេះ ចូល​ខ្លួនវិញ​​មក​ចរចា​គ្នា​ជាមួយ​​នឹង​កម្ពុជាដើម្បីរៀប​ចំបង្កើត​សាលាក្ដី​មួយ​​នេះ។

ទោះ​បី​កាល​​ដើម​ឡើយ​ គេ​ប្រមើល​គិត​ថា សាលា​ក្ដី​នេះ​នឹង​មាន​រយៈ

ពេល​តែ​​៣ឆ្នាំ​ប៉ុណ្ណោះ តែ​ការ​ពិត​ការ​​ប្រព្រឹត្តិ​ទៅ​នៃ​សាលា​ក្ដីនេះ បាន​ដំណើរ​ការ​ជាង ១ទសវត្សន៍​ទៅ​ហើយ រីឯ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​កើន​​យ៉ាង​សន្ធឹក​សន្ធាប់ ច្រើន​ដង​ហួស​ពី​ការ​គិត។ ​កម្ពុជា​ ជា​ប្រទេស​ទីបី ដែល​បាន​ផ្ដល់​ថវិកា​ច្រើន​ជាង​គេ​ដល់​ដំណើរ​ការ​នៃ​តុលាការនេះ បើ​ប្រៀប​ធៀប​ការផ្ដល់​ជំនួយ​ជា​ថវិកា​នេះ​ ទៅនឹងផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) កម្ពុជាគឺ​ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំជាង​គេ​បង្អស់។

ការ​ខិត​ខំប្រឹង​ប្រែង​ដើម្បី​យក​មេដឹកនាំ​ខ្មែរ​ក្រហម​មក​កាត់​ទោស មិន​​មែន​ទើប​តែ​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៩៧ នោះទេ។ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​សរសេ​រ​លិខិត​ផ្ញើ​ជូន​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ អំពាវនាវ​សុំ​ឲ្យ​មាន​សាលា​ក្ដី​អន្ដរ​ជាតិ​សម្រាប់​កាត់​ទោស​ខ្មែរ​ក្រហម។ កាល​ណោះ កា​រ​អំពាវនាវ​នេះ អង្គការ​សហប្រជាជាតិ​មិន​បាន​អើពើ​ទេ។ យើង​សូម​​អរគុណ​ណាស់ចំពោះ​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាលលោក​ខាង​លិច​មួយ​ចំនួន​ទៀត ដែល​បាន​ប្រើ​ឥទ្ធិ​ពល​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រហម​នៅ​កាន់​កាប់​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ។ លោក Ronald Reagan បាន​ទទួល​អនិច្ចកម្ម​ទៅហើយ ដូច្នេះ​វា​យឺត​ពេលហើយ ដែល​យក​លោក​ទៅ​កាត់​ទោស​ក្នុង​ពេល​ដែល​លោក​ការ​ពារ​របប​ខ្មែរ​ក្រហម​ ប៉ុន្ដែ​អនុប្រធានាធិបតី​របស់​លោក George H.W Bush នៅ​​រស់​នៅ​ឡើយ អញ្ចឹង​ប្រហែល​ជា​កូន​ក្ដី​របស់​លោក Sklar អា​ច​នឹង​កែ​សម្រួល​ពាក្យ​បណ្ដឹង​របស់​ពួកគេ​ រួម​បញ្ចូល​ទាំង​រូប​លោក Bush ផ្ញើ​ទៅ​តុលាការ ICC ផង​ដែរ។ (ពិតណាស់ នេះពិតជាមិនអាចទៅរួចនោះទេ ពីព្រោះសហរដ្ឋអាមេរិកបានរួច​ខ្លួនពីយុត្តាធិការ​របស់​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ)។

នៅ​ខែសីហា ឆ្នាំ១៩៧៩ រដ្ឋាភិបាល​កម្ពុជា​ដែលមានអាយុកាលទើប​តែ​៧ខែ ហើយ​លោក ហ៊ុន សែន ​ដែល​ជា​សមាជិកមួយ​រូប​​ដែរ​នោះ បានដំណើរការ​ការកាត់​ទោស​ជា​សាធារណៈ​​ទៅ​លើ​មេ​ដឹកនាំ​កំពូលពីរនាក់នៃរបបខ្មែរក្រហម គឺ ប៉ុល ពត និង អៀង សារី។ ការ​កាត់​ទោស​នោះ ត្រូវបានធ្វើឡើងដោយកំបាំងមុខ ពីព្រោះជនជាប់​ចោទទាំងពីររូប​​បាន​រស់​នៅ​ដោយ​​សុវត្ថិភាពក្នុងជំរុំតាមបណ្តោយព្រំដែនថៃ ដែលនៅទីនោះ​​លោកខាងលិច និងចិនបានការពារ និង​បាន​ផ្ដល់​ជំនួយ​ផ្នែក​យោធា​ ដើម្បី​អនុញ្ញត​ឲ្យ​ពួកគេអនុវត្ត​ការ​លួច​វាយ​ឆ្មក់ចូល​ក្នុង​ផ្នែកជា​ច្រើន​នៃ​ប្រទេសកម្ពុជា។

លើសពីនេះទៀត ប្រសិនបើយើងប្តូរការចាប់អារម្មណ៍​ពីការដាក់ទោស​លើអំពើ​ឃោរឃៅរបស់ខ្មែរក្រហម ទៅលើ​អ្វីថា «​តើអំពើឃោរឃៅ​ទាំងនេះ​ត្រូវបាន​ចប់​​ដោយ​របៀប​ណា» នោះ កំណត់ត្រារបស់ សម្ដេច ហ៊ុន សែន ជាថ្មី ម្តងទៀត គឺ​ល្អ​ណាស់។ លោក​គឺ​ជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​មួយចំនួន​តូច​ដែល​បាន​ប្រថុយ​ជិវិតក្នុង​ការ​កៀង​គរ​ ប្រមូល​ផ្តុំគ្នាបះបោរប្រឆាំងនឹងរបបខ្មែរក្រហម។ ក្រោយពេល​ដែល​ក្រុម​នេះ​ទទួលបានជោគ ជ័យ ក្នុង​ការ​ស្វែង​រក​ជំនួយគាំទ្រ​ពីប្រទេស​វៀតណាម​ក្នុង​ការផ្តួលរំលំ​របបខ្មែរក្រហមនោះពី​អំណាច ​ពួកគេបាន​បន្ត​កិច្ចការ​ដ៏លំបាក​ក្រៃលែង​​ទាំង​ការ​កសាង និងការពារ​ប្រទេសពីការ វាយប្រហារដោយសព្វាវុធទំនើបៗរបស់ខ្មែរក្រហម​ជា​បន្ដ​បន្ទាប់។

ក្រោយអំឡុងឆ្នាំ១៩៩១-១៩៩២ នៅពេលមាន​អន្តរាគមន៍របស់UNTAC បាន​ធ្វើ​ឲ្យ​ក្រុម​យោធា​ខ្មែរ​ក្រហម​ពង្រីក​ប្រតិបត្តិការ​យោធា ​នៅក្នុងតំបន់​ជនបទ​ជា​ច្រើន​នៃ​ប្រទេស​កម្ពុជាភាគច្រើននោះ គឺ​សម្ដេច​នាយក​រដុ្ឋមន្ដ្រី ហ៊ុន សែន ទេ ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់ក្នុងការរំលាយ​អង្គ​ការ​ចាត់​តាំងនយោបាយ និង​យោធា​របស់​​ក្រុមខ្មែរក្រហម ក្រោម​ការ​ដឹកនាំ​នយោបាយ​របស់​លោក​ ហើយ​បាន​បញ្ចប់ទាំង​ស្រុង​នូវ​វត្តមាន​ប្រកប​ដោយ​ការ​គំរាម​កំហែង​របស់ពួកនេះ​។

ឥឡូវនេះ មនុស្សមួយចំនួន ដែលភាគច្រើនដែល​រស់​នៅ​ក្នុងសហរដ្ឋអាមេរិក​ដែល មិនចង់​ឲ្យ​មាន​សេចក្តីសម្រេចពាក់​ព័ន្ធ​នឹង​ថាតើ​ត្រូវ​ឲ្យ​មាន​សាលាក្តីខ្មែរក្រហម​ ឬ​មិន​ឲ្យ​មាន​​នោះ បានសម្រេចចិត្តថា សម្ដេច ហ៊ុន សែន កំពុងការពារ​ក្រុមខ្មែរក្រហម។ «ឆ្កួតលីលា​បំផុត» ពាក្យនេះ​ហាក់​ដូច​ជាមិនទាន់ខ្លាំងគ្រប់គ្រាន់នៅ​ឡើយទេ៕
ដោយ  Allen Myers