Wednesday, April 9, 2014

ប្រធា​ន​យោធ​ភូមិ​​ភាគ​​ទី​៧ នៃ​​កង​​ទ័ព​​ប្រជាជន​​វៀតណាម​​ជូន​ពរ​​សម្តេច​​តេជោ​​ក្នុង​ឱកាស​​ចូល​​ឆ្នាំ​ថ្មី​​ប្រពៃ​ណី​​ខ្មែរ

ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍ ត្រាន់ ដុង សមាជិក​ការិ​យា​ល័យ​​នយោបាយ​មជ្ឈិមបក្ស និង​ជា​ប្រធាន​យោធភូមិភាគ​ទី៧ នៃ​កងទ័ពប្រជាជន​វៀតណាម ​ក្នុង​ឱកាស​ចូលជួបសម្ដែង​ការគួរសម​ ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ភូមិ គ្រឹះ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​នា​រសៀល​ថ្ងៃទី ០៧មេសា ឆ្នាំ២០១៤ បាន​ពាំនាំ​នូវ​ការ​​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ នៃ​កងទ័ព​ប្រជាជនវៀតណាម​ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាស​នៃ​ការ​ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំមមី​ឆស័កពុទ្ធសករាជ ២៥៥៨ ប្រពៃណី​ខ្មែរ នឹង​ឈាន​​ចូល​មកដល់​នៅពេល​ខាងមុខ ដោយ​បាន​ជូន​ពរ​ឲ្យ​សម្តេច​តេជោ ​​ជួបប្រទះ​នឹងពុទ្ធ​ពរជ័យបវរ​មហាប្រសើរ​ ក្នុងការ​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​ជោគវាសនា​អនាគត​ប្រទេស​កម្ពុជា​ ឲ្យ​កាន់តែ​សម្បូរ​រុងរឿង និង​រីកចម្រើន​ត​រៀង​ទៅ។

ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា ក្នុងជំនួប​ពិភាក្សា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រធាន​គណៈប្រតិភូយោធភូមិភាគ​ទី៧ នៃ​កងទ័ពប្រជាជន​វៀតណាម ​បាន​សម្ដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​លទ្ធផល ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាមសម្រេច​បាន ពិសេស​ក្រោយពី​ប្រមុខ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​ពីរ ​បាន​ជួបពិភាក្សា​គ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ ទៅកាន់​ប្រទេស​វៀតណាម និង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នាយ​ក​រដ្ឋ​មន្ត្រី​វៀតណាម​មកកាន់​ ប្រទេស​កម្ពុជា ​កាលពី​ចុងឆ្នាំ២០១៣ និង​ដើមឆ្នាំ២០១៤ កន្លង​ទៅ​នោះ។

ក្នុង ​ជំនួប​ពិភាក្សា​គ្នា​នោះដែរ ​ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ត្រាន់ ដុង ​ក៏បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាយ​ទា​ហាន និង​ពល​ទាហាន​នៃ​កងទ័ព​ប្រជាជន​វៀតណាម ​ក្នុង​ការ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ា​ង​ជិតស្និទ្ធ​ជា​មួយ និង​កង​យោធពល​ខេមរភូមិន្ទ ពិសេស​អនុវត្តន៍​នូវ​កិច្ចព្រមព្រៀង​ទាំងឡាយ​ ដែល​ថ្នាក់ដឹក​នាំរ​ដ្ឋាភិបាល​នៃ​​ប្រទេស​ទាំងពីរ ​​បាន​ប្រកាស​ដាក់​ចេញក្នុង​ការ​ជំរុញ​កិច្ច​ស​ប្រតិបត្តិការ​លើ​វិស័យ​ន​ យោបាយ សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​​ការ​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​ឈាន​ដល់​ចំណុចកំពូល​ថ្មី​ មួយទៀតនោះ៕