Wednesday, April 9, 2014

អតីត​​ប្រធា​នា​ធិបតី​​ប្រទេស​​ម៉ាល់​​ឌីវ ​​កោត​​​សរ​សើ​​ស​ម្តេច​​​តេជោ​ក្នុង​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​



បាន ​អនុញ្ញាត​ឲ្យ​ឯកឧត្ដម Mohamad Waheed Hassan អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ម៉ាល់ឌីវ ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការ​គួរសម​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី៨ ខែមេសា​ ឆ្នាំ២០១៤ នៅ​វិមាន​សន្តិភាព បាន​សម្តែង​ការ​កោត​សរសើ​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ស្វែងរក​ និង​កសាង​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន។ ក្នុង​ខណៈ​ដែល​ឯកឧត្ដម​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា។

ឯកឧត្តម ​ អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា ឯកឧត្ដម Mohamad អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ម៉ា​ល់​ឌី​វ បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​ឯកឧត្ដម​បាន​មក​កាន់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយបាន​មើលឃើញ​ពី​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។ ឯកឧត្ដម Mohamad បាន​ចូលរួម​អប​អរសាទចំពោះ​ការ​ចូល​រួមចំណែក​យ៉ាងសកម្ម​ដ៏​ធំធេង​របស់​សម្ដេច ​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ការ​ស្វែងរក​សន្តិ​ភាព ស្ថេរភាព ​ក្នុង​ការអភិវឌ្ឍន៍​សម្រាប់​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា។ ឯកឧត្ដម Mohamad បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ឯកឧត្ដម​មាន​មហា​កិត្តិយស​ណាស់​ដែល​បាន​​ជួប​ថ្នាក់ដឹកនាំ​ដ៏​អស្ចារ្យ ​ដូចជាសម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បាន​អញ្ជើញ​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ា​ល់​ឌីវ​ផង​ដែរ។

ទាក់ ​ទង​នឹង​ការ​កសាង និង​ការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​រំលឹក​ឡើង​វិញ​ថា កាលពី ៣៥​ឆ្នាំមុន​នៅទីនេះ ពុំ​មាន​មនុស្ស​រស់នៅ​ទេ កម្ពុជា​បាន​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​ការ​បង្រួប​បង្រួម​ជាតិ​ដើម្បី​ ជំរុញ​ការអភិវឌ្ឍន៍។ ដោយ​ឡែក​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ម៉ាល់ឌីវ​ត្រូវ​បាន​សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​មាន​កម្រិត​នៅ​ឡើយ ដូច្នេះ​គប្បី​ណា​គួរ​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​នេះ ហើយ​សព្វថ្ងៃ​កម្ពុជា​កំពុង​ស្ថិតក្នុង​សភាពការណ៍​បែរ​មុខ​ទៅ​ក្រៅ ដើម្បី​ជំរុញ​ការ​នាំ​ចេញ ជាពិសេស​លើ​វិស័យ​កសិកម្ម​ដោយ​កម្ពុជា​មានលទ្ធភាព​នាំ​អង្ករ​ចេញ ដែល​មាន​បរិមាណ​ជា​ស្រូវ​ជាង ៥លាន​តោន ហើយ​អ្វី​ដែល​ជា​សេចក្តី​ត្រូវ​ការរបស់​កម្ពុជា​នោះ​ គឺ​អ្នក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នេះ ក្នុង​ការ​បង្កើត​រោង​ម៉ា​ស៊ីន​កិនស្រូវ ការបង្កើត​ឃ្លាំង​ប្រមូល​ទិញដើម្បី​ធ្វើការ​នាំចេញ។ ជាង​នេះ​ទៀត​អ្វី​ដែល​កម្ពុជា​ចង់បាន​នោះ ​គឺ​ចង់បាន​ឲ្យ​មានការ​កែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ស្រុកដើម្បី​បាន​ទទួល ​នូវ​តម្លៃបន្ថែម​ផង និង​ជា​ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ផង។ ដោយឡែកអំពីវិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​ខ្លាំង​មួយ​របស់​កម្ពុជា​ ​សម្ដេចតេជោក៏​បាន​ស្នើ​ឲ្យ​មានការ​ជំរុញកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ នេះ​ផង​ដែរជាមួយ​ប្រទេស​ម៉ាល់​ឌីវ។

សម្ដេច ​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ទទួលយក​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ម៉ា​ល់​ឌី​វ ដោយ​ជ្រើស​រើស​យក​ពេលវេលា​សមស្រប​ណាមួយ​នោះ។ ពាក់ព័ន្ធនិងវិស័យ​ទេសចរណ៍ ឯកឧត្ដម Mohamad បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ប្រទេស​ម៉ា​ល់​ឌី​វ​បាន​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​នេះ​ ជា​ពិសេស​ទេសចរ​ខ្នាត​ខ្ពស់ ដែលបញ្ហា​នេះ​ប្រទេស​ទាំងពីរ​ពិតជា​អាច​សហការ​គ្នា​លើ​វិស័យ​នេះ៕