Wednesday, April 9, 2014

សម្តេច​​តេជោ៖ កងកម្លាំង​​ប្រដាប់​​អាវុធ​​គ្រប់​​ប្រភេទ ​​អាជ្ញាធរ​​មូល​​ដ្ឋាន​​គ្រប់​លំដាប់​​ថ្នាក់​​ត្រូវ​​រក្សា​​សន្តិសុខ​​សណ្តាប់​​​ធ្នាប់​​ជូន​​ប្រជាពល​រដ្ឋឲ្យ​​បាន​ល្អ​​​ក្នុ​ង​​ឱកាស​​បុណ្យ​ចូល​​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​​ខ្មែរ​

ពី ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​៧ ខែ​មេសាឆ្នាំ ២០១៤ សម្ដេច​អគ្គមហា​សេនា​ប​តី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា បានមាន​ប្រសាសន៍​ណែនាំ​ ឲ្យកងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​គ្រប់​ថ្នាក់​ គ្រប់មូល​ដ្ឋានទាំង​អស់​នៅ​ទូទាំង​ប្រទេស​ត្រូវ​យកចិត្ត​ទុក​ដាក់​រក្សារ​ កាពារ​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ក្នុង​ឱកាស​បុណ្យ​ចូល​ ឆ្នាំថ្មីប្រពៃណី​ខ្មែរ​ ដែល​នឹង​មក​ដល់​នាពេល​ខាង​មុខ។

ក្នុង ​ពីធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​ជ័យលាភី​វិទ្យាស្ថានវ៉ាន់ដា​ចំនួន ៣៤៤៩នាក់ ​ សម្ដេច​តេជោមាន​ប្រ​សាសន៍​ថា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខាង​មុខ​ប្រជាពលរដ្ឋ នឹង​ដើរកម្សាន្តច្រើន​ពីព្រោះសេ​ដ្ឋ​កិច្ច​វាមិន​អាក្រក់ ទេ​នៅ​ដើម​ឆ្នាំ២០១៤ ​ហើយ​ប្រាក់រៀល​ឥឡូវវា​ឡើង​ថ្លៃ​ទៅ​ទៀត ពិសេស​ចូល​ឆ្នាំប្រា​ក់​រៀល​អាច​ឡើង​ថ្លៃ​ព្រោះ​គេ​ត្រូវ​ការ​ប្រាក់រៀល​ចាយ ​ចូល​ឆ្នាំ ដូច្នេះ​ធនាគារ​ជាតិ​ត្រូវ​មើល​បញ្ហា​នេះផង។ បើប្រាក់​រៀលឡើង​ថ្លៃ​ច្រើន​ពេក​ក៏មិន​ល្អ​ដែរ ព្រោះ​យើង​គិតអត្រា​ប្រាក់រៀល ៤ ០៥០រៀល គិត​នៅក្នុង​ថវិ​កាជាតិដល់​ឥឡូវ​ប្រាក់​រៀល​របស់​យើង​ស្ថិត​នៅក្រោម ៤ ០០០រៀល​។​ ទាក់​ទង​​ការធ្វើ​ចរាចររបស់​ប្រជា​ពលរដ្ឋ​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ត្រូវខិតខំ​ធ្វើ​យ៉ាងម៉េច​បញ្ចៀស​នូវ​គ្រោះថ្នាក់ ដោយ​ធ្វើយ៉ាង​ណាទៅហើយ​ត្រឡប់​ម​ក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព កុំ​ទៅ​ហើយ​ត្រឡប់​មក​វិញ​មក​តែ​ធាតុ ឬ​ត្រឡប់​មក​វិញមិន​បាន​មក​ដល់​ផ្ទះទៅនៅ​ក្នុង​មន្ទី​ពេទ្យ។ អ្នក​បើកបរ​ទាំង​ឡាយ​ត្រូវគោ​រពច្បាប់​ចរាចរណ៍ បើយើ​ងទាំងអស់គ្នា​គោរព​បានទាំង​អស់​គ្នា គឺ​កាត់​បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។ ពាក់​ព័ន្ធ​ការលេង​សប្បាយ​របស់យុវជន​ក្នុង​ឱកាស​ថ្ងៃចូលឆ្នាំ ដូចជាការ​ប៉ាត​ម្សៅ ជះទឹក។ល។ សម្តេច​តជោ​មាន​ប្រសាសន៍​ថា វាមិនមែន​ជារឿង​ប្រពៃ​ណី​ខ្មែរទេ ហើយ​បង្កើត​រឿ​ង​ច្រើន​ណាស់ ជួនកា​លគ្រោះ​ថ្នាក់​ដោយសារ​បញ្ហានេះ ដូច្នេះ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​បញ្ហា​អស់​ទាំង​នេះ​ដែរ។

សម្ដេចតេជោ ​ក៏បានផ្តល់​ជា​អនុសាសន៍​ផង​ដែរ ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ។ល។ ​កុំ​ឲ្យ​មានការដំឡើង​ថ្លៃ​ខ្ពស់ពេក ព្រោះថាបើយើង ឡើងថ្លៃជ្រុលគឺឆ្នាំក្រោយគេនឹងទៅ​រក​កន្លែង​ផ្សេង ព្រោះ​ស្រុក​ខ្មែរ​ឥឡូវនេះ​កន្លែង​ទេសចរណ៍​មិនមែន​មាន​តែមួយ​កន្លែង​នោះ​ទេ គឺ​មាន​ជម្រើស​ច្រើន​ណាស់​សម្រាប់ប្រជា​ជនកម្ពុជា​បច្ចុប្បន្ន​នេះ។

ដោយ ​ឡែក​ទាក់​ទង​នឹង​បញ្ហា​នយោបាយសព្វ​ថ្ងៃ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បង្ហើប​ឲ្យ​ដឹ​ងដោយ​សុទិដ្ឋិនិយម​ថា ការចរចា ​ស្ងាត់ស្ងៀម រវាង​គណបក្ស​ទាំងពីរ (គណបក្ស​ប្រជា​ជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ)  បានព្រមព្រៀងគ្នា អស់ហើយ គឺ​នៅសល់​តែចំណុច​តូច​មួយ​ទេ ដែល​ត្រូវ​នៅ​សម្រួល​គ្នា​។

សម្ដេច ​តេជោ​លើកឡើង​ថា រឿង​នយោបាយ វា​តែ​អ៊ីចឹងជួនកាល​ទាស់​គ្នា​ខ្លាំង​ធ្វើ​ដូចជា​មាំ​ណាស់ ប៉ុន្តែ​ដល់​ត្រូវ​គ្នាតែ​មួយ​ភ្លែត!​។ សម្ដេច​តេជោ មាន​ប្រសាសន៍បញ្ជាក់​ថា ការចរចា​រវាងគណបក្ស​ទាំង​ពីរ​សម្រួល​គ្នា​នៅតែ​បន្តិចៗ​ទេជួនកាល​អាច​ចេញ​ រួច​មុន​ចូល​ឆ្នាំ​នេះ​ផង​ក៏​អាច​ទៅរួច​ដែរ  ប៉ុន្តែ​បើទៅ​មិន​រួច ក៏​នៅតែ​បន្ត​ទៅ​មុខ​ដូច្នេះ សំខាន់​បំផុត​គឺ រក្សា​និរន្តរភាពរបស់​ស្ថាប័នរដ្ឋ, ប្រក្រតីភាព ខាង​នយោបាយ និង​ជីវភាព​របស់​ពលរដ្ឋ​។

ទាក់ ​ទង​នឹង​ការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចង់​ឲ្យកែ​ទម្រង់​ ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ដោយ​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ជ្រើស​រើស​ស្ថាប័ន​នេះ​តាម​សម្លេង ២ភាគ៣ សម្ដេច​តេជោ​នា​យករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរអំពី​ដំណោះ​ស្រាយ​នៃ​ភាព​ជាប់​គាំង​នយោបាយ ដោយ​សារ​ប្រព័ន្ធ​ ២ភាគ៣ កាល​ពី​អាណត្តិ​ទី​៣​ថា កាល​មុន​នោះ លោក សម រង្ស៊ីបាន​ធ្វើលិខិត​ស្នើសុំ​ធ្វើ​វិសោធ​ន​កម្ម រដ្ឋធម្មនុញ្ញ ពី ២ ភាគ ៣ មក​ ៥០+១ ប៉ុន្តែ​ឥឡូវនេះ គាត់​ស្នើ​ឱ្យ​ដាក់គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ឱ្យទៅ​ជា​ក្របខ័ណ្ឌ​ រដ្ឋធម្មនុញ្ញ ហើយ​បោះ​ឆ្នោត​២​ភាគ ៣ វិញ​។ ចំណុច​នេះសម្ដេច​ពន្យល់ថា កាល​មុន​នោះ ដោយសារ​តែ​ជាប់គាំង បង្កើត​រដ្ឋាភិបាល​មិន​បានទើប​នាំគ្នា​ធ្វើ វិសោធន​កម្ម រដ្ឋធម្មនុញ្ញ រំលាយ​ចោល​ពី​២ ភាគ​៣ យក​៥០+១ហេតុ​ដូច្នេះ​បើ​បង្កើត គណៈកម្មាធិការ រៀបចំ​ការបោះឆ្នោត​ទៅជា​សំឡេង​២​ភាគ​៣ វា​នឹងគាំង​ខាង​បោះ ឆ្នោត​តែ​ម្ដង​។ ទោះ​បី​យ៉ាង​ណា​សម្ដេចបញ្ជាក់ថា ការស្នើ​នេះ ពេល​នេះ​បាន​ដក​និង​សម្រួល​ពាក្យពេចន៍​វិញ​ហើយ​។

ដោយ ​ឡែក​ទាក់​ទង​នឹង​សកម្ម​ភាព​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ក​ឡើង​នាក្រោយ​ពេលការ​បោះ​ឆ្នោត​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣ ​កន្លង​មក ដូច​ជា​ ​ករណី​បំផុស​ឲ្យ​មាន​ចលាចល​នៅ​ផ្លូវ​វេ​ង​ស្រេង និង​លិខិត​របស់លោក សម រង្ស៊ី ចុះ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤ ឆ្លើយតប​នឹង​ព្រះរាជសារ​បើក​បវេសនកាល​រដ្ឋ​សភា​របស់​ព្រះករុណា​ ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៤ ​ត្រូវបាន​សម្តេច​តេជោ​វាយ​តម្លៃ​ថាត្រូវ​មាន​ទោស។

សម្តេច ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រសាសន៍​ថាខ្ញុំ​យល់ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​អ្នកច្បាប់​ខ្លះ​ដែល​ និយាយ​ថា អត់​ទាន់​មាន​ច្បាប់​ណា​ចែងថា មានទោស​ប្រមាថ​ព្រះ​មហា​ក្សត្រ​​ទេ ប៉ុន្តែ​សូមកុំ​ភ្លេច​ឲ្យ​សោះ​អ្នកឯង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​ ក្រុមប្រឹក្សា​ធម្មនុញ្ញនិង​រឿង​បង្កើត​សភាពការណ៍​មហន្តរាយ​ផ្លូវ​វេ​ង​ ស្រេង គឺ​មាន​ទោស ។

សម្តេច ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ប្រឆាំង​នឹង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​គឺ​មាន​ទោស ហើយ​ករណី​បង្ក​ចលាចល​នៅ​ផ្លូវ​វេ​ង​ស្រេង​ មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​លោក​ឯង​ជា​អ្នកដឹកនាំ​ជា​អ្នក​បំផុស។ ឥឡូវនេះ​ក្រុម​អ្នក​ច្បាប់​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​នឹង​កំពុងតែ​ពិនិត្យ​ ដែល​រាជរដ្ឋាភិបាល​ នឹង​ពិចារណា​ហ្មត់ចត់​អំពី​បញ្ហា​នេះ ហើយ​ជួន​កាល​អាច​ប្តឹង​ករណីនេះ​មុន​ចូលឆ្នាំ​ចំពោះ​បញ្ហា​លិខិត​នោះ​។

សម្តេច ​តេ​ជោ​មានប្រសាសន៍ថា ខ្ញុំ​មិនមែន​គំរាម​ទេប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ប្រាប់​ឲ្យ​ច្បាស់ដើម្បី​ឲ្យ​ ឆ្នាំ​ចាស់​វា​កន្លង​ផុត​ទៅ​ជ្រះ​ចង្រៃហើយ​នេះ​គឺ​គ្រាន់តែ​ជា​ការ​ដាស់តឿន​ ដើម្បី​រក្សា​ស្ថាន​ភាពល្អ​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប៉ុណ្ណោះ៕