Monday, September 29, 2014

ឯកឧត្តម សុខ អាន អនុញ្ញាត​ឱ្យប្រតិភូ​អភិបាល​ក្រុងប៊ូសាន​នៃប្រទេស​កូរ៉េខាង​ត្បូង ចូលជួប សំដែង​ការ​គួរសម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម SUH Byung Soo អភិបាល​ក្រុង​ប៊ូសាន​​នៃសាធារណ​រដ្ឋកូរ៉េចូល​ជួប​សំដែង​ការគួរ​សម និងពិភាក្សាការងារក្នុង​ឱកាស​មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្រោយ​ពីជំនួប​បានបញ្ចប់ ដែលធ្វើ​ឡើង​នៅវិមាន​មិត្តភាព កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញានេះ ភាគីទាំងពីរបាន​ផ្តោតទៅលើការ​ពង្រឹងទំនាក់​ទំនង​ទ្វេភាគី រវាងប្រទេសកម្ពុជា ជាមួយ​សាធារណ ​រដ្ឋកូរ៉េ ក៏ដូចជារវាងទីក្រុងភ្នំពេញ និងទីក្រុងប៊ូសាន ។ 


ក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា កម្ពុជា​មាន​សក្តានុពលខ្ពស់ផ្នែកវិស័យទេសចរណ៍ ដោយសារ​កម្ពុជាមាន​ធនធាន​បេតិកភណ្ឌ​វប្បធម៌​​សម្បូ​របែប និងមាន​ប្រាង្គ​ប្រាសាទ​បុរាណរាប់ពាន់ ពិសេសកម្ពុជា​កំពុង​ពង្រីក​វិស័យ​អេកូទេសចរណ៏ ដោយ​សារកម្ពុជា​មាន​ឆ្នេរ​សមុទ្រល្អ ក្នុង​ចំណាត់​ថ្នាក់ឆ្នេរ​ស្អាត​របស់​ពិភពលោក ហើយមាន​ទេសភាព​ធម្មជាតិ​ដ៏​ប្រណិត ដែលអា​ច​ទាក់ទាញ​អ្នកទេស​ចរ​បរ​ទេស​ឲ្យមកទស្សនា និងកម្សាន្ត​យ៉ាង​សប្បាយនៅកម្ពុជា។


  

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ និងកោតសរសើរចំពោះការហោះហើរដោយត្រង់ ពីកូរ៉េខាងត្បូងមកកាន់កម្ពុជា ។ ឯកឧត្តម សង្ឃឹមថា នៅពេលខាងមុខ នឹងមានការ​បង្កើន​ជើង​ហោះ​ហើរដោយត្រង់នេះបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីរួម​ចំណែកលើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅកម្ពុជា ។

ឯកឧត្តម សុខ អាន បានចាត់ទុកថា សាធារណៈរដ្ឋកូរ៉េ គឺមានចំណាត់ថ្នាក់ល្អ ក្នុងការ​វិនិយោគ​នៅកម្ពុជា ហើយបានពិនិត្យមើលឡើងវិញនូវការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានតាំងពី ឆ្នាំ១៩៩៧ -១៩៩៨មក ដែលរហូតមកដល់ពេលនេះ ទំនាក់ទំនងទ្វេភាគីនេះ កាន់តែមានការរីកចំរើនច្រើន។

លើសពីនេះទៀត ឯកឧត្តម បានជំរុញនិងលើកទឹកចិត្តឲ្យសាធារណៈរដ្ឋកូរ៉េ ចូលរួម​ថតខ្សែភាព​យន្តស្តីពីវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីជួយលើកស្ទួយដល់វិស័យទេសចរណ៍នៅកម្ពុជា។




នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ អាន ក៏បានបញ្ជាក់ជូនប្រតិភូកូរ៉េ អំពីការត្រៀមរៀប​ចំបើក​កិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តរជាតិមួយសម្រាប់អភិរក្សអង្គរដែលហៅកាត់ថា ( ICC អង្គរ ) នៅខែធ្នូខាងមុខនេះ ដោយមានការចូលរួមពីបណ្តាប្រទេសជាមិត្តជាច្រើន ដើម្បី​ពិភាក្សា​លើការងារអភិរក្សអង្គរ។ ឯកឧត្តម SUH Byung Soo អភិបាលក្រុងប៊ូសាន បានបញ្ជាក់ជូនថា អ្នក​វិនិយោគនៅកូរ៉េខាងត្បូង មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិនិយោគនៅកម្ពុជា ពិសេស គឺចង់​ធ្វើការវិនិយោគលើវិស័យទេសចរណ៍នេះតែម្តង ដោយសារ​កម្ពុជាមាន​សក្តានុ​ពលខ្ពស់​ផ្នែកឧស្សាហកម្មទេសចេរណ៍ដ៏សម្បូរបែបនេះ៕

 អត្ថបទដោយ៖ ខេមរា