Thursday, October 2, 2014

ទស្សនៈ ដោយ៖ លី ចិន្តា សកម្មភាពអង្គការមាតាធម្មជាតិ បង្ហាញពីការមិនគោរពច្បាប់កម្ពុជា

ប្រទេសកម្ពុជាបានប្រកាន់យកលទ្ឋិប្រជាធិបតេយ្យ។ រាល់​ច្បាប់ និងលិខិត​បទដ្ឋាន​ទាំង​អស់​នៅកម្ពុជា ដែលបានធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និងទ្រព្យសម្បត្តិ​ត្រឹម​ត្រូវតាម​ច្បាប់បុគ្គល និងសមស្របប្រយោជន៍ជាតិ នោះត្រូវបានគាំពារដោយរដ្ឋធម្មនុញ្ញ ជាច្បាប់​កំពូលនៃព្រះរាជាណាកចក្រកម្ពុជា។ តែបើគ្រប់សម្មភាពមិនប្រក្រតីណាមួយ​សាងទ្បើង​ដោយ​រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលស្តែងចេញពីស្ថានភាពផ្ទុយ​ទៅនឹងស្មារតី​នៃច្បាប់​ខាង​លើ​នោះ​នាំ​ឲ្យកម្ពុជាចាំបាច់ត្រូវអនុវត្តតាមនីតិវិធីច្បាប់ ឈរលើបាតុភាពណាមួយ ផ្តល់ផល​ប៉ះពាល់​ដល់​ប្រយោជន៍ជាតិកម្ពុជាទាំងមូល។

ជាក់ស្តែងនាពេលកន្លងទៅថ្មីៗនេះ មាននីតិបុគ្គលមួយបង្កទ្បើង ដោយអង្គការ​មាតា​ធម្មជាតិ គឺលោក អាទ្បិចហ្សង់ដ្រូ ហ្សន់ហ្សាទ្បេ ដាវីតសុន (Alexjandro Gonzalez Davidson) ជាជនជាតិអេស្ប៉ាញ និងជាប្រធានសកម្មជននៃអង្គការមាតាធម្មជាតិ  បាននិងកំពុងប្រើ​​ប្រាស់​សកម្មភាពអង្គការខ្លួនជ្រុលហួសព្រំដែនកំណត់នៃច្បាប់ ដោយបំផុសគំនិតអគតិរបស់ខ្លួន ធ្វើការ កៀងគរ ខ្ចីកម្លាំងប្រជាពលរដ្ឋខ្មែរផង ថែមទាក់ទាញផលចំនេញពីជំនួយជាតិ និងអន្តរជាតិ ក្រោម​រូបភាព យកលេសការពារព្រៃឈើនៃតំបន់អារ៉ែងជាដើមទុនផង។ ទង្វើនេះវាជាការផ្ទុយ ទៅនឹងបច្ចុប្បន្នភាពរបស់កម្ពុជា ជាពិសេសក្នុងដំណាក់កាលនេះ  ក្រសួងរ៉ែ និងថាមពលបាន ខិត​ខំ​ស្រាវជ្រាវលើ គម្រោងសាងសង់វារីអគ្គិសនីជាយអារ៉ែង​ថា ស្ថិតនៅក្នុងដំណាក់កាលសិក្សា ផ្ទៀងផ្ទាត់លទ្ឋផលនៃបច្ចេកទេសនិងការសិក្សាលម្អិតពីផលប៉ះពាល់បរិស្ថាននិងសង្គមនៅទ្បើយ។

នេះបញ្ជាក់ថាសកម្មភាពរបស់ លោក អាទ្បិចហ្សង់ដ្រូ មិនត្រឹមតែជាអ្នកបញ្ចេញមតិ និង​សម្មភាព មិនគប្បីមួយចំនួននោះទេ គឺជនបរទេសមួយរូបនេះ រួមទាំង​ក្រុមការងារខ្លួន បាន​បញ្ចេញ​សកម្មភាពល្មើសច្បាប់របស់កម្ពុជាទាំងស្រុង។ ដោយធ្វើការបិទផ្លូវសាធារណៈក្នុងគោល បំណងរារាំង​ប្រឆាំង​អាជ្ញាធរ​ដែនដីលើការចុះសួរសុខទុក្ខប្រជាពលរដ្ឋ អមនឹងការចុះត្រួតពិនិត្យ តំបន់គម្រោងសាងសង់​ទំនប់​វារីអគ្គិសនីជាយអារ៉ែងដែលស្ថិតនៅស្រុកថ្មបាំង  ខេត្តកោះកុង។

នៅក្នុងការបិទផ្លូវសាធារណៈ មិនថាខេត្តកោះកុង ឬរាជធានី ភ្នំពេញកន្លងមក សកម្មភាព​មាតាធម្មជាតិ ក្នុងការធ្វើបាតុកម្មឥតសណ្តាប់ធ្នាប់សាធារណៈ ដោយគ្មានការសុំច្បាប់អនុញ្ញាតិ បញ្ជាក់ត្រឹមត្រូវពីសាលា​រាជធានីភ្នំពេញឬអាជ្ញាធរខេត្តនោះទេ។ ទាំងនេះជាការបង្ហាញឲ្យឃើញ ថា អង្គការមាតាធម្មជាតិ ដែលមានលោក អាទ្បិចហ្សង់ដ្រូ ជាប្រធានដែលបាន និងកំពុងធ្វើ  គឺរំលោភលើច្បាប់កម្ពុជាទាំងស្រុង។ យោងតាម​ច្បាប់ចរាចរផ្លូវគោក មាត្រា ៧៨ បានចែងយ៉ាង ច្បាស់ថា «ជនណាប្រើប្រាស់​មធ្យោបាយ​ណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ  ត្រូវផ្តន្ទាទោសដាក់ពន្ឋនាគារពីមួយ(១)ខែ ទៅមួយ(១)ឆ្នាំ និងពិន័យជាប្រាក់ពីម្ភៃម៉ឺន (២០០.០០០)រៀល ទៅពីរលាន(២.០០០.០០០) រៀល»។ 

ទន្ទឹមនឹងនេះ សកម្មភាពដែល លោក អាទ្បិចហ្សង់ដ្រូ ព្រមទាំងក្រុមការងាររបស់​លោកបាន​បង្កទ្បើងនាកន្លងមក កាន់តែឆ្លុះឲ្យឃើញ ពីឆន្ទៈបង្កអស្ថេរភាពក្នុងប្រទេស​កម្ពុជា​ជាថ្មីម្តងទៀត។ស្របពេល ដែលកម្ពុជាទើបទទួលបានការស្រុះស្រួលនយោបាយ រវាងគណបក្ស ប្រជាជន​និង​គណ​បក្សសង្រោ្គះជាតិ។ កម្ពុជាកំពុងពង្រឹងនិងលើកស្ទួយនីតិរដ្ឋ តាមរយៈ ការតាក់​តែង​បង្កើត​ច្បាប់​ និងជម្រុញឲ្យមានដំណើរការគោរពអនុវត្តច្បាប់ ដើម្បីយុត្តិធម៌ និងវឌ្ឍនភាពសង្គម។ទាំងនេះ គឺជាមោទនភាពរបស់ជាតិខ្មែរ ដែលប្រកាន់យកអាវុធច្បាប់ ដើម្បីដោះ​ស្រាយ​នូវរាល់​បញ្ហា​ដែល​បាន​កើតទ្បើង ក្នុងសង្គមជាជាងបណ្តែតបណ្តោយឲ្យមាន ការធ្វើសកម្មភាពអាណាធិបតេយ្យ។ អញ្ចឹងទង្វើរបស់ប្រធានអង្គការធម្មជាតិដែលប្រឆាំង និង ផែនការកសាងទំនប់វារីអគ្គិសនី ការចត​រថយន្ត​បិទផ្លូវសាធារណៈ ការប្រឆាំងជាមួយអាជ្ញាធរ ដែនដី គឺជាការ​អនុវត្តផ្ទុយ​ពីគោល​ការណ៍​ច្បាប់។ បើជនបរទេសរូបនេះ នៅតែមានចេតនាគ្មាន ភាពទទួលខុសត្រូវវិជ្ជាជីវៈខ្លួន ដោយដើរ​ផ្ទុយ​នឹង​មាគ៌ា​ច្បាប់កម្ពុជាដដែលនោះ លោក អាទ្បិច ហ្សង់ដ្រូ ពិតត្រូវប្រឈម​មុខនឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដោយការបណ្តេញចេញពីទឹកដី កម្ពុជា។  

ដូចនេះ ឈរលើស្ថេរភាពនយោបាយកម្ពុជានិងស្មារតីនៃច្បាប់ សូមលោក អេទ្បិច ហ្សង់ដ្រូ  គួរ​គប្បី​ធ្វើសកម្មភាពណាដែល​ត្រឹមត្រូវ សមស្របតាមច្បាប់កម្ពុជា និងត្រូវស្ថិតក្នុង ព្រំដែន​នៃ​វិជ្ជាជីវៈ​របស់​ខ្លួន ដែលជាអង្គការឯក​រាជ្យ មិនត្រូវប្រាស់ចាកពីវិជ្ជាជីវៈ ហើយមក ពាក់ព័ន្ឋ នឹងរឿង​នយោបាយ​ ឬប្រកាន់និន្នាការនយោបាយខាងបក្សណាមួយនោះទ្បើយ៕

ដោយ៖ លី ចិន្តា

អ្នក​សិក្សាស្រាវ​ជ្រាវ គោល​ការណ៍​នីតិរដ្ឋនៅ​កម្ពុជា​