Sunday, November 9, 2014

ក្រសួង​ការពារ​ជាតិ រំលឹក​ខួប៦១​ឆ្នាំ កំណើត​កងយោធពល​ខេមរ​ភូមិន្ទ ក្រោយពី​បាន​ទទួល​ឯករាជ្យ​ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣

ក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បាន ប្រារព្ធរំលឹកខួប ទី៦១ ទិវាកំណើតកង យោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ និង៩ វិច្ឆិកា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងពិធីរំលឹកខួបនេះ មានការអញ្ជើញចូលរួមជា​អធិបតី​ឯកឧត្តម​ឧនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់, នាយទាហាន, នាយទាហានរង និងពលទាហាន នៃកង យោធពលខេមរភូមិន្ទ ប្រមាណ ៥០០នាក់។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់ បានមានប្រសាសន៍ថា «  ទិវាខួប​កំណើតកងយោធពលខេមរភូមិន្ទ នាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យ នៅក្នុងកម្លាំង​មហា​សាម​គ្គី របស់ប្រជាជនខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រក​​ប​​ដោយ ភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្ថែមថា « ក្នុងបណ្តាឆ្នាំកន្លងមក កងយោធពលខេមរភូមិន្ទ ដែល​បានឈរជើង ការពារទីតាំងនៅសមរភូមិជួរមុខ បានអនុវត្តសិទ្ធិស្វ័យការពារយ៉ាងអង់អាច​ក្លាហាន គោរពអនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយយុទ្ធសាស្ត្រការពារជាតិ របស់រាជរដ្ឋាភិបាល»។

ឯកឧត្តម​ បានបន្តថា យុទ្ធសាស្ត្របន្តទៀត កងយោធពលខេមរភូមិន្ទ និងចូលរួមអនុវត្ត​នូវគោល​នយោបាយដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងនីតិកាលទី៥ របស់រដ្ឋសភា, បន្តកសាង និងពង្រឹងខឿនការពារជាតិរបស់ប្រទេសកម្ពុជាយើង, បន្តពង្រឹងជំនាញ ផ្នែកយោធាឲ្យកាន់ តែខ្លាំង​ក្លា, បន្តជួយប្រជាពលរដ្ឋខ្មែរ នៅពេលមានគ្រោះមហន្តរាយផ្សេងៗ, បន្តពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងក្នុងសកលលោក, បន្តបេសកកម្ម រក្សាសន្តិភាព របស់​អង្គការសហប្រជាជាតិ និងចំណុចចុងក្រោយ យោធាគ្រប់លំដាប់ថ្នាក់ ត្រូវចូល រួមជាមួយរាជ​រដ្ឋាភិបាលថែរក្សាសមិទ្ធផលផ្សេងៗ ឲ្យបានគង់វង្ស។

សូមបញ្ជាក់ថា ចាប់ពីកម្ពុជាទទួលបាននូវឯករាជ្យភាពពេញបរិបូរណ៌ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយចលនាទាមទាររបស់កងទ័ព និងប្រជារាស្ត្រគ្រប់ ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយ​កិច្ច​របស់​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដែលក្នុងដំណាក់កាលនោះ បញ្ជាការ និង​កង​កម្លាំងបារាំង បានចាកចេញពីទឹកដី នៃប្រទេសកម្ពុជា ក្នុងពេលនោះឯង គឺជាការចាប់បដិ​សន្ធិពេញ​លក្ខណៈ នៃកងយោធពលខេមរភូមិន្ទ និងបានបង្កើតអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋាន កងទ័ពជើងអាកាសភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ព ជើងទឹកភូមិន្ទ៕