Sunday, November 9, 2014

សម្តេច​តេជោនាយក​រដ្ឋមន្រ្តី​អញ្ជើញ​ជួបពិភា​ក្សាការងារ​ទ្វេភាគីជាមួយ​ឯកឧត្តម ស៊ី​ ជីភីង (XI Jinping) ប្រធានាធិបតី​ចិន និង​ជួបពិភាក្សា​ការងារជាមួយ​ឯកឧត្តម លី យ៉ុនចាវ (LI Yuanchao) អនុប្រធានា ធិបតីចិន

មុនមួយថ្ងៃនៃការអ ញ្ជើញចូល​រួមកិច្ច​សន្ទនាដើម្បីពង្រឹងភាព​ជាដៃគូការតភ្ជាប់ និងកិច្ចប្រជុំកំពូល នាយ​កប្រតិបត្តិនៃ​កិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក  នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា  ឆ្នាំ​២០១៤ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា​ និង​គណៈប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិ​បាលកម្ពុជា អញ្ជើញចូលជួប​សំដែងការ​គួរសម និងពិភាក្សា​ការងារ​ជាមួយឯកឧត្តម​ស៊ីជីភីង​ប្រធានាធិបតី​នៃសាធារណ​រដ្ឋប្រជាមានិតចិន។

ក្នុងជំនួបដែលធ្វើឡើង​នៅវិមានប្រជាជន​ចិនក្នុងទីក្រុងប៉េកាំង ឯកឧត្តមស៊ីជីភីង មានប្រសាសន៍​ថា​ក្នុង​រយៈពេលកន្លះមកនេះ ឯកឧត្តមបានជួបពិភាក្សា​ដោយផ្ទាល់ជាមួយនឹង​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​​ចំនួនពីរលើករួចមកហើយពោល គឺ​លើកទី១ធ្វើឡើងកាលពីខែឧសភា នៅទីក្រុងសៀង​ហៃ​ប្រទេស​ចិនក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទ​ស្តីពី អន្តរសកម្មភាព​និង​វិធានការកសាងទំនុកចិត្តនៅអាស៊ី។ ឯកឧត្តមប្រធា​នាធិបតីបានមានប្រសាសន៍បន្តថា ឯក​ឧត្តម​មានការចងចាំជានិច្ច ចំពោះកាលដែលឯកឧត្តមបានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់របស់​ប្រទេសចិន​ទៅ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៩ តាម​រយៈ​ការទទួលយ៉ាងកក់​ក្តៅ​បំផុត​ពីសំណាក់ព្រះមហាក្សត្រ សម្តេចតេជោនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា។ ឯកឧត្តម​ប្រ​ធានាធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេស​យើងទាំងពីរចិនកម្ពុជា​ គឺជាប្រទេស​ដែល​​មានវាសនា​តែ​មួយមានផលប្រយោជន៍គ្នានិងមិត្តភាពដ៏ស្មោះជាមួយគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាកិច្ចប្រជុំកំពូលនៅទីក្រុងសៀងហៃកន្លងទៅ គឺជា​កិច្ច​ប្រជុំមួយដ៏មានសារៈសំខាន់ និងមានអត្ថន័យធំធេងសំរាប់នយោបាយរបស់ប្រទេសកម្ពុជា ជាពិសេស​គឺជំនួបកំពូលរវាងឯកឧត្តមប្រធានាធិបតី និងសម្តេចកើតឡើងក្រោយពីការបោះឆ្នោត​សកល​ក្នុង​ប្រទេស​កម្ពុជាដែលនោះ ​គឺជាការបង្ហាញពីការគាំទ្ររបស់ប្រទេសចិនចំពោះ​ប្រទេសកម្ពុជាពិសេស​គឺគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតឡើងនោះ។ សម្តេចតេជោនាយករដ្ឋ​មន្រ្តីមាន​ប្រសាសន៍សង្កត់​ធ្ងន់ថា ជំនួយរបស់ប្រទេសចិននាពេលកន្លងមក និង​ពេលបច្ចុប្បន្ន គឺមិនគ្រាន់តែ​ផ្តល់នូវការគាំទ្រខាងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប៉ុណ្ណោះ​ទេប៉ុន្តែនឹងជួយ​ពង្រឹង​​​ដល់​ឯករាជ្យភាពក៏ដូចជាអធិបរតយ្យភាពរបស់កម្ពុជា​ទាំងមូលផងដែរ។ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍បន្តថា ថ្វីត្បិតកម្ពុជាមិនមែនជាសមាជិករបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី​ប៉ា​ស៊ី​ហ្វីក ក៏ពិតមែន ប៉ុន្តែប្រទេសកម្ពុជាត្រូវបានអញ្ជើញ​ឲ្យមកចូលរួមវេទិកាដ៏មាន​សារៈសំខាន់​នេះ​ដើម្បីធ្វើការពិគ្រោះយោបល់និងការតភ្ជាប់សំរាប់តំបន់​ទាំងមូល។​
សម្តេចតេជោក៏បានផ្តល់នូវសេចក្តីសង្ឃឹមថា នៅពេលអនាគតដ៏ខ្លីខាងមុខ ប្រទេសដែលជាម្ចាស់​នៃកិច្ចប្រជុំកំពូល APEC នឹងបន្តការផ្តល់នូវការយកចិត្តទុកដាក់ក្នុងការអញ្ជើញដល់បណ្តាប្រទេស​ដែលជាមិនសមាជិក APEC មកចូលរួមប្រជុំកំពូល APEC ដូចដែរប្រទេសចិនបានធ្វើនៅ​ពេលនេះ។​
ទាក់ទិនទៅនឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកម្ពុជា‑ចិន សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ស្នើដល់ភាគីចិនបន្តធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឲ្យកាន់តែ​ស្អិត​រមួតទ្វេឡើងថែមទៀត ពិសេស ការផ្លាស់ប្តូរ​នូវដំណើរទស្សនកិច្ចពីគ្រប់កំរិតទាំងអស់​ ទី១​ ចាប់​តាំងពីថ្នាក់ដឹកនាំនយោ​បាយរហូតដល់កំរិតមហាជន និងប្រជាជន ទី២​បន្តពង្រីកកិច្ចសហ​ប្រតិ​បត្តិ​ការ​ក្នុងការរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត​ និងខេត្តទីក្រុងនិងទីក្រុងនៃប្រទេសទាំងពីរ​ និងទី៣​បន្តកិច្ចសហប្រតិបត្តិការលើការ​បណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការផ្លាស់ប្តូរយុវជន​ក៏ដូច​ជា​សមាគមស្រ្តីនៃប្រទេសទាំងពីរ។ ជាមួយគ្នាសម្តេចតេជោ​នាយករដ្ឋមន្រ្តីក៏បានស្នើ​ដល់ភាគី​ចិន​​បន្ត​ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការផ្តល់កម្ចីហិរញ្ញប្បទាន ពី​៥០០​លាន​ដុល្លា​ទៅ​៧០០លានដុល្លាអាមេរិកក្នុង១​ឆ្នាំ និងបើកចំហទីផ្សាររបស់ប្រទេសចិនក្នុង​ការ​នាំ​យកនូវទីផ្សារកសិផលពីកម្ពុជាមកកាន់ប្រទេសចិន​ ពិសេសការនាំចូលអង្ករពីកម្ពុជា​មកកាន់​ប្រទេ​ស​ចិន។​ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោក៏បានស្នើ​ដល់ភាគីចិនជួយជំរុញ​អ្នកទេសចរណ៍​ចិន​មក​​កាន់​កម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត ពោល គឺកម្ពុជាចង់ឃើញទេសចរណ៍ចិននៅ​កម្ពុជា​ឈរ​​​ក្នុង​អាត្រាកំណើនចំណាត់ទី១នៅកម្ពុជា។

ឯកឧត្តមប្រធានាធិបតីចិន ស៊ីជីភីង មានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះប្រទេសចិនក្នុង​ការ​នាំ​ប្រទេសមិនសមាជិករបស់APECមកចូលរួមក្នុងប្រជុំកំពូលនៅពេលនេះ ដែលធ្វើឡើងក្នុងទិសដៅ​ដើម្បី​​ពង្រឹង​កិច្ចសហប្រតិបត្តិ​កា​ររវាងប្រទេសជាមិត្តនិងប្រទេសជាសមាជិក​របស់​APEC។​
ឯកឧត្តមប្រធានា​ធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេសចិនសូម​គាំទ្រប្រទេសកម្ពុជា​ក្នុងការ​ចូល​ជាសមាជិកពេញសិទ្ធរបស់APEC តាមរយៈសុំឲ្យប្រទេសកម្ពុជា​ធ្វើការចរចារជាមួយនិង​បណ្តា​ប្រ​ទេស APEC មួយចំនួនទៀត​។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់​ថាដោយសារតែប្រទេស​ទាំងពីរ​ជាប្រ​ទេស​មានភាពជាដៃ​គូយុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ ចិនបាន់ចាត់ទុកថា ​កម្ពុជា គឺជាប្រទេស​ដ៏មាន​សារៈ​សំខាន់​និង​ចាត់ទុកសម្តេច​តេ​ជោ គឺជាមិត្តនិងជាបងប្អូនរបស់ប្រទេសចិន និង​សូមទទួលស្វាគមន៍​ជានិច្ចចំពោះវត្តមាននៃដំណើរទស្សន​កិច្ចរបស់សម្តេចតេជោមកកាន់ប្រទេសចិន។

ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ២០០៩នៅពេលដែលឯកឧត្តម​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា ឯកឧត្តមបានឃើញដោយផ្ទាល់ចំពោះសម្តេចតេជោ​ និងរាជរដ្ឋាភិបាលកម្ពុជា​ដែល​តែង​​តែប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ ហើយបើទោះបីពេលនេះ​កម្ពុជារងសម្ពាធពីខាងក្រៅ​មួយចំនួនក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែប្រកាន់យកនយោបាយចិនតែមួយ​ តាមរយៈនេះយើង​អាច​បញ្ជាក់​បានថា ចិននិងកម្ពុជានៅតែបន្តជួយគ្នាទៅវិញទៅមក ទាំងក្នុង​ទំនាក់ទំនងទ្វេភាគី​តំបន់​និង​អន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ឯកឧត្តមប្រធានាធិបតីក៏បានសំដែងនូវការវាយ​តំលៃ​ខ្ពស់ចំពោះសភាពការណ៍នយោបាយនៅកម្ពុជា​ដែលបាននិងកំពុងវិត្តន៍រីកចំរើន​ទៅមុខ ​ពិសេ​ស​គណបក្សនយោបាយទាំងពីរបានចូលសភាក្នុងការបន្តនិរន្តរភាពទៅមុខ និងបានផ្តល់នូវ​សេចក្តី​សង្ឃឹម​ ថាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ។ ជាមួយគ្នានេះ ឯកឧត្តម​ប្រធានា​ធិបតីមាន​ប្រសាសន៍បន្តថា ប្រទេសចិននឹងបន្តផ្តល់ជំនួយ និងបន្តការគាំ​ទ្រគ្រប់បែបយ៉ាង​លើការ​ អភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីចំរើនទ្វេឡើងថែមទៀត។ ក្នុងជំនួបពិភាក្សា​គ្នា​នោះដែរ​ ឯកឧត្តមប្រធានាធិបតីចិន និងសម្តេចតេជោ​នាយករដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ពីការ​បង្កើត​វិថីសូត្រសមុទ្រដែលបាន​ស្នើ​ឡើង​ដោយប្រទេសចិន និងបង្កើនសមាជិកភាពនៃ​វេទិកា​ដ៏​មានសារៈ​សំខាន់​នោះដែលមានប្រទេសចូលរួមរហូតដល់៦៥​ប្រទេស។ ​ក្នុងជំនួបពិភាក្សាគ្នានោះ​ដែរ ឯកឧត្តម​​ប្រធានាធិបតីចិនក៏បានគូសបញ្ជាក់ពី​ការជួយដល់យុវជនកម្ពុជាចំនួន១០០នាក់ មកទស្សន​កិច្ច​សិក្សានៅប្រទេសចិនក្នុងឆ្នាំ២០១៥។

ដោយឡែកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា  និងគណៈប្រតិភូជាន់ខ្ពស់រាជ​រដ្ឋាភិបាលកម្ពុជា អញ្ជើញ​ចូលជួប​សំដែងការ​គួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ​លីយ៉ុនចាវ អនុប្រធានាធិបតី​នៃសា​ធារណ​រដ្ឋ​​ប្រ​ជា​មានិតចិន។ ក្នុងជំនួបពិភាក្សាដែលធ្វើឡើងនៅផ្ទះទទួល​ភ្ញៀវរដ្ឋ ក្នុងទីក្រុងប៉េកាំង​ឯកឧត្តម​លីយ៉ុនចាវ មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះ​វត្តមានរបស់សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​ដែល​បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុងប៉េកាំងប្រទេសចិន។​ឯកឧត្តមមាន​ប្រសាសន៍បន្តថា វត្ត​មានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ​ នឹងធ្វើឲ្យកិច្ចប្រជុំ​កំពូល​នេះ​នឹងទទួលបានជោគជ័យទ្វេឡើងថែមទៀត ពិសេសការ​ជំរុញទំនាក់ទំនងនៃ​ប្រទេសទាំង​ពីរ​កម្ពុជា‑​​​​ចិន កាន់តែរឹងមាំទ្វេឡើងថែម​ទៀត។ឯកឧត្តមអនុប្រធានាធិបតីមាន​ប្រសាសន៍បន្តថា ​កាល​ពី​ឆ្នាំ​២០១១ ឯកឧត្តមបានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សន​កិច្ចនៅកម្ពុជា ដែលនៅ​ពេល​នោះ​ឯកឧត្តមសូមសំដែងដោយស្មោះចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជា ពិសេស ក្រោមការដឹកនាំ​ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ឯកឧត្តមអនុប្រធានាធិបតីមានប្រសាសន៍​សង្កត់​ធ្ងន់ថា ចិននឹងពិនិត្យគ្រប់លទ្ធភាពក្នុងការបន្តជួយ​ដល់ប្រទេសកម្ពុជា ដើម្បី​ជំរុញសេដ្ឋកិច្ច​របស់​​ប្រទេសកម្ពុជាកាន់តែមានភាពប្រសើរ​ឡើងថែមទៀត។ ឯកឧត្តមមានប្រសាសន៍​សង្កត់ធ្ងន់ថា​ ប្រទេសយើងទាំងពីរកម្ពុជាចិនមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ និងមានប្រវត្តិ​ធ្លាប់ជួយគ្នាទៅវិញទៅមក។ ជាមួយគ្នានេះប្រទេសចិនសូមថ្លែងនូវអំណរគុណ​ចំពោះប្រទេសកម្ពុជា​ដែល​ តែងតែគាំទ្រចំពោះនយោបាយចិនមួយ និងបានចាត់ទុកថា ការគោរពអធិបតេយ្យភាព​របស់​ចិន​ ដូចគ្នានឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជាដូច្នោះដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​មានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែលតែតែគាំទ្រចំពោះប្រទេសកម្ពុជាក្នុងការផ្តល់​ជំនួយឥតសំណង កម្ចីគ្មាន​ការប្រាក់ ​និងកម្ចី​ហិរញ្ញប្ប​ទានដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឡើងវិញ។​

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ផង​ដែរថា ការផ្តល់ជំនួយរបស់​ប្រទេស​ចិន​មិនគ្រាន់​តែរួមចំណែកដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​បានជួយពង្រឹង​ដល់ឯក​រាជ្យ​របស់កម្ពុជាផងដែរ៕