Sunday, November 9, 2014

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួលជួប​ពិភាក្សា​ការងា​រជាមួយ​អនុប្រធាន​សភា​ពិគ្រោះ​នយោបាយ និង​ជា​រដ្ឋមន្រ្តី​គណៈទាក់ទង​អន្តរជាតិ នៃគណៈកម្មាធិការ​កណ្តាល បក្សកុំម្មុយនីស្តចិន និងជួប​​​តំ​ណាង​​ក្រុម​ហ៊ុនវិនិយោគ​​ចិន​​មួយ​ចំ​នួន​

នៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ​២០១៤ ដែលជាថ្ងៃទី២នៃការអញ្ជើញចូលរួម កិច្ចសន្ទនាដើម្បីពង្រឹងភាព​ជាដៃគូការ តភ្ជាប់ និងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ចអាស៊ីប៉ា​ស៊ី​ហ្វីក សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុ​ញ្ញាត​​ឲ្យឯកឧត្តម វង់ ចែវរ៉ុយ អនុប្រធានសភាពិគ្រោះនយោបាយ និងជារដ្ឋមន្រ្តីគណៈទាក់​ទង​អន្តរជាតិ នៃគណៈកម្មាធិការ កណ្តាល បក្សកុំម្មុយនីស្តចិន ចូលជួបសំដែងការគួរសម និងពិភា​ក្សា​ការងារ។

ក្នុងជំនួបដ៏មានសារៈសំខាន់​នោះ ឯកឧត្តម វង់ ចែវរ៉ុយ មានប្រសាសន៍សំដែងនូវការវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រ​តិបត្តិការនៃប្រទេសទាំងពីរកម្ពុជា‑ ចិន ដែលបាននិង​ឈាន​ទៅ​កាន់ចំណុចកំពូលថ្មីមួយទៀត។

ជាការ​ឆ្លើយ​តបសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា នៅក្នុងទំនាក់ទំនងនៃ​ប្រទេសទាំង​ពីរ​កម្ពុជា‑ ចិន យើងបានឈានដល់ចំណុចកំពូលនៃការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែល​បាន​និងកំពុងធ្វើដំណើរទៅមុខ ប្រកបដោយស្នាមញញឹម និងមោទនភាពខ្ពស់បំផុត។ សម្តេចតេជោ​នា​យករដ្ឋមន្រ្តីក៏បានថ្លែងនូវអំណរ​គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល​ និងប្រជាជន​ចិន ដែលជានិច្ចកាលតែងតែជួយឧបត្ថភម្ភ គាំទ្រ និងផ្តល់ជំនួយគ្រប់បែបយ៉ាងដល់​ការអភិវឌ្ឍរបស់​ប្រទេ​ស​កម្ពុជា ឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស បំផុតនោះ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ភាពរីកចំរើនរបស់ប្រទេសកម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់​រដ្ឋា​ភិបាល និងប្រជាជនចិននោះទេ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក ហ្វេង ស៊ីដុង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនរដ្ឋសម្រាប់ការវិនិយោគ និងការអភិវឌ្ឍចិន ចូល​ជួប​សំដែង ការគួរសម។ លោកប្រធានក្រុមហ៊ុនមានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនរដ្ឋដ៏ធំនៅក្នុងប្រទេសចិន ដែលបានធ្វើការវិនិយោគ​នៅ​សហ​រដ្ឋ​អាមេរិក អូស្រ្តាលី និង ប្រទេសឥណ្ឌូណេស៊ី។ លោកប្រធានមានប្រសាសន៍បន្តថា ដោយសារតែ​ប្រទេសកម្ពុជាមានសក្តានុពល ក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស ក្រុមហ៊ុនរបស់លោក​មានគោលបំណងទៅធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការវិនិយោគរួមគ្នា​ជាមួយ​និង​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការវិនិយោគលើការសាងសង់ផ្លូវរថភ្លើង រោង​ចក្រ​ថាមពលអគ្គិសនីប្រើថាមពលសំរាម ការផលិត ជី និងការវិនិយោគលើវិស័យទេសចរណ៍ តាម​រយៈការបង្កើតរម្មណីដ្ឋានលើកកោះរ៉ុង។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជានិច្ចកាលកម្ពុជាតែងតែស្វាគមន៍ចំពោះអ្នកវិនិ​យោគ​បរទេសទាំងអស់ និងផ្តល់លទ្ធភាពឲ្យអ្នកវិនិយោគទាំងអស់ ធ្វើការសិក្សាពីសក្តានុពលសេដ្ឋកិច្ច នៅ​កម្ពុជាមុននិងធ្វើការវិនិយោគ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងនើថា ដោយ​សារ តែប្រទេសយើងទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អ រាជរដ្ឋា​ភិបាល​បានលើក​ទឹកដល់អ្នកវិនិយោគទុនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តីក៏បានស្វា​គមន៍យ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនរដ្ឋសម្រាប់ការវិនិយោគ និងអភិវឌ្ឍចិន ដែល​បានសហការវិនិយោគ ជាមួយនិងអ្នកឧកញ៉ា គិត ម៉េង និងបានចាត់ទុកថា ក្រុមហ៊ុន​ទាំង​ពីរ​នោះ និង​ជួយជំរុញកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

ជាមួយគ្នានេះនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យលោក ហ៊ូ ហូ​គុន អគ្គនាយកក្រុមហ៊ុន Huawei Technologies Co., Ltd ចូលជួបសំដែងការគួរសម។ ក្នុងជំនួបសំដែង ការគួរសមនោះ លោក ហ៊ូ ហូគុន មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន​ចំពោះ​​សម្តេច​តេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឪ្យរូបលោក និងសហការីទាំងអស់ បានចូល​ជួប​សំដែងការ គួរសម បើទោះបីជាសម្តេចមមាញឹក្នុងការអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូល AP​EC នៅក្នុងទីក្រុងប៉េ កាំង ប្រទេសចិនក៏ពិតមែន។ ក្នុងជំនួបនោះដែរ លោកប្រធាន​ក្រុមហ៊ុន​បានរាយ​ការណ៍ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក នៅក្នុងប្រទេស​កម្ពុជា រយៈពេល១៥ឆ្នាំមក​ហើយ និងនៅពេលនេះក្រុមហ៊ុនបាននិងកំពុងបោះជំហានទៅមុខ ក្នុង​ការ​​​ជួយជំរុញដលកំណើនសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះលោក​ប្រធាន​ក៏បានគួសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រីក​ការវិនិយោគនៅកម្ពុជា ឲ្យ​កាន់​តែមានល្បឿនលឿន​ជាងនេះទៅទៀត។ ជាមួយគ្នានេះលោកប្រធានក៏បានជំរាបជូន​សម្តេច​តេជោនាយករដ្ឋមន្រ្តីដែរថា ក្រុមហ៊ុនរបស់លោកបានជួយបណ្តុះបណ្តាល ជូនដល់មន្រ្តី​កម្ពុជា​ចំនួន​ជាង១ពាន់នាក់ និងបានផ្តល់ការងារជូនពលរដ្ឋកម្ពុជាបានជាង២០០នាក់ផងដែរ។  សម្តេច​តេជោ​នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍សំដែងនូវការស្វាគមន៍ ចំពោះគំនិតផ្តួច​ផ្តើមរបស់ក្រុមហ៊ុន Huawei Technologies Co., Ltd ក្នុងការពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួន នៅកម្ពុជា។

សម្តេច​តេជោ​​នាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះកម្ពុជាកំពុងតែមានស្ថេរភាព និង​មាន​បរិយាកាស​អំណោយ​ផលខ្លាំងណាស់ ក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុន វិនិយោគ​នៅ​កម្ពុជា តាមរយៈនេះ​ក្រុមហ៊ុនទាំងអស់គួរតែពង្រីកសក្តានុពលរបស់ខ្លួន ឲ្យកាន់តែមាន​ទំហំទ្វេ​ឡើង​ថែម សំដៅធ្វើយ៉ាង​ពង្រីក​ការវិនិយោគ ឲ្យឈានដល់ចំណុចកំពូល និងប្រកបដោយការ​ប្រកួត​ប្រជែងបំផុតនោះ​។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យលោក លូ សាន អគ្គនាយកនិងជាអនុប្រធានក្រុមហ៊ុន China Road & Bridge Corporation ចូលជួបសំដែងការគួរ​សម ។ លោក លូ សាន អគ្គនាយកនិងជាអនុប្រធានក្រុមហ៊ុន China Road & Bridge Corporation បាន​គោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងជំនួបសំដែងការគួរសមនោះថា បន្ទាប់ពីក្រុម​ហ៊ុន​របស់លោក បានបញ្ចប់ការសាងសង់ស្ពានជ្រោយចង្វារទី២ ប្រកបដោយលទ្ធផល​ដ៏ត្រចះត្រចង់​រួច​មក ក្រុមហ៊ុនរបស់ លោកកំពុងតែធ្វើការសិក្សា លើកគំរោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានី​ភ្នំពេញ​ទៅកាន់​ខេត្តព្រះ​សីហនុ។ លោក លូ សាន  មានប្រសាសន៍បន្តថា ផ្លូវល្បឿនលឿនដែល​និង​ធ្វើការសិក្សានៅពេលខាងមុខ នោះ មានប្រវែង១៨៦គីឡូម៉ែត្រ មាន៤គន្លងទៅពី​គន្លងមកពីរ​គន្លង និងអាចឲ្យរថយន្តបើកបើរក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុង១ម៉ោង។ លោកប្រធានមាន​ប្រសាសន៍​បន្តថា ក្រុមហ៊ុនកំពុងតែធ្វើការសិក្សាឲ្យកាន់សុក្រិតថែមទៀត មុននិងដំណើរការ​សាងសង់​នូវ​ប្រព័ន្ធ​ផ្លូវគមនាគមន៍ដ៏មានសារៈសំខាន់នោះ ឲ្យបានចេញ ជារូបរាងនៅពេលដ៏ខ្លីខាងមុខ។ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ចំពោះគំរោងដ៏មាន សារៈសំខាន់នោះ និងបានស្នើឲ្យ​ក្រុម​ហ៊ុន​ធ្វើការសិក្សាឲ្យបានគត់មុត ពិសេសពន្លឿននូវការសិក្សារបស់ខ្លួន ដើម្បីឈានទៅចុះហត្ថ​លេខា​លើ កិច្ចសន្យនិងកិច្ចព្រមព្រៀង តាមរយៈការវិនិយោគតាមប្រព័ន្ធសាងសង់ ប្រតិបត្តិការ និងផ្ទេរ (B.O.T)។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ផ្លូវល្បឿនលឿននោះគឺជាផ្លូវ យុទ្ធ​សាស្រ្តខ្លាំងណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈនេះសម្តេចចង់ឲ្យ​គំរោងនៃការសាង​សង់ផ្លូវ ល្បឿនលឿននោះ កើតមានឲ្យបានឆាប់រហ័សបំផុតនៅកម្ពុជា។  បើតាមការអះអាង​ពីមន្រ្តី​បច្ចេកទេស​បាន​ឲ្យដឹងថា ប្រព័ន្ធផ្លូវល្បឿនលឿន ដែលគ្រោងនិងវិនិយោគសាងសង់ដោយក្រុមហ៊ុន China Road & Bri​dge Corporation គឺជាប្រភេទផ្លូវថ្មីសុទ្ធសាត និងមិនប៉ះពាល់ជាមួយ​និងកំណាត់​ផ្លូវជាតិលេខ​៤​នោះ​ទេ ហើយកំណាត់ផ្លូវថ្មីនោះគ្រោងនិងធ្វើការសាសងសង់ នៅក្នុងពេលដ៏ខ្លី​ខាងមុខ។