Sunday, November 9, 2014

ស​ម្តេច​តេ​ជោ និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត អញ្ជើញ​ដល់ចំណត​អាកាស​យានដ្ឋាន​​អន្តរ​ជាតិ​​​ទីក្រុងប៉េកាំង សាធារ​ណរដ្ឋប្រជាមានិត​ចិន ប្រកប​ដោយ​សុវត្ថិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និង​សម្តេច​​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  បានអញ្ជើញទៅដល់​ចំណត​អាកាស​យាន​​ដ្ឋាន​អន្តរជាតិទីក្រុងប៉េកាំង សាធា​រណ​រដ្ឋ​ប្រជាមានិតចិន ប្រកបដោយ​សុវត្ថិ​ភាព កាលពីវេលាម៉ោង១៣ និង២០នាទី ម៉ោងនៅទីក្រុងប៉េកាំង ត្រូវនិងម៉ោង​១២និង​២០នាទី ម៉ោងនៅរាជធានីភ្នំពេញថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ដើម្បី​ចូលរួមកិច្ច​សន្ទនាស្តីពីការ​ពង្រឹង​ភាពជាដៃគូការតភ្ជាប់ និងកិច្ចប្រជុំកំពូលរបស់នាយក​ប្រតិបត្តិ​ការ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វីក (APEC CEO) ដែលនឹង​ប្រព្រឹត្ត​ធ្វើឡើងនៅថ្ងៃទី៨-៩វិច្ឆិកា ឆ្នាំ២០១៤។

នៅចំណតអាកាសយានដ្ឋាន​អន្តរ​ជាតិ ទីក្រុងប៉េកាំង វត្តមាននៃការអញ្ជើញ​ដល់​របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបានការធ្វើគារវ​កិច្ច​ស្វាគមន៍​ពីឯកឧត្តម លី ហ្ចីហ្គៀង អនុប្រធានសភាប្រជាជនចិន ព្រមទាំង​ថ្នាក់ដឹកនាំចិន​ជា​ច្រើន​រូប។

វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅ​កាន់​​ទីក្រុង​ប៉េកាំងប្រទេសចិននៅពេលនេះ គឺឆ្លើយតបទៅតាមការអញ្ជើញ​ដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តម ស៊ី ជីភីង ប្រ​ធា​នា​ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ជាំង ស៊ីង​វ៉ៃ អនុរដ្ឋ​មន្រ្តីក្រសួងសេដ្ឋកិច្ច និងជា​ប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំ APEC CEO ឆ្នាំ២០១៤​។ តាមកម្មវិធីដែលបានគ្រោងទុក នៅ​រសៀល​ថ្ងៃ​ទី​៧វិច្ឆិកានេះ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និងជួប​ពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីភីង ប្រធានា​ធិបតី​នៃសាធារ​ណរដ្ឋ​ប្រជាមានិតចិន និងជួបពិភាក្សាការងារជាមួយឯកឧត្តម លី យ៉ុនចាវ អនុ​ប្រធា​នាធិបតី នៃសាធារណរដ្ឋ​ប្រ​ជា​មានិតចិន។

ដូចគ្នានិង​បណ្តា មេដឹក​នាំនៃប្រទេស APEC ដទៃទៀត​ដែរ​នោះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងថ្លែងសុន្ទរកថាគន្លឹៈចំនួន​ពី ទៅកាន់កិច្ចប្រជុំដ៏មាន​សារៈសំខាន់​នោះ ក្នុងនោះសុន្ទរកថាគន្លឹៈ ទី១ នៅក្នុងកិច្ចសន្ទនាស្តីពីការពង្រឹងភាព​ជាដៃគូនៃ​ការ​ត​ភ្ជាប់ ក្នុងកិច្ចប្រជុំ​កំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក ក្នុងពិធី​បើក​​កិច្ច​​ប្រជុំកំពូលដែលធ្វើឡើង​នៅ​រសៀល​ថ្ងៃទី៨វិច្ឆិកា និងសុន្ទរកថាគន្លឹៈទី២ ថ្លែង​នៅក្នុងកិច្ចប្រជុំកំពូលប្រធាន​ក្រុមហ៊ុន នៃកិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ច​អាស៊ីប៉ា​ស៊ី​ហ្វីក នៅព្រឹកថ្ងៃទី៩វិច្ឆិកា។

ជាមួយគ្នានេះសម្តេចតេ​ជោនាយករដ្ឋមន្រ្តី នឹងមាន​គំរោង​ជួបពិភាក្សាការងារ​ជាមួយ​នឹងថ្នាក់ដឹកនាំ និងក្រុមហ៊ុនវិនិយោគចិនជា​ច្រើនទៀត៕