ឯកឧត្តមបណ្ឌិត ស៊ន សំណាង អ្នកប្រវត្តិវិទូ
និងជាវាគ្មិននៅក្នុងសិក្ខាសាលា បានមានប្រសាសន៍ថា
គោលបំណងនៃការសាងសង់វិមាននយោបាយឈ្នះ‑ ឈ្នះ
គឺដើម្បីបង្កើនការយល់ដឹងអំពីអតីតកាល និងបច្ចុប្បន្នកាល ដើម្បីសន្តិភាព
និងអភិវឌ្ឍន៍ដោយចីរភាពទៅអនាគតកាល។ គោលបំណងសិក្ខាសាលានេះ
ដើម្បីជ្រើសរើសវិចិត្រករមានស្នាដៃល្អក្នុងការរចនារូបគំនូរសម្រាប់កសាងរូបចម្លាក់នៅវិមានឈ្នះ‑
ឈ្នះ ហើយក៏ដើម្បីបង្ហាញមូលដ្ឋានទស្សនវិទ្យាសុខដុមនីយកម្មខ្មែរនៅបុរាណសម័យ
ដើម្បីផ្តល់នូវគោលគំនិតឈានទៅធ្វើការសម្រេចគោលបំណង។
ឯកឧត្តមបណ្ឌិត ស៊ន សំណាង បានបញ្ជាក់ថា
គំរោងសាងសង់វិមាននយោបាយឈ្នះ‑ឈ្នះ នេះ មិនមែនជាលើកទី១ទេ គឺកន្លងមកកម្ពុជាក៏យើងធ្លាប់បានកសាង
វិមានព្រះបរមរូប និងព្រះបរមបដិមាព្រះបរមរតនកោដ្ឋ
សម្តេចព្រះនរោត្តមសីហនុ ដើម្បីទុកឲ្យកូនចៅគោរពបូជា ហើយក្រៅពីនេះទៀត
ក៍មានរូបសំណាកផ្សេងទៀត។ ដោយឡែក វិមាននយោបាយឈ្នះឈ្នះនេះ
ដែលគ្រោងបង្កើតឡើងនេះ គឺជាវិមានរំលឹកគុណវីរបុរសជាតិ
ដូចដែលមាននៅក្នុងបណ្តាប្រទេសជឿនលឿនជាច្រើន៕
ឯកឧត្តមបណ្ឌិត ស៊ន សំណាង បានមានប្រសាសន៍បន្តថា រូបវីរបុរសនានា
និងប្រវត្តិនៃការកសាងប្រជាជាតិខ្មែរ តាំងពី៣សតវត្សមុនគ្រឹស្តសករាជ
នឹងយកទៅឆ្លាក់នៅតាមជញ្ជាំងនានា នៃវិមាននោះ ហើសិក្ខាសាលានេះ រៀបចំឡើងដើម្បីឲ្យកូនចៅខ្មែរសម័យបច្ចុប្បន្ន
ចេះបន្តការកសាងស្នាដៃ ជូនដូនតាខ្មែរសម័យមហានគរផងដែរ។
សូមជម្រាបថា ការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ‑ ឈ្នះរបស់សម្តេចតេជោ
បានបញ្ចប់នូវសង្គ្រាមស៊ីវិលដ៏រាំរ៉ៃនៅចុងឆ្នាំ១៩៩៨ បន្ទាប់ពីអង្គការចាត់តាំងខ្មែរក្រហមបានដួលរលំរលាយអស់
គឺពិតជាបានកើតចេញពីទស្សនៈវិទ្យាសន្តិភាព
និងមានការបេ្តជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕