Friday, April 24, 2015

បទអត្ថាធិប្បាយ ដោយលោក ប៉ុល សីហា ៖ ផ្លែផ្កានៃវប្បធម៏សន្ទនា

ជាការពិតស្ថានការណ៏នយោបាយរបស់ប្រទេសកម្ពុជាប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ  បាន​ស្តែង ឲ្យគេ​បានដឹងយ៉ាងច្បាស់ថា កម្ពុជា​អាចពឹង​លើសមត្ថភាពរបស់​ខ្លួនឯងស្វែងរក​សុខ​សន្តិភាព ជូន​ប្រទេសជាតិ​ខ្លួនឯងដោយមិនចាំបាច់ប្រើប្រាស់អាវុធនោះទេ។​ ពិតណាស់​ថាការ​ដឹក​នាំ​ប្រទេស​តែងតែជួប នូវវិបត្តិធ្ងន់ធ្ងរដែលពិបាកនឹងដោះស្រាយ ដូចជាវិបត្តិសេដ្ឋកិច្ច​ពិភព​លោក កម្ពុជាបាន​ហែល​ផុត ត្បិតតែជាប្រទេសដែលទើបតែងើបពីភ្លើងសង្គ្រាម អាច​និយាយ​បានថា​ជាប្រទេសដែល​មានសេដ្ឋកិច្ច​នៅទន់​ខ្សោយ​នៅ​ឡើយ​​ ស្របពេលដែល ប្រទេសមួយ​ចំនួនក្នុងពិភពលោក មកដល់​ពេលនេះ​មិនទាន់ដោះស្រាយវិបត្តិនេះរួចនៅឡើយ ។​
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺការដោះស្រាយនូវវិបត្តិនយោបាយ បន្ទាប់​​ពី​ការបោះឆ្នោតឆ្នាំ២០១៣ ។ ដែលគេបានដឹងថាស្ថានការណ៏នយោបាយ​កម្ពុជានៅក្នុង​កំឡុងឆ្នាំ ២០១៣ និង២០១៤ពិតជាតានតឹង ហើយអ្នកវិភាគមួយចំនួន​ពេលនោះបាន​គិតថា​ខ្មែរ​អាចនឹងឈាន ដល់​ដំណាក់កាល​ចុងក្រោយគឺការបង្ហូរឈាមដោយប្រើប្រាស់​អាវុធមក​ដោះ​ស្រាយបញ្ហា ព្រោះគេបាន​មើល​​ឃើញយ៉ាងជាក់ស្តែងពីភាពវឹកវរ ដែលអំពើទាំងនេះ​បានស្តែងឡើងតាមរយៈការធ្វើបាតុកម្ម​ដែលអូសបន្លាយពេលជាងមួយឆ្នាំ បើសិនជាពេល​នោះ​​រាជរដ្ឋាភិបាលពិតជាផ្តាច់ការ​ដូចការចោទ​ប្រកាន់ពីជនអគតិមួយចំនួនមែន​នោះ ម្លេះសម​មិន​មានទេ បាតុកម្មដែលអូសបន្លាយពេលយូរបែបនេះ ហើយ​​​ឈាម​​ខ្មែរប្រាដកជាហូរ សម្លេង​សោកសង្រេងព្រោះតែបាត់បងសាច់ញាតិ ប្រាកដជាឭពេញ​ប្រទេស​កម្ពុជា ជាក់ជាមិនខាន។
នយោបាយឈ្នះឈ្នះ! នៅតែជាអត្ថិភាព អ្នកដឹកនាំប្រទេសខ្មែរនៅ​តែប្រកាន់យក​នយោ​បាយ​មួយនេះ ​មកដោះស្រាយ ទោះបីជាមានស្ថានការណ៏នយោបាយ​តានតឹងបែប​ណា​ក៏ដោយ។​ គន្លឹះ​ក្នុង​ការដោះស្រាយ​វិបត្តិនយោបាយមួយដែលថ្នាក់ដឹកនាំ​ ប្រទេសកម្ពុជា​បាន​លើកឡើងក្នុងពីធីបើកព្រឹត្តិការណ៏អង្គរសង្ក្រាន្តថា «មេរៀនបទពិសោធន៏របស់ខ្ញុំព្រះករុណា​ខ្ញុំ យើងត្រូវទុកផ្លូវឲ្យគេរស់ ទុកច្រកដើម្បីគេមានលទ្ធភាព ធ្វើអ្វីដែលអាច​ខុសពី​គំនិត​របស់យើង »

វប្បធម៏សន្ទនា គឺជាមាគ៌ាសន្តិភាព​ រុញច្រានប្រទេសកម្ពុជា ឲ្យផុតពីការជាន់ដាន​ប្រវត្តិ​សាស្ត្រ  ដ៏ជូរចត់ ហើយវប្បធម៏មួយនេះបានកៀរគរខ្មែរគ្រប់និន្នាការ​នយោបាយទូទាំង​ប្រទេ​ស​​​ឲ្យ​មកចូលរួម អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ ទោះបីជា​នៅ​មាន​​​ជនល្មោភអំណាច​មួយចំនួន នៅតែមិនបោះបង់ចោលនូវឆន្ទៈផ្តួល​រំលំរាជរដ្ឋា​ភិបាល។
ព្រោះតែអំណាចបុគ្គលនោះមិនធ្លាប់គិតទេ​ សុខទុក្ខប្រជាពលរដ្ឋ គេមិនចង់ឃើញ​ស្នាម​ញញឹម​របស់​ប្រជាពលរដ្ឋនោះឡើយ រឹតតែមិនចង់ឭសម្លេងសើចក្អាក​ក្អាយរបស់ប្រជា​ពលរដ្ឋឲ្យ​ គេអាច​ធ្វើអ្វីបានគ្រប់យ៉ាង បើសិនអំពើនោះអាចផ្តល់ឲ្យគេ​នូវអំណាច នូវផល​ប្រយោជន៏ អ្វី​ដែលបុគ្គល​នេះចង់ឭ និងចង់ឃើញនោះ​គឺ​ភាពវឹកវរ​ក្នុងសង្គមខ្មែរ ដរាបណាខ្មែរ​នៅតែវឹកវរ​បុគ្គលម្នាក់នេះនៅតែសប្បាយចិត្ត ជាក់ស្តែង​នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ក្នុង​ព្រឹត្តិការណ៏​អង្គរសង្ក្រាន្ត ​បុគ្គលម្នាក់នេះ​ហាក់មិនសប្បាយចិត្ត​នឹងចូលរួមជាមួយប្រជាពលរដ្ឋ​ខ្មែរ​​នោះទេ គេបែរជាប្រើប្រាស់ ល្បិចដ៏អាក្រក់​ជាច្រើន ផ្សព្វផ្សាយតាមបណ្តាញសង្គម facebook ញុះ​ញង់​មិនឲ្យប្រជាពលរដ្ឋចូល​រួមព្រឹត្តិការណ៏​អង្គរសង្ក្រាន្តនេះទេ តែទោះជាយ៉ាងណា ប្រជា​ពលរដ្ឋ​នៅតែទៅ​ចូលរួមព្រឹត្តិការណ៏អង្គរ​សង្ក្រាន្តនេះ​យ៉ាងច្រើនកុះករ​ ហួសពីការរំពឹងទុក គឺអ្នក​ចូល​រួម​ដល់​ទៅ​មួយលាននាក់ទាំងនេះបានស្តែង​យ៉ាង​ច្បាស់ថា ប្រជាពលរដ្ឋខ្មែរ​ភា​គ​ច្រើន​​លែង​ជឿ​ឃោសនា​អកុសល​​​របស់បុគ្គលនេះទៀតហើយ។
បើទោះ​បី​ជាអ្ននិពន្ធមិនបានបញ្ចេញឈ្មោះជនជ្រុលនិយម បង្ករហិង្សាសង្គម ក៏មិត្ត​អ្នក​អានអាច​ស្វែងយល់​ដោយខ្លួឯងថា បុគ្គលនោះគ្មានអ្នកណាក្រៅពីជនដែលប្រឆាំនឹង វប្បធម៌​សន្ទនានោះទេ។
មហិច្ឆតាដណ្តើមអំណាចផ្លូវកាត់គួរតែបញ្ឈប់ទៅ អ្នកគួរសាងអ្វីដែលល្អ ធ្វើអ្វីដើម្បី​ប្រយោជន៏​ប្រជាពលរដ្ឋទូទាំងប្រទេសខ្លះទៅ បើប្រជាពលរដ្ឋគេយល់ថាអ្នកជាបុគ្គលសាក​សម​ជាអ្នកដឹកនាំនោះ គេប្រាកដជាបោះឆ្នោតគាំទ្រអ្នកជាមិនខាន។
បញ្ឈប់ទៅវប្បធម៌លាបពណ៌ សូម​មេត្តា​កុំខំអូសទាញ​ខ្មែរ​ទៅជាន់ដានចាស់ទៀតអី ខ្មែរត្រូវតែរួបរួម ទើបខ្មែរមានការអភិវឌ្ឈ​ ហើយឈប់យកហេតុ​ផល​ថាខ្លួនមិនមែនជា​បក្សកាន់​អំណាច មិនអាចអភិវឌ្ឍប្រទេសនោះ លុយជំនួយដែល​បានមក​ពីក្រៅ​ប្រទេស​ហ្នឹង បរិច្ចាគ​ជួយ​​រាស្ត្រខ្លះទៅ កុំយកដាក់តែក្នុងហោប៉ៅខ្លួនឯង និងបក្ខពួក

 អត្ថបទ៖ ប៉ុល សីហា