Friday, April 24, 2015

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យឯក​ឧត្តម Whang Woo Yea ឧបនាយក​រដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួង​អប់​រំកូរ៉េ ចូលជួប​សំដែង​ការគួរ​សម និង​ពិភាក្សា​ការងារ

នៅមុនពិធីបិទកិច្ចប្រជុំកំពូលអាស៊ី អាហ្រិ្វក ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Whang Woo Yea ឧបនាយក​រដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សា​ការងារ។
សម្តេចតេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេច ពិតជាមានការរីករាយខ្លាំងណាស់ ដោយ​បានជួបឯកឧត្តមឧបនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។​សម្តេច​តេជោ​បន្តថា ការជួបគ្នានេណពេលនេះ គឺជាផលប្រយោជន៍ល្អ​សម្រាប់ប្រទេស​ទាំងពីរ ពិសេស​គឺក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់​សាធារណរដ្ឋ​កូរ៉េកាល​ពីពេល​កន្លងទៅ។
ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសា​សន៍ថ្លែង​នូវអំណរគុណ ជូន​ចំពោះ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តីកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ​ធនធា​ន​មនុស្ស ជូនដល់ប្រទេសកម្ពុជា ពិសេសការជួយដល់កម្ពុជាក្នុងជំរុញឲ្យមាន​នូវ​ចលនា​ភូមិថ្មី នៅកម្ពុជា តាមរយៈការបង្កើតឡើងនូវសកលវិទ្យាល័យអភិវឌ្ឍន៍ជនបទ និងការបញ្ចូល​នូវកម្ម​វិធីសិក្សាពី ចលនាភូមីថ្មីក្នុងគ្រឹៈស្ថានសិក្សាចំនួន៣ ក្នុងប្រទេសកម្ពុជា។ ជាមួយនឹង​អ្វីដែល​សាធារណរដ្ឋកូរ៉េ បាន​ទទួលយកនូវពលករកម្ពុជា ទៅបំពេញការងារនៅប្រទេសកូរ៉េ សម្តេច​តេជោនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍ ផងដែរចំពោះលោកជំទាវប្រធានាធិបតីកូរ៉េ ដែលបានធ្វើ​ការពិចារណាទទួលយកពលករកម្ពុជាបន្ថែមទៀត ទៅបំពេញការងារនៅសាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបពិភាក្សាគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯក​ឧត្តម Whang Woo Yea បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ចំពោះកូនកាត់ កម្ពុជា និងកូរ៉េ ក្នុងនោះគឺត្រូវធ្វើ​យ៉ាងណាឲ្យកុមារទាំងនោះ អាចសិក្សាទាំងភាសារខ្មែរ និងភាសារកូរ៉េ និងអាចស្នាក់នៅទាំង ក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសកូរ៉េ ក៏បានគឺតាមចំណង់ចំណូល​ចិត្តដែលពួកគេចង់រស់នៅ ដែលរហូត មកដល់ពេលនេះកូនកាត់ទាំងពីរមានចំនួនជាង ១ម៉ឺននាក់រួចមកហើយនោះ។ ក្រៅពី​គំ​រោងដែលបាន​ដេញ​ថ្លៃរួចមកហើយ ក្នុងការកសាងកំណាត់ផ្លូវ​ពីខេត្តកណ្តាល​ទៅ​ព្រំដែ​ន​វៀតណាម ផ្លូវពី​ខេត្តកណ្តាល​ទៅកាន់ខេត្តតាកែវ និងពីខេត្តតាកែវទៅកាន់​ខេត្ត​កំពតនោះ សម្តេចបានស្នើដល់ភាគីកូរ៉េ ជួយស្តារឡើងវិញ កំណាត់ផ្លូវពីភ្នំពេញ​ទៅ​ខេត្តកំពត និងពីខេត្តកំពតទៅកំណាត់ផ្លូវជាតិលេខ៤ ដើម្បីឲ្យគុណភាពល្អជាងមុន រួមទាំងការស្នើសុំកម្ចី​កសាងផ្លូវពីកម្ពុជា ទៅកាន់ព្រំប្រទលើថៃ៕