Thursday, May 14, 2015

ក្រោយ​ពីជួយ​ផ្តល់​ថវិកា ដើម្បីសាង​សង់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ របស់​សាលាក្តី​ខ្មែរក្រហម ជប៉ុន​នឹង​ជួយ​កម្ពុជា​បន្ថែម​ទៀត​លើការ​បំពាក់​សម្ភារៈ

នៅល្ងាច​ថ្ងៃទី​ ១២ ខែឧសភា ​ឆ្នាំ២០១៥​ ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ ​អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ​បាន​អនុញ្ញាត​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន​ ឯកឧត្តម ​Kuma Maru Yuji​ ចូលជួប​ពិភាក្សា​ការងារ ​ស្តីពី​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​
គួរបញ្ជាក់​ថា​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ដែលទើប​សាងសង់​ថ្មីនេះ ​គឺភាគី​ជប៉ុន​ចំណាយ​ថវិកា​ជួយ​សាងសង់​ឲ្យ​កម្ពុជា​ ដើម្បី​តម្កល់​ទុកឯកសារ​ដែល​កាត់​ក្តីហើយ​ នៅអង្គ​ជំនុំ​ជម្រះ​សាលាក្តី​ខ្មែរក្រហម​។​ តាមរយៈ​ជំនួយខាង​លើ​នេះ​ ឯកឧត្តម​ Kuma Maru Yuji​ ឯកអគ្គរាជ​ទូត​ជប៉ុន​ បានជួប​ពិភាក្សា​ជាមួយ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ​ អាន​ ក្នុង​គោលបំណង​ចង់ដឹង​ពី​ដំណើរការ​នៃ​ការ​សាងសង់​នេះ​។​
គួរ​រំលឹកថា​ កាល​ពីថ្ងៃ​ទី២៥​ ខែមីនា​ ឆ្នាំ២០១៥​ កន្លងទៅ ​នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ គឺមានការ​ចុះ​អនុស្សារណៈ​មួយ​ រវាង​ឯកឧត្តម​ កែវ​ រ៉េមី ​រដ្ឋលេខា​ធិការ​ នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ​និង​លោក​ ដេវិដ​ សេហ្វើ ​ជា​អ្នក​ជំនាញ​ការ​ពិសេស​ របស់​អង្គការ​សហ​ប្រជាជាតិ​ នៅក្នុង​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​ ហើយការ​ចុះហត្ថលេខា​នោះ​គឺ​ផ្តោត​ទៅលើ​មជ្ឈមណ្ឌល​ថ្មី​ សម្រាប់​តម្កល់​ឯកសារ​ ក្រោយ​ពីការ​កាត់​សេចក្តី​នៅអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​រួច​។​
ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្រ្តី ​សុខ​ អាន​ បាន​មាន​ប្រសាសន៍​ នៅ​ក្នុង​ជំនួប​ពិភាក្សា​នេះថា​ នៅពេល​ដ៏៏ខ្លី​ខាងមុខ​នេះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ សុខ​ អាន​ នឹង​បញ្ជូន​លិខិត​មួយ​ទៅកាន់​ប្រធាន​ផ្នែកកិច្ចការ​ច្បាប់ ​របស់​អង្គការ​សហ​ប្រជាជាតិ​គឺ​ឯកឧត្តម​ Miquel De Serpa Soares ជា​ប្រធាន​នាយកដ្ឋាន​ច្បាប់​របស់​អង្គការ​សហ​ប្រជាជាតិ ​ទាក់ទង​ទៅ​និង​ការ​ឆ្លើយតប​ នៃ​កិច្ច​ព្រម​ព្រៀង​អនុស្សារណៈ​ដែល​ឯកឧត្តម​ កែវ​ រ៉េមី​ បាន​ចុះ​ហត្ថលេខា​ពី​ខែមីនា​ កន្លង​មកនេះ​។

ឯកឧត្តម​ បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ បាន​បន្ត​ទៀតថា​ នៅពេល​ដែលលិខិត​ទៅដល់​ឯកឧត្តម​ Miquel De Serpa Soares​ ហើយ ​ប្រសិន​បើគាត់​ឆ្លើយ​យល់​ព្រមត្រឡប់​មកវិញ​ ទៅលើ​អនុស្សារណៈ​ដែល​ បាន​ចុះហត្ថលេខា ​កាលពីថ្ងៃទី​ ២៥​ ខែមីនា​នោះ ​គឺមាន​ន័យថា​ យើងនឹង​បន្តការងារ​ដំណាក់កាល​មួយទៀត​ ដែលពេល​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ចាត់ចែង​ឲ្យមាន​នូវ​អនុក្រឹត្យ ​ដើម្បី​តែងតាំង​នាយក​សំរាប់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​នេះ​។​ នាយក​មជ្ឈ​មណ្ឌល​​​តម្កល់​ឯកសារ​ថ្មីនេះ ​នឹង​ត្រូវ​ធ្វើការ​ជាមួយ​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ អំពី​ការ​ទទួល​ឯកសារ​មួយ​ដំណាក់​កាល​ម្តងៗ​ ការរៀបចំ​ឯកសារ​ដាក់​តម្កល់​នៅ​មជ្ឈមណ្ឌល​ថ្មី​នេះ ​ដើម្បី​ឲ្យអ្នក​សិក្សា​ស្រាវជ្រាវ​ អាចឈាន​ទៅសិក្សា​ស្រាវជ្រាវ​នៅមជ្ឈ​មណ្ឌល​ដោយ​ផ្ទាល់​តែម្តង​។​
មជ្ឈម​ណ្ឌល​ថ្មីនេះ ​នឹង​ត្រូវ​បំពាក់​សម្ភារៈ​បន្ថែមទៀត ​បន្ទាប់ពី​បញ្ចប់​ការសាងសង់ ​១០០%​ ហើយ​ក្នុងនោះ​រាជរដ្ឋាភិបាល​ជប៉ុន​បានសន្យាថា​នឹង​ជួយ​ផ្នែកសម្ភារៈបន្ថែម​ទៀត​។​ ដោយ​ឡែក​ ចំពោះ​ការហ្វឹក​ហ្វឺន​ធនធាន​មនុស្ស ដែល​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ ​នឹង​ត្រូវ​ហ្វឹកហ្វឺន​ដោយអង្គជំនុំ​ជម្រះ​វិសាមញ្ញា​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក)​។​
ជាការ​ឆ្លើយតប​ នៅក្នុង​ជំនួបនេះ​ដែរ​ ឯកឧត្តម​ Kuma Maru Yuji​ ឯកអគ្គ​រាជទូត​ជប៉ុន​ បាន​មាន​​​ប្រសាសន៍​ថា​ ឯកឧត្តម​ចង់ឃើញ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​នេះ​ ដំណើការ​ឲ្យបាន​ឆាប់​ ដូចនេះ​ភាគី​ជប៉ុន​ នឹង​ព្យាយាម​ធ្វើ​យ៉ាងណា ​ជួយ​ឲ្យមជ្ឈមណ្ឌល​នេះ ​អាច​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅបាន​ក្នុងពេល​ដ៏ខ្លី​ខាង​មុខនេះ​៕