Thursday, May 14, 2015

ឥណ្ឌា ចាប់​អារម្មណ៍​ចង់ជួយ​កម្ពុជា លើក​កម្ពស់​វិស័យ​សំខាន់ៗ តាមរយៈ​កិច្ច សហ​ប្រតិបត្តិ ការល្អ


ថ្ងៃទី ១២ ​ខែឧសភា​ ឆ្នាំ២០១៥​ នៅសណ្ឋាគារ ​អ៊ីម៉ាវ៉ារី ​រាជធានីភ្នំពេញ ​ក្រុមសិក្សាស្រាវជ្រាវ​ ដេលី ​ដែលជាអង្គការ​មិនមែន​រដ្ឋាភិបាល​ នៅប្រទេសឥណ្ឌា ​ដែលកំពុង​បំពេញ ​ទស្សនៈកិច្ច​ សក្សានៅកម្ពុជា ​បានធ្វើសន្និសីទ​សារព័ត៌មាន​ ដើម្បី​ជម្រាបជូន​អំពីដំណើរ​សិក្សាស្រាវជ្រាវ​របស់ក្រុម​ខ្លួន​ ក្នុងគោល​បំណង​បង្កើនកិច្ច​សហប្រតិបត្តិការ​ឲ្យកាន់តែ​ខ្លាំងឡើង​រវាង​កម្ពុជា​ និង​ឥណ្ឌា ​ហើយក្នុង​នោះ ក្រុម​សិក្សា បានបង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់ជួយ​កម្ពុជា​ លើ​វិស័យ​សំខាន់​មួយចំនួន​ ដែល​ជាវិស័យ​អាទិភាព​ ហើយ​ដែល​ឥណ្ឌា ​មានភាព​ជោគជ័យ​ និង​រីកចំរើន​។​
គណៈប្រតិភូ​ឥណ្ឌា ​បានមានប្រសាសន៍​ថា​ គោលបំណង​នៃដំណើរ​ទស្សនៈកិច្ច​លើកដំបូង​មកកាន់​ប្រទេស​កម្ពុជានេះ ​គឺដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ឥណ្ឌា​ ដែល​ផ្តោតទៅ​លើមិត្តភាព​ ហើយ​និង​ការយោគ​យល់គ្នា​ និង​ពង្រឹង​ការទូត​រវាង​ប្រទេស​ទាំងពី​រ។​ គណៈប្រតិភូ​ឥណ្ឌា​ក៏បាន​លើក​ឡើង​ផងដែរ​ ពីចំណុច​សំខាន់​ដែលក្រុមសិក្សា​របស់​លោក​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា​នោះ​គឺដោយសារ​ ប្រទេស​កម្ពុជា​មាន​ប្រាសាទ​ព្រហ្ម​សាសនា​ (ប្រាសាទ​សាសនា​ហិណ្ឌូ​)​ ច្រើនជាង​គេ​លើ​ពិភពលោក​ ហើយ​ប្រទេស​ឥណ្ឌា​វិញ​គឺជា​ប្រទេស​ដែលមាន​ប្រជាជន​កាន់​ព្រហ្ម​ញ្ញសាសនា ​(សាសនា​ហិណ្ឌូ​)​ ច្រើនជា​គេ​លើ​ពិភព​លោក​។​ តាមរយៈ​ចំណុច​សំខាន់នេះ ​គឺក្រុម​របស់​លោក​យល់ថា​ វាមាន​ភាព​ចាំបាច់​ខ្លាំង​ណាស់​ ដែល​ប្រជាជន​ឥណ្ឌា​គួរតែ​ស្គាល់​ប្រទេស​កម្ពុជា​ដូច្នេះ ក្រុម​សិក្សា​របស់​លោក​ ចង់លើក​កម្ពស់​ឲ្យមាន​ដំណើរ​ទស្សនៈកិច្ច​ទេសចរ​ ពី​ឥណ្ឌាមក​កាន់​ប្រាសាទ​កម្ពុជា​ឲ្យ​បានច្រើន​ ម្យ៉ាង​ដោយសារ​ ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​ ដែល​បច្ចុប្បន្ន​ដង់ស៊ីតេ​ប្រជាជន​​មាន​ប្រមាណ​ជាង​ ១.២៥​ពាន់​លាន​នាក់​ ។ ដូច្នេះ​ប្រសិន​ជា​គាត់​សំរេចចិត្ត​មកលេង​កំសាន្ត​នៅ​ប្រទេស​កម្ពុជា​នោះ ​កម្ពុជានឹង​ទទួលបាន​ចំណូល​ច្រើន​ពី​វិស័យ​ទេសចរ​។​


យ៉ាងណា​មិញ​ក្រុម​គណៈប្រតិភូ​ឥណ្ឌា​បាន​កត់​សំគាល់​ឃើញថា​ ប្រជាជន​ឥណ្ឌា​ភាគច្រើន​មិនសូវ​ស្គាល់​ប្រទេស​កម្ពុជា​ទេ​ ដោយសារ​តែ​ប្រទេស​ទាំងពីរ​មិនទាន់​មានជើង​ហោះហើរ​ ដោយត្រង់​ពី​ឥណ្ឌា​មកកាន់​កម្ពុជា ​និង​ពី​កម្ពុជា​ទៅ​ឥណ្ឌា​ ដែលអ្នក​ទេសចរ​ប្រទេសទាំងពីរ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ចំណាយ​ថវិកា​ច្រើន ​ដែល​កត្តានេះ​ធ្វើ​ឲ្យ​មាន​ភ្ញៀវទេស​តិចតួច​ ពី​ឥណ្ឌា​មកកាន់​ប្រទេស​កម្ពុជា​។
​គណៈប្រតិភូ​ របស់​ក្រុមសិក្សា​ស្រាវជ្រាវ ​ដេលី ​ក៏លើក​ឡើង​បន្ថែម​ទៀតថា​ ក្រៅពី​វិស័យ​ទេសចរ​ ឥណ្ឌាអាច​ជួយ​កម្ពុជា​លើវិស័យ​ព័ត៌មាន​វិទ្យា,​ ការពង្រីក​វិស័យ​អប់រំ​ និង​សុខាភិបាល​នៅ​ទីជនបទ​,​ វិស័យ​ផ្លូវដែក​នៅកម្ពុជា​,​ លើក​កម្ពស់​ការនាំទំនិញ​ពី​កម្ពុជា​ទៅឥណ្ឌា​ដែល​បច្ចុប្បន្ន​ទំហំ​នាំចេញ​ពី​កម្ពុជា​ទៅ ​ឥណ្ឌា​មាន​ប្រមាណ​តែ​ ១៥លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​តែ​ប្រទេស​ទាំងពីរ​មិនទាន់​មាន​ទំនាក់ទំនង​គ្នា​ច្រើន​ លើ​វិស័យនាំ​ចេញ​នេះ ​ហើយ​ក៏​ព្រោះតែ​កម្ពុជា​-​ឥណ្ឌា​មិនទាន់​មាន​ជើងហោះ​ហើរ​ដោយ​ត្រង់​ផងដែរ​។​

​ជាមួយគ្នា​នោះ​គណៈ​ប្រតិភូ​ឥណ្ឌា ​ក៏បានចែក​រំលែក​អំពី​បទពិសោធន៍​របស់ខ្លួន​ជាមួយ​មន្រ្តី ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ លើ​វិស័យ​ការទូត​ជាមួយ​ប្រទេស​ជិត​ខាង​ ក៏ដូចជា​ការលើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​ក្រីក្រ ​និង​ចែករំលែក​បទពិសោធន៍​ រួមទាំង​ចំណេះដឹង​ ដែល​ឥណ្ឌាធ្លាប់​បាន​ឆ្លងកាត់​កន្លងមក​ និង​បញ្ហាដែល​កម្ពុជា​កំពុង​តែជួប​ប្រទះ ​ដើម្បី​បង្កើន​ការអភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។
​គួរបញ្ជាក់​ថា​ ក្រុម​សិក្សា​ស្រាវជ្រាវ​ ដេលី ​ជាអង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ប្រទេស​ឥណ្ឌា ដ៏លេច​ធ្លោមួយ​ ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាជន​ ហើយ​ដំណើរ​ទស្សនៈ​កិច្ច​លើកទី១​នេះ ​គឺតប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម​ បណ្ឌិត​សភាចារ្យ ​សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​ដើម្បី​ស្វែងយល់​ពី​ប្រទេស​កម្ពុជា​ និងផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ឥណ្ឌា-​កម្ពុជា​។​ ក្រុមគណៈ​ប្រតិភូ​សិក្សាស្រាវ​ជ្រាវ ​ដេលី ​មកកាន់​កម្ពុជា​នាពេលនេះ ​មាន​សមាជិក​ ៥នាក់​ ដែលបាន​ចាកចេញ​ពី​ឥណ្ឌា​នៅថ្ងៃទី​ ១០​ ខែឧសភា ហើយ​គ្រោង​នឹង​បញ្ចប់ទស្សនៈ​កិច្ច​នៅ​ ថ្ងៃទី​១៦​ ខែ​ឧសភា ​ឆ្នាំ២០១៥​។​
សូមបញ្ជាក់ថា ក្រុមសិក្សា​ស្រាវជ្រាវ​ ដេលី ​មាន​ដើម​កំណើត​នៅឆ្នាំ ​១៩៩២ ​និង​មាន​សមាជិក​ប្រមាណ​ជាង​ ២០០០នាក់​ ។ បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា ​ក្រុមសិក្សា​ស្រាវជ្រាវ ​ដេលី​ ដឹកនាំ​ដោយ​លោក​ វីចាយ ចូលី។​ ចំពោះគណៈប្រតិភូ ដែល​ដឹកនាំ​ដំណើរទស្សនៈកិច្ច​មកកាន់​កម្ពុជា​លើកនេះ​រួមមាន​ លោក​ អាសុក ហ្គាដ ជាទី​ប្រឹក្សា​ក្រុម​សិក្សា​ស្រាវជ្រាវ,​លោក​ ណារិន​ ប្រាភូមា ​ចាឡា​ ជាលេខាធិការ​ និង​ជា​ប្រធាន​ក្រុមហ៊ុន​បោះពុម្ព​មួយ​នៅឥណ្ឌា,​ លេខាធិការ​ម្នាក់​ទៀត​គឺលោក ​អានៀល ​ជិនត្រា​ ជាគណនេយ្យករ​ ដែល​មាន​ការទទួល​ស្គាល់​ជាអន្តរជាតិ,​ លោក​ សាដា​ កុមាជិ​ សីង​ លូកាល​ ជាប្រធាន​ក្រុមហ៊ុន​ អចលន​ទ្រព្យ​នៅឥណ្ឌា ​និង​លោក​ រ៉ាជិប​ ភូមា​សាណា ​ជាអ្នកដឹក​នាំអង្គការ​សង្គម​នៅឥណ្ឌា​ដ៏ល្បី​ឈ្មោះម្នាក់​៕