Thursday, May 14, 2015

សម្តេច​តេជោ ហ៊ុន សែន ជួប​ជាមួយ​បណ្ឌិត Moustapha Saphariny​

សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា បានថ្លែងអំណរ​គុណចំពោះ​កិច្ចខិតខំប្រឹងប្រែង​ទាំងឡាយ​របស់លោក  Saphariny ដែលបាន ចូល​រួម​ចំណែកក្នុង​ការស្វែង​រកសន្តិភាព​នៅកម្ពុជាពី​អតីតកាល កាលពីប្រមាណ ៣០ឆ្នាំមុន។
សម្តេច​តេជោ ​មានប្រសាសន៏​​​រម្លឹកឡើងវិញ​អំពីរឿងនេះ ក្នុងឱកាស​ដែលសម្តេច​បាន​អនុញ្ញាត​ឱ្យ​​លោកបណ្ឌិត Moustapha Saphariny ប្រធានគណៈ​កម្មការ​វិនិយោគ​នៅប្រទេស​ចិននិង​តំបន់អាស៊ី ចូល ជួប​សំដែង​ការ​គួរសមនៅ​វិមានសន្តិ ភាពទីស្តី ការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃ​ទី​១៣​ ខែឧសភា​នេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការសម្តេចតេជោ​នាយករដ្ឋមន្ត្រីបានប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​ក្រោយ​ជំនួបនេះថា៖នៅក្នុងជំនួបនេះ​លោកបណ្ឌិត បានគោរពរម្លឹកជំរាប​ជូនសម្តេច​តេជោ​អំពី​រូបលោកដែល​បានចូលរួម​ចំណែករៀប​ចំជួយក្នុងដំណើរការស្វែង​រកសន្តិភាព​របស់កម្ពុជា ហើយ​លោកក៏បាន​ជូនសៀវភៅ អាល់ប៊ុម រូបថត​អនុស្សាវរីយ៍​ពីអតីតកាល​នៃការ​ស្វែងរក​សន្តិភាព នា​ឱកាសនោះផងដែរ។
លោក ​ Saphariny បានជំរាប​ជូនសម្តេច​ដែរថា នៅពេលដែល​លោកបាន​មកដល់​កម្ពុជា​នាពេលនេះ បានឃើញ​ទីក្រុងភ្នំពេញ មានសោភណ្ឌ​ភាពដ៏ស្រស់​បំព្រងពោរ ពេញ​ដោយ ក្តី​ញញឹម និងសន្តិភាព ដែលឆ្លុះ​បញ្ចាំង​នូវកិច្ចខិត​ខំប្រឹងប្រែង ក្រោមការដឹកនាំ​ដ៏ត្រឹម ត្រូវរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដឹកនាំ​ប្រទេសកម្ពុជា ឈានឆ្ពោះ​ទៅ ការ​អភិវឌ្ឍ។ ក្នុងន័យនេះ ឯកឧត្តម បានគោរព​សំដែងនូវការ​អបអរ​សាទរ​ដោយ​ស្មោះអស់​ពីចិត្ត​ចំពោះសម្តេច តេជោ ហ៊ុន សែន ។
ជាការឆ្លើយ​តប សម្តេច​តេជោ ហ៊ុន​សែន បានថ្លែង​អំណរ​គុណចំពោះលោក បណ្ឌិត ដែល​បាន រម្លឹកពីការងារ​ដែលបាន​ធ្វើរួមគ្នាពីអតីតកាល​មានរយៈពេល​ប្រមាណ​៣០ឆ្នាំមុន ហើយក៏​បាន ថ្លែងអំណរគុណ​ចំពោះការផ្តល់​ជូនសៀវភៅ អាល់ប៊ុម រូបថត អនុស្សាវរីយ៍នេះ។
ជា​មួយ​គ្នានេះ សម្តេចក៏បាន​ថ្លែងអំណរ​គុណចំពោះ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយ​របស់​លោក  Saphariny ដែលបាន​ចូលរួមចំណែក​ក្នុងការស្វែងរក​សន្តិភាពនៅកម្ពុជា និងជាទី​បញ្ចប់ សម្តេចតេជោ នាយក​រដ្ឋ​មន្ត្រី ក៏បាន​ជំរាបជូនលោក  Moustapha Saphariny​ អំពីស្ថាន ភាពទូទៅ​របស់កម្ពុជា​រួម​ទាំងស្ថានភាព សេដ្ឋកិច្ចផងដែរ៕