Thursday, May 14, 2015

សម្តេច​តេជោ ទទួលជួប​ពិភាក្សាការ​ងារជាមួយ​ប្រធាន​រដ្ឋសភាកូរ៉េ និងសាកល​វិទ្យាធិការ នៃសកល​វិទ្យាល័យ Konyang សាធារណរដ្ឋកូរ៉េ

ក្នុងជំនួបនៅវិមានសន្តិភាព​ទីស្តីការនាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នំា២០១៥ ឯកឧត្តម Chung Ui HWA មានប្រសាសន៍ថា ក្នុងដំណើរទស្សន​កិច្ចរបស់ឯកឧត្តម មកកាន់ប្រទេស​កម្ពុជានៅពេលនេះ ឯកឧត្តមបាន​ឃើញ​នូវវឌ្ឍនភាពរបស់កម្ពុជា ហើយ​តាមរយៈនេះឯកឧត្តមសូម​សំដែងនូវការគោរព និងកោត​សរសើរ ជូនចំពោះសម្តេចតេជោ​នាយករដ្ឋមន្រ្តី ក្នុងការសំរេច​ឲ្យមានស្ថាន​ឯកអគ្គរដ្ឋ​ទូតរបស់​សាធារណរដ្ឋកូរ៉េ ក្នុងប្រទេស​កម្ពុជាកាល​ពីឆ្នាំ១៩៩៧។ ហើយ ចាប់តាំងពីពេលនោះ​មកទំហំពាណិជ្ជ​កម្មនៃប្រទេស​ទាំងពីរមាន​ការកើនឡើង ១៥ដង និងការវិនិយោគ​របស់កូរ៉េក្នុង​ប្រទេស​កម្ពុជា ស្ថិតក្នុងលំដាប់​ថ្នាក់ទី២ ដោយឡែកពលករ​ខ្មែរដែលទៅ​ធ្វើការនៅកូរ៉េ មានការតស៊ូប្រឹង​ប្រែងធ្វើការ​បានល្អ កត្តាទាំង​អស់នោះហើយ នាំឲ្យមាន​ការទាក់​ទាញនូវអ្នក​វិនិយោគ​ទុនកូរ៉េយ៉ាង​ច្រើន មកបណ្តាក់​ទុននៅកម្ពុជា។ 
សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍​ថា សម្តេច មានការ​ពេញចិត្តយ៉ាងខ្លាំង​ជាមួយ​និងវឌ្ឍនភាព នៃទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរ។ តាមរយៈ​នេះសម្តេច​បានលើក​ទឹកចិត្តបន្ត​ឲ្យមាននូវ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាងថ្នាក់ដឹក​នាំនិង​ថ្នាក់ដឹក​នាំ មន្រ្តីនិង​មន្រ្តី ពិសេស​ជំរុញឲ្យមាន​នូវការ​ពិភាក្សា​ជាច្រើន​លើ បញ្ហាអភិវឌ្ឍ​ធនធាន​មនុស្ស ការបង្កើន​ពលករ​ខ្មែរទៅ​កាន់ប្រទេសកូរ៉េ ដើម្បីឲ្យ​ពលក​រ​ទាំង​នោះបានទទួល​កម្រៃផង និងបាន​ទទួល​នូវ​បទពិសោធន៍ ដើម្បីយក​មក​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជាផង។
សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី បានស្នើ​ដល់ភាគី​កូរ៉េ បន្តយកចិត្ត​ទុកដាក់​បន្ថែម​ទៀត ក្នុងការ​នាំទំនិញ​ពីកម្ពុជា​ទៅកាន់​កូរ៉េឲ្យបានច្រើនឡើ​ងថែម​ទៀត ព្រោះថា​បច្ចុប្បន្ននេះ​ទំនិញកូរ៉េហូរ​ចូលម​កកាន់​កម្ពុជា មានចំនួន​ច្រើនជាង​ទំនិញ​កម្ពុជា​នាំចូល​ទៅកាន់កូរ៉េ។ សម្តេច​តេជោ​បន្តថា ប្រទេស​យើងទាំង​ពីរមានកិច្ច​សហប្រតិ​បត្តិការ​ជាច្រើនទៀត ដែលយើង​អាចធ្វើការ​សហការជាមួយគ្នា ជាងនេះ​ទៅទៀត​រួមមាន​ចលនា​ភូមិថ្មី​ដែលជាទីចាប់​អារម្មណ៍​បំផុត​របស់កម្ពុជា និងកិច្ច​សហប្រតិ​បត្តិការ​ក្នុងក្របខណ្ឌមេគង្គ កូរ៉េ និងអាស៊ាន កូរ៉េ។ 




បន្ទាប់មកនៅ​រសៀលថ្ងៃ​ដដែលនោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានអនុញ្ញាតិ​ឲ្យលោក​វេជ្ជ​បណ្ឌិត Kim Hi Soo សាកល​វិទ្យាធិការ នៃសកល​វិទ្យាល័យ Konyang សាធារ​ណរដ្ឋកូរ៉េ ចូលជួប​សំដែង​ការគួរ​សម និងពិភាក្សា​ការងារ។ ក្នុងជំនួបពិ​ភាក្សាគ្នានោះ លោក​បណ្ឌិត Kim Hi Soo មានប្រសាសន៍​ថា រូបលោកបាន​មកកាន់​ប្រទេសកម្ពុជា​កាលពី​ខែតុលា​ឆ្នាំ២០០៩ និងបានជួប​សំដែងការគួរ​សមសម្តេច​តេជោ ហើយនៅ​ពេលនេះ​ទៀត​សោត រូបលោក​មានវត្តមាន​ក្នុងប្រទេស​កម្ពុជាសាជាថ្មី​ម្តងទៀត ក្នុងការអញ្ជើញ​ចូលរួមក្នុង​ពិធីសម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អគារមជ្ឈ​មណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា កូរ៉េ នៃ​មន្ទីពេទ្យ​ព្រះអង្គឌួង ក្នុងរាជ​ធានីភ្នំពេញ។
លោកវេជ្ជ​បណ្ឌិតមាន​ប្រសាសន៍​បន្តថា មជ្ឈមណ្ឌល​ថ្មីនោះ នឹងអាចជួយ​ដល់ការពិនិត្យ​ថែទាំព្យាបាល ជូនចំពោះ​អ្នកជំងឺ​ភ្នែកកម្ពុជា និងជាពិសេស​ទៅទៀតអាច​ជួយដល់​កម្ពុជាក្នុងការអភិវឌ្ឍធន​ធានមនុស្សផង​ដែរ។ លោកប្រធាន​មានប្រសាសន៍​បន្តថា បន្ទាប់​ពីការសាង​សង់រួច ហើយនោះ នៅពេលនេះ​ទៀតសោត រដ្ឋាភិបាល​កូរ៉េកំពុង​យកចិត្ត​ទុកដាក់ និងធ្វើការ​ពិចារណាក្នុងការជួយ​ដល់មជ្ឈ​មណ្ឌលចក្ខុរោគ ក្នុងជំហាន​ទី២នោះគឺ ការផលិត​វ៉ែនតា។
លោកវេជ្ជបណ្ឌិត​មានប្រសាសន៍​បន្តថា ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​មជ្ឈមណ្ឌល​ចក្ខុរោគ គឺធ្វើឡើង​តាមរយៈការ​បញ្ជួនវេជ្ជបណ្ឌិត និងគិលានុ​បដ្ឋាកកម្ពុជា​ទៅសិក្សា​នៅកូរ៉េ និងទី២បញ្ជួន​អ្នកអ្នក​ទេសកូរ៉េ មកកាន់​កម្ពុជាដើម្បី​បង្រៀនដល់​បុគ្គលិកមន្ទីរពេទ្យ តាមរយៈនេះលោក​វេជ្ជបណ្ឌិត​បានសន្យាដែរថា នឹងបន្តបណ្តុះ​បណ្តាលធន​ធានមនុស្សផ​ង និងថែទាំ នូវរាល់​សម្ភារៈទាំងឡាយ ដែលបំពាក់​ក្នុងមជ្ឈមណ្ឌល​ប្រើប្រាស់បាន​យូរអង្វែង និងប្រកបដោយ​និរន្តរភាពខ្ពស់។  
សម្តេចតេជោ​នាយករដ្ឋមន្រ្តី មានប្រសាសន៍​ថ្លែងនូវអំណរគុណ​ជូនចំពោះ​រដ្ឋាភិបាល និងប្រជាជន​កូរ៉េ ដែលបាន​ជួយក​សាងមជ្ឈមណ្ឌល​ចក្ខុរោគនៅ​កម្ពុជា ដែលនឹងរួម​ចំណែកជួយ​ព្យាបាល​ដល់ប្រជាជន​កម្ពុជាផង និងជួយដល់​ការអភិវឌ្ឍ​ធនធានមនុស្សនៅ​កម្ពុជាផង។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី មានប្រសាសន៍​សង្កត់ធ្ងន់ថា បើគ្មានធនធាន​មនុស្សទេនោះ សម្ភារៈដ៏ទំនើបៗ​ក្នុងមជ្ឈ​មណ្ឌល គឺមិនអាច​យកមក​ប្រើប្រាស់​បាននោះទេ តាមរយៈ​នេះសម្តេច​សូមគាំទ្រ និងលើក​ទឹកចិត្តដល់​លោកវេជ្ជ​បណ្ឌិតគីម សហការជាមួយនិង​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល របស់​កម្ពុជា និងបន្តសហការ​ជាមួយនិង​ក្រសួង​សុខាភិបាល ដើម្បីរួមចំណែកជួយ​ដល់ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅកម្ពុជា ឲ្យកាន់តែ​សមត្ថភាព​ខ្ពស់ ថែមទៀត៕