Monday, September 12, 2016

សម្តេច​តេជោ ហ៊ុន សែន ​អនុញ្ញាត​ឲ្យគណៈ​ប្រតិភូ​ក្រុមហ៊ុន​ហ៊ូវ៉ៃ ដឹកនាំ​ដោយ​លោក លី ជឹងកឺ អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ហ៊ូវ៉ៃ ចូលជួប​សំដែង​ការគួរសម និងពិភាក្សា​ការងារ

បន្ទាប់មកសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អនុញ្ញាតឲ្យ​គណៈ​ប្រតិភូ​ក្រុមហ៊ុនហ៊ូ​វ៉ៃ ដឹកនាំ​ដោយ​លោក លី ជឹងកឺ អនុប្រធានក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ៊ូវ៉ៃ ចូលជួប​សំដែងការ​គួរសម និងពិភាក្សាការងារ​ នៅរសៀលថ្ងៃទី១១ ខែកញ្ញា  ឆ្នាំ២០១៦។

លោក លី ជឹងកឺ មានប្រ​សាសន៍​ជំរាបជូន​សម្តេចតេជោ​នាយករ​ដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់​លោក​បាន​បណ្តាក់​ទុនវិនិយោគ​ក្នុងប្រទេស​កម្ពុជា ក្នុងឆ្នាំ១៩៩៩ រហូតមកដល់​ពេលនេះមានរ​យៈពេលជាង​១៧ឆ្នាំរួចមមកហើយ។ ទាក់ទិន​ទៅនិងអាជីវ​កម្មរ​បស់ក្រុម​ហ៊ុនកាល​ពីឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុនបាន​ធ្វើការ​លក់ផលិតផ​លស្មាត​ហ្រ្វូនរបស់​ក្រុមហ៊ុន​មានរហូត​ដល់៦០ ពាន់លានដុល្លា នៅលើទីផ្សាររបស់ពិភពលោក​។​ ​នៅក្នុង​ទីផ្សារនៃ​ប្រទេសកម្ពុជា ក្រុមហ៊ុនរបស់លោក​នឹងពង្រីក​​ទីផ្សារឲ្យកាន់​តែមាន​ទំហំធំឡើង ពោលគឺបច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងដំណើរ​ការសាងសង់អ​គារការិយាល័យ និងមជ្ឈ​មណ្ឌល​ព័ត៌មាន​ដ៏ធំ​នៅក​ម្ពុជា​​ដែល​​គ្រោ​ងនឹង​បញ្ចប់នៅ​ក្នុងឆ្នាំ​២០១៧​ខាងមុខ។

ជាមួយ​និងការ​វិនិយោគ​នៅកម្ពុជា​លោក លី ជឹងកឺ មានប្រសាសន៍បន្តថា ក្រុមហ៊ុនរបស់លោកបានធ្វើការសហការ​ក្នុងការ ​ជួយប​ណ្តុះ​បណ្តាលធ​នធាន​មនុស្ស ជូនដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ការសហការជាមួយ​និងក្រសួង​ប្រៃសណី និងទូរគមនាគមន៍ ជួយដល់​ការ​ងារ​មនុស្សធម៌ របស់កាក​បាទក្រហម​កម្ពុជា​ និងសហភាព​សហព័ន្ធយុវជនកម្ពុជា។  លោកប្រធានក៏បាន​គូសបញ្ជាក់​​ដែរ​ថា នៅកម្ពុជា​ក្រុមហ៊ុន​របស់លោក​មានបុគ្គលិក​ចំនួនជាង​៤០០នាក់ក្នុង​ចំនួន​នោះប្រមាណ​៨០%ជាជន​ជាតិ កម្ពុជា ដែលទទួល​បាននូវ​ការ​បណ្តុះ​បណ្តាល​ប្រកប​ដោយ​សមត្ថភាពខ្ពស់។ 

ជាការឆ្លើយ​តប​ សម្តេចតេ​ជោ នាយ​ករដ្ឋមន្រ្តីមានប្រសា​សន៍ថ្លែងនូវអំ​ណរគុណយ៉ា​ងជ្រាលជ្រៅ​បំផុត​ ជូនចំពោះ​ក្រុមហ៊ុន​ហ៊ូវ៉ៃ ដែលបាន​រួមចំណែក​ជួយដល់​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅកម្ពុជា។ ជាមួយគ្នានេះ​សម្តេចបាន​សំដែងនូវ​ការរីករាយចំ​ពោះភាព​រីកចម្រើន​របស់ក្រុម​ហ៊ុន ហ៊ូវ៉ៃ ក្នុងការបណ្តាក់​ទុនវិនិយោគ​ក្នុងប្រទេស​កម្ពុជា ហើយស​ម្តេច​សន្យាថា​សម្តេច​ និងអញ្ជើញ​ទៅចូល​រួមក្នុង ពិធីសម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ អគារ​ការិយាល័យ​ថ្មីរបស់ក្រុមហ៊ុន​នៅពេល​ដំណើរការ​សាងសង់រួចរាល់ ។