Monday, September 12, 2016

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការ​ងារ​ជាមួយ ​ឯកឧត្តម ផឹង ឈីវហ៊ (Peng Qinghua)លេខាធិការ​គណៈ​កម្មាធិការ​បក្សកុម្មុយ​នីស្តចិន តំបន់ស្វយ័ត ខេត្តក្វាងស៊ី


នៅក្នុង​វត្តមាន​នៃការ​អញ្ជើញ​ដល់ទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន សម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែននាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា បាន​ទទួលជួ​បពិភាក្សា​ការងា​រជាមួយ ឯកឧត្តម ផឹង ឈីវហ៊ លេខាធិការ​គណៈ​កម្មាធិការ​បក្ស​កុម្មុយ​នីស្តចិន តំបន់ស្វ​យ័ត ខេត្តក្វាងស៊ី។
ក្នុង​ជំនួប​ពិភាក្សា​គ្នានោះ​ឯកឧត្តម​លេខា​ធិការ​គណៈ​កម្មាធិការ​បក្ស​តំបន់​ស្វយ័ត ខេត្តក្វាងស៊ី និង​សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានធ្វើការ​ពិភាក្សា​គ្នាយ៉ាង​យកចិត្តទុកដាក់ទៅ​លើ​បញ្ហា​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ​កម្ពុជា-ចិន ទំនាក់ទំនង​កិច្ចសហប្រ​តិបត្តិការ​រវាងកម្ពុជា និងខេត្តក្វាងស៊ី។ ក្វាង​ស៊ី​ និង​កម្ពុជាពិភាក្សាគ្នាក្នុ​ងការជំរុ​ញវិស័យ​អប់រំ និងវប្បធម៍។
ឯកឧត្តមលេខា​បក្ស​ខេត្ត​មានប្រសាសន៍​​ស្វាគមន៍​​យ៉ាងកក់​ក្ដៅបំផុត ជូនចំពោះវ​ត្តមាន​ដ៏ឧត្តុង្គ​ឧត្តម​បំផុត របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី អញ្ជើញចូល​រួមក្នុង​ពិព័រណ៌ចិន-អាស៊ាន​លើកទី១៣ នៅទីក្រុង​ណាននីង ខេត្តក្វាងស៊ី និងបានចាត់​ទុកថាសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី គឺជាមេដឹកនាំ អាស៊ានដ៏​សកម្ម​ម្នាក់ ដែល​បានអញ្ជើញ​មកចូលរួ​មពិព័រណ៌ចិ​ន-អាស៊ាន ចំនួន៩​លើកជាប់​ៗគ្នា ក្នុងចំណោម​ការរៀប​ចំ ពិព័រណ៌ចិន-អាស៊ាន នៅទីក្រុង​ណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន។ ឯកឧត្តមក៏បាន​ចាត់ទុក​ថា សម្តេច​តេជោ​គឺជា​មិត្តដ៏ល្អ មិត្តជាទីទុក​ចិត្ត​របស់​ប្រទេស និងប្រជាជនចិន ពិសេសប្រជាពល​រដ្ឋខេត្តក្វាងស៊ី​ប្រមាណ​ជាង៥០លាន​នាក់។ឯកឧត្តម ផឹង ឈីវហ៊បានកោតសរសើរ​ដល់កម្ពុជា ដែលមានការរីកច​ម្រើនទៅមុខ​ឥតឈប់ឈ​រ ទន្ទឹមនឹងនេះ​ដែរលោក នឹងជំរុញអោយ​អ្នកវិនិយោគ​នៅក្វាង ស៊ីទៅវិនិយោគនៅ​ប្រទេសកម្ពុជា។


សម្តេចតេជោ នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ពី​ប្រវត្តិ នៃការប្រារព្វពិព័រណ៌ចិន-អាស៊ាន គឺកើតចេញ​ពីគំនិតផ្តួច​ផ្ដើម​របស់ឯកឧត្តម វេន ជាប៉ាវ អតីតនាយក​រដ្ឋមន្រ្តីចិន និងក្នុងពេលដែ​លកម្ពុជាជា​ប្រទេស​សម្របសម្រួល​អាស៊ាន-ចិន ជាពិសេសគោល​ដៅនៃពិពរណ៍ គឺដើម្បីពង្រឹង​ទំនាក់ទំនងរ​វាង ក្វាងស៊ី និងប្រទេសសមាជិក​អាស៊ាន ។
សម្តេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ក៏បានចាត់ទុកថា វត្តមាននៃ​ការអញ្ជើញ​ចូលរួម​ពិព័រណ៌​ចិន-អាស៊ាន លើកទី១៣ នៅពេលនេះ គឺស្របពេល នៃការប្រារព្វខួប​អនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់​ទំនងក្នុង​ភាពជាដៃគូសន្ទនារ​វាងចិន-អាស៊ាន។ តាមរយៈកិច្ច​ពិភាក្សាគ្នានោះ​ដែរ សម្តេចតេជោ​នាយករ​ដ្ឋមន្រ្តីមា​នប្រសាសន៍ស្នើដ​ល់ថ្នាក់ដឹកនាំ​ខេត្តក្វាង​ស៊ី បន្តជំរុញអ្នក​វិនិយោគ​ពីខេត្តក្វាង​ស៊ីទៅ​បណ្តាក់​ទុនវិនិយោគ ក្នុង​ប្រទេសកម្ពុជា​ឲ្យកាន់តែ​មានចំនួន​ច្រើនឡើង ថែម​ទៀត ពិសេសខិតខំ​ធ្វើយ៉ាងណាជំ​រុញកំណើន នៃទំហំពាណិជ្ជកម្មរវាង​ប្រទេស​កម្ពុជា និងខេត្តក្វាងស៊ី ឲ្យកាន់តែ មានទំហំ​ធំឡើងថែម​ទៀត។ នៅលើទំនាក់​ទំនងកិច្ចសហប្រតិបត្តិការរ​វាងព្រះរាជា​ណាចក្រ​កម្ពុជា និងខេត្តក្វាងស៊ី កម្ពុជាបានបង្កើត​ស្ថានអគ្គ​កុងស៊ុល​ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៥ និងរហូតដល់ពេ​នេះទំហំវិនិយោគ​រវាងកម្ពុជា និងខេត្តក្វាងស៊ី កើនឡើងដល់៥៨លានដុល្លា។
ក្រោយពីជំនួប​ពិភាក្សារវាង​សម្តេចតេជោនាយ​ករដ្ឋមន្រ្តី និង ឯកឧត្តម ផឹង ឈីវហ៊ (Prng Quighua ) រួចមក ឯកឧត្តម ផឹង ឈីវហ៊ ក៍បានរៀប​ចំពិធី​លៀងសាយភោជន៍​ជូនដល់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ព​ស់របស់ព្រះ​រាជាណាចក្រ​កម្ពុជាដោយក្ដីស្និទ្ធស្នាលបំផុត៕