Sunday, December 18, 2011

សំណង់ផ្សារសាមគ្គីក្រចេះសាងសង់បានជាង80ភាគរយអាជីវករខ្លះព្រួយរឿងបាត់តូប


ខេត្ត​ក្រ​ចេះ ៖​ ​ គិតមកទល់នឹងពេលនេះ​មាន​រយៈពេលជាងកន្លះឆ្នាំមកហើយ ដែល​ផ្សារ​ក្រចេះ​បានត្រូវ​អគ្គិភ័យលេបត្របាក់​អស់​គ្មាន​សល់​ ហើយការសាងសង់បាន​ធ្វើ​ឡើងជាបន្ទាន់ និង​មានសកម្មភាពយ៉ាង​សកម្ម​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ដែលរហូតមកទល់នឹង​ពេលនេះត្រូវបាន​អាជ្ញា​ធរ​ធ្វើការ​ប៉ានប្រមាណ និងវាយតម្លៃថា សម្រេច​បាន​ជាង​៨០ភាគ​រយ​​ហើយ ។

មន្ត្រី​អាជ្ញាធរបានបញ្ជាក់​ថា ក្នុងសំណង់ផ្សារ​ថ្មីនេះ គឺមានតូបចំនួន៤៣៦ ច្រើនជាងចំនួន​តូបចាស់ ដែលមាន​តែ៣៨៤តូប​ ហើយ​តូបមានទំហំ​១,៨ម៉ែត្រ គុណនឹង​១,៨​ម៉ែត្រ ​ធំជាងមុនដែលមានទំហំត្រឹម ១,៦​ម៉ែត្រគុណ​នឹង១,៦ម៉ែត្រ​ប៉ុណ្ណោះ ។ ខណៈ​ពេល​អាជ្ញាធរ​​កំណត់បើកឱ្យដំណើរ​ការ​លក់​ដូរ​នៅមុន​ថ្ងៃ​បុណ្យ​​ ចូលឆ្នាំថ្មីខាងមុខនោះ អាជីវករ​លក់​គ្រឿង​ទេស និង​របស់របរមួយចំនួនទៀត បាន​សម្តែង​ការ​ព្រួយ​បារម្ភខ្លាចបាត់​តូបលក់ដូររបស់ខ្លួន ខណៈ​ពេលដែលគណៈកម្មការសាងសង់ផ្សារបាន​បង្កើនចំនួនតូបលើសពី​ចំនួន​តូបចាស់មុន​ ពេល​ភ្លើង​ឆេះ ។

ក្រុមអាជីវករបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ធ្នូ កន្លងទៅនេះ ​យ៉ាងហោចណាស់ក៏មាន​អាជីវ​ករ៣១នាក់ បាននាំគ្នាផ្តិតមេដៃធ្វើពាក្យ​ស្នើ​សុំ​ឱ្យ​​លោក​អភិបាលខេត្ត ជួយដោះស្រាយ​ពីការ​បាត់តូបនេះផង​ដែរ​ ។ នៅក្នុងលិខិតស្នើ​​សុំនោះ គឺពួកគាត់សូម​ឱ្យ​អាជ្ញា​ធរជួយដោះស្រាយ​ ទៅលើកន្លែងដែលពួកគាត់ធ្លាប់លក់សម្ភារ
ផ្សេងៗ​​ដូច​ជា ដូង អង្ករ និងគ្រឿងទេស ​នា​ពេល​កន្លងមក ​ប៉ុន្តែ​ឥឡូវនេះ​បែរ​ជាអាជ្ញា​ធរ​យក​ទីតាំងនោះសាង​សង់ជា​​ទី​ស្នាក់​​ការ​ ផ្សារ និង​​កន្លែង​លក់​ត្រីទៅវិញ ។


ប្រភពដដែលបានឱ្យ​ដឹងទៀតថា អាជីវករ​លក់​សាច់ជ្រូក សាច់គោ ក៏​បានសម្តែងការព្រួយ​បារម្ភ​ផងដែរ ចំពោះការបន្ថែមចំនួនតូបលក់​សាច់ជ្រូក សាច់គោពីចំនួន១២តូបឡើងរហូត​ដល់​២០តូប ។ ពួកគាត់និយាយថា តូបលក់​សាច់​ជ្រូក សាច់គោពីមុនមាន​ត្រឹមតែ១២តូបរក​អ្នក​​ទិញ​ស្ទើរពុំបានផង​ រហូត​ដល់តូប​ខ្លះ​បិទ​ទ្វារ ចុះ​ទម្រាំតែបង្កើនរហូត​ដល់​២០តូប នោះមិន​ដឹង​ថា​ត្រូវបិទទ្វារប៉ុន្មានតូបទៀតទេ ។

ក្រុមអាជីវករបានឱ្យដឹងថា ក្រោយ​ពីពួក​គាត់​ធ្វើពាក្យស្នើសុំទៅលោកអភិបាលខេត្តឱ្យ​ជួយដោះស្រាយ​ដែល​ រហូតមកដល់ពេលនេះ គឺមាន​រយៈពេលជាច្រើនថ្ងៃហើយ​ នោះគឺ​នៅ​តែ​មិន​ទាន់មានដំណោះស្រាយជូនពួកគាត់នៅ​ឡើយ​ទេ ៕

ដោយ​ ៖ ប្រុសកោះ