Sunday, December 18, 2011

លោក​ជិន សារិន អភិ​បាល​​ក្រុង​ព្រះ​សីហនុ ​លេង​ធម៌​ក្តៅ​​ដាក់​ក្រុម​អ្នក​មាន​ទឹក​ប្រាក់​​សង់​អគារ​ខុស​ច្បាប់​


             ដោយ​ ៖ ប្រុសកោះ


ខេត្តព្រះសីហនុ ៖ លោកជិន សារិន អភិ​បាលក្រុងព្រះសីហនុបានដឹកនាំក្រុមការងារ​ចម្រុះចុះឃាត់សកម្មភាពសាងសង់​ សំណង់​ខុស​ច្បាប់មួយកន្លែងតាមបណ្តោយវិថីឯករាជ្យ​ ស្ថិត​ក្នុងក្រុម៩ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះ​សីហនុ, ខេត្តព្រះសីហនុ ដែលជាកម្មសិទ្ធិ​របស់​អ្នក​មាន​ទ្រព្យស្តុកស្តមម្នាក់​មានទីលំនៅរាជ​ ធានីភ្នំពេញ កាលពីថ្ងៃទី១៦ ធ្នូ ២០១១។

លោក​គឹម សឿ ចៅសង្កាត់លេខ​២ ក្រុង​ព្រះ​សីហនុបានប្រាប់អ្នកយកព័ត៌មានយើងថា ​​ម្ចាស់​សំណង់​ខាង​លើ​នេះ មានឈ្មោះ​ខូវ លាង មាន​ទីលំនៅរាជធានីភ្នំពេញ បានសង់​សំណង់ ដោយ​ពុំមានច្បាប់អនុញ្ញាត​ពីអាជ្ញា​ធរដែនដី ឬ​ស្ថាប័ន​ពាក់ព័ន្ធណាមួយឡើយ បើទោះ​បីជា​ខាងសង្កាត់​ចុះហាមឃាត់យ៉ាងណាក៏ដោយ ក៏ឈ្មោះ​ខូវ លាង​នេះ មិនបានបញ្ឈប់ការសាង​សង់​ដែរ រហូត​មកដល់ថ្ងៃទី១ ធ្នូ ២០១១ ខាងអាជ្ញាធរ​បានចុះធ្វើកំណត់ហេតុបញ្ឈប់តែ​ការធ្វើកំណត់​ ហេតុនេះពុំមានប្រសិទ្ធភាពឡើយ ទើបនៅថ្ងៃទី​១៤ ធ្នូ ២០១១ លោកស្បោង សារ៉ាត់ អភិបាល​ខេត្ត​ព្រះសីហនុ បានបញ្ជា​ឱ្យ ​លោក​ជិន សារិន អភិបាល​ក្រុង​ចុះ​ធ្វើការហាមឃាត់ជាលើកទី២ និងកំណត់​រយៈពេល៣​ថ្ងៃ ទុកឱ្យម្ចាស់សំណង់​ធ្វើការរុះរើ​សំណង់​​ថយ​ចំនួន៣,២០ម៉ែត្រ ពី​ចំណី​ផ្លូវ ដើម្បីឱ្យត្រូវ​តាមក្បួនខ្នាតនៃសំណង់។

ទាក់ទិនទៅនឹងការចុះហាមឃាត់សំណង់ខុស​ច្បាប់នេះ មានការសាទរជាច្រើនពីសំណាក់ ប្រជា​ពលរដ្ឋទូទាំង​ក្រុងព្រះសីហនុ ហើយ​ពួក​គាត់សង្ឃឹមថា សំណង់ខុសច្បាប់ដទៃទៀត ដែល​បាននិងកំពុងសាង​សង់​រំលោភយកផ្លូវសារធា​រណៈ​ធ្វើជា​កម្មសិទ្ធផ្ទាល់ខ្លួន នឹង​រងការបង្រ្កាប​ដូច​គ្នានេះ​ផងដែរ។

ដោយឡែកបើយោងតាមប្រភពពីមន្ត្រី​ សាលាក្រុងម្នាក់បានខ្សឹបប្រាប់បណ្តាញ​សារ​ព័ត៌​មានថា រហូតមកដល់ព្រឹកថ្ងៃសៅរ៍ ទី១៧ ធ្នូនេះ ម្ចាស់សំណង់ដែលជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ និង​អាងអ្នកមានអំណាច​នៅ​ពី​ក្រោយ​ខ្នង​នោះកំពុង​រត់ខ្វែងដៃ​ខ្វែងជើង​ រកការអន្តរា​គមន៍  ប៉ុន្តែលទ្ធ​ផល​មិនដឹងយ៉ាងណានោះទេ ដូចនេះ​មាន​តែរង់​ចាំមើលលទ្ធផលនៅថ្ងៃទី១៩ ធ្នូ ២០១១ ថា តើ​វាសនាសំណង់ខុសច្បាប់មួយ​នេះ​ទៅ​ជា​យា៉ង​ណា?