Sunday, December 18, 2011

សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ សម្ពោធ​រោង​ចក្រ​ ផលិត​ម៉ូ​ទ័​រ​ខ្នាត​តូច​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​មី​នេ​បៀរ(Minebea Co.Ltd)


រោង ​ចក្រ​ផលិត​ម៉ូ​ទ័​រ​ខ្នាត​តូច​របស់​ក្រុមហ៊ុន​មី​នេ​បៀរ(Minebea Co.Ltd)​ ជា​ក្រុម​មកពី​ប្រទេស​ជប៉ុន​ ដែល​មាន​ទីតាំង​ផលិត​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ស្ថិត​នៅ​ក្នុង​ សង្កាត់​កន្ទោក ខណ្ឌ​ពោធិមាន​ជ័យ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ នា​ថ្ងៃទី ១៧ ខែ​ធ្នូ ឆ្នាំ ២០១១​ ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ ​​។

នៅក្នុង​ពិធី​សម្ពោធ​រោងចក្រ​ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​មានជ័យ រាជធានី​ភ្នំពេញ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ចាត់ ​ទុកខ្លួន​ឯង​ជា​ឆ្មបធ្វើ​ឲ្យ​មាន​​វត្ត​មាន​ រោង​ចក្រ​ផលិត​ម៉ូ​ទ័​រ​ខ្នាត​តូច​របស់​ក្រុមហ៊ុន​មី​នេ​បៀរ(Minebea Co.Ltd) ​នៅ​កម្ពុជា​។ សម្តេច​តេជោ​មាន​ប្រសាសន៍​​ថា អ្វី​ដែល​​ខ្ញុំ​ពេញចិត្ត​គឺ​នៅ ត្រង់​ថា ខ្ញុំ​បានសម្រេច​នូវ​កា​រស​ន្យារបស់ខ្ញុំ​ជាមួយ​ក្រុមហ៊ុន​មី​នេ​ បៀរ«រោងចក្រ​មី​នេ​បៀរ(Minebea Co.Ltd)​ប្រៀបបាន​ខ្ញុំ  បានធ្វើ​ឆ្មប​បង្កើត​វា ខ្ញុំ​មិនអាច​ឲ្យ​រោងចក្រ​នេះ​ដួលរលំ​បានទេ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​កត្តា​ជាច្រើន​បើសិន ជា​រោងចក្រ​នេះ​ទទួលជោគជ័យ យើង​ក៏​ទទួលជោគជ័យ​ដូចគ្នា»។ សម្តេច​តេ​ជោ​ថ្លែងថា​ខ្ញុំ​ រីករាយ​ដោយសារ​កម្ពុជា​បច្ចុប្បន្ននេះ​បាន​ឈានដល់​ដំណាក់​កាល​ថ្មី​មួយ នៃ​ការទាញយក​ការ​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា ជាន់ខ្ពស់​មកកាន់​ប្រទេស​របស់ខ្លួន នៅ​ក្នុង​ពេល​ដែល​ស្ថិត​នៅ​ក្នុង​​​ដំណាក់កាល​ប្រកួតប្រជែង​យ៉ាងខ្លាំង​​។ 

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានមាន ​ប្រសាសន៍​​អះអាងថា ក្នុង​ថា​នៈ​ជា​អ្នកទទួលខុសត្រូវ ទាំង​ជានា​យក​រដ្ឋ មន្ត្រី ទាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង ជា​ប្រធាន​តំបន់​សេដ្ឋកិច្ច​ពិសេស ខ្ញុំ​ត្រូវតែ​មានការ ទទួលខុសត្រូវ​ដើម្បី​ឲ្យ​រោងចក្រ​នេះ​មាន​ដំណើរការ​ទៅបាន ហើយ​ទទួលបាន​ជោគជ័យ។ សម្តេច​តេ​ជោ​​ក៏​បាន​​មាន​ប្រសាសន៍​ព្រមានថា នឹង​​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង ជំរុញ​ឲ្យ​មាន​ការស៊ីបអង្កេត​ដោយ​អង្គ ភាព​ប្រឆាំង​អំពើរ​ពុករលួយ​ទៀតផង ​ចំពោះ​ស្ថាប័ន​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ដំណើរការ​របស់ រោងចក្រ​មី​នេ​បៀរ​រាំងស្ទះ ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់ថា វត្តមាន​​រោង​ចក្រ​ផលិត​ម៉ូ​ទ័​រ​ខ្នាត​តូច​របស់​ក្រុមហ៊ុន​មី​នេ​បៀរ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​រាជធានី​ភ្នំពេញ​នេះ មិនមែនជា​កាកសំណល់​ដែល​សល់​ពី​ប្រទេស​ថៃ ដោយសារ​ប្រទេស​ថៃ​មាន ទឹកជំនន់​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បានមក​បណ្តាក់ទុន​នៅ​កម្ពុជា​តាំងពី​មុនពេល​មាន​ ទឹកជំនន់​នៅ​ប្រទេស​ថៃ។ ​​ចំណែក​ក្រុមហ៊ុន​មី​នេ​បៀរ​(Minebea Co.Ltd)នៅក្នុង​ប្រទេស​ថៃ​ក៏​មិនបាន​ដូរ​ទីតាំង​របស់ខ្លួន​នោះដែរ។

ក្រុមហ៊ុន ​មី​នេ​បៀរ(Minebea Co.Ltd)​បង្កើតឡើង​នៅ​ឆ្នាំ ១៩៥១ ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ជា​ក្រុមហ៊ុន​ដែល មាន​ដើម​ទុន​ចំនួន ៨៣៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​នេះ​បាន​បង្កើត​រោងចក្រ​ចំនួន ៣២ ដំណើរ​ការ​​ក្នុង ១១ ប្រទេស រួមមាន​ប្រទេស​ជប៉ុន ថៃ ចិន សឹង្ហ​បូរី ម៉ាឡេស៊ី សហរដ្ឋអាមេរិក អង់គ្លេស អាឡឺម៉ង់ ស្លូ​វ៉ា​គី និង ប្រទេស​ឆេ​ក។ រោងចក្រ​ផលិត​ម៉ូ​ទ័​រ​របស់​ក្រុមហ៊ុន​មី​នេ​បៀរ​​(Minebea Co.Ltd) បាន​ចំណាយពេល​តែ ១ ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​សំណើរ​ការសាងសង់​រោង​ចក្រ​របស់​ខ្លួន​​ក្នុង​តំបន់​ សេដ្ឋកិច្ច​ពិសេស ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ជាង ៦០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

 លោក ខៃ​នូ​ម៉ា យូ​ស៊ី​ហ៊ី​ស្សា ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មី​នេ​បៀរ(Minebea Co.Ltd) មានប្រសាសន៍ឲ្យ​ដឹង​ថា ប្រសិនបើ​យើង​ទទួលជោគជ័យ ក្រុមហ៊ុន​ផលិតកម្ម​បរទេស​ដទៃទៀត​ក៏​នឹង​មក​ធ្វើការ​វិនិយោគ​ក្នុង ប្តរ​ទេស​កម្ពុជា​ដូច​ក្រុមហ៊ុន​របស់​យើង​ដែរ៕