Sunday, December 18, 2011

ប្រមុខ​​​រដ្ឋាភិបាល​​​​ឆ្លើយ​​តបនឹង​​តំណាង​​រាស្ត្រ​​​គណបក្ស​សម រង្ស៊ីករណីលោកសម រង្ស៊ី​ មិន​មែន​ជា​រឿង​​នយោបាយ​ទេ​


រាជធានីភ្នំពេញ៖យោងតាមលិខិត​មួយ​ច្បាប់ចុះថ្ងៃទី២ធ្នូ ឆ្នាំ២០១១ របស់រដ្ឋាភិបាល​ដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី​ផ្ញើជូនសម្តេចពញា​​ចក្រី​ហេង សំរិន  ប្រធាន​​​រដ្ឋសភា ឆ្លើយតប​ទៅ​អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ីចំនួន១៦រូប​ពាក់ព័ន្ធនឹងបញ្ហាបង្គោលព្រំដែនក្នុងខេត្តស្វាយ​រៀងថា «ករណីទណ្ឌិតសម រង្ស៊ីជារឿងផ្លូវច្បាប់ មិនមែនជារឿងនយោបាយទេ» ព្រោះទណ្ឌិត​រូបនេះបានប្រព្រឹត្តអំពើខុសឆ្គងដូចមានសាល​ក្រមសាលា​ដំបូង​ និងសាលដីកាសាលាឧទ្ធរណ៍​។

លិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គោរព​​ជូន​សម្តេច​​​ពញា​ចក្រី​​ហេង សំរិន ​ ប្រធាន​​​​រដ្ឋ​សភា​ បាន​​សរសេរ​​ថា ​ «ខ្ញុំមានកិតិ្តយស សូមជម្រាបសម្តេចប្រធានរដ្ឋសភាមេត្តា​ជ្រាប​ថា ចំពោះសំណួរដែលលើកឡើងដោយក្រុម​អ្នក​តំណាងរាស្រ្តគណបក្សសម រង្ស៊ី ចំនួន១៦រូប​ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែននិង​ខណ្ឌ​ សីមាព្រំដែនលេខ១៨៤ដល់លេខ១៨៧​នៅក្នុង​ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ខ្ញុំផ្តល់​ចម្លើយ​ជូនដោយសង្ខេបថា ទីតាំងបង្គោល​ព្រំដែនលេខ​១៨៥ ក៏ដូចបង្គោលព្រំដែនមួយ​ចំនួនទៀតដែល​នៅសេសសល់តាមបណ្តាយ​ព្រំដែនរវាង​ប្រទេស​​ ទាំងពីរកម្ពុជា និងវៀតណាម​រហូតមកដល់ពេល​នេះ គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ​ កម្ពុជា-វៀតណាមមិនទាន់បានឯកភាពគ្នាលើទី​តាំង​បង្គោលនេះនៅឡើយទេ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋា​ភិបាលបន្តថា «ភាគីទាំងពីរបន្តចរចាគ្នា​ដើម្បី​កំណត់​ទីតាំងបង្គោលនេះក៏ដូចជា​បង្គោល​ដែល នៅ​សេសសល់ដទៃទៀតឱ្យបានសមស្របអាច​ទទួល​យកបាននៅពេលខាងមុខ »។ ចំពោះ ករណី​ទណ្ឌិត សម រង្ស៊ី ដូចដែលពលរដ្ឋទូទៅ បានដឹង​រួច​មក​ហើយថា គាត់(សម រង្ស៊ី) ត្រូវ បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀងវិនិច្ឆ័យសេចក្តី តាមរយៈ​សាលាក្រមលេខ០១(ក)ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ ផ្តន្ទាទោសដាក់ពន្ធនាគារ​កំណត់២​ឆ្នាំ និងផ្តន្ទាទោសជាប្រាក់ចំនួន៨លាន រៀលគិតពី​ថ្ងៃចាប់ខ្លួនពីបទ«ធ្វើឱ្យខូចខាត ដោយចេតនា បង្គោលព្រំដែនលេខ១៨៤  កម្ពុជា-វៀតណាម »​និងបទញុះញង់ឱ្យមាន​ការ​រើសអើងជាតិ​សាសន៍ប្រព្រឹត្តទៅនៅភូមិកោះ​ ក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្ត​ស្វាយ​រៀង ហើយ ត្រូវ​បានសាលាឧទ្ធរណ៍​សម្រេច​តាមរយៈសាលដីកា​លេខ៥៩«ង» ចុះថ្ងៃទី១៣ តុលា ឆ្នាំ២០១០ ដោយតម្កល់សាល​ក្រមសាលា​ដំបូងខេត្តស្វាយ​រៀង  ទុកជា​បាន​ការ និងចុង​បញ្ចប់តុលាការ​កំពូលបាន​វិនិច្ឆ័យតាមរយៈ​សាល​ដីកាលេខ៣២​ចុះថ្ងៃទី១ ខែមិនា ឆ្នាំ​២០១១ ដោយតម្កល់​សាល​ដីកាព្រហ្ម​ទណ្ឌ​លេខ៥៩«ង»ចុះថ្ងៃទី១៣ តុលា ឆ្នាំ២០១០ របស់សាលាឧទ្ធរណ៍ទុកជា​បានការ​ទៀត។

លិខិតរបស់រាជរដ្ឋាភិបាលបានសរសេរទៀត​ថា ហេតុដូចនេះ«ករណីទណ្ឌិត សម រង្ស៊ីគឺ​ជា​រឿងផ្លូវច្បាប់មិនមែនមានជារឿងនយោ​បាយ ឡើយ ពីព្រោះទណ្ឌិតរូបនេះបានប្រព្រឹត្ត​អំពើ​ខុសឆ្គងដូចដែលមានក្នុងសាលក្រម និងសាលដី​ការបស់តុលាការខាងលើ» ។  សេចក្តីដូចបាន​ជម្រាបជូនខាងលើ សូមសម្តេចប្រធានរដ្ឋសភា​មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ និងសូមមេត្តាបញ្ជូន ចម្លើយ​តបនេះទៅអ្នកតំណាងរាស្រ្តម្ចាស់​សំណួរតាមការគួរ៕
ដោយ​ ៖ ប្រុសកោះ