Sunday, December 18, 2011

វា​រី​អគ្គិសនី​ គឺជា​ធុងអាគុយ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា


ភ្នំពេញ: វា​រី​អគ្គិសនី ត្រូវបាន​គេ​អះអាងថា គឺជា​ធុងអាគុយ​ផ្គត់​ផ្គង់​ថាមពលអគ្គិសនី​មួយ​ដ៏​សំខាន់ ក្នុង​ខណៈ​ដែល​វា​រី​អគ្គិសនី​មាន​សក្តានុពល​សរុបរហូតដល់​ទៅ​ ៦.៦៩៥ មេហ្គា​វ៉ាត់ ។ 

​    ​ផ្អែក​ទៅតាម​សក្តានុពល​នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និង​ថាមពល ​បានឱ្យដឹងនៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​វា​រី​អគ្គិសនី​កំចាយ កាលពី​ថ្មីៗ​នេះ​ថា ពី​ឆ្នាំ​២០០២ ទៅ​ដល់​ឆ្នាំ​២០១៦ កម្ពុជា​គ្រោង​នឹង​ផលិត​ថាមពល​ឱ្យ​បាន​រហូត​ដល់​ទៅ​ ២.០០០ មេហ្គា​វ៉ាត់​បន្ថែមទៀត ហើយ​នៅក្នុង​ចំណោម​ថាមពល​ទាំង​នោះ គឺ​ភាគច្រើន​រំពឹងថា ​នឹង​បានមក​ពី​គម្រោង​វិនិយោគ​លើ​ទំនប់​វា​រី​អគ្គិសនី ។ 
​    ​មកដល់​ពេល​បច្ចុប្បន្ន​នេះ នៅក្នុង​ប្រទេស​កម្ពុជា​ទំនប់​វា​រី​អគ្គិសនី ដែល​បាន​ដំណើរការ​នោះ​ មាន​ទំនប់​វា​រី​អគ្គីសនី​បី គឺ​នៅ​អូរ​ជុំ​ខេត្ត​រតនគិរី ដែល​មាន​កម្លាំង​ ​១​មេហ្គា​វ៉ាត់​, ទំនប់​វា​រី​អគ្គិសនី​គិរី​រម្យ​មួយ មាន​កម្លាំង​ ១២​មេហ្គា​វ៉ាត់ និង​ទំនប់​វា​រី​អគ្គិសនី​កំចាយមានកម្លាំង​ ១៩៣,២​មេហ្គា​វ៉ាត់ ដែល​ទើបតែសម្ពោធ​ថ្មីៗ ។  
​    ​ក្រៅពី​ទំនប់​វា​រី​អគ្គិសនី​ទាំងបី​កន្លែង​នោះ លោក ស៊ុយ សែម បានឱ្យដឹងថា កម្ពុជា​កំពុងតែ​កសាង​ទំនប់​វា​រី​អគ្គិសនី​គិរី​រម្យ​បី មាន​អានុភាព ១៨​មេហ្គា​វ៉ាត់ ដំណើរការ​នៅ​ឆ្នាំ​២០១២ ។ ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អាតៃ អានុភាព​ ១២០​មេហ្គា​វ៉ាត់ ដំណើរការ​នៅ​ឆ្នាំ​២០១៣ ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ អានុភាព ២៤៦​មេហ្គា​វ៉ាត់ ដំណើរការ​នៅ​ឆ្នាំ​២០១៤ វា​រី​អគ្គិសនី​ប្ញ​ស្សី​ជ្រុំ​ក្រោម កម្លាំង​ ៣៣៨​មេហ្គា​វ៉ាត់ ដំណើរការ​នៅ​ឆ្នាំ​២០១៥​ ។​ ក្រៅពីនោះ គឺ​មាន​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ទីមួយ កម្លាំង ​១០០​មេហ្គា​វ៉ាត់ នឹងដំណើរការ​នៅក្នុង​ឆ្នាំ​២០១៣ រោងចក្រ​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ដដែល ដែល​មាន​អានុភាព ១៣៥​មេហ្គា​វ៉ាត់ ដំណើរការ​ឆ្នាំ​២០១៦ និងរោងចក្រ​ថាមពល​អគ្គិសនី​ប្រើ​ដោយ​ធ្យូងថ្ម​មួយទៀត​អានុភាព ២៧០​មេហ្គា​វ៉ាត់ ។ 
​    ​ក្រៅ​ពី​គម្រោង​កសាង​ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ មាន​ទំនប់​វា​រីអគ្គិសនី​ជា​ច្រើន​កន្លែង​ទៀត​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ ប្រកាស​ឱ្យ​ក្រុមហ៊ុនបរទេស​ធ្វើការ​សិក្សា ។  
​    ​លោក នង សារ៉េត អនុប្រធាន​នាយកដ្ឋាន​ទំនប់​វា​រី​អគ្គិសនី បានឱ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សក្តានុពល​ទាំងនេះ​គឺ​នៅក្នុង​អាង​ទន្លេ​មេគង្គ​ច្រើនជាងគេ បន្ទាប់មក​គឺ​នៅតាម​ដៃ​ទន្លេមេគង្គ ហើយ​ក្រៅ​អាង​ទន្លេ​មេគង្គ​ក៏​មាន​សក្តានុពល​ផងដែរ ។ 
​    ​លោក​បាន​បញ្ជាក់ថា "​ទន្លេមេគង្គ​មាន​សក្តានុពល​រហូតដល់​ទៅ ៣.៥៨០​មេហ្គា​វ៉ាត់ ស្មើនឹង ​៥៣,៥​ភាគរយ ហើយ​ដៃ​ទន្លេមេគង្គគឺមានទំហំ ១.៧៧១​មេហ្គា​វ៉ាត់ ស្មើនឹង​ជាង ២៦,៥​ភាគរយ ។ ដោយឡែក ​នៅ​តំបន់ក្រៅ​អាង​ទន្លេមេគង្គ មាន​សក្តានុពល​ចំនួន​ ១.៣៤៤​មេហ្គា​វ៉ាត់ ស្មើនឹង​ ២០​ភាគរយ​" ។ 
​    ​ផ្អែក​ទៅតាម​កត្តា​ទាំងនោះ យើង​ឃើញថា ទំនប់​វា​រី​អគ្គិសនី គឺ​ពិតជា​ធុងអាគុយ​មួយ​ដែល​នឹង​អាច​ស្រូប​យក​ថាមពល​អគ្គិសនី​ សម្រាប់​បម្រើ​សេចក្តីត្រូវការ​នៅក្នុង​ប្រទេស​បាន ។ ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ​គម្រោងនេះ​ហាក់​មាន​ការស្ទាក់ស្ទើរ​ពី​អ្នក​បរិស្ថាន​និយម​មួយចំនួន​ អំពី​ផលប៉ះពាល់​របស់​វា​មកលើ​អេកូឡូស៊ី​របស់ប្រព័ន្ធ​ទឹក និង​ប៉ះពាល់​ដល់​ព្រៃឈើ រួមទាំងសង្គម​វប្បធម៌​របស់​ប្រជាពលរដ្ឋ ។ 
​    ​សរុប​មក​វិញ ដើម្បី​ឱ្យ​ទំនប់​វា​រី​អគ្គិសនី​​​ក្លាយទៅជា​ធុង​អាគុយ​ផ្គត់ផ្គង់​ អគ្គិសនី​ដល់​កម្ពុជា ប្រកបដោយ​និរន្តរភាព ការសិក្សា ​និង​ការវិភាគ​ថ្លឹងថ្លែងមួយ​ដោយ​ឯករាជ្យ​គួរតែ​ត្រូវធ្វើ ពីព្រោះ​កម្ពុជា​ក៏​ត្រូវការ​ភ្លើង ​ហើយកម្ពុជា​ក៏​ត្រូវការ​នូវ​និរន្តរភាព​បរិស្ថាន​ផងដែរ ៕
​    ​ដោយ : ភីរម្យ