Thursday, December 1, 2011

ទស្សនៈវិភាគ​៖ អ្នក​វិភាគ ៖ គណបក្សសម រង្ស៊ី​ ​អាច​នឹង​ប្តូរ​ប្រធាន​បក្ស​ថ្មី​ជាស្ត្រី​មែន​ឬ?


ដោយៈ អាដាម ប្រេដ
(អ្នកនិពន្ធ​ឯករាជ្យ)

          ការ​បាត់​មុខពី​ឆាក​នយោបាយ​ និងការ​​ខក​ខានពុំបានចុះ​​​ជួបដោយ​ផ្ទាល់ ​ជាមួយ​ប្រជាពល​រដ្ឋនៅ​តាម​មូល​ដ្ឋាន​​ ចាប់​តាំងពីចុង​ឆ្នាំ ២០០៩ មក បាន​រុញ​ច្រាន​​មេបក្ស​ប្រឆាំង​​​លោក សម រង្ស៊ី​ ដែល​ធ្លាប់​តែ​មាន​ឥទ្ធិ​ពល​ ឱ្យ​​​ឃ្លាត​ចាក​ឆ្ងាយ​ការ​គាំទ្រពី​សំ​ណាក់​សកម្ម​ជន និងពល​រដ្ឋមួយ​ចំនួន​ដែល​ធ្លាប់​ពឹង​ពាក់​អាស្រ័យ​ ជាជំ​នួស​មក​វិញ​ គឺការ​សម្លឹង​ឃើញ​ដំ​ណែង​ប្រធាន​បក្ស​ថ្មី​ អាច​នឹង​ត្រូវ​ផ្តល់ឱ្យ​​លោកស្រី​ មូរ សុខហួរ ដែល​បាន​ និង​កំពុង​ប្រឹង​ប្រែង​កសាង​ប្រជាប្រិយ៍​ភាព​ដ៏​ខ្លាំង​ក្លា ដើម្បីដណ្តើម​យក​ឈ្មោះ​ជាស្ត្រី​ខ្លាំង​លំ​ដាប់​ទី​១ ក្នុង​គណបក្ស​ សម រង្ស៊ី​ ឬ​អាច​នឹង​ឈាន​ទៅ​រក​ការ​បង្កើត​​គណបក្សប្រឆាំង​​ថ្មី​មួយ​ទៀត​។

          ក្រុម​អ្នក​វិភាគ​ឯករាជ្យមួយ​ចំ​នួន​ បាន​អះ​អាង​ប្រហាក់​ប្រហែលគ្នាថា ​ស្តែង​ចេញ​តាម​រយៈ​ការ​​ធ្វើ​សកម្មភាព​​ទាំង​នៅ​ផ្ទៃ​ក្នុង​គណបក្ស​ ក៏​ដូច​ជា​ ទាំង​ការ​ពង្រីក​ឥទ្ធិ​ពល​ទៅ​ខាង​ក្រៅ​ ត្រូវ​បាន​លោកស្រី​ មូរ សុខហួរ​ ​ឆក់​យក​ឱកាសនេះ​ ដើម្បី​ផ្តួល​លោក សម រង្ស៊ី​ ដោយ​មិន​ដឹង​ខ្លួន​ ហើយ​ក៏​មិន​អាចត្រូវ​បាន​ទទួល​នូវ​ការ​ស្តី​បន្ទោស​ណាមួយ​​ចំ​ពោះ​​ហេតុ​ការណ៍​ដែល​នឹង​មក​ដល់​នាពេល​ខាង​មុខដ៏​ខ្លី​នូវ​តួនាទី​ថ្មី​របស់​លោកស្រី​មូរ សុខហួរ បាន​ឡើយ​ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ​ជ្រើសរើសប្រធាន​បក្សថ្មី​មែន​នោះ​។

          ​ ​អត្ថ​បទសារព័ត៌មាន ឌឹខេម​បូឌែដេលី កាលពី​ថ្ងៃទី​២១ ខែ វិច្ឆិកា ឆ្នាំ ២០១១ បាន​ចុះ​ផ្សាយ​ថា​លោកស្រី​ មូរ សុខហួរ អតី​តរដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ កូតា​ហ៊ុន​ស៊ីន​ប៉ិច ធ្លាប់​ជា​អគ្គ​លេខាធិការ​គណបក្ស​សម រង្ស៊ី​ និង​បច្ចុប្បន្ន​ជាអ្នក​តំ​ណាង​រាស្ត្រមណ្ឌល​កំ​ពត​ បាន​បដិសេធ មិនព្រម​លាឈប់​ពី​តួ​នាទី​តំ​ណាង​រាស្ត្រ​ ជាមួយ​ការ​សំ​រេចចិត្ត​របស់​តំ​ណាង​រាស្ត្រ​បី​រូប​  ក្នុង​នោះ​មានទាំង​​ស្តី​២រូប​ផង​ដែរ ដែល​បាន​លាលែង​ពី​ដំ​ណែង​កាលពី​ពេល​ថ្មីនោះ​ទេ​ ។ សារព័ត៌មានដដែល​នោះ​ ក៏​បាន​រាយការណ៍​ផង​ដែរ ដោយបានទទួល​ពាក្យ​ចចាមអារាមថា លោក​ស្រី​មូរ សុខហួរ  នឹង​ទៅ​បង្កើត​គណបក្សថ្មី ប៉ុន្តែត្រូវ​បាន​លោកស្រី​ មូរ សុខហួរ បដិសេធព័ត៌មាន​នោះ​។​​​

          កាលពី​ពេល​ថ្មី​ៗកន្លង​មក​នេះ​ លោកស្រី​មូរ សុខហួរ បាន​ចេញ​មុខប្រកាសប្តឹង​ទៅ​ស្ថានទូត​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពីមហាជន​ នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ ក្រោម​លេសការ​​ការពារ​ពលករ​មួយ​ចំ​នួន​ដែល​សង្ស័យ​ថា​ ត្រូវ​ទទួល​រងការ​ធ្វើ​បាប​ដល់​អាយុជី​វិត​។  តំ​ណាល​គ្នានេះ​ដែរ​​ លោកស្រី​ មូរ  សុខ​ហួរ​ក៏បាន​ធ្វើ​ដំ​ណើរ​ទៅកាន់​ប្រទេសភូមា ដើម្បី​​ធ្វើ​ជា​គ្រូឧទ្ទេសនាម​អំ​ពី ​លទ្ធិ​ប្រជាប្រជាធិបតេយ្យនៅទី​នោះ ​​តាម​ការ​អញ្ជើញ​របស់​គណបក្ស​ប្រឆាំង​ ដែលបាន​ផ្តល់​ឱកាសដល់​លោកស្រី​ ក្នុង​ការ​ព្យាយាម​ប្រដូច​ខ្លួន​ទៅ​នឹង​លោកស្រី​ អ៊ុង សានស៊ូជី​ ដែល​ជាមេបក្ស​ជំ​ទាស់​ដ៏​មាន​ប្រជាប្រីយ៍​ភាពនៅ​ប្រទេស​ភូមា។ លោកស្រី​ មូរ សុខហួរ​ ក៏​ទើប​នឹង​បាន​ជួប​ពិភាក្សាការងារ​ជាមួយ​លេខាទី​១ របស់​ស្ថាន​ទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ អំ​ពី​បញ្ហា​នយោបាយ​​របស់​គណបក្ស​ប្រឆាំង​ជុំវិញ​ការ​ធ្វើ​ពហិកាមិន​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា ដើម្បី​អ្វី​មួយ​ដែល​គណបក្ស​សម រង្ស៊ី​ ជឿជាក់​ថា​ នឹង​កើត​មាន​នូវ​វិបត្តិ​ធម្ម​នុញ្ញ ប៉ុន្តែ​ ការ​ព្យាយាម​នោះ​ត្រូវ​បរាជ័យ​​ដោយ​រដ្ឋសភា​មាន​កូរ៉ុម​គ្រប់​គ្រាន់​ ហើយ​ច្បាប់​ថវិកាជាតិ​ឆ្នាំ២០១២ក៏​ត្រូវ​បាន​អនុម័ត​រួច​ហើយ​ដែរ ដោយ​មិន​បង្ក​ជាឧបសគ្គ​រាំង​ស្ទះអ្វី​ឡើយ​ ដោយ​សារតែ​​សមាជិក​សភារបស់​គណបក្សប្រជាជន​កម្ពុជា​មាន​ចំ​នួន​លើសពី​២ភាគ​៣​ទៅ​ទៀត​ ដែល​គេហៅ​ថា​ភាគ​ច្រើន​ដាច់​ខាត​ ឬ​ជាការ​មាន​ប្រៀប​ ​។ បច្ចុប្បន្ន សមាជិកសភារបស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​កូរ៉ុម​ រហូត​​​ដល់​ទៅ​៧៨ ឬ​៧៩ ដែលនឹង​សំ​រួល​ដល់​ដំ​ណើរ​ការ​អនុម័ត​ច្បាប់​នានា​ប្រព្រឹត្តទៅ​ដោយ​រលូន​ដូច្នេះ គណបក្ស​ប្រឆាំងគួរគប្បី​ផ្លាស់​ប្តូរ​ឥរិយាបថ​​​ក្នុង​ការប៉ុនប៉ង​​យក​សម្លេង​ភាគ​តិច​របស់​ខ្លួន​ មកចាប់​បង្ខំ​ ឬ​ធ្វើការ​​វេតូ​សម្រាប់​សម្លេង​ភាគ​ច្រើន​ គឺ «បក្សប្រឆាំង​គ្មានសិទ្ធិ​វេតូនោះ​ទេ»។

          គណបក្សសម រង្ស៊ី​ គឺជាបក្សប្រឆាំង​ដែលបាន​​ចាញ់​ឆ្នោត​បី​អណត្តិ​មកហើយ​ ហើយ​នឹង​បន្ត​ចាញ់​នៅ​ពេល​ក្រោយ​ទៀត ដែលបញ្ហា​ខ្លះ​បណ្តាល​មក​ពី​​វិបត្តិ​ផ្ទៃ​ក្នុង​បក្សមិន​អាចនឹងរក​ច្រក​ដោះ​ស្រាយ​បាន​ ។យុទ្ធ​នាការប៉ុនប៉ង​ចង់​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​ដែល​ផ្តើម​ចេញ​ពី​ការមិន​គោរព​ច្បាប់​ មិន​គោរព​នីតិរដ្ឋ ដែល​គណបក្ស សម រង្ស៊ី​ បាន​ប្រកា​ស​​យក​មកអនុវត្តនៅ​កម្ពុជា​ តាម​របៀប​ប្រទេស​មួយ​ចំ​នួន​ គឺ​ជាអំ​ពើ​ខុសច្បាប់ និង​ក្បត់ពី​ឆន្ទៈរបស់​ប្រជាពល​រដ្ឋ។

          បើ​ថ្លឹង​ថ្លែង​អំពី​ជី​វិត​នយោបាយ​របស់​លោកសម រង្ស៊ី ជាមួយ​នឹង​លោកស្រី​មូរ សុខហួរ​ ក្នុង​កាលៈ​ទេសៈ​នេះ​ បុគ្គល​ទាំង​ពី​ររូប​ មាន​លក្ខណៈ​សម្បត្តិ​ និង​គុណ​វិបត្តិ​ដោយ​ឡែកៗ​ខុសដាច់ឆ្ងាយពី​គ្នា គឺលោកស្រី​មូរ សុខ​ហួរ​ អាច​នឹង​មាន​ជី​វិត​នយោបាយលេចធ្លោរ និង​​បាន​ប្រសើរ​ជាង​លោក សម រង្ស៊ី​ ដែលកំ​ពុង​រស់​នៅ​នីរទេស​ខ្លួន និង​ជាទណ្ឌិត​មួយរូប​ដ៏​ទន់​ជ្រាយ​  អស់​សិទ្ធិ​ជាអ្នក​តំ​ណាង​រាស្ត្រ បាត់​បង់​នូវ​ឱកាសសម្រាប់​បំ​រើនយោបាយ​ និង​ពុំ​មាន​សេចក្តី​ក្លាហាន​ដូចលោកស្រី​មូរ សុខហួរ​ ដែល​ហ៊ាន​តតាំង​ជាមួយ​ផ្លូវ​ច្បាប់​​ សុខចិត្តជាប់​ពន្ធនាគារ​ បើ​ទោះបី​​ខ្លួន​ជាស្ត្រី​ក៏ដោយ​។ ប៉ុន្តែ កាយវិការ​ទាំងអស់​របស់​លោកស្រី​មូរ សុខហួរ ​នោះ​ វាគ្រាន់​តែ​ជាកល​ល្បិច​នយោបាយ​បោកប្រាស់​ ​ដើម្បី​ដណ្តើម​ប្រជាប្រីយ៍ភាព​ជាមួយ​លោកសម រង្ស៊ី​ តែ​ប៉ុណ្ណោះ​ ពី​ព្រោះ​គេបាន​ដឹង​ថា​ នៅ​ទី​បំ​ផុត​សមាជិកសភារបស់​​គណបក្សសម​ រង្ស៊ី​ បាន​សម្រេច​ចិត្តបង់​ប្រាក់ ឬឱ្យ​តុលាការ​កាត់​ប្រាក់​បៀរវត្សរ៍​ប្រចាំ​ខែរបស់​លោកស្រី​ មូរ សុខហួរ ​ដើម្បី​ការ​ធានាបាន​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​តុលាការក្រុង​ភ្នំ​ពេញ​បាន​រក​ឃើញ​កំ​ហុសក្រោម​បទ​បរិហារ​កេរ្តិ៍​ថ្នាក់​ដឹក​នាំនាពេល​កន្លង​មក ​​​។

          បើ​ពិនិត្យ​មើល​អំពី​ស្ថាន​ភាព​អាក្រក់​ ដែល​ស្តែង​ចេញ​​​ជា​វិបត្តិ​​ដ៏​ជ្រាលជ្រៅមិន​អាច​លាក់​បាំង​បាន​​នៅ​ក្នុង​គណបក្ស​ សម រង្ស៊ី​ ដែល​ជាដៃគូប្រជែង​សម្លេង​ឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រយៈ​ពេល​បី​អណត្តិ​កន្លង​មក​ បើ​ទោះ​ជា​គណបក្ស​ សម រង្ស៊ី​ បាន​ទទួល​អសនៈចំ​នួន​២៦ក្តី​ ប៉ុន្តែ​ នៅ​ពី​ក្រោយ​ការ​គ្មាន​វត្តមាន​របស់​មេបក្ស​នៅ​ក្នុង​ប្រទេស​ បាន​បង្កើត​ឱ្យ​មាននូវការ​​បែក​បាក់ទ្រង់​ទ្រាយធំ​​ ផ្តើម​ចេញ​ពី​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​ និង​​សកម្ម​ជន​ភាគ​ច្រើន​ បានសំ​រេចចិត្តផ្លាស់​ប្តូរ​ការ​គាំទ្រ​បក្សប្រឆាំង​មួយ​នេះ​ និង​នាំ​គ្នាដើរ​ចេញ​ពី​បក្ស​ ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ដ៏ទៃ ជាពិសេស ទៅ​ចូលរួម​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាដែល​កំ​ពុង​ទទួលបាន​នូវ​ការ​ស្រឡាញ់​ពេញ​ចិត្តពី​ប្រជាពល​រដ្ឋដ៏​ច្រើន​លើសលប់​​ ហើយ​អ្នក​​ទាំង​នោះ​​ ក៏បាន​ និង​កំ​ពុង​បំ​ផុសឱ្យ​​សកម្មជន​ជាច្រើន​ទៀត​ចាកចេញ​ពី​គណបក្ស​សម រង្ស៊ី​ ផងដែរ ដោយ​សារ​តែ​ពួក​គេបាន​មើល​ឃើញ​ពី​ភាព​រងារ​គ្មានមេកើយ​ដឹក​នាំ​ត្រឹម​ត្រូវ​។

          កំ​ហុសព្រហ្មទណ្ឌដ៏​​ធ្ងន់​ធ្ងរ​ នៅ​ពី​ក្រោយ​អំពើ​ដក​បំ​ផ្លាញ​តម្រុយ​បង្គោលព្រំ​ដែន ការក្លែង​ឯកសារ​ផែន​ទី​ និង​បទ​បរិហារ​កេរ្តិ៍​ជេប្រមាថ​ គឺវាមាន​ទម្ងន់​ទោស​គ្រប់​គ្រាន់​ដើម្បី​បិទ​ច្រក​ក្នុង​ការ​វិល​ត្រឡប់​មកធ្វើ​នយោបាយ​វិញរបស់​លោក សម រង្ស៊ី​ ​។ បទល្មើសទាំង​នោះ​ គឺបាន​បញ្ជាក់​យ៉ាង​ច្បាស់ពី​កំ​សោយក្នុង​ការ​ដឹក​នាំរបស់​លោកសម រង្ស៊ី ដែល​ប្រកាន់​ទម្លាប់​ជាន់​ឈ្លី​លើច្បាប់​ ញុះ​ញង់ ​បង្ក​ចលាចល​ក្នុង​សង្គម​ បំ​ភិត​បំ​ភ័យ​អ្នក​វិនិយោគមិនឱ្យ​មក​បណ្តាក់​ទុន​ និង​ការ​អូសទាញ​ប្រជាពល​រដ្ឋឱ្យ​ចូល​រួម​ប្រព្រឹត្តនូវ​អំ​ពើរខុសច្បាប់​នានា ដែល​សកម្ម​ភាព​ទាំង​នោះ​ អាច​នឹង​​នាំ​ឱ្យ​ពល​រដ្ឋរងគ្រោះ​ជាបន្ត​បន្ទាប់​ដោយ​សារ​នយោបាយ​មិន​ទទួល​យក​ការពិត អំពី​សន្តិ​ភាព​ដែល​កំ​ពុង​មានសព្វ​ថ្ងៃ​ ក៏ដូច​ជា​​សមិទ្ធ​ផល​​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​រាជ​រដ្ឋាភិបាល​ ​។ ​ចុង​ក្រោយ​នេះ​ ជុំ​វិញ​​ការ​សំ​រេចចិត្តខុសរបស់​លោក សម រង្ស៊ី​ ដែល​បាន​ និង​កំ​ពុង​ខំ​ប្រឹង​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ស្វែង​រកកំ​ហុសរបស់​រាជ​រដ្ឋាភិបាល តាម​រយៈ​ការ​បង្ខំ​ឱ្យ​អ្នក​តំ​ណាង​រាស្ត្រ​របស់​ខ្លួន​លាលែង​ចេញ​ពី​ដំ​ណែង​ ការប្រកាសធ្វើ​​ពហិកាមិន​ចូល​ប្រជុំ​សភា​ ជាពិសេស ការ​​ដាក់​សម្ពាធ​មកលើសម្តេច​តេជោ​ ហ៊ុន សែន​ តាម​រយៈ​ការ​គំ​រាម​ប្តឹង​ទៅ​អន្តរជាតិ​ឱ្យ​ផ្តាច់​ជំ​នួយ គឺដើម្បី​តែជាថ្នូរនឹង​ល័ក្ខខ័ណ្ឌរក​ច្រក​ចូល​ស្រុក​​តែ​ប៉ុណ្ណោះ​។

ការ​បង្កើត​នូវ​បញ្ហា​អស់​ទាំង​នេះ ​វាគ្រាន់​តែ​ជាយុទ្ធ​វិធី​របស់​សត្វមូស ដែល​ចង់​កាឡាខ្លួន​ជាខ្លា ដើម្បី​មាន​ប្រៀប​លើ​បណ្តាសត្វ​នានា ប៉ុន្តែ សេចក្តី​ប្រាថ្នានោះ​វាស្ថិត​នៅ​ឆ្ងាយ​ពី​ការពិត​ខ្លាំង​ណាស់​ ។ ​កលល្បិច​ទុច្ចរិត​ដែល​ផ្តើម​ចេញ​ពី​គំ​និត​អត្តនោម័ត​និយមរបស់​លោក សម រង្ស៊ី​  មិន​អាច​​ទទួល​បាន​នូវលទ្ធផល​ល្អនោះ​ឡើយ​ ។ផ្ទុយ​ទៅ​វិញ​សកម្ម​ភាព​នេះ​ គឺគ្រាន់​តែជា​ការ​បង្វែពី​វិបត្តិ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ដើម្បីការ​​កេង​ចំ​ណេញ​នយោបាយ​តែ​ប៉ុណ្ណោះ​ ។​ការពិត​  សព្វ​ថ្ងៃ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​របស់​គណបក្សសម រង្ស៊ី បាន​ និង​កំ​ពុង​បាត់ទំ​នុក​ចិត្តរវាង​គ្នា​និង​គ្នា​ ដោយ​ការសង្ស័យ​អំ​ពី​វត្តមានរបស់​ជន​បង្កប់​ក្នុង​បក្ស​ដែល​តែង​តែ​ទម្លាយ​ការណ៍​សម្ងាត់​ទៅ​ខាង​ក្រៅ​​​។ ថ្នាក់​ដឹក​​នាំជាន់​ខ្ពស់​​មួយចំ​នួន​ក្នុង​គណបក្ស​ប្រឆាំងសម រង្ស៊ី​    បាន​ទៅ​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធ​សភា​នា​ពេល​ខាង​​​មុខ  ហើយតំ​ណាង​​រាស្ត្រ​មួយ​ចំ​នួនទៀត​ក្នុង​បក្ស​ កំ​ពុង​ប្រឈមមុខ​នឹង​រឿង​អាស្រូវ​ស្នេហាផិត​ក្បត់​ជាមួយ​គ្នា​​ ខ្លះ​ខូច​កេរ្តិ៍ឈ្មោះ​ដោយ​ងប់នឹង​ល្បែង​ ក្រៅ​ពី​នេះ​មាន​ការ​ចោទ​ប្រកាន់​ពីក្រុម​អ្នក​​តំ​ណាង​រាស្ត្រដែល​បាន​ចាក​ចេញ​ពី​បក្សថា ពួក​គេមិន​អាច​រួម​រស់នៅ​ជាមួយ​តទៅ​ទៀតបានទេ ​​ដោយ​សារគណបក្ស​នេះ​ប្រកាន់​យក​នូវការ​ដឹកនាំ​តាម​បែប​គ្រួ​សារ​និយម​ និង​ដើម្បី​តែបំ​រើ​ផល​ប្រយោជន៍​សួន​តួរៀង​ៗ​ ដោយ​មិន​គិត​ពី​ប្រយោជន៍​ជាតិ​ជាធំ​នោះ​ទេ។

ដូច្នេះ​ ក្នុង​ដំ​ណាក់​​កាលដែលផ្ទៃ​ក្នុង​​គណបក្ស​ទាំង​មូល​ប្រឈម​នឹង​រឿង​អាស្រូវ​ និង​លោកសម រង្ស៊ី​ កំ​ពុង​តែបាត់​បង់​ឱកាសបែប​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​នាំ​គ្នា​ឱ្យ​តម្លៃខ្ពស់​ទៅ​លើលោកស្រី​ មូរ សុខហួរ ដែលពួក​គេបាន​ពិពណ៌នាថា​  ​​អ្នក​ដែល​អាច​ទាញ​បាន​ផលប្រយោជន៍​ពី​វិបត្តិ​ក្នុង​បក្ស​ប្រឆាំង​មួយ​នេះ​ គឺមាន​តែ​លោកស្រី មូរ សុខហួរ​ តែ​ម្នាក់​គត់​ លោកស្រី​អាចមាន​ឱកាសគ្រប់​គ្រាន់​ដើម្បី​ពង្រីកឥទ្ធិ​ពល​របស់​ខ្លួន ​ហក់​ចាប់​យក​ដំ​ណែង​ជាប្រធាន​បក្សថ្មី​ជំនួស​លោកសម រង្ស៊ី​ ឬ​ក៏​លោកស្រី​ អាច​ប្រមូល​យកសម្លេង​​អ្នក​គាំ​ទ្រទាំង​អស់​ ដើម្បី​ទៅ​បង្កើត​គណបក្ស​ថ្មី​ ហើយ​រៀប​ចំ​របៀប​ដឹក​នាំ​គណបក្ស​ប្រឆាំង​ថ្មី​មួយ​ដែល​ប្រកាន់​យក​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យពិត​ប្រាកដ គឺ​ជាជម្រើសដ៏​ល្អបំ​ផុត​៕