Thursday, December 1, 2011

រាជរដ្ឋាភិបាល​កម្ពុជា​​​ប្រកាស​បើក​ការដ្ឋាន​ជួសជុល​និង​សាងសង់ផ្លូវ​ក្រាល​កៅស៊ូ​ ​ប្រវែង​ជា​ង ៥០០ គីឡូម៉ែត្រ ស្ថិត​ក្នុង​ខេត្ត​ចំនួន ៧​​​



​ការដ្ឋាន​ជួសជុល និង សាងសង់​ផ្លូវ​កៅស៊ូ ២ ជាន់​ប្រភេទ DBST ប្រវែង​ជាង ៨០ គម នៅ​ក្នុង​​ខេត្ត​ពោធិ៍សាត់ ដែល​ជា​គម្រោង​មួយ​ ស្ថិត​នៅក្នុង​គម្រោង​កែលំអ​ផ្លូវលំ​ជនបទ​ប្រវែង​ជាង ៥០៥ គម ក្នុង​ខេត្ត​គោលដៅ​ចំនួន ៧ ​​ស្ថិត​នៅ​ក្រោម​​ឥណទាន​​របស់​​​ធនាគារ​អភិវឌ្ឍ​អាស៊ី កំចី​ពី​សាធារណរដ្ឋ​កូរ៉េ បដិភាគ​របស់​រាជ រដ្ឋាភិបាល និង ជំនួយ​ឥត​សំណង​របស់​​មូលនិធិ​អភិវឌ្ឍន៍​ណ័​រ​ឌិ​ក ត្រូវ​បាន​ប្រកាស​បើក​ដោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​​នាព្រឹក​ថ្ងៃ​ទី ១ ខែ​ធ្នូ ​ឆ្នាំ ​២០១១ ស្ថិត​នៅ​ស្រុក​បាកាន​។ ​ ក្រៅ​ពីការ​ដ្ឋាន​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ការដ្ឋាន​ ​ជួសជុលនិង​សាង​សង់​កែ​លម្អ​ផ្លូ​វ​លំ​ជនបទ​ស្ថិត​ក្នុង​ ខេត្ត​កំពង់​ស្ពឺ កំពង់ឆ្នាំង បាត់ដំបង សៀមរាប កំពង់ធំ និង​កំពង់ចាម ជា​ខេត្ត​ដែល​ស្ថិត នៅ​ក្នុង​គម្រោងការ​នេះដែរ​ ក៏​ត្រូវ​បាន​​ប្រកាស​​បើក​ នៅ​​​ក្នុង​ថ្ងៃ​តែមួយ​​។​ ​ការដ្ឋាន​នៅ​ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​បើក​ដោយ​ឯកឧត្តម សាយ ឈុំ អនុប្រធាន​ទី ២ រដ្ឋសភា ។​ ការដ្ឋាន​នៅ​ខេត្ត​កំពង់ឆ្នាំង​​ ប្រកាស​បើក​ដោយ​សម្តេច​ចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង និង  ការ​ដ្ឋាន​នៅ​ខេត្ត​បាត់ដំបង​បាន​បើក​ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ឋានៈ​​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​។ 
ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធការដ្ឋាន​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ថ្មី​មួយទៀត​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង ដែល​កាល​ពី​ពេល​មុន​នេះ​យើង​មាន​ផ្លូវ​ថ្មើរជើង និង ផ្លូវ​រទេះ ហើយ នៅ​ពេល​បន្ទាប់មក​យើង​មាន​ផ្លូវលំ។ ឥឡូវនេះ​យើង​ចាប់​ផ្តើម​ប្រែក្លាយ​ផ្លូវលំ​ក្រាល គ្រួស​ក្រហម​ឲ្យ​ទៅជា​ផ្លូវលំ​ចាក់​កៅស៊ូ ដែល​យើង​សង្ឃឹមថា គម្រោង​ដែល​ចាប់​ផ្តើម​នេះ​មិន​បញ្ចប់​ត្រឹមតែ ៥០០ គម នេះ​ទេ ​ប៉ុន្តែ​វា​នឹង​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ដ៏​វែងឆ្ងាយ ព្រោះ​ការ​អភិវឌ្ឍ​ប្រទេស​មួយ​វា​មិន​មាន ត្រឹមតែ ៥០០ គម នោះ​ទេ ហើយ​គឺ​មានតែ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​ដែល​បាន​ទទួល​ផល​ពី​ផ្លូវ​នេះ។
សម្តេច​​តេជោ​​មានប្រសាសន៍ថា «សម្រាប់​ខ្ញុំ ខ្ញុំ​មាន​មោទនភាព​នៅ​ត្រង់​ថា ខ្ញុំ​មាន​ចក្ខុ​វិស័យ​ត្រូវ ដែល​នៅ​ក្រោយ​​ឆ្នាំ ២០០០ នៅ​ពេល​ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ និង នៅ​ក្រោយ​ទឹក​ជំនន់​នោះ យើង​បាន​ខិតខំ​កសាង​ផ្លូវលំ និង ស្ពាន​ដើម្បី​ត​ភ្ជាប់ ហើយ​បាន​ចាប់​ផ្តើម​​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច ជនបទ​កក្រើក​ឡើង»។ សម្តេច​តេជោ​មានប្រសាសន៍ថា សម្រាប់​អ្នក​ជំនាន់​ក្រោយ​​ត្រូវតែ​ខិតខំ​ធ្វើ​យ៉ាង​ណា កសាង​​ផ្លូវ​នៅ​គ្រប់​បណ្តាញ​ទាំងអស់​ក្លាយទៅជា​បណ្តាញ​ដែល​ក្រាល​កៅស៊ូ និង ចាក់​បេតុង ប៉ុន្តែ​ក្នុង​ដំណាក់​​កាលដែល​ខ្ញុំ​ដឹកនាំ​ពី​ដំណាក់កាល ១ ទៅកាន់​ដំណាក់កាល ១ គឺ​បាន​ដំណើរ​ការ​រួច​មក​ហើយ​ៗ​បាន​​ចាប់​ផ្តើម​​ពី​បាតដៃ​ទទេ។

សម្តេចតេជោ​​នាយករ​ដ្ឋ​មន្ត្រី​ថ្លែង​ឲ្យ​ដឹង​ថា «អាទិភាព​ដែល​ខ្ញុំ​បាន​ប្រកាស​តាំងពី​ឆ្នាំ ១៩៨៧ មក​គឺ​អភិវឌ្ឍ​ផ្លូវ ទឹក ភ្លើង និង មនុស្ស គឺ​យើង​ដោះស្រាយ​ទឹក​សម្រាប់​ការ​ធ្វើ​ស្រែ​របស់​ប្រជាកសិករ ដោះស្រាយ​ផ្លូវ កំពង់ផែ ព្រលាន​យន្តហោះ ក្នុង​ផ្នែក​គមនាគមន៍ ដោះស្រាយ​បញ្ហា​អគ្គិសនី និង ដោះស្រាយ​ការ​បណ្តុះ​បណ្តាល​​​ធន​ធាន​មនុស្ស ដូច្នេះ​យើង​កំពុង​ធ្វើ​សកម្ម​​ភាព​យ៉ាង​មមាញឹក បើ​គ្មាន​ចំណុច​ទាំង ៤ នេះ​ទេ​យើង​ពិបាក​ដើរ​ហើយ»។​
ឯកឧត្តម ​​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​បានថ្លែង​ឲ្យ​ដឹង​ថា គម្រោង​ផ្លូវ​ជនបទ ដែល​ត្រូវ​សាងសង់​ដោយ​ក្រាល​កៅស៊ូ​មាន​ចំនួន ១៩ ខ្សែ ស្ថិតនៅក្នុង​ខេត្ត​ចំនួន ៧ ក្នុងនោះ​មាន ខេត្ត​កំពង់ចាម ចំនួន៣ខ្សែ​ប្រវែង ៦៨,៧ គម ខេត្តកំពង់ធំ ចំនួន១ខ្សែ​ប្រវែង ៦៦,២គម ខេត្តសៀមរាប ចំនួន​២​ខ្សែ​ប្រវែង ៧៥,៨ គម ខេត្តកំពង់ស្ពឺ ចំនួន២ខ្សែ​ប្រវែង៦៩,៣គម ខេត្តកំពង់ឆ្នាំង ចំនួន៣ខ្សែ ប្រវែង​៧២,៨ គម ខេត្តបាត់ដំបង ចំនួន៣ខ្សែ​ប្រវែង៧២គម និង ខេត្តពោធិសាត់ ចំនួន៥ខ្សែ​ប្រវែង៨០,៦គម។
ឯកឧត្តម ជា សុផារ៉ា បាន​ឲ្យ​ដឹង​ថា ការ​ដ្ឋាន​នៃ​ការ​​សាងសង់​មានរយៈពេល​​ចំនួន ៣០ ខែ​គឺ​រហូតដល់​ខែ​ឧសភា ​ឆ្នាំ ២០១៤ ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកាបដិភាគ​ចំនួន ៧,២៥​លាន​​ដុល្លារ​អាមេរិក រួម​ជា​មួយ​ឥណទាន​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី​ចំនួន ៣៥ លាន​ដុល្លារ​អាមេរិក ឥណទាន​​បស់​សាធារណរដ្ឋ​កូរ៉េ​ចំនួន ២១លាន​ដុល្លារ​អាមេរិក និង ហិរញ្ញប្បទាន​ឥត​សំណង​របស់​មូលនិធិ​អភិវឌ្ឍន៍​ណ័​រ​ឌិ​ក ចំនួន ៥,៤០ លាន​ដុល្លារ​អាមេរិក​។
ទាក់​ទង​នឹង​ថវិកា​ជំនួយ​ និង​កម្ចី​ពី​អង្គការ​ និង​ប្រទេស​ជា​ដៃ​គូរ​អភិវឌ្ឍន៍​នោះ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​លើកឡើងពន្យល់​​ថា "​មាន​អ្នកខ្លះ និយាយថា ជំនួយ​បរទេស​មក​ច្រើន​ណាស់​ក្នុង​មួយ​ឆ្នាំៗ ហេតុ​ម៉េច​ក៏​រដ្ឋាភិបាល មិន​យក​មក​ចែក​ឲ្យ​ប្រជាជន​?​។ ខ្ញុំ​សូម​បកស្រាយ​ថា នៅ​លើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណាមួយ ដែល​គេ​យកលុយ​ទៅ​ចែក​ឲ្យ​ប្រជាជន​ទេ​។ ជាងនេះទៅទៀត ជំនួយ ឬក៏​ប្រាក់កម្ចី​មកពី​ក្រៅ​ប្រទេស គឺ​គេ​អត់​ដែល​យក​ទៅ​ចែក​ប្រជាជន​ទេ​។ លើកលែងតែ​មាន​គ្រោះ​ទឹកជំនន់ ដូច​រយៈកាល​កន្លង​ទៅ​នេះ ក៏​មាន​ជំនួយ​ពី​បរទេស​មក​មួយ​ចំនួន ដែល​យើង​យកមកចែក​តាមរយៈ​កាកបាទក្រហម​កម្ពុជា ឬ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អាជ្ញាធរ​ដែនដី ដើម្បី​ចែក​ជូន​ប្រជាជន​"​។
សម្តេចតេជោ​​​មាន​ប្រសាសន៍​ថា ឥឡូវ​អាច​សួរ​ទៅ​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ប្រចាំ​កម្ពុជា ដែល​មាន​វត្តមាន​នៅ​ទីនេះ តើ ADB ធ្លាប់​ឲ្យ​លុយ​មក​​ចែក​ប្រជាជន​ទេ​? ហើយ​ចាំ​ទៅ​សួរ​នាយករដ្ឋមន្ត្រី​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ណូវែល​​ហ្សេឡង់ អាមេរិក រុស្ស៊ី និង​ឥណ្ឌា ដែល​នឹង​មក​ប្រជុំ​នៅ​កម្ពុជា នៅ​ឆ្នាំក្រោយ ហើយ​យក​ល្អ​ចាត់តាំង​មនុស្ស ឲ្យទៅ​ជួប​តែ​ម្តង ដើម្បី​ទៅ​សួរថា តើ​គេ​ឲ្យ​លុយ​មក​នោះ ធ្លាប់​ឲ្យ​យកមកចែក​ប្រជាជន​ដែរ ឬក៏​អត់​?
សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន​សែន បាន​គូសបញ្ជាក់ថា "​លើ​ពិភពលោក អត់​មាន​ទេ សូម្បី​តែ​បញ្ហា​ទទួលបាន​ឥណទាន ហើយ​ឥណទាន​នោះ កុំ​ភ្លេច​យើង​ខ្ចី​គេ​ទេ ហើយ​មាន​នីតិវិធី​ស្មុគស្មាញ និង​ចំណាយពេល​យូរ​ឆ្នាំ​។ ដូច្នេះ​ខ្ញុំ​ត្រូវតែ​បកស្រាយ​រឿងនេះ កុំឲ្យ​មាន​ការភូតភរ​ប្រជាជន​"​។