Thursday, December 1, 2011

សម្តេច​​តេ​ជោ​​សំណូម​ពរ​ឲ្យ​​ប្រធាន​​រណសិរ្យ​​កសាង​​ជាតិ​​ឡាវ​ យក​ចិត្ត​​ទុក​​ដាក់​​អភិវឌ្ឍន៍​តំបន់​​ត្រី​កោណ​



ឯកឧត្តម​ Phanh Douangchit Vongsa សមាជិក​គណៈកម្មាធិកា​កណ្តាល​​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្ត​ឡាវ​ និង ​ជា​ប្រធាន​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​រណសិរ្ស​​កសាង​ជាតិ​ឡាវ បាន​ជម្រាប​ជូន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ថា រូប​ឯកឧត្តម​ផ្ទាល់​ក៏ដូចជា​ថ្នាក់ដឹកនាំ​ឡាវ​ដែរ​បាន​តាមដាន​អំពី​ការអភិវឌ្ឍ​នៅ​កម្ពុជា ហើយ​បាន​ឃើញ​កម្ពុជា​​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​នេះ​ផ្តើម​ចេញពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា ​ហើយ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ ២០១២​ ខាងមុខនេះ​នឹង​នាំ​កម្ពុជា​ ឲ្យ​មាន​កិត្យានុភាព​កាន់តែ​ខ្ពស់​ថែមទៀត​នៅលើ​ឆាក​អន្តរជាតិ​នោះ។ 
ឯកឧត្តម​ ​អ៊ាង ​សុផល្លែត​ ជំនួយ​ការ​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​​ថ្លែងថា ​នៅក្នុង​ជំនួប​ជា​មួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី​ ៣០ ខែ​ វិច្ឆិកា ឆ្នាំ ២០១១​ ឯកឧតត្តម​ ​Phanh ​Dpuangchit​ Vongsa ​ក៏បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​គឺ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​រណសិរ្ស​រវាង​ប្រទេស​ទាំង ​៣ (កម្ពុជា​ វៀតណាម​ ឡាវ) ​ហើយក៏​បាន​សុំ​អនុសាសន៍​ពីស​ម្តេច​តេជោ​ផងដែរ។ ឯកឧត្តម​​ Phanh​ Dpuangchit ​Vongsa ​សមាជិក​គណៈកម្មាធិកា​កណ្តាល​ ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្ត​ឡាវ​ និង ​ជា​ប្រធាន​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​រណសិរ្ស​​កសាង​ជាតិ​ឡាវ ​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​ឡាវ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ​និង​ បាន​ពាំ​នាំ​នូវ​ការចូលរួម​រំលែក​​ទុ​ក្ខ​ពី​ថ្នាក់ដឹកនាំ​ឡាវ​ជូន​ចំពោះ​ប្រជាជន​កម្ពុជា ​ដែល​បាន​ជួប​ប្រទះ ​និង ​រងគ្រោះ​ដោយ​ទឹកជំនន់​នាពេល​​កន្លង​មក​នោះ​។​
ឯកឧត្តម​ ​អ៊ាង ​សុផល្លែត​ បាន​ឲ្យ​ដឹង​ថា សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​ជំរាបជូន​ឯកឧត្តម​​​Vongsa​ វិញ​ អំពី​ការលើក​ឡើងរបស់​សម្តេច​​ជាមួយ​​គណៈប្រតិភូ​វៀតណាម​ ដោយសម្តេច​បាន​ផ្តល់​អនុសាសន៍​ឲ្យ​រណសិរ្សនៃ​​ប្រទេស​ទាំង ៣ យកចិត្តទុកដាក់ និង គាំទ្រ​ដល់​គម្រោង​ការអភិវឌ្ឍ​តំបន់​ត្រី​កោណ ​កម្ពុជា វៀតណាម ឡាវ។ សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល និង ប្រជាជន​ឡាវ ដែល​​បាន​ផ្តល់នូវ​ជំនួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង បាន​វាយតម្លៃ​ខ្ពស់​អំពី​ការ​អភិវឌ្ឍន៍​​រីកចម្រើន​នៅក្នុង​ប្រទេស​ឡាវ​ផងដែរ៕