Thursday, December 1, 2011

សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រ​​គំរោង​​បង្កើត​​រោង​ចក្រ​​ចំ​រ៉ា​ញ់​​ប្រេងកាត


នារសៀល​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១១​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​​​កម្ពុជា​បានស្វាគមន៍​ចំពោះ​ក្រុមហ៊ុន SINO MARCH ដែល​សហការ​ជាមួយ​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY CO.LTD ក្នុង​ផែន​ការ​បង្កើត​គំរោង​សាង​សង់​​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​នៅ​កម្ពុជា។


ឯកឧត្តម​ ​អៀង សុផល្លែត ជំនួយ​ការ​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​បាន​មានប្រសាសន៍​បញ្ជាក់ថា នៅក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​​លោក XU JIAN នាយក​ក្រុមហ៊ុន SINO MARCH ដែល​សព្វថ្ងៃ​​កំពុង​សហការ​​ជាមួយ​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY ​CO.LTD ​មាន​គំរោង​សាងសង់​រោង​ចក្រ​​ចំ​រ៉ា​ញ់​ប្រេងកាត​នៅ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរ​សម​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ស្វាគមន៍​ដល់​ក្រុមហ៊ុន SINO MARCH ដែល​ចូលមក​វិនិយោគទុន​នៅ​កម្ពុជា​ ហើយ​កំពុង​លើក​គំរោង​បង្កើត​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​នៅ​កម្ពុជា​។​ ពីព្រោះ​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​មិនមែន​ផលិត​តែ​​ប្រេងកាត​ទេ គឺ​នាំមក​នូវ​កៅស៊ូ​ក្រាល​ថ្នល់ និង​ជី ផងដែរ​។​ល​។ ជាមួយគ្នានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ បានស្នើសុំ​ឲ្យ​ក្រុមហ៊ុន​សំលឹងមើល​គំរោង​វិនិយោគ​ផ្សេងៗ​ទៀត ដែល​អាច​វិនិយោគ​បាន​នៅ​កម្ពុជា​។​
​ឯកឧត្តម​ ​អៀង សុផល្លែត បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា លោក XU JIAN នាយក​ក្រុមហ៊ុន SINO MARCH ដែល​បាន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY CO.LTD​ ដែល​តំណាង​ដោយ​លោក​ឧកញ៉ា​ គង់ ទ្រី​វ និង​លោក​ឧកញ៉ា ហាន់ ឃាង ក៏បាន​នាំមក​ជាមួយ​នូវស្រូវពូជ​ ចំនួន ១.១០០ តោន​ មក​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ផ្តល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ផង​ដែរ​។ ​លោក XU JIAN ក៏បាន​ចូលរួម​រំលែក​ទុក្ខ​លំបាក​​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​បាន​រងគ្រោះ​ ដោយ​ទឹកជំនន់​នាពេល​កន្លងមក។​
​លោក XU JIAN និង​គ​ណៈប្រតិភូ ​ក៏បាន​គោរព​កោតសរសើរ និង​វាយតម្លៃ​យ៉ាងខ្ពស់​បំផុត ​ចំពោះ​ការខិតខំ​ដោះស្រាយបាន​ទាន់ពេលវេលា​បញ្ហា​គ្រោះទឹកជំនន់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​កាក​បាទ​ក្រហម​កម្ពុជា​ ប្រប​កដោយ​ប្រសិទ្ធភាព​។ 
លោក XU JIAN បាន​មានប្រសាសន៍​ថា លោក​មាន​​​ជំនឿ​ជឿជាក់​យ៉ាងខ្លាំង ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​​​សម្តេច​តេ​ជោ ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​អង្គការ​កាកបាទក្រហម​កម្ពុជា ដែល​​​​ជំនះ​បាន​រាល់​បញ្ហា ​ដែល​កើតមាន​ ដូចជា បញ្ហា​ទឹកជំនន់ និង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ បាន​វិល​ទៅផ្ទះ​សម្បែង​វិញ ​បង្កបង្កើនផល​កសិកម្ម ​បាន​ទាន់​ពេលវេលា​។​
សម្តេច​តេ​ជោនាយក​រដ្ឋ​មន្រ្តី បាន​​ជួសមុខ​ឲ្យ​ប្រជាជន​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន SINO MARCH និង​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY CO.LTD ដែល​បាន​នាំយក​ស្រូវពូជ​ចំនួន ១.១០០ តោន​ សម្រាប់​ចែកជូន​ដល់​ពលរដ្ឋ​កម្ពុជា ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នាពេល​កន្លងមក​៕