Wednesday, December 21, 2011

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី “ប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី”


សុន្ទរកថា
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់​សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងពិធីប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១
3

-   ឯកឧត្តម អង្គ វង្ស ​វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
-    ឯកឧត្តម Masafumi KUROKI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
-   ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា
-   ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ក្នុងពិធី ប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី ដែលបាន​ប្រកាស​ឲ្យប្រើ​ចាប់​តាំង​ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧​ កន្លងមក។ ខ្ញុំសូមចាត់ទុកថា នេះគឺ​ជា​​ថ្ងៃប្រវត្តិសាស្រ្តគតិយុត្តិ និងជាព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយ ក្នុងដំណើរការកសាងក្រប​ខណ្ឌច្បាប់ជា​មូលដ្ឋាន​សម្រាប់ព្រះរា​ជា​ណាចក្រ​​កម្ពុជា ដែលឆ្លុះបញ្ចាំងនូវឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងនីតិរដ្ឋ ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ដែល​បានសហ​ការ​​​យ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសហ​ប្រតិបត្តិការ​អន្តរ​ជាតិ​នៃ​ប្រទេសជប៉ុន (JICA) ក្នុង​ការរៀបចំតាក់​តែង​សេច​ក្តី​​ព្រាងក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដែលជា ក្រមជាមូលដ្​ឋានក្នុងការ​បម្រើដល់សុខដុមនីយកម្មនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប និងបម្រើ​ដល់វិស័យយុត្តិធម៌សង្គម។
ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ យើងត្រូវកសាងប្រទេសពីបាតដៃទទេ បន្ទាប់ពីទទួលរងការ​បំផ្លិច​បំផ្លាញ​យ៉ាងខ្ទេចខ្ទាំក្នុងរបបប៉ុល ពត អ្វីៗទាំងអស់ត្រូវរៀបចំកសាងឡើងវិញ ក្នុងនោះក្របខ័ណ្ឌគតិ​យុត្ត​​​សម្រាប់បម្រើសង្គមទាំងមូលគឺជាកិច្ចការដ៏ចំបងមួយ ។ តាំងពីឆ្នាំ១៩៧៩មក បទប្បញ្ញត្តិដែល​ពាក់ព័ន្ធ​​​​នឹងរឿងរដ្ឋប្បវេណី ត្រូវបានចងក្រងនៅក្នុងច្បាប់ផ្សេងៗដាច់ដោយឡែកពីគ្នា ដូចជា​​ក្រឹត្យច្បាប់​លេខ​៣៨​ស្តី​ពី​កិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា ដែលត្រូវបានប្រកាសឲ្យប្រើឆ្នាំ១៩៨៨ ច្បាប់ស្តីពី​អាពាហ៍​ពិពាហ៍ និងគ្រួសារ ដែល​ត្រូវបាន​ប្រកាស​ឲ្យប្រើនៅឆ្នាំ១៩៨៩ និងច្បាប់ភូមិបាល ដែល​ត្រូវ​បាន​ប្រកាស​ឲ្យប្រើនៅឆ្នាំ២០០១​ជាដើម។ ហេតុ​ដូច្នេះ ការចងក្រងនូវ​ ក្រម​រដ្ឋប្ប​វេណី​ នេះឡើង គឺជាលើកទី​មួយ​ហើយ​ចាប់តាំងពីឆ្នាំ១៩៧៩មក ដែលបទប្បញ្ញត្តិ​ទាក់​ទងនឹងរឿងរដ្ឋប្បវេណី​ត្រូវបាន​ប្រមូលផ្តុំឲ្យមកនៅ​ក្នុង​ក្រម​តែមួយ ដែលធ្វើឲ្យមាន​ភាពងាយ​ស្រួលក្នុងការស្វែងយល់ និងប្រើប្រាស់​ទៅ​តាម​ជំនាញផ្សេងៗ។
ចាប់ពីឆ្នាំ ១៩៩៨មក ដោយមានជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន សម្រាប់ការ​ជួយរៀបចំក្​រមរដ្ឋប្បវេណីនិងក្រមនីតិវិធីរដ្ឋប្បវេណី និងជំនួយបច្ចេកទេសពីរដ្ឋាភិបាលបារាំង សម្រាប់​ការជួយរៀបចំ ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្រសួង​យុត្តិធម៌​សម្រេចបាន​លទ្ធផល​ជាវិជ្ជមានលើការងាររៀបចំក្រមទាំងនោះ។ មកដល់ពេលនេះ ក្រមមូលដ្ឋានចំនួន៣ ក្នុងចំណោមក្រមមូលដ្ឋានទាំង០៤ ដែលជា​សរសរស្តម្ភ​នៃ​នីតិរដ្ឋត្រូវ​​បានអនុម័ប្រកាសឱ្យប្រើ និងដាក់ឲ្យអនុវត្ត​រួចហើយ ពោលគឺ៖ ក្រមនីតិវិធីរដ្ឋប្បវេណី ប្រកាសឱ្យប្​រើនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៦ និងដាក់ឱ្យអនុវត្តនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ ក្រមនីតិវិធីព្រហ្មទណ្ឌ ប្រកាស​ឱ្យប្រើនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ក្រមព្រហ្មទណ្ឌ ប្រកាសឱ្យប្រើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០០៩ និងដាក់ឱ្យអនុវត្តនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០។ ដោយឡែក ក្រមរដ្ឋប្បវេណី ដែលប្រកាស​ឱ្យប្រើ​នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ គឺត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ នេះតទៅ ។ ក្រៅពីការរៀប​ចំជាក្រមក្នុងវិស័យរដ្ឋប្បវេណី និងវិស័យព្រហ្មទណ្ឌនេះ រាជរដ្ឋាភិបាលក៏មានបំណងរៀបចំក្រម ក្នុង​វិស័យ​​​​រដ្ឋបាល និងពាណិជ្ជកម្មផងដែរ ដើម្បីចូលរួមពង្រឹងអភិបាលកិច្ចល្អ ព្រមទាំងធានា និងជំរុញ​ប្រតិបត្តិការ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការរៀបចំបានជោគជ័យ និងដោយប្រុង​ប្រយ័ត្ន​នៃក្រម​ទាំងនេះគឺជាស្នាដៃដ៏ធំក្នុងប្រព័ន្ធយុត្តិធម៌ដែលរាជរដ្ឋាភិបាលសម្រេចបាន និងជាមោទនភាពរបស់ប្រទេស និងប្រជាជនកម្ពុជាទាំងមូលផងដែរ ដោយហេតុថាប្រទេសមួយចំនួនមិនទាន់មាន​លទ្ធភាព​រៀប​ចំបាន​ជាក្រមដូចនេះទេ។ ការចងក្រងជាក្រមបែបនេះ គឺជាការបង្ហាញឱ្យឃើញនូវឯកភាពនៃច្បាប់ ឯកភាព​នៃការបកស្រាយច្បាប់ និងឯកភាពនៃការអនុវត្តច្បាប់ ដោយអនុវត្តនៅទូទាំងប្រទេស នូវច្បាប់តែមួយ ដែលជាកត្តាជំរុញឱ្យមានឯកភាពនៃស្មារតីប្រជាជាតិ សមភាព និងយុត្តិធម៌
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ខ្ញុំសូមរំលឹកថា មានកត្តាពីរយ៉ាងដែលតម្រូវឱ្យមានការដ្ឋានដ៏ធំនៃការរៀបចំក្រមទាំងនេះឡើង ៖ ទី១ គឺ បរិបទប្រវត្តិសាស្ត្រ និង ទី២ គឺ ឆន្ទៈនយោបាយ។
តាមបរិបទប្រវត្តិសាស្ត្រកម្ពុជា នីតិសរសេរ(Droit écrit) ជាផ្នែកមួយនៃប្រពៃណីច្បាប់កម្ពុជា។ ការរៀប​ចំជាក្រមបែបបារាំង គឺ​ជាមរតកប្រវត្តិសាស្ត្រនៃសម័យអាណាព្យាបាលបារាំងនៅកម្ពុជា។ នៅទសវត្សរ៍ទី៥០ ប្រទេស​កម្ពុជាបានសម្រេចនូវការងាររៀបចំជាក្រម ក្នុងវិស័យព្រហ្មទណ្ឌ វិស័យរដ្ឋប្បវេណី និងវិស័យ​ពាណិជ្ជ​កម្ម។ ត្រង់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាកំពុងបង្កើតវប្បធម៌គតិ​យុត្តរបស់ខ្លួនផ្ទាល់ ដោយធ្វើការសម្របសម្រួលរវាងប្រពៃណីច្បាប់ជាតិ និងបច្ចេកទេសនៃប្រព័ន្ធផ្សេង ដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់កម្ពុជាទាំងមូល។
ចំណែកឯឆន្ទៈនយោបាយវិញ គឺកើតចេញជាបឋមពីការយល់ឃើញថា ភាពផ្សេងៗ និង​ពហុភាព​នៃអត្ថបទគតិយុត្ត បានកាត់បន្ថយនូវការទទួលបានយុត្តិធម៌ និងប៉ះពាល់ដល់​លក្ខណៈសមធម៌​នៃដំណើ​ការរឿងក្តី និងប្រព័ន្ធយុត្តិធម៌។ ការអនុវត្តច្បាប់ដោយចៅក្រម បានជួបការលំបាក និងមិនទាន់មានលក្ខណៈ​  ឯកភាព​នៅឡើយ។ កង្វះភាពច្បាស់លាស់ និងកង្វះឯកភាពនៃនីតិ ធ្វើឱ្យប្រព័ន្ធយុត្តិធម៌ផុយស្រួយ និងធ្វើឱ្យធ្លាក់ចុះនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នតុលាការ និងស្ថាប័នរដ្ឋ។ ជាមួយ​គ្នា​នេះ​ដែរ​ រាជរដ្ឋាភិបាល ក៏​បាន​​​ចាត់ទុកច្បាប់ជាឧបករណ៍នៃអភិបាលកិច្ចល្អ ការកសាងនីតិរដ្ឋ និងសិទ្ធិ​ទទួល​បាន​យុត្តិធម៌។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកឡើងត្រួសៗអំពីសារៈសំខាន់ និងមូលហេតុ​នៃការកសាង​ក្រម​រដ្ឋប្បវេណីនេះ។ កន្លងមក អត្ថបទគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណីមានលក្ខណៈរាយប៉ាយ និងខ្វះចន្លោះយើងចាំបាច់ត្រូវប្រមូលផ្តុំនូវអត្ថបទទាំងនេះ ដើម្បីធ្វើឱ្យមានសង្គតិភាព លក្ខណៈឯកភាព ស៊ី​សង្វាក់ និងងាយស្រួលក្នុងការ​ស្វែងយល់ ព្រមទាំងបំពេញបន្ថែមនូវអ្វីដែលជាកង្វះខាត ទើបបានជាមាន​ការរៀប​ចំបង្កើតជាក្រមរដ្ឋប្បវេណីនេះឡើង។ ក្រមរដ្ឋប្បវេណី គឺជាកម្រងច្បាប់គោលមួយ ដែលមាន​តួនាទីសម្របសម្រួលចំណងទាក់ទងអំពីទ្រព្យសម្បត្តិដែលមានតំលៃប្រើប្រាស់ ផ្សារភ្ជាប់ទៅនឹងរូបវ័ន្តបុគ្គល ឬនីតិបុគ្គល ព្រមទាំងសម្របសម្រួលចំណងទាក់ទងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ រវាងរូបវ័ន្ត​បុគ្គល​និង​នីតិបុគ្គល ឬ រវាងនីតិបុគ្គល​​និងនីតិបុគ្គល ដែលរួមមានទំនាក់ទំនងអំពីកម្មសិទ្ធិ អំពីការដោះដូរ អំពីការធ្​វើសំណង និងទំនាក់ទំនងអំពីគ្រួសារ និងមតក។ ក្រមរដ្ឋប្បវេណី ក៏ជាច្បាប់មូលដ្ឋាន​មួយដែល​អនុវត្ត​ចំពោះប្រជាពលរដ្ឋគ្រប់រូប ដែលមានសេរីភាពក្នុងការធ្វើជាប្រធាននៃការដោះដូរទំនិញក្នុងសង្គមមួយ ដែលមានប្រព័ន្ធ​សេដ្ឋកិច្ចទីផ្សារ។ ចំពោះ​​ទំនាក់ទំនងគតិយុត្តដែលប្រជាជនធម្មតាមានការពាក់ព័ន្ធនោះ គឺមានទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងគ្រួសារ ដែលក្នុងទំនាក់ទំនងទ្រព្យសម្បត្តិ មាន ការមាន​កម្មសិទ្ធិលើទ្រព្យសម្បត្តិ (សិទ្ធិប្រត្យ័ក្ស) និងការជួញដូរជាមួយប្រជាពលរដ្ឋដទៃទៀត (កិច្ចសន្យា)។ រីឯទំនាក់ទំនងគ្រួសារវិញ មានទំនាក់ទំនងឋានៈជាញាតិ ដូចជា អាពាហ៍ពិពាហ៍ ឬ ឪពុកម្តាយនិងកូន និងសន្តតិកម្ម។
ជាងនេះទៅទៀត បទប្បញ្ញត្តិមួយចំនួនធំនៃក្រមរដ្ឋប្បវេណី គឺជាបទប្បញ្ញត្តិថ្​មីដែលពុំធ្លាប់​មាននៅឡើយ​នៅក្នុងក្របខ័ណ្ឌគតិយុត្តរបស់ប្រទេសកម្ពុជានារយៈពេលកន្លងមក ជាអាទិ៍ បទប្បញ្ញត្តិស្​តីពីសន្តតិកម្ម (Succession) ដែលចែងអំពីសន្តតិជន ដោយចាត់ទុកថា សហព័ន្ធ (Epoux) គឺជា សន្តតិជន​ជានិច្ច ព្រមទាំងបានកំណត់នូវភាគបម្រុង (Réserve héréditaire) សម្រាប់សន្តតិជនប្រភេទខ្លះ រួមមាន បច្ឆា​ញាតិ​ផ្ទាល់ (Descendant) សហព័ន្ធ ឳពុកម្តាយ ជីដូនជីតា ។ ក្រៅពីនេះ បទប្បញ្ញតិ្តទាក់ទងនឹងបុគ្គល (Personne) ដែលបានកំណត់អំពីរូបវន្តបុគ្គល នីតិបុគ្គល បទប្បញ្ញត្តិអំពីអាហារកាតព្វកិច្ច (Obligation alimentaire) រវាងញាតិផ្សេងៗ ដូចជាអាហារកាតព្វកិច្ចរវាងកូនជានីតិជននិងឳពុកម្តាយ ឬក៏រវាងបងប្អូន​បង្កើត​ជាដើម ក៏ជាបទប្បញ្ញតិ្តថ្មី ដែលពុំធ្លាប់មាននៅឡើយនៅក្នុងច្បាប់​របស់​ប្រទេស​កម្ពុជា​ ក្រោយ​ឆ្នាំ​១៩៧៩ ​។ មិនតែប៉ុណ្ណោះទៀតសោត បទប្បញ្ញត្តិជាច្រើននៃក្រមរដ្ឋប្បវេណីមិនមានខ្លឹមសារដូចគ្នា​ជាមួយ​នឹង​ច្បាប់​មុនៗទេ ពោលគឺ គោលការណ៍ដែលត្រូវបានអនុវត្តនាពេលកន្លងមក ក៏នឹងត្រូវមានការផ្លាស់ប្តូរ​ដោយសារ​​តែការដាក់ឲ្យអនុវត្តក្រមរដ្ឋប្បវេណី ដូចជា គោលការណ៍នៃការធានាដោយសាមគ្គីភាព (Principe du cautionement solidaire) ជាដើម។ ត្រង់ចំណុចនេះហើយដែលជា​លក្ខណៈ​ពិសេស​គួរឲ្យកត់សម្គាល់​នៃ​ក្រម​រដ្ឋប្បវេណី ហើយដែលអ្នកអនុវត្តច្បាប់គ្រប់ជំនាញត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ខ្ពស់​បំផុត​ ដើម្បី​ជៀស​វាង​​នូវ​ការ​អនុវ​ត្ត​ខុស​​ ឬ ការ​ភាន់​ច្រឡំ​ពី​អត្ថន័យ​ពិត​ប្រាដក​ និង​ពី​ស្មារតី​នៃ​ក្រម​រដ្ឋ​ប្បវេណី​ ដែល​ជា​កត្តាធ្វើ​ឲ្យ​ប្រាស​ចាក​ ​​​និង​ប៉ះ​ពាល់​​ដល់​ប្រសិទ្ធភាព​​នៃ​ការ​អនុវត្ត​ច្បាប់​ ក៏ដូច​ជា ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​យន្ត​ការ​ពង្រឹង​នីតិ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ក្រៅពី​នេះ​ ច្បាប់​ស្តីពី​​ការអនុវត្ត​ក្រម​រដ្ឋប្បវេណី​បាន​ចែងជា​បន្ថែម​​​​ទៀត​​នូវ​បទប្បញ្ញត្តិ​​មួយ​ចំនួន​ ដើម្បី​បំពេញ​នូវ​ការ​ខ្វះ​ចន្លោះ​នៃ​ក្រម​រដ្ឋប្ប​វេណី​ ដូច​ជា ការ​កំណត់​ពីអត្ថន័យ​​នៃលិខិត​យថាភូត​(Acte authentique) ​ព្រម​ជាមួយ​នឹង​ការ​​​បញ្ជាក់​ពី​សមត្ថកិច្ច​របស់​​រដ្ឋមន្រ្តី​​ក្រសួង​យុត្តិធម៌​ ក្នុង​ការ​កំណត់​អំពី​​អត្រា​ការប្រាក់​ (ប្រាក់​កម្ចី)​ ដែល​ត្រូវ​បាន​​កម្រិត​ជាដើម​ ព្រម​ទាំង​បាន​កំណត់​នូវ​បទ​ប្បញ្ញត្តិ​សម្រប​សម្រួល​​ផ្សេងៗ​ជាលក្ខណៈ​អន្តរ​ប្បញ្ញត្តិ​​​ ក្នុង​គោល​ដៅ​​ដោះ​ស្រាយ​​ទំនាក់​ទំនង​ដែល​បាន​កើត​ឡើង​នៅក្នុង​​ច្បាប់​ចាស់ និងបន្ត​អនុភាព​អនុវត្ត​នៅ​ខណៈ​ពេល​​ដែល​​ច្បាប់​​ថ្មី​​​ ពោល​គឺ​ក្រម​រដ្ឋ​ប្បវេណី​ត្រូវ​​បាន​​យក​​​មក​​អនុវត្ត​ ។ លើស​ពី​នេះ​​ទៅ​ទៀត​ ច្បាប់​នីតិ​វិធី​ពិសេស​ រួម​មាន ​ច្បាប់​ស្តី​ពីនី​តិវិធី​នៃ​បណ្តឹង​ទាក់​ទង​នឹង​ឋានៈបុគ្គល​ និង​ច្បាប់​ស្តី​ពី​នីតិ​វិធី​នៃ​រឿង​ក្តី​រដ្ឋ​ប្បវេណី​ ដែល​មិន​មែន​ជា​បណ្តឹង​ ក៏​មិន​អាច​មើល​រំលង​បាន​ដែរ​ ពី​ព្រោះ​ថា​ ច្បាប់​ទាំង​ពីរនេះ​​ នឹង​ត្រូវ​បំពេញ​បន្ថែម​លើ​​ក្រម​នីតិ​វិធី​រដ្ឋប្បវេណី​ដែល​បាន​​ចាប់​ផ្តើម​អនុវត្ត​​រួច​​ទៅ​​ហើយ​​​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ​​ ហើយច្បាប់​ទាំង​ពីរ​នេះ​ គឺជា​​គ្រឹះ​​ដ៏​ចាំ​បាច់​ដែល​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ខាន​មិន​បាន​ ដើម្បី​ដោះស្រាយ​​បញ្ហា​ និង​វិវាទ​មួយ​ចំនួន​ធំ​ ដែល​មាន​ចែង​ក្នុង​ក្រម​រដ្ឋ​ប្បវេណី​។​
ក្រម​រដ្ឋប្បវេណី​បាន​បញ្ចូល​បន្ថែម​ទៀត​ និង​យ៉ាង​សម​ស្រប​នូវ​គោលការណ៍​សំខាន់​ៗ​ក្នុង​វិស័យ​រដ្ឋប្បវេណី​ ដែល​គោល​ការណ៍ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​​លើ​សកលលោករួមមាន​គោលការណ៍​ស្វ័យ​ភាព​នៃ​បុគ្គល​ឯកជន ការហាម​ឃាត់​ការ​ប្រើប្រាស់​សិទ្ធិ​ដោយ​បំពាន​ និង​គោលការណ៍​​​​នៃ​ភាព​សុចរិត​ និង​ភាព​ស្មោះ​ត្រង់​ ជាដើម។ និយាយ​ជា​រួម​ ក្រម​រដ្ឋប្ប​វេណី​បាន​ផ្តល់​នូវ​វិធាន​គតិយុត្ត​​​ប្រកប​ដោយ​​ភាព​យុត្តិ​ធម៌​ និង​ច្បាស់លាស់​ សម្រាប់​ដោះ​ស្រាយ​នូវ​​រាល់​ទំនាក់​ទំនង​គតិយុត្ត​រវាង​បុគ្គល​​ឯកជន ។​ ក្នុងន័យ​​នេះ​ ក្រម​រដ្ឋប្បវេណី​​ដែល​ជា​ច្បាប់​ទូទៅ​ក្នុង​វិស័យ​ឯកជន​ នឹង​ក្លាយជា​ឧបករណ៍​គតិយុត្ត​ដ៏​មាន​សារប្រយោជន៍​​​​បំផុត​សម្រាប់​តុលាការ​ នៅ​ក្នុង​ការសម្រេច​រឿង​ក្តី​ឲ្យ​មាន​ការ​ឯកភាព ​ និង​ភាព​ត្រឹម​ត្រូវ​ប្រកប​​ដោយ​ទស្សន​តក្ក​វិជ្ជា​គតិយុត្ត។​
ក្រមរដ្ឋប្បវេណី គឺជាច្បាប់មូលដ្ឋានសម្រាប់អនុវត្តទូទៅ រីឯច្បាប់ពាណិជ្ជកម្មវិញ គឺជាច្បាប់អនុវត្តចំពោះសកម្មភាព ឬប្រធានពិសេស ដែលគេហៅថា ច្បាប់ពិសេស។ ជាគោលការណ៍ ច្បាប់ឯកជនពិសេសផ្សេងទៀតត្រូវបង្កើតទ្បើងដោយស្របទៅតាមគោលការណ៍សំខាន់ៗនៃក្រមរដ្ឋប្បវេណី។
ក្រមរដ្ឋប្បវេណី ជាក្រមមូលដ្ឋាន និងជាអាទិភាពមួយនៃផែនការកសាងច្បាប់របស់ក្រសួងយុត្តិធម៌ សម្រាប់អនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ របស់រាជ  រដ្ឋាភិបាល។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
គោលបំណងនៃពិធី ប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី នាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្​នុង​ក្របខ័ណ្ឌនៃការផ្សព្វផ្សាយច្បាប់ដល់ស្ថាប័នពាក់ព័ន្ធ សាធារណៈជន និងដល់អ្នកវិជ្ជាជីវៈច្បាប់ និងតុលាការ មានជា អាទិ៍ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមេធាវី ដើម្បីចូលរួមចំណែក​លើកំពស់ការយល់​ដឹងអំពី​ច្បាប់ និងធានាប្រសិទ្ធិភាពនៃការអនុវត្ត។ ដោយហេតុថា គ្រប់សង្គមក្នុងសម័យទំនើប​ទាំងអស់​សុទ្ធ​តែតម្រូវឱ្យមានការយល់ដឹងអំពីច្បាប់ ដើម្បីគ្រប់គ្រងនិង​​ធានាឱ្យមានសន្តិភាព ធ្វើឱ្យមានសុវត្ថិភាពសង្គម និង​សកម្មភាព   ធុរកិច្ចប្រចាំថ្ងៃ ទើបការអប់រំផ្សព្វផ្សាយជាទៀងទាត់អំពី​អត្ថបទគតិយុត្តនៅគ្រប់ពេល​ដែលត្រូវ​បាន​អនុម័ត និង​​ការដាក់ឱ្យអនុវត្ត គឺជាតំណាក់កាលមួយចាំបាច់ ដើម្បីកសាងនូវនីតិរដ្ឋ និង​ប្រព័ន្ធ​ប្រជាធិ​បតេយ្យ​មួយ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ការប្រកាសឱ្យអនុវត្តជាផ្លូវការនូវក្រមរដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធនាថ្ងៃនេះ នឹងបង្ហាញដល់គ្រប់  ស្ថាប័ន ទាំងផ្នែក​សាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ មន្ត្រីតុលាការ មន្ត្រីអនុវត្តច្បាប់ អ្នក​ប្រកបវិជ្ជាជីវៈច្បាប់ អ្នកពាក់ព័ន្ធទាំងឡាយ និងសាធារណជន អំពីការវិវត្តជាវិជ្ជមានមួយចំនួន ដូចខាងក្រោមៈ
-   មានការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ តាមរយៈការបង្កើត និងដាក់ចេញនូវ​បទបញ្ជា​ទាក់ទងនឹងការដាក់បញ្ចាំ និងការធានា។
-   ក្រមរដ្ឋប្បវេណីនឹងចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា។
-   ក្រមរដ្ឋប្បវេណីត្រូវបានរៀបចំឡើង ដោយគោរពតាមទំនៀមទំលាប់កម្ពុជា ដោយផ្តោតទៅ​លើចំណុចរួមដែលសកលលោកទាំងមូលបានពិភាក្សា និងគិតគូរយ៉ាងយកចិត្តទុក​ដាក់នូវ​សភាពការណ៍ និងនិន្នាការអភិវឌ្ឍន៍សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។
-   ក្រមរដ្ឋប្បវេណី បានបំពេញបន្ថែម និងធ្វើទំនើបកម្ម ជាអាទិ៍ ចំពោះទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងញាតិ អាពាហ៍ពិពាហ៍ គ្រួសារ និងមរតក គោលការណ៍មូលដ្ឋានដែលធានា សេច​ក្តីថ្លៃថ្នូរនៃបុគ្គល ភាពស្មើគ្នារបស់បុរស-នារី និងសិទ្ធិលើទ្រព្យសម្បត្តិ​ដែលត្រូវបាន​កំណត់នៅក្នុង​រដ្ឋធម្មនុញ្ញ ឆ្លើយតបទៅនឹងការវិវត្តរបស់សង្គម។
-   ពង្រឹងនីតិរដ្ឋ  ប្រជាធិបតេយ្យ និងការការពារសិទ្ធិមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា។
-   ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។
-    ចូលរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យមាន​ឯកភាព​​ទូទៅ ក្នុងចំណងទាក់ទងនៃកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់មនុស្ស និង​សង្គម។
-   ពង្រឹងស្ថាប័នយុត្តិធម៌ ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់​យុត្តិធម៌ផ្​នែក​ដ្ឋប្បវេណី​ជូនប្រជាពលរដ្ឋ និងធានានូវវឌ្ឍនភាពសង្គម។
-   ធានាភាពងាយស្រួលនៃការទទួលព័ត៌មានអំពីច្បាប់ និងតុលាការ ព្រមទាំងផ្តល់សុវត្ថិភាព  គតិយុត្ត​ដល់ប្រជាពលរដ្ឋ។
-   ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់ដល់សង្គតិភាព និងភាពផ្សារភ្ជាប់ទៅនឹងក្រម    រដ្ឋប្បវេណី នៅពេលដែលរៀបចំសេចក្តីព្រាងច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសផ្សេងៗ។

ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី !
ការកសាងបានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ មិនមានន័យថា បេក​កម្មត្រូវបានបញ្ចប់នោះទេ គឺយើងមានភារកិច្ចច្រើនទៀត មានជាអាទិ៍ ការបណ្តុះ​បណ្តាល​សមត្ថកិច្ច​ដែលជាអ្នកអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ និងជំរុញបន្ថែមទៀតនូវផែន​ការកំណែទម្រង់រដ្ឋ ដែលជាកត្តារួមចំណែក ធ្វើឱ្យសង្គមមានសុខដុមភាព និងវឌ្ឍនភាព។
ក្នុងន័យនេះ បន្ទាប់ពីពេលដែលក្រមរដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធទាំងនេះត្រូវបានដាក់​ឲ្យ​អនុវត្ត និងដើម្បីចូល​រួមចំណែកធ្វើឱ្យបានសម្រេចនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធី សម្មភាសម្រាប់អនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រសួង​យុត្តិធម៌ត្រូវ​បន្តខិតខំ​ប្រឹងប្រែងអនុវត្ត​ការងារសំខាន់ៗ​​មួយចំនួនដូចតទៅ 
-   រៀបចំបទដ្ឋានគតិយុត្ត និងយន្តការ ដែលចាំបាច់សម្រាប់អនុវត្ត ក្រមរដ្ឋប្បវេណី ឱ្យមាន​ភាពរលូន  និងមានប្រសិទ្ធភាព។
-   បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងស្ថាប័ននៃវិស័យយុត្តិធម៌ និងជំរុញការអនុម័តច្​បាប់​ជា​មូលដ្ឋានផ្សេងៗទៀត ជាអាទិ៍ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា ច្បាប់ស្តីពី​ការចាត់តាំងអង្គការតុលាការ ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការ​រៀបចំ​និងការ​ប្រព្រឹត្ត​ទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លក្ខន្តិកៈនៃក្រឡាបញ្ជី លក្ខន្តិកៈនៃអាជ្ញាសាលា។
-   បន្តរួម​​ចំណែក​​​ក្នុងការបណ្តុះបណ្តាលដល់អ្នកវិជ្ជាជីវៈច្បាប់ និងតុលាការ ឱ្យស្របទៅតាម​ការ​​វិវត្តនៃច្បាប់កម្ពុជា និងបច្ចេកវិទ្យាថ្មីៗដែលមានប្រយោជន៍ដល់វិស័យតុលាការ។
-    បន្តពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយច្បាប់ឱ្យកាន់តែមានទ្រង់ទ្រាយទូលំទូលាយដល់​​ស្ថាប័ន​​​​អនុវត្តច្បាប់ និងសាធារណៈជន។
ខ្ញុំសង្ឃឹមថា ពិធីប្រកាសការអនុវត្តក្រមរដ្ឋប្បវេណីនៅថ្ងៃនេះ នឹងបង្ហាញឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់បានយល់​ដឹងច្បាស់ពីយន្តការនៃការរៀបចំក្រមនៅកម្ពុជា ទស្សនទានទូទៅ និងគោល​ការណ៍​សំខាន់ៗនៃក្រមរដ្ឋប្បវេណី និងការទទួលព័ត៌មានជាផ្លូវការអំពីការចាប់ផ្តើមអនុវត្តនៃ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពី​ការ​អនុវត្តក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល និងច្បាប់ស្តី​ពីនីតិវិធី​នៃរឿងក្តី​រដ្ឋប្បវេណីមិនមែនជាបណ្តឹង ដូច្នេះ ប្រជាពលរដ្ឋទាំង​អស់ត្រូវចូលរួម និងទទួល​អនុវត្ត​តាមក្រម​និងច្​បាប់ទាំងនេះ ហើយយើងមិនអាចនិយាយថា យើងមិនបានដឹងអំពីការចូល​ជាធរមាន​នៃក្រមនិង​ច្បាប់ទាំង​នេះនោះទេ។ ខ្ញុំក៏ស្នើសុំផងដែរ ដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ដែលជាអ្នកមាន​តួនាទីសំខាន់ក្នុងការផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ត្រូវ​ខិតខំប្រឹងប្រែងស្វែងយល់​ឱ្យបាន​កាន់តែច្បាស់​លាស់​ថែម​ទៀត អំពីក្រមរដ្ឋប្បវេណី និងច្បាប់​ពាក់ព័ន្ធ​ទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាព ភាពត្រឹមត្រូវ និងទំនុកចិត្តក្នុងការសម្រេច​​សេចក្តី​​​​ក្នុងរឿងរដ្ឋប្បវេណី ។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធិពរជូនឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ​​​ទាំងអស់ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់​ភារកិច្ច​
សូមអរគុណ!