Wednesday, December 21, 2011

បទអត្ថាធិប្បាយ ៖ ចេតនាបំផ្លិចបំផ្លាញរបស់សារព័ត៌មាន Thai Rath


          ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងនានារបស់អាជ្ញាធរកម្ពុជា ដើម្បីធ្វើសេចក្តីបំភ្លឺក្នុងការបដិសេធ ចោលនូវការចោទប្រកាន់របស់ក្រុមអាវលឿង និងបណ្តាញព័ត៌មានថៃដែលបំរើឱ្យផ្នែកនយោបាយ និង គ្មានវិជ្ជាជីវៈមួយចំនួន ដែលធ្វើឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃ ប្រទេសទាំងពីរក៏ដោយ ក៏បទវិចារណកថារបស់សារព័ត៌មាន Thai Rath ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ ដែលមានចំណងជើងថា «ទំនាក់ទំនងផុយស្រួយ» បានប៉ុនប៉ងជាថ្មីម្តងទៀតធ្វើឱ្យល្អក់កករ និងបង្កឱ្យ បាត់សេចក្តីទុកចិត្តរវាងប្រទេសជិតខាងទាំងពីរនេះ។


អ្នកនិពន្ធបទវិចារណកថារបស់សារព័ត៌មាន Thai Rath បានលើកឡើងពីព័ត៌មានចចាមអារ៉ាម និងគ្មានមូលដ្ឋាន ដែលភ្ជាប់ «គម្រោងការបំផ្ទុះគ្រាប់បែកនៅផ្លូវ Sukhumvit 77» ទៅនឹងប្រទេសកម្ពុជា ដោយនិយាយថា «ឧក្រិដ្ឋជនត្រូវបានហ្វឹកហ្វឺននៅក្នុងប្រទេសកម្ពុជា»។ សារព័ត៌មាន Thai Rath គួរដឹងថា ដើម្បីរៀបចំគម្រោងការបំផ្ទុះគ្រាប់បែក ប្រជាជនថៃមិនចាំបាច់រៀនពីប្រជាជនកម្ពុជានោះទេ។ សារព័ត៌មាន Thai Rath ក៏គួរដឹងដែរថា ថ្នាក់ដឹកនាំ និងអាជ្ញាធរកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវនីតិវិធីអន្តរជាតិ ស្តីពីភេវរកម្ម ហើយក៏មិនដែលធ្លាប់លាក់បំពួនភេវរករថៃ ឬភេវរករនៃជាតិសាសន៍ដទៃណាមួយឡើយ។

កម្ពុជាមានកិត្យានុភាពដែលត្រូវទួលស្គាល់ជាអន្តរជាតិ ក្នុងការសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយ នឹងអង្គការអន្តរជាតិ ដើម្បីតាមដាន និងចាប់ខ្លួន «ភេវរករដែលកំពុងស្វែងរក»។

          អ្នកនិពន្ធបទវិចារណកថារបស់សារព័ត៌មាន Thai Rath ត្រូវបញ្ឈប់ធ្វើការផ្សព្វផ្សាយព័ត៌មានចចាម អារ៉ាមអំពី «ឧបទ្ទវហេតុនៃឧទ្ធម្ភាចក្រ» នៅក្នុងតំបន់ព្រំដែននៃខេត្តកោះកុង (កម្ពុជា) និងខេត្តត្រាត- ចាន់បូរី (ថៃ) ហើយទុកបញ្ហានេះឱ្យអាជ្ញាធរស៊ីវិល និងយោធានៃប្រទេសទាំងពីរជាអ្នកដោះស្រាយជាមុន សិន។ វានឹងអាចទៅជាមានតម្លៃបានចំពោះអ្នកអានសារព័ត៌មាន Thai Rath ប្រសិនបើអ្នកនិពន្ធ បទវិចារណកថារបស់សារព័ត៌មាន Thai Rath បញ្ចេញទស្សនៈរបស់ខ្លួន ដោយផ្អែកតែទៅលើព័ត៌មានពិត និងត្រឹមត្រូវ ការផ្តល់ព័ត៌មានខុស និងការប្រឌិតព័ត៌មាន ដើម្បីគោលបំណងបំផ្លិចបំផ្លាញនោះ អាចនាំ ទៅដល់ ភាពមហន្តរាយ។

          តើសារព័ត៌មាន Thai Rath បានដឹងទេថា កម្ពុជាចង់រស់នៅដោយសន្តិភាព និងក្នុងភាពជាអ្នក ជិតខាងល្អជាមួយថៃ ហើយប្រទេសទាំងពីរ ត្រូវខិតខំធ្វើខ្លួនឱ្យក្លាយទៅជាដៃគូរដ៏ស្មោះត្រង់ និងគួរឱ្យគោរព ដើម្បីការអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ?

សំរិទ្ធ សោភ័ណ
អ្នកជំនាញផ្នែកកិច្ចការថៃ
វិទ្យាស្ថានកិច្ចការបរទេស
ប្រទេសកម្ពុជា