Wednesday, December 21, 2011

សម្តេច​តេ​ជោ​ ហ៊ុន សែន​សម្ពោធ​ភូមិ​កុមារ​ SOS ទី៧​នៅ​ខេត្ត​​រតនគីរី​




ភូមិ ​កុមារ​ SOS ​រតនគីរី ​ដែល​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ក្រសួង សង្គម​កិច្ច ​អតីត​យុទ្ធជន ​និង ​យុវនីតិសម្បទា​ ជា​មួយ​អង្គការ​ភូមិ​កុមារ ​SOS​ អន្តរជាតិ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​​ប្រាស់​នៅ ​ថ្ងៃទី ​២១ ខែ​ធ្នូ ឆ្នាំ ២០១១ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន
ភូមិ ​កុមារ SOS​ រតនគីរី ​បានចាប់ផ្តើម​សាងសង់​កាល ពី​ខែកក្កដា ឆ្នាំ ​២០១០ ​និង បញ្ចប់​នៅក្នុង​ខែសីហា​ ឆ្នាំ ២០១១ ដោយ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន ​និង ​យុវនីតិសម្បទា​ បានផ្តល់​ដី​ទំហំ ១៩ ៨៨៥ ​ម៉ែត្រក្រឡា ​និង អង្គការ SOS អន្តរជាតិ​រួមជាមួយ សប្បុរសជន ជ​​ន​ជាតិ​ស៊ុយអែត ដោយ​​ចំណាយ ថវិកា​សាងសង់ ជាង ​១ លាន ២ ​សែន ៨ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍ថា អំណោយ​ដ៏​សប្បុរស​នេះ​គឺជា​កាយវិការ​បង្ហាញ ពី​ការ​យកចិត្តទុកដាក់រ​បស់​អង្គការ​ភូមិ​កុមារ SOS​ អន្តរជាតិ ក៏ដូចជា​សប្បុរសជន​នានា​ចំពោះ​កុមារ​នៅ កម្ពុជា រួមជាមួយ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល និង ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​ចូលរួម​ថែទាំ​ កុមារ​​របស់​យើង។​ ​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក ​ហែល មុត ពូ​ទីន ក៏ដូចជា​អង្គការ ​SOS ដែល​បាន​ផ្តល់​​ជំនួយ​ដ៏​សប្បុរស​សម្រាប់​ការកសាង​នូវ​សមិទ្ធផល ​សម្រាប់​អនាគត​របស់​កុមារ​កម្ពុជា​នេះ។​ 
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍ឲ្យ​ដឹង​ថា ​ថ្វីត្បិតតែ​ប្រទេស​កម្ពុជា​ពោរពេញ​ទៅ​ដោយ​ការ ឈឺចាប់​កាលពី​អតីតកាល ដែល​បាន​កន្លងផុតទៅ​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​ទៅហើយ ប៉ុន្តែ​កុមារ កំព្រា និង កុមារ​ក្រីក្រ​នៅ​ប្រទេស​របស់​យើង​ក៏​នៅតែមាន ដូច្នេះ​យើង​មាន​តម្រូវការ​នៅក្នុង​ការកសាង ភូមិ​កុមារ​ឡើង ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ និង ​ជៀសវាង​បណ្តែតបណ្តោយ​ឲ្យ​ពួក​រស់នៅ តាម​ចិញ្ចើមថ្នល់​ឬក៏​រស់នៅក្នុង​ស្ថានភាព​មួយ ដែល​ខ្វះ​ការយកចិត្តទុកដាក់​ឬ​មិនបាន​ថែទាំ​នោះ។


ឯកឧត្តម​ អ៊ិត សំហេង ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជ និង​យុវនីតិសម្បទា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជា​សរុប អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ បាន​ចំណាយ​លើ​គម្រោង​ទាំង ៧ អស់​ថវិកា​ចំនួន​ជាង ១០ លាន​ដុល្លារ អាមេរិក ហើយ​ជា​រៀងរាល់ឆ្នាំ​ការចំណាយ​សម្រាប់​ប្រតិបត្តិការ​ទាំង​ភូមិ និង ទាំង​សាលារៀន​គឺ​ពី ១ ៥៤៨ ៤៩០ ទៅ ​១ ៩៦០ ២៥៤ ដុល្លារ​សហរដ្ឋអាមេរិក​។ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាស​ន៍​ថា ​តាងនាម​ក្រ សួង​សង្គមកិច្ច អតីតយុទ្ធជន ​និង យុវនីតិសម្បទា ​និង អង្គការ​ភូមិ​កុមារ SOS កម្ពុជា​សូម​សម្តែង​នូវ​កតញ្ញូ​តា​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្តល់​​​គោលការណ៍​ដឹកនាំ​ប្រកប​ដោយ​​គតិបណ្ឌិត​ធ្វើ​ឲ្យ​គម្រោង​របស់​អង្គការ ​SOS ទទួលបាន​ជោគជ័យ​​ជា​បន្តបន្ទាប់​នោះ។​
ក្រសួង ​សង្គមកិច្ច​ អតីតយុទ្ធជន​ និង ​យុវនីតិសម្បទា ​និង អង្គការ​ភូមិ​កុមារ ​SOS អន្តរជាតិ​បាន ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​តាំងពី​ឆ្នាំ ​១៩៩៩ មក​ម្លេះ ហើយ​នៅក្នុង​រយៈពេល ជាង ១០ ឆ្នាំ​ភាគី​ទាំងពីរ​បានសម្រេច​នូវ​គម្រោង​ចំនួន ៧ ដែល​រួមមាន ទី១ ភូមិ​កុមារ SOS ភ្នំពេញ​ថ្មី នៅ ក្នុង​រាជធានី​ភ្នំពេញ​សម្ពោធ​នៅ​ឆ្នាំ ២០០២ ​ទី២ ភូមិ​កុមារ SOS​ អង្គរ ខេត្តសៀមរាប​សម្ពោធ​នៅ​ឆ្នាំ ២០០៣ ទី៣ ភូមិ​កុមារ SOS ហ័​រ​ម៉ាន​ម៉ៃ​ន័​រ អង្គរ​សៀមរាប​សម្ពោធ​ឆ្នាំ២០០៥ ទី៤  ភូមិ​កុមារ SOS បាត់ដំបង ទី៥ សម្ពោធ​នៅ​ឆ្នាំ ២០០៦ សាលារៀន SOS ហ័​រ​ម៉ាន​ម៉ៃ​ន័​រ បាត់ដំបង សម្ពោធ​នៅ​ឆ្នាំ ២០១០ ទី៦ សាលារៀន SOS ហ័​រ​ម៉ាន ម៉ៃ​ន័​រ ភ្នំពេញ​សម្ពោធ​នៅ​ខែមករា​ឆ្នាំ ២០១១ និង ទី៧ ភូមិ​កុមារ SOS រតនគីរី ដែល​បាន​សម្ពោធ​នៅ​ថ្ងៃទី ២១ ធ្នូ​នេះឯង។ គម្រោង​ទី៨ នៃ​ការ សាងសង់​ភូមិ​កុមារ SOS នេះ​គឺ​ស្ថិតនៅក្នុង​ខេត្តក្រចេះ​ប់​ផ្តើម​ដែល​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ ដើមឆ្នាំ ២០១២​ ខាងមុខនេះ។​