Wednesday, December 21, 2011

សម្តេច​តេ​ជោ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ពី​កិច្ចប្រជុំ​មហា​អនុ​តំបន់​មេគង្គ​ នៅ​សហភាព​មី​យ៉ាន់​ម៉ា​


ល្ងាច​ថ្ងៃ​ទី​ ២០ធ្នូ ឆ្នាំ ២០១១ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាក្រកម្ពុជា និង​ប្រតិភូ​ជាន់ខ្ពស់​អម​ដំណើរ​បាន​​ធ្វើ​មាតុភូមិ​និវត្តន៍បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​​ក្នុង​កិច្ចប្រជុំ​មហា​អនុតំបន់​មេគង្គ​(GMS)​លើក​ទី៤​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​កាល​ពី​ថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ ២០១១​។
ក្នុងពេល​ស្នាក់អាស្រ័យ​នៅ​​រដ្ឋធានី​ណៃ​ពិដោរនៃ​សហភាព​មីយ៉ាន់ម៉ា​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចូលជួប សំដែង​ការគួរសម​ជាមួយ​ឯកឧត្តម ថេ​ន សេន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ានៅ​វិមានប្រធានា​ធិ​បតី និង​បានទទួល​ជួប​​គណៈប្រតិភូ​ជាន់ខ្ពស់​ចិន​ដឹកនាំ​ដោយ​ឯកឧត្តម DAI BINGGUO សមាជិក​ក្រុមប្រឹក្សា កិច្ចការរដ្ឋ​ចិន​ ព្រមទាំងបាន​​អនុញ្ញាត​ឲ្យ​សមណ​និស្សិត​កម្ពុជា   ចូល​សំដែង​ការ គួរសម​ផងដែរ។
ប្រភព​ពីទូទស្សន៍​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឯកឧត្ត ថេន សេន មាន​ប្រសាសន៍​សំដែង​នូវការ​ស្វាគមន៍​យ៉ាងកក់​ក្តៅបំផុត ចំពោះ​វត្តមាន​របស់​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និង​គណៈប្រតិភូ​ទាំងអស់ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏មាន​តំលៃ អញ្ជើញ​មក​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​​​​លើកទី៤ នៅសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា។  ឯកឧត្តម​ប្រធានា​ធិ​បតី​ សាធារណរដ្ឋ​សហភាព​មីយ៉ាន់​ម៉ាបាន​ប្រសាសន៍​ថ្លែងនូវ​អំណរ​គុណ ចំពោះ​រាជរដ្ឋាភិ​បាល​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​មីយ៉ាន់ម៉ា ក្នុងការ​ធ្វើជាម្ចាស់​ផ្ទះនៃ​កិច្ចប្រជំកំពូល​អាស៊ាន​នៅ​ឆ្នាំ២០១៤​ខាងមុខ។ ឯកឧត្តម​បន្តថា នឹង​សហការ​ជាមួយ​គ្នា ក្នុងការ​រៀបចំ​កិច្ចប្រជុំ​កំពូល​នោះឲ្យទទួល​បានជោគជ័យ​ទាំងសំរាប់​កម្ពុជាក្នុង​ឆ្នាំ​២០១២​ និង​ទាំង​សំរាប់​មី​យ៉ាន់​​ម៉ាក្នុង​ឆ្នាំ​២០១៤​ខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មាន​ប្រសាសន៍​សំដែង​នូវការរីក​រាយ​ កាលដែល​បានអញ្ជើញ​មកកាន់ទីក្រុង​ណៃពីដោ​សាជាថ្មី​ម្តងទៀត បន្ទាប់​ពីដំណើ​រ​ទស្សន​កិច្ចផ្លូវ​ការរបស់​សម្តេច​កាលពីឆ្នាំ​២០០៧។ ជាមួយ​គ្នានេះ សម្តេច​ក៏បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិ​បាល និង​ប្រជា​ពលរដ្ឋ​មីយ៉ាន់ម៉ា ដែល​បានផ្តល់​ជំនួយ​ជួយ​ដល់រាជ​រដ្ឋាភិបាល​​​ និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បានរង​គ្រោះ​ដោយ​គ្រោះ​ទឹកជំនន់​កាល​ពីពេល​កន្លង​មក។ សម្តេច​តេជោនាយករដ្ឋ​មន្រ្តី មាន​ប្រសាសន៍​បន្តថា បើទោះ​បីជា​ប្រទេស​​ទាំងពីរ​ បានបើក​ធ្វើការ​ហោះហើរ​ត្រង់ពី​ ទីក្រុង​ហ្យាំងហ្គូន ទៅ​ក្រុង​សៀម​រាប និង​រាជធានីភ្នំពេញ​ក៏ពិតមែន ប៉ុន្តែ​វាមិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ គឺទាមទារ​ឲ្យ​មានការចូល​រួមអនុវត្តន៍​នូវរាល់កិច្ច​ព្រមព្រៀង ដែល​យើង​បានចុះ​ហត្ថលេ​ខា​ជា​មួយគ្នា​រួច​ហើយ​នោះ ពិសេសរិៈ​រកវិស័យ​ផ្សេងៗ​ទៀត ដែលប្រទេសទាំងពីរមានសក្តានុពល​ដូចគ្នា តួយ៉ាង​លើវិស័យ​កសិកម្មជាដើម​។ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ក៏បាន​ស្នើដល់​ប្រទេស​មីយ៉ាន់ម៉ា ទី១​ចូលរួម​ក្នុងគណៈ​កម្មាធិការ​ទន្លេមេគង្គ ដើម្បី​ឲ្យតំបន់​នេះកាន់​តែកាន់​តែមានការ​សហការ និង​សាមគ្គីភាព​រវាងគ្នា​និងគ្នា និងទី២ជំរុញ​ឲ្យមានការ​បង្កើន​ទំនាក់​ទំនង​​លើគ្រប់កំរិត​ទាំង​អស់សំរាប់​ប្រទេស​ទាំងពីរ។ ឯកឧត្តម​ប្រធានា​​​​ធិបតីសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា បាន​ឯកភាព​ទៅនិង​ប្រសាសន៍​លើក​ឡើង​របស់ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​​​ ក្នុងនោះ​ឯកឧត្តម​និងស្នើ​ឲ្យមាន​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សន​កិច្ច​ក្រប់កំរិត​ទាំងអស់ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញ​ទៅមក ឲ្យ​កាន់​តែរឹងមាំ​ថែមទៀត។ ​ ប្រមុខថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​គ្នាយ៉ាង​យកចិត្ត​ទុកដាក់​ ពីការជំរុញ​ឲ្យមានការ​តភ្ជាប់​ហេដ្ឋារចនាសម្ពន្ធ័ដឹក​ជញ្ជូន នៃប្រទេសក្នុងមហាអនុតំបន់​មេគង្គ​។
 ដោយ​ឡែក​​ឯកឧត្តម Dai Bingguo សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​ពេល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី​ ​  បាន​មានប្រសាសន៍​សំដែងនូ​វអំណរគុណ និង​បង្ហាញ​ពី​ការសប្បាយ​រីករាយក្នុងការធ្វើកិច្ច​សហប្រតិបតិ្តកា​រ​ជា​មួយ​  សម្តេចតេជោ​នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បីធ្វើ​ឲ្យកិច្ច​ប្រជុំ​កំពូល​មហាអនុតំបន់​មេគង្គ​នេះ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ។​ ក្នុងនោះ​ប្រទេស​ចិន បាន​ធ្វើ​ការយក​ចិត្តទុកដាក់បំផុត ចំពោះ​មហា​អនុតំបន់​មេគង្គ និងវេទិកា​តំបន់ផ្សេងៗ​ទៀត បន្ទាប់​ពី​ដំណើរ​ការ​អស់រយៈ​ពេល​​២០ឆ្នាំ​កន្លងមក   ។​ ក្នុងជំនួប​ពិភាក្សា​គ្នា​នោះដែរ ឯកឧត្តម Dai Bingguo  មានប្រសាសន៍​ថ្លែងនូវ​អំណរគុណ​ជូន​ចំពោះ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​ និង រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាន់ខ្ជាប់​នូវការ​គាំទ្រ​ចំពោះ​បុព្វហេតុ​របស់ រដ្ឋាភិបាល​និង​ប្រជាជន ចិន ក្នុង​បញ្ហា​តៃវ៉ាន់ ទីបេ និង​បញ្ហា​ខេត្តស៊ីជាំង ក៏ដូច​ជាការគាំទ្រ​និងពិគ្រោះ​ពិភាក្សា​គ្នាលើបញ្ហា តំបន់ និង​អន្តរជាតិ​ដែល​មានការ​យក​ចិត្ត​ទុកដាក់​ដូចគ្នា។
មាន​ប្រសាសន​ក្នុង​ជំនួប​ពិភាក្សា​នោះ សម្តេចតេជោ​នាយករដ្ឋ មន្រ្តី មាន​ប្រសាសន៍​ចាត់​ទុក​​ ការគោរព​អធិបតេយ្យភាព​របស់ចិន ដូចគ្នានិង​ការគោរព​អធិបតេយ្យ​ភាព របស់​ខ្លួន​ឯង​ផង​ដែរ ពិសេស​ទាក់ទិនទៅ​និងកោះ​តៃវ៉ាន់ ទីបេ និង​ខេត្តស៊ីជាំង​នោះ។ សម្តេចតេជោ​មាន​ប្រសាសន៍​បន្តថា ប្រទេសចិន​ដ៏ធំមួយនៅ​ក្នុង​មហា​អនុតំបន់​មេគង្គ ដែល​បានផ្តល់​ការ​ជួយ​ឧបត្ថម្ភ ដល់​ការអភិវឌ្ឍន៍​របស់​តំបន់។ ជាមួយ​គ្នា​នេះ​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី មាន​ប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ប្រទេសចិន ដែល​មិនគ្រាន់​តែ​បាន​សន្យា​គាំទ្រ ចំពោះ​បេក្ខភាព​របស់​កម្ពុជា ជា​សមាជិក​មិន​អចិន្រ្តៃយ៍ របស់​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​បាន​សន្យា​ជួយ​កៀរគរ ដល់​បណ្តា​ប្រទេស​ជា​មិត្តភក្តិ​របស់​ប្រទេស​ចិន ក្នុង​ការគាំទ្រ​ចំពោះ​បេក្ខភាព​របស់​កម្ពុជា​ផងដែរ។ នៅ​ក្នុងជំនួប​ពិភាក្សា​គ្នានោះ​ដែរ ភាគី​ចិនបាន​ប្រកាស​ពី​ការផ្តល់​កម្ចី​ឥតការ​ប្រាក់​ចំនួន​១០០លាន​យន់ ដើម្បីឲ្យ​កម្ពុជាធ្វើ​ការអភិវឌ្ឍន៍​សមិទ្ធផល​សង្គមឡើងវិញ។
នៅ​ក្នុងពេល​ អនុញ្ញាត​ឲ្យព្រះ​សង្ឃជាសាម​ណនិស្សិត​ចំនួន​១១អង្គ និងនិស្សិត​កម្ពុជា​ចំនួន​២រូប ចូលជួប​សំដែង​ការគួរសម សម្តេចតេជោ​នាយករដ្ឋមន្រ្តី មាន​ប្រសា សន៍វាយ​តំលៃខ្ពស់ និងកោត​សរសើរ​ដល់កិច្ចខិត​ខំប្រឹង​ប្រៃងរបស់ សាមណ​និស្សិត និង​និស្សិត ទាំងអស់ ដែលបាន​ពុះពារ​នូវរាល់​ការលំ​បាក់គ្រប់​បែបយ៉ាង ​​ ក្នុងការសិក្សា​រៀនសូត្រ​នៅសាធា​រណរដ្ឋ​សហ​ភាព​​មីយ៉ាន់ម៉ា។ សាមណនិស្សិត និង​និស្សិត​ទាំងអស់ ដែល​មានវត្តមាន​ក្នុងពិធីនោះ មាន​សង្ឃដិកា និងសំដែង​នូវការគោរព​ដឹងគុណ​យ៉ាង​ជ្រាល​ជ្រៅបំផុត ជូនចំពោះ​សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី និងលោក​ជំទាវកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលបាន​បរិច្ចាក​នូវ​ធនធាន​ដ៏មាន​តំលៃ​សំរាប់ការ ចំណាយ​លើ​ការធ្វើលិខិត​ឆ្លងដែន ការទិញ​សំបុត្រយន្ត​ហោះ ដល់ការ​និមន្តនិង​ធ្វើដំណើរ​មក​សិក្សារៀន​សូត្រនៅ​សហភាព​មីយ៉ាន់ម៉ា និងនៅ​ពេលនេះ​ទៀតសោត សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី បានអនុញ្ញាតឲ្យ​សាមណ​និស្សិត និងនិស្សិត​ទាំង​អស់ បានចូល​ជួបសំដែង​ការគួរសម ដើម្បី ទទួល​នូវដំបូន្មាន​ដ៏ល្អ​និង​ជាប្រទីប​បង្ហាញ​ផ្លូវ​ ពី​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ដើម្បីឲ្យ​ការសិក្សា រៀន​សូត្រកាន់​តែទទួល​បាន​ជោគជ័យ​ខ្ពស់ខ្ពស់​ថែមទៀត។
តាម​រយៈ​ឯកឧត្តម​ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ដែល​បាន​ថ្លែងឲ្យ​ដឹង​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ មុន​ការចេញដំណើរ​របស់​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​កាល​ពី​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១១ ថា នៅ​ក្នុង​កិច្ចប្រជុំ​មហា​អនុតំបន់​មេគង្គ​(GMS)​លើក​ទី៤​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​នេះ​​​​​មេដឹកនាំ នៃ​​​ប្រទេស​កម្ពុជា ថៃ វៀតណាម ឡាវ និង ប្រទេស​ចិន​ត្រូវ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ ហត្ថលេខា​​លើ​​អនុស្សរណៈ​យោគយល់​គ្នា​សម្រាប់​សកម្មភាព​រួមគ្នា​សំដៅ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ដោយ​ជំងឺ​អេស​ដ៍ បញ្ហា​ទាក់ទង​នឹង​ពលករ​ចំណាកស្រុក អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ ដើម្បី​អភិវឌ្ឍ​បណ្តាញ​ព័ត៌មាន​ល្បឿន​លឿន និង ការចុះហត្ថលេខា​លើ​លក្ខន្តិកៈ នៃ​សមាគម​អ្នក​ដឹក ជញ្ជូន​ទំនិញ​ក្នុង​មហា​អនុតំបន់​មេគង្គ ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ដោយសារតែ​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បង្កើត​សមាគម​មួយ​ដើម្បី​ដឹកជញ្ជូន ទំនិញ​ឆ្លងកាត់​ក្នុង​មហា​អនុតំបន់​​មេគង្គ​នោះ។
ឯកឧត្តម​ ស្រ៊ី ថាមរុង្គ មានប្រសាសន៍ថា កិច្ចប្រជុំ​លើក​នេះមាន​ការ​ពិភាក្សា​ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ថ្មី សម្រាប់​ឆ្នាំ ២០១២-២០២២ ដោយ​ផ្អែកលើ​បទពិសោធន៍​កន្លងមក ជាមួយនឹង​សភាព​ការណ៍​​ជាក់ស្តែង នៅក្នុង​តំបន់ ក៏ដូចជា​សកលលោក ដែលមាន​ការប្រែប្រួល​ទាំង​នយោបាយ ទាំង​ការ​ប្រែប្រួល​​អាកាស ធាតុ ដែលជា​កង្វល់​សម្រាប់​ថ្នាក់ដឹកនាំ នៃ​បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ ហើយ​នៅ​ក្នុង​កម្ម វិធី ១០ ឆ្នាំ​ខាងមុខនេះ បណ្តា​មេដឹកនាំ​មហា​អនុតំបន់​មេគង្គ​នឹង​ពិភាក្សាគ្នា​ដើម្បី​ធ្វើយ៉ាងណា​គៀងគរ ធនធាន​ពី​ដៃគូ​អភិវឌ្ឍ​សម្រាប់​ការស្ថាបនា​សេដ្ឋា​រចនាសម្ព័ន្ធ​នោះ។
ឯកឧត្តម​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​ថ្លែងថា យុទ្ធសាស្ត្រ​សម្រាប់​រយៈពេល ១០ ឆ្នាំ (២០១២-២០២២)​​ទៅ​មុខ​​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ដូចជា ការធ្វើសមាហរណកម្ម ការតភ្ជាប់ ការដឹកជញ្ជូន ការកសាង​ផ្លូវ ផ្លូវដែក ធារាសាស្ត្រ បរិស្ថាន ទេសចរណ៍… និង ពាណិជ្ជកម្ម​ផងដែរ។ ឯកឧត្តម ស្រ៊ី ថាមរុង្គ មាន​ប្រសាសន​ន៍​ថា ក្នុង​រយៈពេល​កន្លងមក ប្រទេស​មហា​អនុតំបន់​មេគង្គ​បាន​អនុ វត្ត​កម្មវិធី​របស់ខ្លួន​ប្រកប​ដោយ​ជោគជ័យ ដោយបាន​ប្រែក្លាយ​តំបន់​មួយ​ដែល​កាលពីមុន​ពោរពេញ​ទៅ ដោយ​ការបែកបាក់ មកជា​តំបន់​មួយ​ដែល​ត្រូវបាន​ស្តារ និង អភិវឌ្ឍ ជាពិសេស កម្រិតជីវភាព​រស់នៅ របស់​ប្រជាជន​បាន​កើន​ឡើងជា​លំដាប់។
កិច្ចប្រជុំ​មហា​អនុតំបន់​មេគង្គ​កំណត់​រយៈពេល ៣ ឆ្នាំ​ម្តង។​ កិច្ច​ប្រជុំ​លើក​ទី ១ បាន​ប្រព្រឹត្ត ទៅ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ២០០២ កិច្ច ប្រជុំ​លើក​ទី ២ នៅ​ទីក្រុង​គុន​ម៉ិ​ញ​ប្រទេស​ចិន ហើយ​កិច្ច ប្រជុំ​មហា​អនុតំបន់​មេគង្គ​លើក​ទី៣បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​កាលពី​ឆ្នាំ២០០៨ ។