Wednesday, December 21, 2011

បទវិចារណកថា បំ​ភ្លឺទៅ​លោក កឹម សុខា អំពីប្រតិកម្មអត្ថបទដូរឬមិនដូរ?


ដោយៈ មាស សុទ្ធ
        លោក កឹម សុខា ប្រធានគណបក្ស​សិទ្ធិមនុស្ស​ដែលបាន​លើក​តម្កើង​ខ្លួន​ឯង​ថា​ជា​អ្នក​ប្រជា​ ធិប​តេយ្យ ប៉ុន្តែ បែរជាប្រតិកម្មទៅនឹងអត្ថបទ  «ដូរឬមិនដូរ?»      ដែលបានចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៥ ខែធ្នូ ឆ្នាំ ​២០​១​១​ នៅ​​កាសែត​កោះ​សន្តិភាពទៅវិញ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ គណបក្ស​សិទ្ធិមនុស្ស​បាន​ដាក់​លិខិត​​មួយច្បាប់សុំ​ឲ្យកាសែត​កោះ​សន្តិ​ភាព​ ជួយ​ចុះតាម​សំណើរបស់​​គណបក្សសិទិ្ធមនុស្ស​ ក្នុងនោះកាសែត​កោះ​សន្តិ​ភាពក៏​បានឯកភាព​ចុះអោយ​តាម​សំណូម​​ពរ​របស់គណ​បក្ស​ សិទ្ធិមនុស្ស ហើយបាន​ដាក់នៅទំព័រមុខផងដែរ។

យោងតាមការបកស្រាយរបស់គណបក្សសិទ្ធិមនុស្សកន្លងមក ខ្ញុំបាទឈ្មោះ មាសសុទ្ធ ជាប្រជា​ពល​រដ្ឋ​ម្នាក់​​ដែល​ធ្លាប់​រស់​ នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧០រហូតមកដល់សព្វថ្ងៃ ក្នុងនាមជាប្រជា​ពល​រដ្ឋ​ម្នាក់​សូម​​ចូលរួម​ឆ្លើយ​បំភ្លឺ​ជំនួស​ឲ្យកាសែត​ កោះសន្តិភាព ដោយ​យល់​ឃើញ​ថា​ការ​លើក​ឡើង​របស់​គណ​បក្ស​​​សិទ្ធិ​មនុស្ស។​ខ្ញុំបាទស្រប​ តាម​ទស្សនៈខាងលើ គឺតាមឆន្ទៈប្រជាពលរដ្ឋ​ក្នុងការសម្រេច​ជ្រើសរើស​អ្នក​ដឹក​នាំ ​តាម​រយៈ​ការបោះ​ឆ្នោត​ដោយសេរី ត្រឹម​ត្រូវ​ និងអហិង្សា មិន​មែនផ្លាស់​ប្តូរតាម​រយៈ​បដិវត្ត​ន៍ និងហិង្សា​នោះទេ     ត្រង់​​ចំណុចនេះ  បើខ្ញុំចាំមិនភ្លេចទេ សម្តេច​អគ្គ​​​មហាសេនា​បតី​តេជោ ហ៊ុន សែន  នាយក​រដ្ឋ​មន្រ្តី​​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា តែងតែមានប្រសាសន៍ថា ប្រសិនបើសម្តេចចាញ់ឆ្នោត នោះ សម្តេចតេ​ជោ​នឹងប្រកាសលាឈប់​ហើយ​ប្រគល់​តំណែង​ឲ្យអ្នក​ដែល​ឈ្នះ​នៅ​ឯវិមានសន្តិភាព ។

តាមការកត់សំគាល់របស់ខ្ញុំបាទ រាល់ការបោះឆ្នោតពេលគណបក្សប្រជាជនឈ្នះឆ្នោតម្តងៗ ទោះ​ជា​មាន​អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់លទ្ធផលថា សេរី ត្រឹមត្រូវ និងយុត្តិធម៌ យ៉ាងណា​ក៏ដោយ ក៏ ​គណ​បក្ស​​ប្រឆាំង​មិន​ដែល​ព្រម​ទទួល​ស្គាល់​ថាខ្លួនចាញ់នោះទេ។  នៅពេលនោះទាំងលោក កឹម សុខា និងលោក សម រង្ស៊ី បានធ្វើសន្និសីទកាសែតនៅទីស្នាក់​ការ​គណបក្ស​សិទិ្ធ​មនុស្សបន្ទាប់​ពីបោះ​ ឆ្នោត​ចាញ់​ កាលពីខែកញ្ញា ​ឆ្នាំ​២០០៨ ហើយប្រកាស​ប្តេជ្ញា​នឹង​កាន់​ដៃ​គ្នាស្ពាយឯកសារទៅ​ប្តឹងឯអឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ថា​ មានភាព​មិនប្រក្រតី​ និង​មានភាពអយុត្តិធម៌។

ជាលទ្ធផលនៃការប្តឹង របស់ លោក កឹម សុខា និងលោក សម រង្ស៊ី ទទួលការបរាជ័យយ៉ាង អាម៉ាស់បំផុត នៅឯអឺរ៉ុប និងសហរដ្ឋអាមេរិកដែលគេពុំបានយកចិត្តទុកដាក់នោះទេ អ្នកជំនាញការបោះ​ឆ្នោត​​​សហគមន៍អឺរ៉ុប សួរថាអយុត្តិធម៌លើចំណុចណាមានភស្តុតាងដែរឬទេ? លោក កឹម សុខា និង លោក សម រង្ស៊ី និយាយមិន​ចេញពី​ព្រោះគ្មាន​ភស្តុតាងបញ្ជាក់ថា មានការលួចបន្លំសន្លឹកឆ្នោតនោះឡើយ ពេល​ត្រឡប់​មកវិញដោយស្ងាត់​ស្ងៀម​ហើយឈប់​តវ៉ា បានធ្វើឲ្យសភាពការណ៍ធម្មតា។

 -ចំណុចទីពីដូរពីអយុត្តិធម៌សង្គម មកជាយុត្តិធម៌សង្គម ចំណុចនេះ គួរតែលោក កឹម សុខា ធ្វើឲ្យ ​មាន​យុត្តិធម៌​ពី​គណបក្សរបស់ខ្លួនឯង​សិន​ ទើប​និយាយ​ពីយុត្តិ​ធម៌​សង្គមនោះ បើតាមប្រភពព័ត៌មាន​ពី​សមា​ជិក​​គណបក្ស​សិទិ្ធ​មនុស្ស​​បានឲ្យដឹង​ថា លោក កឹម សុខា បាន​បង្កើត​ភាពអយុត្តិធម៌នៅ​ក្នុងគណបក្ស​សិទិ្ធ​មនុស្ស ដោយ លោក កឹម សុខា បានត្រួត​​ពិនិត្យទាំង​ងងឹត​ងងុល​និងផ្តល់សិទ្ធិអំណាច និងទុក​ចិត្តតែបុគ្គលិក ដែល​ធ្លាប់​ធ្វើ​ការ​ក្នុងមជ្ឈម​ណ្ឌល​សិទិ្ធ​មនុស្ស បើពួកគេ​ប្រព្រឹត្ត​អំពើ​ពុករលួយ បើធ្វើអ្វី​ខុស​លោក កឹម សុខា​ មិនសូវស្តីបន្ទោស​នោះ​ទេ ប៉ុន្តែ​បើ​សមាជិក ឬបុគ្គលិក​ដែលមិន​មែន​​ជា​កូន​ចៅ​ចាស់ នោះ​ធ្វើ​អ្វី​ៗ​ក៏​មិន​ត្រូវ​ចិត្ត​លោក កឹម សុខា នោះ​ឡើយ​។​​សួរថាបើលោក កឹម សុខា​ គ្រាន់តែធ្វើមេបក្ស​ បង្កើតនូវ​ភាព​អយុ​ត្តិ​ធម៌​​ប៉ុនហ្នឹងហើយ ទម្រាំធ្វើ​​ប្រមុខ​រដ្ឋា​ភិបាល​​ដឹកនាំប្រទេសនោះ វាមិន​ដឹង​ជាបង្កើតភាព​​អយុ​ត្តិធម៌​យ៉ាង​ណាខ្លះ​ដល់​សង្គម​ជាតិ​ ហេតុដូច្នេះ​សូម​ឲ្យប្រជាពល​រដ្ឋពិចា​រណា​ផង​ចុះ?   

-ចំណុចទីបីថា​ ដូរពីអសីលធម៌សង្គម មក​​​ជា​សីលធម៌​​សង្គមត្រង់នេះខ្ញុំបានឮព័ត៌មានថា លោក កឹម សុខា​ មានប្រពន្ធពីរឬបី ឯណោះ សួរថា តើវាជាការ​​អសីល​ធម៌ដែរឬទេ? ត្រង់ចំណុចនេះ​ខ្ញុំយល់​ឃើញ​ថាវា​ពិត​​​ជាអសីលធម៌ និងវាខុស​យ៉ាងធ្ងន់ធ្ងរ​ទៅ​នឹងច្បាប់​ឯកពន្ធភាព​។ ​លោក កឹម សុខា ខ្លួនលោកមិន​មាន​សីលធម៌​ផង​នោះបែរ​ជាមក​រិះគន់​សង្គមទៅវិញ​។​

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អំពីសីលធម៌ ដូច្នេះហើយ​បានជារាជរដ្ឋាភិបាល​បានធ្វើ​សេចក្តី​ព្រាង​ច្បាប់​ និង​ឈាន​រហូត​បង្កើតបាន​ជា​ច្បាប់​ឯកពន្ធភាព ដើម្បី​ឲ្យបុរសត្រូវតែមាន​ចិត្តស្មោះ​ត្រង់ ​ដែល​មាន​ប្រពន្ធ​មួយប្តីមួយ។-រីឯចំណុចទីបួននេះ ដូរពី​ហិង្សា មកជាអហឹង្សា វាជាការគួរឲ្យចង់សើចពីព្រោះសួរថា លោក កឹម សុខា ជ្រុល​ខ្លួន​មាន​ប្រពន្ធ​ចុង​ពីរ​ឬ​បីនោះតើវាជាអំពើហិង្សាដែរឬទេ?​ បើតាមខ្ញុំធ្លាប់សិក្សា​ច្បាប់ហិង្សាក្នុងគ្រួសារបាន​​និយាយថាអំពើរ​ហិង្សា​ ដែរទោះបីជាមិនមានការវាយលើរាង្គ​កាយក៏គេអាចថាជា​អំពើហិង្សា​ផ្លូវចិត្តវា​ ធ្ងន់​ធ្ងរ​ជាង​លើ​រូប​រាងកាយ​​​​​ទៅ​ទៀត​ ដោយមូល​ហេតុថា​ អំពើនោះ គឺ​បាន​ធ្វើ​បាប​ចិត្ត​ប្រពន្ធ​ដើមជាទម្ងន់​។

ម្យ៉ាងវិញទៀតលោក កឹម សុខា តែងតែនិយាយថា គណបក្សសិទ្ធិមនុស្ស ប្រកាន់យក​គោល​ន​យោ​​បាយអហិង្សា មិនយកខ្មែរណាធ្វើជាសត្រូវនោះទេ ប៉ុន្តែបើតាមខ្ញុំដឹង គឺសកម្មភាព​គណបក្ស​សិទិ្ធ​មនុស្ស​ញុះញង់​បំផុស​ឲ្យប្រ​ជាពល​រដ្ឋ​​ រើសអើងជាតិ​សាសន៍ នេះគឺជាការបំផុស​កំហឹង​ឲ្យ​ប្រជា​ពលរដ្ឋ​ស្អប់​ប្រទេស​ជិតខាង ​សួរថា​ តើនេះ​ជាអំពើ​ហិង្សា​ដែ​រ​ឬ​ទេ?​វាប្រាកដ​ជា​ហិង្សា​ វាជាអំពើវិឆ្ឆេទកម្ម​សង្រ្គាម​ចិត្តសាស្រ្ត បំផ្លាញ​សន្តិភាព​ពេញ​ទី។

          -ចំណុចទីប្រាំ ដូរពីភាពក្រីក្រតោកយ៉ាក មកជាភាពរស់នៅសមរម្យជាមនុស្ស ដោយលើក​ស្ទួយ​ជីវភាព​​ប្រជា​ពល​រដ្ឋក្រីក្រតាមរយៈការអភិវឌ្ឍន៍ប្រកបដោយសមធម៌ ​ចំណុច​នេះកាលពីមុន លោក កឹម សុខា ថា រស់នៅផ្ទះល្វែង ឥឡូវ លោក កឹម សុខា រស់នៅវីឡាយ៉ាងធំស្កឹម​ស្កៃ  និងធ្លាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង(RAV4)ឥឡូវ​មាន​រថយន្ត​ទំនើបៗពីរ​ បីគ្រឿង។ សួរថា​ តើ លោក កឹម សុខា​ទទួលស្គាល់​ថាខ្លួន​មានការ​រីក​ចំរើន​ដែរឬទេ?

          កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ នៅវិមានសន្តិភាព សម្តេចអគ្គសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃផលប៉ះពាល់ដោយសារទឹកជំនន់ និងចាត់​​វិធាន​ការ​ដោះស្រាយប្រកប​ដោយ​ប្រសិទ្ធភាព​បំ​ផុត ជាមួយ​នឹងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួល​រង​ការខូចខាត​។ សកម្ម​ភាព​ជួយសង្រ្គោះប្រជាពល​រដ្ឋបាន​ទាន់​ពេល​វេលាដែល​ជួប​ការ​លំ​ បាកក្នុង​ជី​វភាព​ គឺជា​ការ​​ទទួល​ខុសត្រូវ​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​។ ទោះបីជាគ្រោះទឹកជំនន់ឆ្នាំ២០១១នេះ បំផ្លាញនូវ​ហេដ្ឋា​រចនាសម្ព័ន្ធជាច្រើន ក៏ប៉ុន្តែ រាជរដ្ឋាភិបាលនៅតែរក្សាបានសន្តិសុខស្បៀងក៏ដូចជាលទ្ធ​ភាពនៃការនាំ​ចេញ​ អង្ករដដែលសម្រាប់ឆ្នាំ២០១២ខាងមុខ។ ត្រង់នេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការ​កាត់​បន្ថយភាពក្រីក្រដោយ​រាជ​ រដ្ឋាភិបាល​កម្ពុជា​។

         ដោយ ​ឡែក ការដែល​​លោក កឹម សុខា ថា ចង់​ដូរពីការមិនគោរពច្បាប់មកជាគោរពច្បាប់ ស្មើ​មុខ​គ្នាចំ​ពោះមុខ​ច្បាប់​ និងនៅក្រោម​ច្បាប់​ទាំង​អស់គ្នា ត្រង់ចំណុច​ទីប្រាំមួយនេះ រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់បានកែទម្រង់ច្បាប់ និង​​ប្រព័ន្ធ​យុត្តិធម៌យ៉ាងស៊ីជំរៅ និងអនុម័ត​ច្បាប់​​ថ្មី​ៗបាន​ជាច្រើន​ ដើម្បី​លើក​កំ​ពស់​សិទ្ធិ​ និង​សេចក្តី​ថ្លៃថ្នូររបស់​មនុស្ស ដែល​ស្មើ​ភាព​គ្នា​ចំ​ពោះ​ច្បាប់ស្រប​តាម​ច្បាប់​រដ្ឋធម្ម​នុញ្ញ និង​នៅ​ពេលចុង​ក្រោយ​នេះ​ បាន​បង្កើត​ឡើងនូវ​​ច្បាប់​ដ៏​កម្រមួយ​ គឺច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ ហើយ​បាន​និង​កំ​ពុង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាពបំ​ផុត​ ៕