Saturday, December 17, 2011

កិច្ច​​ប្រជុំ​​កំពូល​​ស្ដី​ពី​​សភា​​ពាណិជ្ជ​កម្ម​​ទូ​ទាំង​​ប្រទេស​​លើក​​ទី​១​​​ បង្ហាញ​​ភាព​​ជា​​ដៃ​​គូ​​រវាង​​វិស័យ​​ឯកជន​​ និង​​រដ្ឋាភិបាល​


ភ្នំពេញ​៖​ នា​រសៀល​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០១១​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជ​ធានី​ភ្នំពេញ​ មាន​បើក​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​សភាពាណិជ្ជ​កម្ម​ទូ​ទាំង​ប្រទេស​លើក​ទី​ ១​ ដែល​កិច្ច​ប្រជុំ​នេះ​រៀប​ចំ​ក្នុង​ឱកាស​ពិព័រណ៍​ផលិត​ផល​នាំ​ចេញ​-នាំ​ចូល​ និង​ខេត្ត​១​ ផលិត​ផល​១​ កម្ពុជា​លើក​ទី​៦​ ឆ្នាំ​២០១១​ បូក​ ACMECS​ ដោយ​មាន​ការ​ចូល​រួម​បើក​កិច្ច​ប្រជុំ​ក្រោម​អធិបតី​ភាព​របស់​លោក​ម៉ៅ​ ថូរ៉ា​ រដ្ឋ​លេធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ តំណាង​លោក​ទេសរដ្ឋ​មន្រ្តី​ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ ប្រធាន​ អនុប្រធាន​ និង​សមាជិក​សភាពាណិជ្ជ​កម្ម​រាជ​ធានី​-ខេត្ត​ទូទាំង​ប្រទេស​ជា​ច្រើន​នាក់​ផ ​ង​ដែរ​។

ថ្លែង​នាឱកាស​បើក​កិច្ច​ប្រជុំ​នេះ​លោក​ម៉ៅ​ ថូរ៉ា​ រដ្ឋ​លេខាធិការ​ ក្រសួង​ពាណិជ្ជកម្ម​បាន​ជម្រាប​ជូន​អំពី​ប្រវត្តិ​ខ្លះ​ៗ​ នៃ​ការ​បង្កើត​សភាពាណិជ្ជកម្ម​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​ឆ្នាំ​២០១១​នេះ​ បន្ទាប់​ពី​ច្បាប់​ស្ដីពី​សភា​ពាណិជ្ជ​កម្ម​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​១៩៩៥​ ដែល​មាន​៤ ​ជំពូក​ ចែក​ចេញ​ជា​២២​ មាត្រា​ ដែល​ច្បាប់​នេះ​និយាយ​អំពី​សកម្មភាព​ តួនាទី ​និង​ភារកិច្ច​របស់​សភា​ពាណិជ្ជកម្ម​ ដែល​ជា​គ្រឹះ​ស្ថាន​សាធារណៈ​ ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​ខាង​វិស័យ​ពាណិជ្ជ​កម្ម​ ឧស្សា​ហកម្ម​ កសិកម្ម​ សិប្ប​កម្ម​ និង​សេវាកម្ម​ក្នុង​មណ្ឌល​របស់​ខ្លួន​។

លោកម៉ៅ ថូរ៉ា​ បាន​បន្ត​ថា ​ក្រសួង​ពាណិជ្ជកម្ម​បាន​ខិត​ខំរៀប​ចំឲ្យ​មាន​កិច្ច​ប្រជុំកំពូល​សភា​ ពាណិជ្ជ​កម្មទូទាំង​ប្រទេស​លើក​ទី​១​ គឺ​ក្នុង​គោល​បំណង​ពង្រឹង​សកម្មភាព​សភាពាណិជ្ជកម្ម​ទាំង​អស់​ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​ការងារ​នៃ​សភាពាណិជ្ជកម្ម​ទូទាំង​ប្រទេស​ ដែល​រាជរដ្ឋា​ភិបាល​តែង​តែ​ចាត់​ទុក​សភាពាណិជ្ជ​កម្ម​ជាសរសស្តម្ភ​របស់​ វិស័យ​ឯកជន​ និង​ជាភាព​ដៃគូ​ក្នុង​ការ​ធ្វើការ​ងារ​ជា​មួយ​រាជ​រដ្ឋាភិ​បាល។​ លោក​បាន​សង្ឃឹមថា​ កិច្ច​ប្រជុំ​នាពេលនេះ​នឹង​ទទួល​បាន​នូវ​គំនិត​ដ៏ល្អៗ​ ពី​សមាជិក​សភាពាណិជ្ជកម្ម​ទាំង​អស់​ ដើម្បី​កែលម្អ​នូវ​ការងារ​ ក៏​ដូច​ជាដាក់​ចេញ​នូវទិ​ស​ដៅ​ថ្មីៗ​ សម្រាប់​សកម្ម​ភាព​សភាពាណិជ្ជកម្ម​ទូទាំង​ប្រទេស។

លោក​ឧកញ៉ា​ស៊ន​ សុខ​ណា ​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​ថា ​សភា​ពាណិជ្ជ​កម្ម​បាន​ដើរ​លើ​កំណាត់​ផ្លូវ​ដ៏វែង​ឆ្ងាយ​ និង​សម្រេច​បាន​សមិទ្ធិផល​ដ៏​គួរ​ឲ្យកត់​សម្គាល់​ ហើយ​នា​ពេល​ខាង​មុខ​យើង​ប្ដេជ្ញា​ប្រឹង​ប្រែង​ដើម្បី​ការ​អភិវឌ្ឍន៍​ និង​ភាព​ថ្កុំថ្កើន​របស់​វិស័យ​ឯកជន​ទាំង​មូល​  និង​ធ្វើឲ្យវិស័យ​ឯកជន​កាន់​តែរីកចំរើន​ប្រកប​ដោយ​និរន្តភាព​ទាំង​មាន​ តម្លាភាព​ សមត្ថភាព​ តស៊ូ​មតិ​ក្នុង​នាម​វិស័យ​ឯកជន​ ទំនុក​ចិត្ត​ក្នុង​ចំណោម​អ្នក​ចូលរួម​ និង​ឥទ្ធិពល​លើ​ម្ចាស់​ជំនួយ។

លោក​ឧកញ៉ា​បន្ត​ថា​ យើង​មាន​ភារកិច្ច​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ធ្វើ​នៅ​ឆ្នាំក្រោយ​ គឺ​ចំ​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន។​ ក្នុងនាម​តំណាង​ឲ្យវិស័យ​ឯក​ជន​យើង​ត្រូវ​ធ្វើជា​ប្រធាន​ក្រុម​ប្រឹក្សា​យោ​ បល់​​ធុរកិច្ច​អាស៊ាន​ នៅ​ពេល​នោះ​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​សំខាន់ៗ​ដែល​ទាមទារ​នូវ​ការ​ត្រៀម​ លក្ខណៈ​យ៉ាង​ច្រើន​ទាំង​ធនធាន​ និ​ងមនុស្ស ​ហើយយើង​ត្រូវ​បញ្ជូន​សារ​ច្បាស់លាស់​មួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​បង្ហាញ​ ឲ្យប្រទេស​ក្នុង​តំបន់​និង​ពិភព​លោក​ឃើញ​ថា​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អាច​ ដើរ​តួនាទី​យ៉ាង​សំខាន់​ឆ្ពោះ​ទៅ​រក​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ ប្រកប​ដោយ​សាមគ្គី​ភាព​ និង​អនាគត​ភ្លឺ​ស្វាង​។

ជាចុង​បញ្ចប់​នៃកិច្ច​ប្រជុំ​លោក​ម៉ៅ ​ថូរ៉ា​បាន​បូកសរុប​កិច្ច​ប្រជុំ ​និង​បាន​ថ្លៃង​អំណរ​គុណចំពោះ​គណៈ​កម្មការ​រៀបចំ​ពិព័រណ៍​ជាពិសេស​នាយកដ្ឋាន ​ជំរុញ​ពាណិជ្ជកម្ម​ដែល​បាន​សហការ​គ្នាជា​មួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​សភាពាណិជ្ជ​កម្ម​រាជធានី​-ខេត្ត​ទាំង​អស់​ក្នុង​ការ​ខិត​ខំ​ជំរុញ​ឲ្យ​ ព្រឹត្តិការណ៍​នៃ​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​សភាពាណិជ្ជកម្ម​បាន​កើត​មាន​ ឡើង​នាពេល​នេះ ​ដែល​និង​ពាំនាំ​លទ្ធផល​ជា​ផ្លែ​ផ្កា ​និង​ជាត្រី​វិស័យ​សម្រាប់​ទិស​ដៅ​នៃ​ការ​អនុវត្ត​នា​បណ្ដាឆ្នាំ​បន្ត​ បន្ទាប់​ និង​បំពេញ​ការងារ​ប្រកប​ដោយ​ភាព​រលូន​ក្នុង​ផល​ប្រយោជន៍​បម្រើការ​អភិវឌ្ឍន៍ ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​៕ 

  ឡាយោ