Saturday, December 17, 2011

ឯកអគ្គរាជទូត​អូស្ត្រាលី ​៖​ ការ​ជួញដូរ​មនុស្ស​គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​


ភ្នំពេញ ​៖​ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វេទិកា​យុវជន​នៃ​កម្មវិធី​ MTV​ ខែ​ ធ្នូ ​ឆ្នាំ​ ២០១១​នៅ​សណ្ឋាគារ ​​សូហ្វីតែល​ភ្នំពេញ​ លោក​ស្រី​ ផេ​ន​នី ​រី​ឆា​ដស៍​ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​ចាត់​ទុក​​ការ​ជួញដូរ​ មនុស្ស​ គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ ព្រោះ​វា​បាន​បំផ្លាញ​ជីវិត​មនុស្ស ​ជនរងគ្រោះ​ និង​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​ និង​ សហគមន៍​របស់​ពួក​គេ។​

លោកស្រី​មានប្រសាសន៍​ថា​ បញ្ហា​ទាំងនេះ វា​កំពុងតែ​កើតឡើង ​នៅក្នុង​ប្រទេស​កម្ពុជា។​ ដូច្នេះ​យើង​ទាំង​អស់គ្នា​សុទ្ធតែ​មានការ​ទទួលខុសត្រូវ​ដើម្បី​បញ្ចប់​ ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នេះ ហើយក្នុងនាម​ជា​​រាជរដ្ឋាភិបាល​ យើង​ត្រូវតែ​ធ្វើការ​ការពារ​ជនរងគ្រោះ ​អប់រំ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ ​និង កាត់ទោស​ជនល្មើស​ដើម្បី​ការពារ​កុំ​ឲ្យ​ឧក្រិដ្ឋកម្ម​នេះ​ កើតមានឡើង​តទៅទៀត។

លោក ស្រី​បាន​បន្ត​ថា ប៉ុន្តែ​រដ្ឋាភិបាល​ទាំងឡាយ ​មិនអាច​ធ្វើការ​ទាំងនេះ​ម្នាក់ឯង​បាន​នោះ​ទេ យើង​អាច​ផ្លាស់ប្ដូរ​បញ្ហា​នេះ បាន​លុះត្រាតែ​មានការ​ចូលរួម​ពី​អ្នក​ទាំងអស់គ្នា។

លោក សា​យ៉ា​កា​ណេ សី​សូវ​ង្ស អគ្គលេខាធិការ​រង ​អាស៊ាន សម្រាប់​សហគមន៍ សន្តិសុខ នយោបាយ របស់​អាស៊ាន​ដែល​ចូលរួម​នៅក្នុង​វេទិកា​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា វេទិកា​នេះ គឺ​ចាប់ផ្ដើម​រវាង​អាស៊ាន ​និង កម្មវិធី​ MTV EXIT​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

លោក បន្ត​ទៀត​ថា នៅក្នុង ឆ្នាំ ១៩៩៧ អាស៊ាន​បាន​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ជា​អន្តរជាតិ ក្នុង​នោះ​រួមមាន​ ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​និង​ ការ​ជួញដូរ​មនុស្ស​ជាដើម។ បញ្ហា​ជួញដូរ​មនុស្ស​នេះ ត្រូវ​ដាក់​ន​បញ្ចូល​ហើយ​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០០៤។ រហូត​មក​ទល់​ពេលនេះ សកម្មភាព​សហការ​គ្នា​ក្នុង​តំបន់​អាស៊ាន នៅតែមាន​សារៈសំខាន់​ពាក់ព័ន្ធ​នឹង​កា​ជួញដូរមនុស្ស៕
សំអឿន