Saturday, December 17, 2011

រាជ​រដ្ឋាភិបាល​ជប៉ុន​នឹង​គាំទ្រ​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ដែល​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​


ឯកឧត្តម​​ ស៊ីអ៊ីស្សូ ម៉ាគីណូ (Seishu MAKINO)​ ​អនុរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​និង ឧស្សាហកម្ម​ប្រទេស​ ជប៉ុន​មានប្រសាសន៍​​ឲ្យ​ដឹង​ក្នុង​ជំនួប​សំដែង​កា​រគួរសមនា​​ថ្ងៃ​ទី ​១៦ ខែ​ធ្នូ ឆ្នាំ ២០១១​​ជា​មួយ ​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ​រាជធានី​ភ្នំពេញ​​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​គាំទ្រ​បណ្តា​ក្រុមហ៊ុន ​ជប៉ុន​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ​។
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​​ថា ឯកឧត្តម​ Seishu MAKINO  បាន​ជំរាបជូន​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថា លោក​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដែលជា​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ កម្ពុជា ។ ​នៅ​ព្រឹក​ថ្ងៃទី ១៦ ធ្នូ ឆ្នាំ ២០១១ លោក​បានទទួល​ព័ត៌មាន​ថា មាន​​ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​​​ចង់​មក​វិនិយោគទុន​នៅ​កម្ពុជា។ ឯកឧត្តម Seishu MAKINO មាន​ប្រសាសន៍​ថា រដ្ឋា​ភិ​បាលជ​ប៉ុន​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​ជប៉ុន​ទាំងឡាយណា ដែល​មក​បណ្តាក់ទុន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​តំបន់​សេដ្ឋកិច្ច​ អាស៊ី​បូព៌ា​ឬ​មហា​​​អនុតំបន់​មេគង្គ​ឲ្យ​រឹងមាំ និង ទទួលបាន​លទ្ធផល​ឈ្នះ ឈ្នះ ។ 
ឯកឧត្តម Seishu MAKINO បានស្នើ​ឲ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ជួយ​គាំទ្រ និង ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ កាន់តែ​រឹងមាំ​ថែមទៀត។
លោក WATANABE ប្រធាន​គណៈកម្មការ​សិក្សា​ធុរកិច្ច​នៅ​ប្រទេស​តាម​មហា​អនុតំបន់ មេគង្គ ដែល​រួម​ដំណើរ​ជាមួយឯកឧត្តម​ Seishu MAKINO ក៏​បាន​ជំរាបជូន​សម្តេច​តេ​ជោ​ ថា សភា​ពាណិជ្ជ​កម្ម​ជប៉ុន​​បានកើត​ឡើង ហើយ​បេសកម្ម​របស់លោក​នៅ​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ចូលរួម​ក្នុង​សិក្ខា សាលា​ស្តីពី​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ។ លោក​ផ្ទាល់​បានធ្វើ​ការពិភាក្សា ជាមួយ​សភាពាណិជ្ជកម្ម កម្ពុជា និង បានធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស និង បាន​ចូលរួម​ការតាំង​ពិ​ព័រ​ណ៌​ភូមិ ១ ផលិតផល ១ ដែល​គណៈ​ប្រតិភូ​អមដំណើរ​ជាមួយ​លោក​មាន ៤០ នាក់ មាន​ការចាប់អារម្មណ៍យ៉ាងខ្លាំង។ បច្ចុប្បន្ន​លោក WATANABE ​កំពុងតែធ្វើការ​សិក្សា​ទៅលើ​ធុរកិច្ច ពាណិជ្ជកម្ម នៅក្នុង​​មហា​អនុតំបន់​មេគង្គ​ផងដែរ។
មាន​ប្រសាសន៍​ក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជា​ជន និង រដ្ឋាភិបាល​ជប៉ុន​ដែល​បានផ្តល់​ជំនួយ​បន្ទាន់​មកដល់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ បញ្ហា​ទឹកជំនន់​។ ​តំណាង​ឲ្យ​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាជន  រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ទទួលរង​នូវ​ផល​លំបាក​ទាំងឡាយ​ដែល​បណ្តាលមកពី​គ្រោះធម្មជាតិ​កន្លង​ មក​នោះ។
សម្តេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ពិភពលោក និង ភាពមិនប្រាកដប្រជា នៃ​សេដ្ឋកិច្ច​របស់​សហគម​ន៍​អឺរ៉ុប និង សហរដ្ឋអាមេរិក រួមទាំង​ទឹកជំនន់ ដែល​បាន​រាតត្បាត​កម្ពុជា​កម្ល​ង​មក​ក៏ដោយ ក៏​សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ពី ៦,៤%​ទៅ៧%ដែរ។ សម្តេច​តេ​ជោ​ថ្លែងថា កម្ពុជា​នឹង​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ស្ថិរភាព​ នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែលជា​កត្តា​ទាក់​ទាំ​ញ​អ្នកវិនិយោគ​។ សម្តេច​តេជោ​ បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា កន្លងមក​រូបសម្តេច​ផ្ទាល់ និង ឯកឧ​ត្ត​ម​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ សេរីភាវូបនីយកម្ម និង គាំពា​វិនិយោគ រវាង​ប្រទេស​ទាំងពីរ ដែល​ការ​នេះ​គឺជា​កិច្ចព្រមព្រៀង​ដ៏​កម្រ​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​នាយក ​រដ្ឋមន្ត្រី ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​អំ​ពី​កាតរ​ការពារ និង គាំពារ​វិនិយោគ​ជប៉ុន​មក កាន់​កម្ពុជា​។
សម្តេច​តេជោ​ មានប្រសាសន៍ថា កន្លងមក​ជប៉ុន​បានផ្តល់​ជំនួយ​មកកាន់​កម្ពុជា​យ៉ាងច្រើន ប៉ុន្តែ​ដោយ ឡែក​ការវិនិយោគ​ពី​ជប៉ុន​មកវិញ​គឺមាន​ចំនួន​តិច​បើទោះជា​ពេលនេះ​ការវិនិយោគ​ មាន​សន្ទុះ​កើន​ឡើងក៏ដោយ។ សម្តេច​តេ​ជោ​ថ្លែងថា យុទ្ធសាស្ត្រ​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​គឺ​ការពារ​អ្នក​ វិនិយោគ ដែល​បាន​បោះទុន​វិនិយោក​នៅ​កម្ពុជា និង ឲ្យ​បានទទួល​ជោគជ័យ ដែល​តាមរយៈ​នោះ​អ្នក​វិនិយោគ នឹង​អាចជួយ​ទាក់ទាញ​អ្នកវិនិយោគ​ដទៃទៀត​មកកាន់​កម្ពុជា​ជាមិនខាន។ សម្តេច​នាយក​រដ្ឋមន្រ្តី​ ថ្លែង​ថា នៅពេលនេះកម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ ​រ​វាង​កម្ពុជា-ជប៉ុន​ឲ្យ​កាន់​តែ​រឹងមាំ​ថែម ទៀត ជាពិសេស ទៅលើ​វិស័យ​វិនិយោគ និង វិស័យ​ពាណិជ្ជកម្ម​នោះ។
សម្តេចតេជោ​ ​ក៏បាន​ស្នើ​ឲ្យ​លោក WATANABE ក៏ដូចជារាជ​​រដ្ឋាភិបាល​ជ​ប៉ុន​បន្ត​ជួយ​ធ្វើការ​សិក្សា​លើ បញ្ហា​សេដ្ឋកិច្ច ធុរកិច្ច ជាពិសេស លើ​បញ្ហា​បរិស្ថាន​នៅតាម​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ​ផងដែរ៕