Wednesday, February 29, 2012

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ក្នុងពិធីបើកសន្និសីទនិងកិច្ចប្រជុំជាទូទៅប្រចាំឆ្នាំ របស់បណ្តាញធានាគុណភាពអប់រំអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១២ សៀមរាប ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២


សុន្ទរកថា 
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
និងជាប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា
ក្នុងពិធីបើកសន្និសីទនិងកិច្ចប្រជុំជាទូទៅប្រចាំឆ្នាំ
របស់បណ្តាញធានាគុណភាពអប់រំអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១២
សៀមរាប ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២
   
  • ឯកឧត្តម​  អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
  • លោកស្រីបណ្ឌិត Antony Stella ប្រធានបណ្តាញធានាគុណភាពអប់រំអាស៊ីប៉ាស៊ីហ្វិក (APQN)
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជាទីមេត្រី
 
ក្នុងនាម ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាមសម្តេច​អគ្គមហាសេនា​​បតី​​​តេជោ ហ៊ុន សែន​​ នាយក រដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​ ខ្ញុំសូមស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ ឯកឧត្តម លោក​ជំទាវ លោក លោក​ស្រីទាំងអស់ ដែល​បានអញ្ជើញ​មកដល់​ប្រទេសកម្ពុជា។ ខ្ញុំមាន​កិត្តិយស និង​សេចក្តី​សោមនស្ស រីករាយ​ចូលរួមក្នុង​ពិធីបើក​សន្និសីទ​និងកិច្ច​ប្រជុំជាទូទៅ​ប្រចាំឆ្នាំ របស់​បណ្តាញ​ធានាគុណ​ភាព​អប់រំ​អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១២ ដែលរៀបចំ​ដោយគណៈ​កម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំនៃកម្ពុជា និង បណ្តាញធានា​គុណភាព​អប់រំអា​ស៊ីប៉ាស៊ីហ្វិក  ព្រមទាំង​មានការចូល​រួម​សហការ​ពីសមាគម​ឧត្តម​សិក្សា កម្ពុជា​។ ខ្ញុំសូមឆ្លៀត​​ឱកាសនេះ​ផងដែរថ្លែង​អំណរ​គុណចំពោះ​ការ​ចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងការរៀប​ចំ​ព្រឹត្តិការណ៍​ដ៏មានសារៈ​សំខាន់នេះ។
 
សម្តេច​អគ្គមហាសេនា​​បតី​​​តេជោ ហ៊ុន សែន ធ្លាប់​មានប្រសាសន៍​ថា​ «ការអភិវឌ្ឍចាប់ផ្តើម ជា​មួយ​នឹងធន​ធានមនុស្ស ហើយ​ក៏បញ្ចប់​ជាមួយ​នឹង​ធនធាន​មនុស្សដែរ...ធនធាន​មនុស្ស​ដែល​ទទួល ការអប់រំ​បណ្តុះបណ្តាល​ពេញលេញ អាច​នាំប្រទេសជាតិ​របស់យើង​ឆ្ពោះ​ទៅមុខ។ ប៉ុន្តែ គោល​ដៅនៃ ការអភិវឌ្ឍ​របស់យើង​អាចនឹង​សម្រេច​មិនបាន ប្រសិនបើ​ប្រជាជនរបស់​យើងពុំអាច​ប្រើប្រាស់​សក្តានុពល របស់ខ្លួន​ឲ្យបាន​ពេញលេញ។»

ទស្សនៈ ​ខាងលើនេះ​ឆ្លុះបញ្ចាំង​ឲ្យឃើញថា ការអប់រំគឺ​ជាកូនសោរ​បើក​ទ្វារឆ្ពោះ​ទៅរកភាព​ជោគ​ជ័យ។​ អនាគត​ប្រទេសជាតិ​របស់យើងពឹង​ផ្អែកលើអ្វីដែល​យើង​អាចធ្វើបាន​នាពេល​ បច្ចុប្បន្ន ក្នុងការ​ផ្តល់​ការអប់រំដ៏​ប្រសើរបំផុត​ដល់ប្រជាជន​ជំនាន់ក្រោយ។ ការអប់​រំដ៏ប្រសើរ​បំផុត គឺជា​ការ​អប់រំ​ពោរ​ពេញ​ទៅដោយការ​ប្រកួតប្រជែង ដែលអភិវឌ្ឍ​សមត្ថភាព​ក្នុងការដោះ​ស្រាយ​បញ្ហា ក្នុង​ការគិត​ប្រកប​ដោយ​សុភវិនិច្ឆ័យ និង​ការអប់រំ​សីលធម៌ សម្រាប់​ទ្រទ្រង់​អាជីព​ការងារ​ទាំងមូល។
ការពង្រឹង ​គុណភាពអប់រំ​ គឺ​ជាបង្គោល​អាទិភាពមួយ​ក្នុងផែនការ​អភិវឌ្ឍយុទ្ធសាស្រ្ត​ជាតិ ២០១០-២០១៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា។​ រាជរដ្ឋាភិបាល​ចាត់ទុកការអប់​រំប្រកប​ដោយគុណភាព​ជាចំនុច គន្លឹះ​ដែល​មិនអាច​ខ្វះបានសម្រាប់​អភិវឌ្ឍ​មូលធន​មនុស្ស និង​កាត់បន្ថយ​ភាពក្រីក្រ។ កម្ពុជា​នៅត្រូវ ការ​ជាចាំបាច់​ក្នុងការជំរុញ​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច ដើម្បី​ដើរឲ្យទាន់​ប្រទេសជិត​ខាងក្នុងតំបន់ និង​បណ្តាប្រទេស​ផ្សេងទៀត​ក្នុងពិភពលោក។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់
កម្ពុជាទើបតែ ​ងើបចេញ​ពីសម័យកាល​ដ៏រន្ធត់ ក្នុង​របបប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ប៉ុលពត​និយម និងជម្លោះ​ផ្ទៃក្នុងដែល​អូសបន្លាយ​ពេលជាង​ពីរទសវត្សរ៍។ ការអភិវឌ្ឍវិស័យ​ឧត្តមសិក្សា​របស់​កម្ពុជា​បានឆ្លងកាត់​សម័យកាល​ចលាចល និងផ្លាស់​ប្តូរជាញឹក​ញាប់ ដោយ​ទទួលរង​​​​​ឥទ្ធិពល​ដំបូង​បំផុត​ដោយ​ផ្ទាល់ពី​ប្រព័ន្ធ​អប់រំបែប​បារាំង ហើយ​បន្ទាប់​មកអតីត​សហភាព​សូវៀត​និងអឺរ៉ុប​ខាង​កើត និង​ថ្មីៗ​ទទួលរង​ឥទ្ធិពល​ពីគំរូអប់​រំបែប​បស្ចិម​ប្រទេស។

ចាប់តាំងពីឆ្នាំ ​១៩៧៩ គ្រឹះស្ថាន​ឧត្តមសិក្សា​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​បង្កើត​ឡើងវិញ និងរីក លូត​លាស់​យ៉ាងខ្លាំង​ក្នុងរយៈ​ពេល​មួយទសវត្សរ៍​កន្លងមក​នេះ។ ទោះ​ជាយ៉ាង​នេះក្តី គ្រឹះស្ថាន​ឧត្តមសិក្សា ទាំង​ផ្នែកឯកជន​និងផ្នែករដ្ឋ នៅ​មិនទាន់​មានគ្រប់គ្រាន់​នៅឡើយ ហើយ​ស្ទើរតែ​ពុំមាន​ក្របខ័ណ្ឌ​និង ស្តង់​ដា​គុណវុឌ្ឍិ​ដែលមាន​សង្គតិភាព សម្រាប់​ពង្រឹង​និងធានា​គុណភាព​អប់រំ។

រាជរដ្ឋាភិបាល ​កម្ពុជា​ទទួល​ស្គាល់ថា វិស័យ​ឧត្តមសិក្សា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច។​ សម្តេច​អគ្គមហាសេនា​​បតី​​​តេជោ ហ៊ុន សែន បាន​កត់សម្គាល់​ថាការរីក​លូតលាស់ យ៉ាង​ខ្លាំង​នៃគ្រឹះ​ស្ថានឧត្តមសិក្សា នៅពុំទាន់ឆ្លើយ​តបទៅនឹងត​ម្រូវការពិត​ប្រាកដរបស់​យើង និងពុំទាន់ ធានា​បានតាមស្តង់ដា​ក្នុងតំបន់ ដែល​នេះពុំទាន់​និយាយ​ដល់កម្រិត​ស្តង់ដា​អន្តរជាតិផង។ គុណភាព អប់រំ​របស់គ្រឹះស្ថាន​ភាគច្រើន​ពុំទាន់ដល់​កម្រិត​មួយគួរ​ឲ្យពេញ​ចិត្តនៅ​ ឡើយ។ ដើម្បើ​លើក​កម្ពស់ គុណភាព​អប់រំនេះ​ចាំបាច់​​ត្រូវកែលំអ​និងត្រួត​ពិនិត្យ​កម្មវិធី​សិក្សា​ សម្ភារៈបរិក្ខារ និង​អគារសិក្សា ក៏ដូចជា​សាស្រ្តាចារ្យ គ្រូបង្រៀន។

មិនខុសគ្នាពី ​ប្រទេសផ្សេងៗ​ទៀត​ក្នុងតំបន់ ប្រទេស​កម្ពុជាត្រូវ​ប្រឈម​មុខជាមួយ​បញ្ហា​ជាច្រើន រួមមាន​កំណើនយ៉ាង​ខ្លាំងនៃការ​ចុះឈ្មោះ​ចូលរៀន កង្វះ​ខាតគ្រូប​ង្រៀន​ដែល​មានគុណ​វុឌ្ឍិ កង្វល់​ជា ទូទៅ​អំពី​គុណភាព និង​បញ្ហាហិរញ្ញវត្ថុ​ជាដើម។ ទាំងអស់​នេះគឺ​ជាបញ្ហារួម ដែល​គ្រប់​ប្រទេស​និងទីភ្នាក់ងារ​គុណភាព​ទាំងអស់ ត្រូវ​រួមសហការ​គ្នាដោះស្រាយ ដូចដែល​យើងនៅ​ទីនេះកំពុង​ខិតខំ​សម្រេច​ឲ្យបាននូវ​តម្លៃ​និង​ផលប្រយោជន៍​ រួមរបស់យើង។

ដើម្បី ​ឆ្លើយតបទៅ​នឹងតម្រូវ​ការកើន​ឡើង​ចំពោះ​ថ្នាក់​ឧត្តមសិក្សា និង​កំណើន​ដ៏ខ្លាំង​នៃចំនួន សិស្សចូល​រៀនវិទ្យាល័យ ដែល​ហួសពី​សមត្ថភាព​របស់គ្រឹះ​ស្ថានឧត្តម​សិក្សា​របស់​រដ្ឋ​ដែល​អាច​ស្រូប​ យកបាន រាជរដ្ឋាភិបាល​កម្ពុជាបាន​ដាក់ចេញ​នូវគោល​នយោបាយ​បើកទូលាយ​មួយ ដោយ​ធ្វើឯកជន ភាវូបនីយកម្ម​ក្នុងវិស័យ​ឧត្តមសិក្សា​ក្នុងអំឡុង​ពាក់​កណ្តាល​ទសវត្សរ៍​ ឆ្នាំ១៩៩០។ និន្នាការ​ឯកជន ភាវូប​នីយកម្ម​នេះ បាន​វិវត្តគួរ​ឲ្យកត់​សម្គាល់​ចាប់តាំង​ពីឆ្នាំ២០០២។

ក្រៅពីការពង្រីក ​ចំនួនគ្រឹះ​ស្ថាន​ឧត្តមសិក្សា ដើម្បី​ស្រូបយក​សិស្សចូល​រៀនដែល​មានចំនួន​កាន់ តែច្រើនឡើង រាជរដ្ឋាភិបាល​ក៏បានដាក់​ចេញ​ផងដែរ​នូវគោល​នយោបាយស្តី​ពីការធានា​គុណភាព​ អប់រំ​ក្នុងវិស័យ​ឧត្តមសិក្សា​​​ឲ្យស្រប​ទៅនឹង​ស្តង់ដា​អន្តរជាតិ និង​តម្រូវការ​អភិវឌ្ឍន៍​របស់ជាតិ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់
ក្នុងអំឡុងដប់ ​ឆ្នាំមុនវិបត្តិ​ហិរញ្ញវត្ថុ​សកលលោក កម្ពុជាសម្រេច​បានកំណើន​សេដ្ឋកិច្ច​គួរ​ឲ្យកត់ សម្គាល់​រង្វង់​១០%​ក្នុងមួយ​ឆ្នាំ។​ បន្ទាប់​ពីជួបប្រទះ​នូវកំណើន​សេដ្ឋកិច្ច​ដ៏ទាប​ក្នុងឆ្នាំ​២០០៩ កម្ពុជា កំពុង​ស្ថិតនៅលើផ្លូវ​ងើបឡើង​វិញ ជាមួយ​នឹងអត្រា​កំណើន​៦%ក្នុងឆ្នាំ​២០១០ និង៧%ក្នុង​ឆ្នាំ ២០១១។

តាមរយៈ ​កំណើន​សេដ្ឋកិច្ចគួរ​​ឲ្យកត់​សម្គាល់​ក្នុងអំឡុង​ឆ្នាំ ២០០០-២០០៨ កម្ពុជាបានបោះ ជំហានយ៉ាង​ធំក្នុងការកាត់​បន្ថយភាព​ក្រីក្រ។ អត្រា​ប្រជាជនរស់​នៅក្នុងភាព​ក្រីក្របាន​ធ្លាក់​ចុះពី​១០០% ក្នុងឆ្នាំ១៩៧៩ មក​៤៧%​ក្នុងអំឡុង​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៩០ និងមកនៅ​ត្រឹម​២៦%​ក្នុង​ឆ្នាំ២០១១ ដោយ​ធ្លាក់ចុះយ៉ាង​ហោច​ណាស់​១%​ជារៀង​រាល់ឆ្នាំ។

បច្ចុប្បន្ន ​នេះ ពិភពលោក​មានទំនាក់​ទំនង និង​ពឹងផ្អែក​គ្នាទៅ​វិញទៅ​មកកាន់​តែខ្លាំង​ឡើង។ ទីផ្សារ​ការងារ​លាតសន្ធឹង​ឆ្លងកាត់​ព្រំដែនពី​ប្រទេស​មួយទៅ​ប្រទេស​មួយទៀត។ ការធ្វើ​សមាហ​រណកម្ម សេដ្ឋកិច្ច​ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ ធ្វើ​​ឲ្យរនាំង​ព្រំដែន​ខាងផ្នែក​សេដ្ឋកិច្ច​មាន​ការថយចុះ។

ត្រឹមឆ្នាំ ​២០១៥ យើង​នឹងត្រូវ​បង្កើត​សហគមន៍​សេដ្ឋ​កិច្ចអាស៊ាន ក្នុង​គោលបំណង​ធ្វើ​​​ឲ្យ​ប្រជាជន យើងទាំង​អស់គ្នាប្រែ​ក្លាយ​ជាគ្រួសារ​ដ៏​ធំមួយ។ ប្រទេស​យើងទាំង​អស់នឹងក្លាយ​ជា​សហគមន៍​តែមួយ។ តាមរយៈ​សុខដុមនីយ​កម្ម របបរួម និង​ស្តង់ដា​ភាវូបនីយកម្ម ដែល​មិនត្រឹម​តែនិយាយ​ក្នុងប្រតិបត្តិការ ពាណិជ្ជកម្មនិង​សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ក្នុងកំលាំង​ពលកម្មឆ្ល​ងកាត់​ព្រំដែនផង​ដែរនោះ សមាជិក​ប្រទេសអាស៊ាន​ទាំងអស់​នឹង​ព្រមព្រៀង​ទទួលស្គាល់​ទៅវិញ​ទៅមក​នូវគុណ​ ភាព​នៃវិជ្ជាជីវៈ។

ហេតុដូច្នេះ ប្រធាន​បទសន្និសីទស្តីពី “​ការធានា​គុណភាព​អប់រំខាង​ក្រៅ ក្នុងតំបន់​អាស៊ីប៉ា​ស៊ីហ្វិក៖ តើមានអ្វីដែលផ្លាស់​ប្តូរក្នុងរយៈ​ពេលមួយ​ទសវត្សរ៍?” ឆ្លុះ​បញ្ចាំងអំពី​អតីតកាល ក៏ដូចជា​បញ្ហា​នាពេល​បច្ចុប្បន្ន​ក្នុងវិស័យ​ឧត្តមសិក្សា និង​ការធានា​គុណភាព​អប់រំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ក្តីរំពឹង​ក្នុង​ពេល​អនាគត។

ឧត្តមសិក្សា ​ប្រកបដោយ​គុណភាពទាមទារ​​ឲ្យមានការចូល​រួមពីគ្រប់​មជ្ឈដ្ឋាន​ទាំងអស់ រួមមាន រដ្ឋាភិបាល គ្រឹះស្ថាន​អប់រំនិង​បុគ្គលម្នាក់ៗ ជាពិសេស​និស្សិតខ្លួនឯង​ផ្ទាល់។ ការអប់រំ​មិនមែន​ជាបញ្ហា ដោយ​ឡែករបស់​បុគ្គល​ណាមួយ​ឬ​ជាតិ​ណាមួយ​នោះទេ តែជា​បញ្ហារួមមួយ​ដែលពាក់​ព័ន្ធ​គ្រប់មនុស្ស និងប្រទេស​ទាំងអស់ ហើយ​តម្រូវឲ្យមាន​ការចូល​រួមចំណែក និង​សហការគ្នា ដើម្បី​ជំរុញ​និងកំណត់ ស្តង់​ដានិង​ការរំពឹង​ទុករបស់​វិស័យ​ឧត្តមសិក្សា។

ការអប់រំប្រកប ​ដោយគុណភាព សំដៅលើឧត្តមភាព​វិស័យអប់រំ។ និស្សិតគ្រប់កំរិត​ទាំងអស់គួរ ខិតខំប្រឹង​ប្រែងសម្រេច​ឲ្យបាននូវឧត្តម​ភាពក្នុង​កិច្ចការដែលខ្លួន​ កំពុងធ្វើ។ គុណភាព និង​ភាពពាក់ព័ន្ធ លើគ្រប់ក​ម្រិតទាំងអស់ក្នុង​វិស័យអប់រំ គឺជារឿងពីរ​យ៉ាងដែលកើត​ព្រមគ្នា សម្រាប់បណ្តុះ​បណ្តាល និស្សិតឲ្យ​មានសមត្ថភាព និងជំរុញ​ប្រទេសជាតិ​ឆ្ពោះទៅរកសេដ្ឋកិច្ច​ផ្អែកលើ​ចំណេះដឹង។

គុណភាពឧត្តមសិក្សាមានសារៈ ​សំខាន់យ៉ាងខ្លាំង​ចំពោះ​សុខុមាលភាព​សេដ្ឋកិច្ច​និងសង្គម។ គ្រប់ គ្រឹះស្ថាន​​ឧត្តមសិក្សាគួរ​កំណត់​គុណភាពនិង​​ឧត្តមភាព ជាគោល​ដៅ​ដ៏ចម្បង​របស់ខ្លួន។ គ្រឹះ​ស្ថានអប់រំ នីមួយៗ​គួរកំណត់​ស្តង់​ដាគុណភាព​ និងរង្វាស់គុណ​ភាពជាក្តីរំពឹង​ដែលនឹង​ទទួលបាន​ពីនិស្សិត​បញ្ចប់​ការសិក្សា​ ពីគ្រឹះស្ថាន​របស់ខ្លួន។

ដើម្បីសម្រេច ​បាននូវការធានា​គុណភាពអប់រំ​ក្នុងវិស័យ​ឧត្តមសិក្សា គ្រឹះស្ថាន​ឧត្តមសិក្សានៅ​កម្ពុជា ទាំង​អស់ត្រូវទទួល​ការវាយតម្លៃ​គុណភាព​លើការងារ​គ្រប់គ្រង​គុណភាព​ នៃការអប់រំ កម្ម​វិធីសិក្សា បុគ្គលិកសិក្សា​និងសាស្រ្តាចារ្យ​ទាំងអស់នៅ​ក្នុងគ្រឹះស្ថាន​របស់ពួកគេ។ មានតែ​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​បានឆ្លងកាត់​ការវាយ​តម្លៃគុណភាព​ អប់រំប៉ុណ្ណោះ ដែលអាច​ផ្តល់​សញ្ញាបត្រ​បរិញ្ញាបត្រ បរិញ្ញាបត្រ​​ជាន់ខ្ពស់ និងបណ្ឌិតបាន។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់
កម្ពុជាមានអត្រានីកម្មភាព ​ទាបក្នុងតំបន់។ ទោះជាយ៉ាង​នេះក្តី ខ្ញុំជឿ​ជាក់ថា​អត្រាទាប​នេះ នឹង ពុំ​ស្ថិត​ស្ថេរ​នោះទេ ប្រសិនបើយើង​មិនមានវិធាន​ការជាក់លាក់​ណាមួយ​ក្នុងពេល​បច្ចុប្បន្ននេះ។ កម្ពុជា នៅពុំទាន់​មានរចនា​សម្ព័ន្ធ​មួយដែល​មានតុល្យភាព ដោយ​ក្នុងនោះ និស្សិត​៦៦%​បានបញ្ចប់​ការសិក្សា​ ខាងផ្នែក​វិទ្យាសាស្រ្ត​សង្គម ធុរកិច្ច ​​​ឬច្បាប់ ប៉ុន្តែនិស្សិត​ភាគច្រើន​ដែលបញ្ចប់​ការសិក្សា​នៅ​សាកល វិទ្យាល័យ​ចូល​ធ្វើការខាងផែ្នក​ជំនាញ​បច្ចេកទេស។ ហេតុដូច្នេះ ចាំបាច់​ត្រូវមាន​និសិ្សត​រៀន​យកជំនាញ ខាងផ្នែកវិទ្យាសាស្រ្ត​និង​បចេ្ចកវិទ្យាឲ្យ​បានកាន់តែ​ច្រើន​ថែមទៀត។ នេះគឺ​ជាជំនាញ​ដែលត្រូវ​បានគេ រំពឹងទុកយ៉ាង​ទូលំទូលាយ​ថានឹងនាំ​ផ្លូវឆ្ពោះទៅ​រកនវានុវត្តន៍ ការបង្កើត​ការងារ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច កាន់​តែឆាប់រហ័ស។

តាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ឃើញថាមិន​ត្រឹមតែក្រុមហ៊ុន​បរទេស​ប៉ុណ្ណោះទេ ក្រុមហ៊ុន ក្នុងស្រុក​ក៏ត្រូវស្វែងរក​និស្សិតដែល​បញ្ចប់ការ​សិក្សាជំនាញ​បច្ចេកទេស​ នេះផងដែរ។ នៅ​ពេលដែលខ្ញុំ ជួបពិភាក្សា​ការ​ងារជាមួយ​ក្រុមហ៊ុននិង​វិនិយោគិន​បរទេស ខ្ញុំតែងតែស្នើ​សុំឲ្យពួកគេ​ប្រើប្រាស់​បុគ្គលិក កម្មករក្នុងស្រុក​ឲ្យបានកាន់​តែច្រើន ប្រសិនបើអាច​ធ្វើទៅបាន។ ពួកគេបាន​ឆ្លើយ​តបមក​វិញថាពួកគេ ចង់ប្រើប្រាស់​បុគ្គលិកកម្មករក្នុង​ស្រុក ប៉ុន្តែមានការ​លំបាក​ក្នុងការ​រកបុគ្គលិក​កម្មករដែលមានជំនាញ ដែលពួក​គេចង់បាន ហើយពួក​គេថែមទាំងស្នើសុំ​ឲ្យខ្ញុំជួយរកបុគ្គ​លិកកម្មករជំនាញ​ឲ្យពួក​ គេថែមទៀត ផង។ ក្រុមហ៊ុនក្នុង​ស្រុកក៏បានលើក​ឡើងផងដែរនូវ​ភាពមិនស៊ីសង្វាក់​ គ្នារវាងតម្រូវការ​និងការរំពឹងទុក របស់ពួកគេជាមួយនឹងជំនាញ​របស់និស្សិត​ដែលបាន​បញ្ចប់​ការសិក្សា។

ដើម្បីដោះស្រាយបញ្ហាខាងលើ រាជរដ្ឋាភិបាល​បានបង្កើត​គណៈកម្មាធិការ​ជាតិបណ្តុះ​បណ្តាល (NTB) ​ដើម្បីរៀបចំគោល​នយោបាយ និង​ផែនការបណ្តុះ​បណ្តាលជាតិ​សម្រាប់ការអប់រំ និងបណ្តុះ​បណ្តាល​​បច្ចេកទេស​និងវិជ្ជាជីវៈ​ (TVET) ឆ្លើយតបទៅនឹង​តម្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម ឧស្សាហកម្ម កសិកម្ម និង​សេវាកម្ម ព្រមទាំងភ្ជាប់​ទំនាក់ទំនងរវាង​កន្លែងធ្វើការ និងគ្រឹះ​ស្ថានសិក្សា។ លើសពីនេះ ទីភ្នាក់ងារជាតិ មុខរបរនិងការងារ (NEA) ត្រូវបាន​បង្កើតជា​ភ្នាក់ងារ​ប្រតិបត្តិការ​ពិសេស​ក្រោម​គណៈកម្មាធិការជាតិ​ បណ្តុះបណ្តាលដើម្បី​ផ្តល់សេវាព័ត៌មាន​នៃ​ទីផ្សារ​ការងារ និងដើម្បីធ្វើ​ឲ្យស៊ី​សង្វាក់​គ្នារវាង​កម្លាំងពលកម្ម និងតម្រូវការរបស់ទីផ្សារ។ កិច្ចខិតខំប្រឹង​ប្រែងទាំងអស់​នេះមាន​គោល​ដៅ​សំខាន់ក្នុងការកាត់បន្ថយ និងឈានទៅ​លប់បំបាត់ភាព​មិនស៊ីសង្វាក់​គ្នារវាង​តម្រូវការ និងការផ្គត់​ផ្គង់​កម្លាំងពលកម្ម។    

នៅពេលដែលធុរកិច្ចនិងឧស្សាហកម្ម ប្រឈមមុខជាមួយ​នឹងការប្រកួត​ប្រជែងយ៉ាង​ខ្លាំងក្នុង ទីផ្សារ​ការងារ និយោជកមាន​តម្រូវការកាន់តែ​ខ្លាំងឡើងទៅ​លើនិស្សិត​ដែលមាន​ជំនាញបច្ចេកទេស ថ្មីៗត្រូវនឹង​សភាពការ​បច្ចុប្បន្ន និងមាន​ជំនាញ​ផ្នែកទន់ ដូចជា ការគិតវិភាគ ការសហការ​ធ្វើការ គំនិត ផ្តួចផ្តើម ជំនាញកុំព្យូទ័រ និងភាសាបរទេស ដើម្បីធ្វើការនៅកន្លែងថ្មីៗ។ សកលភាវូបនីយកម្ម​នៃទីផ្សារ ភាពអាស្រ័យលើគ្នា​ទៅវិញទៅមកក្នុង​ចំណោមប្រព័ន្ធ​ហិរញ្ញវត្ថុអន្តរជាតិ តួនាទី​ដែលកាន់តែធំ​របស់ បចេ្ចកវិទ្យា និងការប្រាស្រ័យ​ទាក់ទងក្នុងល្បឿន​កាន់តែលឿន ធ្វើឲ្យមាន​តម្រូវការខ្លាំង​លើអ្នកដឹកនាំ ខាងផែ្នកជំនាញ​បច្ចេកទេសវិជ្ជាជីវៈ​និងផ្នែកគ្រប់គ្រង។ ប្រព័ន្ធអប់រំ​ឧត្តមសិក្សា​របស់យើង ត្រូវតែឆ្លុះ បញ្ចាំងឲ្យឃើ​ញពីការផ្លាស់​ប្តូរជាសកល​ឆ្ពោះទៅរក​សង្គមដែល​ផ្អែកលើ​ ចំណេះដឹង។

ខ្ញុំសូមជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន សហគមន៍ ឧស្សាហកម្ម ឪពុកម្តាយ គ្រូបង្រៀន សាស្រ្តាចារ្យ សាកលវិទ្យាធិការ និងក្រសួងនានា ត្រូវលើកកម្ពស់ស្តង់​ដាអប់រំទាំង​ក្នុងការ​បង្រៀន និងការរៀន រិះគិតបង្កើត​កម្មវិធីសិក្សាថ្មីៗ​ដែលមានលក្ខណៈ​ប្រកួតប្រជែង​ សម្រាប់ការសិក្សា​ពេញមួយ ជីវិត ព្រមទាំងបង្រួម​ភាពមិនស៊ីសង្វាក់​គ្នារវាងការផ្គត់ផ្គង់​ជំនាញនិង​ តម្រូវការជំនាញ​ក្នុងទីផ្សារការងារ។

ខ្ញុំសូមអំពាវនាវដល់ ​គ្រប់ដៃគូជាតិនិង​អន្តរជាតិទាំងអស់ ដែល​កំពុងធ្វើការពាក់​ព័ន្ធជាមួយនឹង វិស័យអប់រំ​ឧត្តមសិក្សា​និងការធានា​គុណភាព សូមផ្តល់ការ​ឧបត្ថម្ភគាំទ្រ​ទាំងផ្នែក​បចេ្ចកទេស និង​ហិរញ្ញវត្ថុ សម្រាប់​ការអភិវឌ្ឍ​វិស័យ​អប់រំ និងធនធានមនុស្ស។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់
យើងខ្ញុំរស់នៅក្នុងប្រទេស ​មួយដែលមាន​សម្បត្តិវប្ប​ធម៌យ៉ាង​ច្រើន។ យើង​ខ្ញុំមាន​មោទនភាព ក្នុងការធ្វើជាម្ចាស់​ផ្ទះរៀបចំសន្និសីទ​ដ៏មានសារៈ​សំខាន់នេះ នៅលើ​ទឹកដីដែល​ធ្លាប់ត្រូវបាន​គេស្គាល់ ថាជាចក្រ​ភពអង្គរ។ យើង​ខ្ញុំមានបំណង​ប្រែក្លាយកម្ពុជា​ឲ្យទៅជា​ប្រទេសដែល​មានចំណូល​មធ្យមត្រឹម​ ឆ្នាំ​២០២០ ហើយយើង​ខ្ញុំនឹងខិតខំ​សម្រេចឲ្យបាន​តាមគោលដៅ​អភិវឌ្ឍ​សហស្ស​វត្សកម្ពុជា (CMDGs)។

ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ គឺជាជ័យលាភី​ខាងផ្នែក​គុណភាពអប់រំ។ នេះ​គឺ​ជាពេលវេលា​មួយដែល ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ទាំងអស់ មានឱកាស​ស្គាល់​គ្នាទៅ​វិញទៅមក បង្កើតមិត្តភក្តិថ្មីៗ ផ្លាស់ប្តូរទស្សនៈ ទទួលបានគំនិតថ្មីៗ និងចែករំលែក​ចំណេះដឹង​និង បទ​ពិសោធន៍។

ខ្ញុំមានសុទិដ្ឋិនិយមថា វេទិកានេះនឹង​នាំមក​នូវផលចំណេញ​យ៉ាងច្រើន ដែលយើង​នឹង​ទទួលបាន ពីវត្តមានរបស់អ្នក​ជំនាញក្នុងវិស័យ​គុណភាពអប់រំឧត្តម​សិក្សា ដែលជួយពួកយើង​​ឲ្យអភិវឌ្ឍ​ប្រព័ន្ធអប់រំ មួយធានាបាននូវអនាគតកាន់តែប្រសើរសម្រាប់ប្រទេសរបស់យើង។ ខ្ញុំសង្ឃឹម​ថាសន្និសីទអន្តរជាតិ រយៈពេល៣ថ្ងៃនេះ នឹងនាំមកនូវ​គំនិតថ្មីៗ​ដែលជួយ​សម្រួចនិង​លើកកម្ពស់គុណ​ភាពនៃវិស័យអប់រំ ឧត្តមសិក្សា។     

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែល បានអញ្ជើញមក​ពីប្រទេសជាច្រើន និងចែករំលែក​នូវបទពិសោធន៍ និងទស្សនៈ​ជាមួយពួក​យើង។ ខ្ញុំ សូមថ្លែង​អំណរគុណ​ផងដែរ ចំពោះគណៈកម្មាធិការ​ទទួលស្គាល់​គុណភាពអប់រំ​នៃកម្ពុជា បណ្តាញ ធានាគុណភាព​អប់រំអា​ស៊ីប៉ាស៊ីហ្វិក សមាគមឧត្តម​សិក្សាកម្ពុជា អាជ្ញាធរខេត្ត និង​អ្នកពាក់ព័ន្ធ​ទាំង​អស់ ដែលបានរួមចំណែករៀបចំសន្និសីទ និងកិច្ចប្រជុំជា​ទូទៅប្រចាំឆ្នាំ​របស់បណ្តាញ​ធានាគុណភាព​អប់រំ​ អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១២។

ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិនិង​អន្តរជាតិ​ទាំងអស់ សូមសម្រេច​បាននូវការពិភាក្សា​ប្រកបដោយ​ផ្លែផ្កា និងការស្នាក់​នៅប្រកបដោយ​ភាពរីករាយ​លើទឹកដី អង្គរ​ខេត្តសៀមរាប។

ខ្ញុំសូមប្រកាស ​បើកសន្និសីទ​និងកិច្ចប្រជុំ​ជាទូទៅ​ប្រចាំឆ្នាំ របស់​បណ្តាញ​ធានាគុណភាព​អប់រំ​អាស៊ីប៉ាស៊ីហ្វិក​ឆ្នាំ២០១២​ ចាប់ពី​ពេល​នេះ​តទៅ។
 
សូមអរគុណ!