Wednesday, February 29, 2012

ឯកឧត្តម បណ្ឌិត សុខ អាន បើក​សន្និសីទ និង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១២ នៃ​បណ្តាញ​ធានា​គុណភាព​អប់រំ​អាស៊ី​-ប៉ាស៊ីហ្វិក​


  គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា និងបណ្តាញ​ធានា​គុណភាពអប់រំអា ​ស៊ី​ប៉ាស៊ី​ហ្វិក​និងដោយមាន​កិច្ច​សហការពី​សមាគម​គ្រឹះស្ថាន​ឧត្តម សិក្សា​កម្ពុជា បាន​រៀបចំ​ធ្វើ​សន្និសីទ​និងកិច្ច​ប្រជុំប្រចាំឆ្នាំ ២០១២ នៃបណ្តាញធានាគុណភាព​អប់រំ​អាស៊ី​ប៉ាស៊ីហ្វិក​រយៈពេល​៣​ថ្ងៃចាប់ពី ថ្ងៃទី ២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១២ នៅទីស្នាក់​ការ​​អាជ្ញាធរអប្សរា​​ទីក្រុងអង្គរ​ខេត្ត​​សៀម​រាប​ក្រោម​អធិប​តីភាព​ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទី​ស្តីការគណៈរដ្ឋមន្រ្តី​ និងជាប្រធាន​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំនៃកម្ពុជា។​

​សន្និសីទនេះមាន​​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ៊ឹម សុធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​និងបណ្តា​វាគ្មិន​ អ្នកជំនាញ​វិស័យ​អប់រំ​និងធានា​គុណភាព​​​អប់រំ​​ អ្នកសិក្សា​ស្រាវជ្រាវជាតិ និង​អន្តរ​ជាតិ​ប្រមាណ​៣០០នាក់ ក្នុង​នោះ​មាន​តំណាង​ស្ថាប័នទី​ភ្នាក់ងារ​ធានា​គុណភាព​​អប់រំចំនួន ១៣០នាក់ មក​ពី​៣២​​ប្រទេស នៅ​លើ​ពិភព​លោក​ផងដែរ។​
សន្និសីទ និង​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ ២០១២​នេះបាន​ប្រារព្ធ​ធ្វើ​ក្រោមប្រ​ធានបទ ការធានាគុណ ​ភាព​អប់រំ​ពីខាងក្រៅ នៅ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក តើមាន​ការ​ផ្លាស់ប្តូ​រអ្វីខ្លះ​ក្នុងរយៈ​ពេល​១ទសវត្សន៍​កន្លង​មក​នេះ ដោយ​មានមាន​គោលបំណ​ងសំខាន់ៗ ទី១ពិភាក្សា ​អំពីការ​រំពឹងទុក និង​សមិទ្ធផល​ដែល​សម្រេច​បាន​លើ​ការងារ​ធានា​គុណភាព​អប់រំ​ថ្នាក់​ឧត្តម​ សិក្សា ទី២​សិក្សា​ស្វែង​យល់​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់​ព័ន្ធ​​នឹង​ការធានា​គុណភាពអប់រំ​​ថ្នាក់​ឧត្តម​សិក្សា ទី៣​ចែក​រំលែក​បទពិសោធន៍​ល្អៗស្តី​ពី​ការ​ធានា​គុណ​ភាព​ ​អប់រំ​របស់គ្រឹះស្ថាន​អប់រំ និង​ភ្នាក់ងារ​ធានា​គុណភាព​អប់រំ ទី៤​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​ប្រសើរ ក្នុង​ចំណោម​ភ្នាក់ងារ​ធានា​គុណភាព​អប់រំ​នៅក្នុង​តំបន់ និងទី៥​ចែក​រំលែក​ចក្ខុវិស័យ​ស្តីពី​គុណភាព​អប់រំ​ថ្នាក់​ឧត្តម​សិក្សា។

ថ្លែងបើកអង្គសន្និសីទ និង​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ ២០១២ នេះ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សុខ អាន មាន​ប្រសាសន៍​ថា ការ​ពង្រឹង​គុណភាព​អប់រំ​ គឺ​ជាបង្គោល​អាទិភាព​មួយ​ក្នុងផែនការ​អភិវឌ្ឍ​យុទ្ធសាស្រ្ត​ជាតិ ២០១០-២០១៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា។​ រាជរដ្ឋាភិបាល​ចាត់ទុក​ការអប់រំ​ប្រកប​ដោយ​គុណភាព​ជា​ចំនុច គន្លឹះ​ដែល​មិន​អាច​ខ្វះបាន​សម្រាប់​អភិវឌ្ឍ​មូល​ធនមនុស្ស និង​កាត់​បន្ថយភាព​ក្រីក្រ។ កម្ពុជា​នៅ​ត្រូវ ការ​ជាចាំបាច់​ក្នុងការ​ជំរុញការ​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច ដើម្បី​ដើរ​ឲ្យទាន់​ប្រទេស​ជិត​ខាងក្នុង​តំបន់ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក។

ឯក​ឧត្តម​បណ្ឌិត សុខ អាន បាន​មានប្រសាសន៍​ថា ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការកើន​ឡើង​ចំពោះ​ថ្នាក់​ឧត្តម​សិក្សា និង​កំណើន​ដ៏​ខ្លាំង​នៃ​ចំនួន សិស្ស​ចូលរៀន​វិទ្យាល័យ ដែល​ហួស​ពី​សមត្ថភាព​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​របស់​រដ្ឋ​ដែល​អាច​ស្រូប ​យក​បាន រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​​នយោបាយ​បើក​ទូលាយ​មួយ ដោយ​ធ្វើ​ឯកជន ភាវូបនីយកម្ម​ក្នុងវិស័យឧត្តមសិក្សា​ក្នុងអំឡុង​ពាក់​កណ្តាល​ ទសវត្សរ៍ឆ្នាំ១៩៩០។ និន្នាការឯកជន ភាវូបនីយកម្មនេះ បានវិវត្តគួរឲ្យកត់សម្គាល់​ចាប់​តាំង​ពីឆ្នាំ២០០២។

ជាមួយនិងការលើក​ឡើងអំពី​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ ក្នុង​គោល​បំណង​ធ្វើ​​ឲ្យ​ប្រជាជន​ទាំងអស់គ្នា​ប្រែក្លាយ​ជាគ្រួសារ​ ដ៏ធំមួយ។ ប្រទេស​ក្នុងប្លុក​អាស៊ាន​ទាំង​អស់នឹង​ក្លាយជា​សហគមន៍​​តែ​មួយ និងតម្រូវ​ការ​ពលកម្មក្នុង​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា កាន់​តែមាន​ការ​រីក​ចម្រើន ឯកឧត្តមសុខ អាន​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បានបង្កើត​គណៈ​កម្មាធិការ​ជាតិ​បណ្តុះ​បណ្តាល (NTB) ​ដើម្បី​រៀបចំ​គោល​នយោបាយ និង​ផែនការ​បណ្តុះបណ្តាល​ជាតិ​សម្រាប់​ការ​អប់រំ និងបណ្តុះ​បណ្តាល​​បច្ចេកទេស​និងវិជ្ជាជីវៈ​ (TVET) ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​ធនធាន​មនុស្ស​ក្នុង​​វិស័យ​ពាណិជ្ជ​កម្ម ឧស្សាហកម្ម កសិកម្ម និង​សេវាកម្ម ព្រម​ទាំងភ្ជាប់​ទំនាក់ទំនង​រវាងកន្លែង​ធ្វើការ និង​គ្រឹះស្ថាន​សិក្សា។ លើសពីនេះ ទី​ភ្នាក់​ងារជាតិ មុខរបរ​និង​ការងារ (NEA) ត្រូវ​បាន​បង្កើត​ជា​ភ្នាក់​ងារ​​ប្រតិបត្តិការ​ពិសេស​ ក្រោម​គណៈកម្មាធិការ​ជាតិបណ្តុះ​បណ្តាល​ដើម្បី​ផ្តល់​សេវាព័ត៌​មាន​នៃ​ ទីផ្សារ​ការ​ងារ និង​ដើម្បី​ធ្វើ​ឲ្យស៊ី​សង្វាក់​គ្នារវាង​កម្លាំង​ពលកម្ម និង​តម្រូវ​ការរបស់​ទីផ្សារ។

​ឯកឧត្តមបណ្ឌិត​សុខ អាន បាន​ប្រកាស​បើក​សន្និសីទ និង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១២ នៃ​បណ្តាញ​ធានា​គុណ​ភាព​​​អប់រំ​អាស៊ី-ប៉ាស៊ីហ្វិក និង​បានចាត់​ទុកថា សន្និសីទ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ចំពេល​វេលា ដោយ​ឆ្លុះបញ្ចាំង​អំពីអតីត​កាល ក៏ដូច​ជា​បញ្ហា​នាពេល​បច្ចុប្បន្ន​ក្នុង​វិស័យ​ឧត្តម​សិក្សា និង​ការ​ធានាគុណ​ភាពអប់រំ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ក្តីរំពឹង​ក្នុង​ពេល​ អនាគត។